អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប៩៧៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កថយចុះ១១៥នាក់។
បើតាមរបាយការណ៍ ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន ៥៤១នាក់។ ចំពោះជនបង្ក៤៣៣នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែមេសា កន្លងទៅ បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ដើម្បីបញ្ជូនក្រុមក្មេងទំនើងដែលបង្កការអុកឡុកសង្គម ឱ្យទៅបម្រើការងារនៅសមរភូមិមុខ ដើម្បីឱ្យពួកគេដឹងថាជីវិតកងទ័ព និងនគរបាលការពារព្រំដែន ដែលមួយចំនួនក៏ជាយុវជនដូចគ្នានោះ កំពុងធ្វើពលិកម្ម និងប្រឈមគ្រោះថ្នាក់អ្វីខ្លះ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។
ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ឱ្យអាជ្ញាធរ និងកម្លាំងនគរបាលជាតិ បន្តអនុវត្តវិធានការបង្ក្រាបក្រុមក្មេងទំនើង ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយមកលើជនបង្កឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាល់សកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការច្បាប់ភ្លាមៗ និងគ្មានការលើកលែង ដើម្បីរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស គឺការធានាឱ្យបាននូវប្រសិទ្ធភាពនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕





