សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក នៅតែបន្តប្រឆាំងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ជាការបញ្ជាក់ជាថ្មីទៀតថា ប្រធានាធិបតីអាមេរិក Donald Trump ពុំបានឯកភាពចំពោះបញ្ជីបំណងប្រាថ្នាមួយដែលត្រូវបានដាក់ជូនដោយទីក្រុងតេអេរ៉ង់នោះទេ។

ផែនការនោះនិយាយថា អាមេរិកនឹងទទួលយកសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ព្រមទាំងការលើកលែងទណ្ឌកម្ម និងការបញ្ចប់ការវាយប្រហារជាអចិន្ត្រៃយ៍លើអ៊ីរ៉ង់។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា បន្ទាត់ក្រហមរបស់លោកប្រធានាធិបតី ដែលតម្រូវឲ្យបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ក្នុងប្រទេសអ៊ីរ៉ង់ ពុំបានកែប្រែទេ។

ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងស្រុករបស់អ៊ីរ៉ង់ គឺជាចំណុចខ្ទាស់ដ៏ធំបំផុតមួយក្នុងការចរចានាពេលកន្លងទៅ រវាងទីក្រុង តេអេរ៉ង់ និង វ៉ាស៊ីនតោន។
លោកស្រី Karoline Leavitt បានលើកឡើងកាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះថា សំណើ១០ចំណុចដាក់ដោយអ៊ីរ៉ង់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមអាមេរិក អ៊ីស្រាអែលលើ អ៊ីរ៉ង់ ខុសប្លែកពីសំណើចេញផ្សាយដោយរដ្ឋាភិបាលនេះក្នុងប្រទេសអ៊ីរ៉ង់។
ជាមួយគ្នានេះ លោក Trump បាននិយាយថា នាវា យន្តហោះ និងកងទ័ពអាមេរិកទាំងអស់នឹងបន្តឈរជើងទាំងក្នុង និងជុំវិញប្រទេសអ៊ីរ៉ង់ដដែល រហូតទាល់តែប្រទេសនេះឈានដល់កិច្ចព្រមព្រៀងទាំងស្រុង៕
