ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក អាចនឹងបន្តប្រតិបត្តិការរយៈពេលខ្លីមួយដែលមានឈ្មោះថា «បេសកកម្មសេរីភាពផ្លូវទឹក» ដែលដឹកនាំនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz។

លោក Trump បាននិយាយនៅពេលលោកកំពុងចាកចេញពីសេតវិមានថា លោកគិតថា គម្រោងរំដោះ គឺល្អប្រសើរ ប៉ុន្តែលោកគិតថា ក៏មានវិធីផ្សេងទៀតដើម្បីធ្វើផងដែរ។ យើងអាចត្រលប់ទៅរកគម្រោងរំដោះវិញ ប្រសិនបើអ្វីៗមិនបានឈានដល់ ប៉ុន្តែវានឹងក្លាយជាបេសកកម្មសេរីភាពផ្លូវទឹកបូក(Project Freedom plus) មានន័យថា បេសកកម្មសេរីភាពផ្លូវទឹក បូករួមទាំងបញ្ហាផ្សេងៗទៀត។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានប្រកាសប្រតិបត្តិការនេះដោយចាត់ទុកវាថាជាកិច្ចខិតខំប្រឹងប្រែងដើម្បី «ស្តារឡើងវិញសេរីភាពនៃការធ្វើនាវាចរណ៍» នៅច្រកសមុទ្រ Hormuz។
ព័ត៌មានលម្អិតនៅមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បាននិយាយនៅពេលនោះថា វាពុំមែនជាបេសកកម្មអមការពារនោះទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ លោក Trump បានផ្អាកប្រតិបត្តិការមួយភ្លាមៗ ដោយបាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញ Truth Social ថា មាន «វឌ្ឍនភាពដ៏អស្ចារ្យ» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលបានធ្វើឲ្យជាប់គាំងចរាចរណ៍នៅច្រកសមុទ្រ។