ការផ្គត់ផ្គង់ប្រេងសកលបានថយចុះប្រហែល១ពាន់លានបារ៉ែលក្នុងរយៈពេលពីរខែកន្លងទៅនេះ ខណៈច្រកសមុទ្រ Hormuz ត្រូវបានបិទក្នុងអំឡុងសង្គ្រាមនៅអ៊ីរ៉ង់ ហើយទីផ្សារថាមពលសកលនឹងត្រូវការពេលវេលាដើម្បីធ្វើឲ្យមានស្ថេរភាព ទោះបីជាលំហូរថាមពលវិលត្រឡប់ទៅធម្មតាវិញក៏ដោយ នេះបើយោងតាមលោក Amin H. Nasser ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Aramco បាននិយាយកាលពីថ្ងៃអាទិត្យ។

ក្រុមហ៊ុន Saudi Aramco បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រាក់ចំណូលសរុបដែលបានកែតម្រូវរបស់ខ្លួន បានកើនឡើងដល់ ៣៣,៦ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ បើប្រៀបធៀបទៅនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនមាន២៦,៦ពាន់លានដុល្លារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបាននិយាយថា ខ្លួនបានកត់ត្រាការចំណាយទុនចំនួន១២,១ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយ ដើម្បីគាំទ្រដល់គោលដៅកំណើនរបស់ខ្លួន។

បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំនេះ ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងមួយភាគប្រាំរបស់ពិភពលោក ត្រូវបានបិទ ដែលនាំឱ្យមានការកើនឡើងតម្លៃប្រេង។ កាលពីដើមខែកុម្ភៈ ឆ្នាំនេះ តម្លៃប្រេងឆៅមានប្រហែល ៦០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ហើយវាបានកើនឡើងដល់ជាង ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅក្នុងខែមីនា។
ក្រុមហ៊ុន Aramco ក៏បាននិយាយផងដែរថា បំពង់បង្ហូរប្រេង East-West នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានបង្កើនដើម្បីធ្វើប្រតិបត្តិការក្នុងសមត្ថភាពអតិបរមា ៧ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីមួយ ដោយគាំទ្រដល់ការនាំចេញតាមរយៈឆ្នេរភាគខាងលិចរបស់ប្រទេស។