Xabi Alonso នឹងចូលកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ Chelsea ជាផ្លូវការបន្ទាប់ពីក្លិបនៅក្របខណ្ឌ Premier League បានប្រកាសព័ត៌មាននៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅពីកិច្ចព្រមព្រៀងជាមួយបុរសសញ្ជាតិអេស្ប៉ាញរូបនេះ នៅខែកក្កដាខាងមុខក្នុងកិច្ចសន្យាដល់ឆ្នាំ ២០៣០។
Alonso អតីតគ្រូបង្វឹករបស់ Real Madrid និង Bayer Leverkusen ក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍ទី៥ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន BlueCo បន្ទាប់ពី Graham Potter, Mauricio Pochettino, Enzo Maresca និង Liam Rosenior។
ការមកដឹកនាំ Chelsea លើកនេះ គឺជាការវិលត្រឡប់មកកាន់បាល់ទាត់អង់គ្លេសរបស់ Alonso បន្ទាប់ពីរូបគេធ្លាប់បង្ហាញខ្លួនបាន ២១០ប្រកួតឱ្យ Liverpool ក្នុងនាមជាកីឡាករ មុនផ្ទេរទៅ Real Madrid នៅឆ្នាំ២០០៩ ហើយបញ្ចប់អាជីពបាល់ទាត់ជាមួយ Bayern Munich ក្នុងឆ្នាំ២០១៧។
សម្រាប់រដូវកាលនេះ Chelsea កំពុងជួបការលំបាក ដោយធ្លាក់ទៅឈរលេខ៩ ក្នុងតារាង Premier League និងមានឱកាសតិចតួចក្នុងការប្រជែងយកកៅអីទៅលេងពានអឺរ៉ុប បន្ទាប់ពីបរាជ័យក្រោមថ្វីជើង Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីថ្ងៃសៅរ៍។ Chelsea បានស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីបណ្តេញ Liam Rosenior ចេញពីតំណែង កាលពីខែមេសា បន្ទាប់ពីដឹកនាំក្រុមបានត្រឹមតែ ៣ខែប៉ុណ្ណោះ៕ អត្ថបទ៖នាង សុភាវុធ
