ភ្នំពេញ ៖ ក្នុងពេលដាក់គោលដៅដើម្បីពង្រឹង និងអនុវត្តបំរាមគោចរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជាង២២០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមនុស្សចំនួយ៦នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។
ក្នុងសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែសីហា ការអនុវត្តវិធានការច្បាប់បានចំនួន១ ១០៩ករណី ដោយធ្វើការឃាត់ខ្លួនអប់រំ និងពិន័យ ចំនួន២ ២៩០នាក់ ឃាត់យានយន្តចំនួន ១ ១៣២គ្រឿង និងពិន័យជាប្រាក់ចំនួន ៣៤ ៤០០ ០០០រៀល ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កំពុងអនុវត្តបំរាមគោចរ មិនឲ្យមានការធ្វើដំណើរបំលាស់ទី ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ លើកលែងករណីមួយចំនួន ។
ក្រៅពីបានដាក់បំរាមគោចរ មានតំបន់ខ្លះក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់ជាបណ្ដោះអាសន្ន ព្រោះបានរកឃើញករណីឆ្លងវីរុសបំប្លែងប្រភេទថ្មីដែលតា (Delta) ខណៈខេត្តមួយចំនួនទៀត ក៏មានការបិទផ្សារ និងបិទទីប្រជុំជន ។
មួយវិញទៀត ទន្ទឹមនៅមានករណីរកឃើញឆ្លងថ្មីនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងសុខាភិបាល កំពុងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាចាក់ដូសទី៣ ឬដូសជំរុញ ដល់កម្លាំងជួរមុខផងដែរ ៕