ទីក្រុងតេអេរ៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារ ១៧ មីនាសប្ដាហ៍នេះ ថា ប្រធានសន្តិសុខអ៊ីរ៉ង់លោក អាលី ឡារីចានី (Ali Larijani )ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ជាឥស្សរជនជាន់ខ្ពស់បំផុតដែលត្រូវបានកំណត់គោលដៅចាប់តាំងពីថ្ងៃដំបូងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល ខណៈមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបាននិយាយថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់បានបដិសេធសំណើបន្ធូរបន្ថយភាពតានតឹងផ្តល់ដោយបណ្ដាប្រទេសអន្តរការី។

លោក ឡារីចានី ត្រូវគេមើលឃើញយ៉ាងទូលំទូលាយថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយរូបរបស់អ៊ីរ៉ង់ និងជាមនុស្សជំនិតរបស់មេដឹកនាំកំពូលដែលត្រូវបានសម្លាប់ គឺលោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei)និងកូនប្រុស ដែលបានស្នងតំណែងរបស់លោក គឺលោក ម៉ូជតាបា (Mojtaba)។ ប្រធានសន្តិសុខរូបនេះមានកេរ្តិ៍ឈ្មោះល្អសម្រាប់ទំនាក់ទំនងជាក់ស្តែងជាមួយក្រុមផ្សេងទៀតនៅក្នុងប្រព័ន្ធគ្រប់គ្រង និងអ្នកការទូតបរទេស។

ការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ដែលលោក ឡារីចានី បានដឹកនាំមានឋានៈជារដ្ឋលេខាធិការ។ ក្រុមប្រឹក្សាបាននិយាយថា កូនប្រុសរបស់លោក ឡារីចានី និងអនុប្រធានរបស់លោក គឺលោក អាលីរ៉េហ្សា បាយ៉ាត (Alireza Bayat)ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះផងដែរ។
ការសម្លាប់ដែលបានកំណត់គោលដៅទាំងនេះបានកើតឡើងជាងបីសប្តាហ៍នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានក្លាយជាជម្លោះក្នុងតំបន់យ៉ាងឆាប់រហ័ស និងពុំមានសញ្ញានៃការថមថយភាពតានតឹងទាល់តែសោះ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់ម្តងហើយម្តងទៀតលើប្រទេសសម្ព័ន្ធមិត្តក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សម្រាប់ការឆ្លើយតបដ៏ត្រជាក់របស់ពួកគេចំពោះសំណើរបស់លោកសម្រាប់ជំនួយយោធា ដើម្បីបើកច្រកឆ្លងកាត់របស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz៕

