ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និយាយថា ការផ្គត់ផ្គង់ប្រេងសកលបានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា ក្នុងពេលមានស្ថានភាពនៅអ៊ីរ៉ង់ ដោយការខាតបង់ប្រចាំថ្ងៃលើសពី១០ភាគរយនៃតម្រូវការរបស់ពិភពលោកក្នុងមួយថ្ងៃ។

របាយការណ៍ទីភ្នាក់ងារ IEA ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា ការផ្គត់ផ្គង់ប្រេងសកលបានធ្លាក់ចុះ១,៨លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែមេសា ដោយមាននៅត្រឹមតែ៩៥,១លានបារ៉ែលសរុបក្នុងមួយថ្ងៃ។ នោះបាននាំមកនូវការខាតបង់ដល់ ១២,៨លានបារ៉ែលក្នុងមួយថ្ងៃចាប់តាំងពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។

របាយការណ៍នេះបានលើកឡើងថា ការនាំចេញប្រេងឆៅពីសហរដ្ឋអាមេរិក ប្រេស៊ីល និងប្រទេសដទៃទៀតបានកើនឡើង។ ប៉ុន្តែបាននិយាយថា ការផ្គត់ផ្គង់សរុបបានធ្លាក់ចុះ ខណៈទិន្នផលប្រេងពីប្រទេសឈូងសមុទ្រ បានធ្លាក់ចុះ បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដោយប្រសិទ្ធភាព។
របាយការណ៍បាននិយាយថា ស្តុកប្រេងសកល រួមទាំងប្រេងដែលស្តុកទុកនៅសមុទ្រ បានធ្លាក់ចុះ២៥០ លានបារ៉ែលនៅក្នុងខែមីនា និងខែមេសា។ ទីភ្នាក់ងារ IEA បានបង្ហាញថា ទោះបីជាកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានឈានដល់ហើយការឆ្លងកាត់ច្រកសមុទ្រ Hormuz បន្តឡើងវិញជាបណ្តើរៗក៏ដោយ «ការផ្គត់ផ្គង់ ទំនងជានឹងងើបឡើងវិញយឺត»។