រលកនៃការសម្រុកលក់ប្រាក់ដុល្លារចេញនៅអាស៊ី បង្ហាញថា វិបត្តិរូបិយបណ្ណរបស់តំបន់នេះ កំពុងស្ថិតក្នុងស្ថានភាពបញ្ច្រាសទៅរកភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ប៉ុន្តែជាសញ្ញាដ៏អាក្រក់មួយសម្រាប់ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ខណៈប្រទេសមហាអំណាចនាំចេញរបស់ពិភពលោក ចាប់ផ្តើមចោទសួរនិន្នាការដ៏កក់ក្ដៅជាច្រើនទសវត្សរ៍នៃការវិនិយោគអតិរេកពាណិជ្ជកម្មដ៏ធំរបស់ខ្លួននៅក្នុងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។
កំណត់ត្រាលក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញថា ឥឡូវនេះកំណើនក្នុងប្រាក់ដុល្លាររបស់កោះតៃវ៉ាន់កំពុងរីកទៅខាងក្រៅ ដែលជំរុញឱ្យមានការកើនឡើងសម្រាប់រូបិយប័ណ្ណផ្សេងទៀតនៅសិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី ចិន និងក្រុងហុងកុង។ ការផ្លាស់ប្តូរនេះហាក់ជាការព្រមានមួយសម្រាប់ប្រាក់ដុល្លារ ព្រោះសញ្ញាបង្ហាញថា កំណើនតម្លៃរូបិយបណ្ណកំពុងផ្លាស់ប្តូរទៅទ្វីបអាស៊ី ក្នុងកម្រិតដ៏ល្អមួយ ហើយថាសសរស្តម្ភសំខាន់ដែលគាំទ្រប្រាក់ដុល្លារកំពុងតែរង្គោះរង្គើ។
អ្នកវិភាគបាននិយាយថា ចំណុចសំខាន់នៃជំហរដ៏ទន់ខ្សោយរបស់ប្រាក់ដុល្លារ ត្រូវបានបង្កឡើងដោយពន្ធដ៏កម្រោលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគលើប្រាក់ដុល្លារ និងបំផ្លាញលំហូរនៃប្រាក់ដុល្លារពាណិជ្ជកម្មទៅក្នុងទ្រព្យសម្បត្តិរបស់អាមេរិក។
មានសញ្ញាថា ទិដ្ឋភាពប្រាក់ដុល្លារកំពុងផ្លាស់ប្តូរពីគ្រប់ជ្រុងទាំងអស់។ ក្រុមហ៊ុនវិនិយោគ Goldman Sachs ដ៏ធំបាននិយាយនៅក្នុងកំណត់ត្រាមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា អតិថិជនវិនិយោគិន ថ្មីៗនេះបានផ្លាស់ប្តូរពីជំហរប្រាក់យ័នរយៈពេលខ្លី ទៅកាន់ជំហររយៈពេលវែង ឬនិយាយម្យ៉ាងទៀត ពួកគេកំពុងបង្កើតជំហរខ្លីលើប្រាក់ដុល្លារអាមេរិក ព្រោះរំពឹងថានឹងមានការធ្លាក់ចុះបន្ថែមទៀត៕