អង្គការ UNICEF បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ថា កុមារជាង ២.១០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលជាមធ្យមមានកុមារ៨៧នាក់ក្នុងមួយថ្ងៃ ចាប់តាំងពីជម្លោះក្នុងតំបន់បានកើនឡើង២៣ថ្ងៃកន្លងទៅនេះ។ លោក Ted Chaiban អនុប្រធានប្រតិបត្តិអង្គការ UNICEF បាននិយាយថា កុមារចំនួន ២០៦នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ១១៨នាក់នៅប្រទេសលីបង់ ៤នាក់នៅអ៊ីស្រាអែល និងម្នាក់នៅប្រទេសគុយវ៉ែត ដោយតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង។

លោក Chaiban បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា នៅក្នុងប្រទេសលីបង់តែមួយចំនួនអ្នកស្លាប់និងរបួសជារៀងរាល់ថ្ងៃមានចំនួនស្មើនឹងចំនួនកុមារមួយថ្នាក់រៀន។ លោក Chaiban បាននិយាយបន្ថែមថា ជម្លោះនេះក៏បានជំរុញឱ្យមានការភៀសខ្លួនយ៉ាងច្រើន ដោយមានមនុស្សរហូតដល់៣,២លាននាក់ បានជម្លៀសខ្លួនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងកុមារ៨៦៤.០០០នាក់ និងមនុស្សជាងមួយលាននាក់ត្រូវភៀសខ្លួននៅក្នុងប្រទេសលីបង់ក្នុងនោះមានកុមារ ៤០០.០០០ នាក់ ។

លោក Chaiban បានអំពាវនាវឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ និងអំពាវនាវឲ្យមានដំណើរការមនុស្សធម៌ដោយគ្មានការរារាំង ព្រមទាំងការផ្តល់មូលនិធិ។ លោកបាននិយាយថា «ការធ្លាក់ចូលទៅក្នុងជម្លោះដ៏រាលដាល និងអូសបន្លាយពេលយូរជាងនេះនឹងជាមហន្តរាយសម្រាប់មនុស្សរាប់លាននាក់»។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ាចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារប្រទេសអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់ បានបើកការវាយប្រហារប្រឆាំងអ៊ីស្រាអែល ប្រឆាំងមូលដ្ឋានទ័ពអាមេរិក និងវាយប្រហាររដ្ឋឈូងសមុទ្រ។