Jose Mourinho កំពុងស្ថិតក្នុងដំណាក់កាលចរចាចុងក្រោយ ដើម្បីវិលត្រឡប់ទៅដឹកនាំ Real Madrid ជាគ្រូបង្វឹកថ្មីរបស់ក្លិប បន្ទាប់ពីចាកចេញពីក្លិបនេះអស់រយៈពេល ១៣ ឆ្នាំ។
គ្រូបង្វឹកវ័យ ៦៣ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាបេក្ខជនមានភាគរយខ្ពស់បំផុត ហើយបច្ចុប្បន្នក៏ជាបេក្ខភាពតែម្នាក់គត់ដែលក្លិប Real Madrid កំពុងធ្វើការចរចាផ្លូវការផងដែរ។
ប្រសិនបើការចរចាទទួលបានជោគជ័យ Mourinho នឹងចូលមកជំនួសតំណែងរបស់ Alvaro Arbeloa ដែលទើបតែឡើងកាន់តំណែងកាលពីខែមករា បន្ទាប់ពី Xabi Alonso បានចាកចេញពីក្លិប។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានក្លិប Real Madrid លោក Florentino Perez បានចាប់ផ្តើមពិចារណាអំពីការនាំយក Mourinho ត្រឡប់មកវិញ តាំងពីថ្ងៃដែល Xabi Alonso ចាកចេញ ដោយបានធ្វើការពិភាក្សាដំបូងជាមួយតំណាងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ។
បច្ចុប្បន្ន Mourinho កំពុងដឹកនាំ Benfica នៅប្រទេសព័រទុយហ្គាល់បន្ទាប់ពីបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ កាលពីខែកញ្ញាឆ្នាំមុន។ ទោះជាយ៉ាងណា លោកបានបញ្ជាក់កាលពីម្សិលមិញថា មិនទាន់ចង់និយាយអំពីអនាគតរបស់ខ្លួននៅពេលនេះឡើយ។
លោក Mourinho បាននិយាយថា Benfica នៅសល់ការប្រកួតជាមួយ Estoril មួយទៀត ហើយលោកនឹងអាចឆ្លើយសំណួរពាក់ព័ន្ធនឹងអនាគតបាននៅសប្តាហ៍ក្រោយ។
ការប្រកួតទល់នឹង Estoril Praia នៅថ្ងៃសៅរ៍នេះនឹងក្លាយជាការប្រកួតចុងក្រោយប្រចាំរដូវកាលរបស់ Benfica។
គួររំលឹកថា Mourinho ធ្លាប់ដឹកនាំ Real Madrid ចន្លោះឆ្នាំ ២០១០ ដល់ ២០១៣ ដោយបានជួយក្លិបឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup ផងដែរ៕ អត្ថបទ៖នាង សុភាវុធ
