ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ត្រូវបានគេរំពឹងថា នឹងបង្ហាញពីចក្ខុវិស័យរបស់ខ្លួនសម្រាប់អឺរ៉ុប ដើម្បីក្លាយជាមហាអំណាចសាកល ដែលមានការអះអាងកាន់តែខ្លាំងប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាប្រឈមផ្នែកសន្តិសុខ និងសេដ្ឋកិច្ចផ្សេងទៀត នៅក្នុងសុន្ទរកថាមួយ នៅថ្ងៃព្រហស្បតិ៍នេះ មុនការបោះឆ្នោតសភាអឺរ៉ុបដ៏សំខាន់ នៅក្នុងខែមិថុនា។
ទីប្រឹក្សារបស់លោក បាននិយាយថា ប្រធានាធិបតីបារាំង គ្រោងនឹងផ្តោតលើបញ្ហាយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយនៅអឺរ៉ុប រួមទាំងវិស័យការពារជាតិ សេដ្ឋកិច្ច ការការពារបរិស្ថាន និងការការពារលទ្ធិប្រជា ធិបតេយ្យ។ សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនដែលឥឡូវឈានចូលដល់ឆ្នាំទី៣ ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់នៃសុន្ទរកថា ដែលលោកម៉ាក្រុង នឹងថ្លែងនៅសាកលវិទ្យាល័យ Sorbonne ទីក្រុងប៉ា រីស នៅថ្ងៃព្រហស្បតិ៍នេះ។
ប្រទេសបារាំង ធ្លាប់ជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយលោក ម៉ាក្រុង តែងតែប៉ះទង្គិចជាមួយមេដឹកនាំលោកខាងលិចផ្សេងទៀត ខណៈដែលលោក បានទទូចថា អឺរ៉ុបត្រូវតែគាំទ្រប្រទេសនេះ ក្នុងតម្លៃណាក៏ដោយ។ កាលពីខែមុន ប្រធានាធិបតីបារាំងរូបនេះ បានព្រមានមេដឹកនាំអឺរ៉ុប ដោយនិយាយថា ការបញ្ជូនទាហានលោកខាងលិច ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបង្កើនការពារនោះ មិនគួរត្រូវបានគេច្រានចោលឡើយ៕