អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។ ជំហរដោះស្រាយព្រំដែនគោកជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់ គឺដោះស្រាយដោយសន្តិវិធី និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ កម្ពុជាក៏បានរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេច លើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។
ឯកឧត្តមអ្នកនាំបញ្ជាក់បានបញ្ជាក់ អំពីគោលជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ ជំហរបែបនេះត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាន់យកក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU-2001) ឬភាគីថៃហៅថា MOU-44។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់បន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានគាំទ្រជំហររាជរដ្ឋាភិបាល និងបានរម្លឹកម្តងហើយម្តងទៀតថា មិនត្រូវចរចាជាមួយភាគីថៃដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជានិងថៃត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។
សូមបញ្ជាក់ថា មកដទល់ពេលនេះ ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ក្នុងអាណត្តិដែលហ្វីលីពីនធ្វើជាប្រធានដឹកនាំ បានចាប់ផ្តើមបេសកកម្មជាលើកដំបូងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ដែលបានរងការខូចខាតយ៉ាងដំណំបំផុតដោយការវាយប្រហារពីសំណាក់យោធាថៃកាលពីចុងឆ្នាំ២០២៥កន្លងទៅ ក៏ដូចជាការពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ៕



