ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) បានរំលឹកឡើងវិញជាថ្មីម្ដងទៀតនូវបំណងប្រាថ្នារបស់លោកក្នុងការកាន់កាប់តំបន់ហ្កាហ្សាស្រ្ទីប ដោយប្រាប់កិច្ចប្រជុំធុរកិច្ចក្នុងប្រទេសកាតាថា សហរដ្ឋអាមេរិក នឹង "ធ្វើឱ្យដែនដីនេះក្លាយជាតំបន់សេរីភាព" ហើយអះអាងថា មិនមានអ្វីសេសសល់នៅក្នុងទឹកដីប៉ាឡេស្ទីននេះទៀតទេ។
លោក Trump បានលើកឡើងដំបូងនូវគំនិតកាន់កាប់ហ្កាហ្សារបស់លោកក្នុងខែកុម្ភៈ ដោយនិយាយថា អាមេរិកនឹងអភិវឌ្ឍដែនដីនេះឡើងវិញ ហើយបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យទៅរស់នៅកន្លែងផ្សេង។ ផែនការនេះបានអូសទាញការថ្កោលទោសជាសកល ដោយប្រជាជនប៉ាឡេស្ទីន ប្រជាជាតិអារ៉ាប់ និងអង្គការសហប្រជាជាតិបាននិយាយថា គំនិតនេះនឹងស្មើនឹងការបោសសម្អាតជនជាតិភាគតិច។
ថ្លែងទៅកាន់ក្រុមមន្ត្រី និងអ្នកដឹកនាំធុរកិច្ចក្នុងប្រទេសកាតា ជាទីដែលការិយាល័យនយោបាយក្រុមហាម៉ាសបានឈរជើងនៅទីក្រុងដូហាអស់ជាច្រើនឆ្នាំមក លោក Trump បាននិយាយថា លោកមាន "គំនិតសម្រាប់តំបន់ហ្កាហ្សាដែលលោកគិតថាជារឿងល្អ នោះគឺធ្វើឱ្យដែនដីនេះក្លាយជាតំបន់សេរីភាព ហើយអនុញ្ញាតឱ្យអាមេរិកចូលរួមនៅទីនោះ"។
លោកបន្តថា លោកបានមើល "វីដេអូដ្រូនពីលើអាកាសតំបន់ហ្កាហ្សាដែលបង្ហាញថាស្ទើរតែគ្មានអគារនៅសេសសល់ឡើយ ហើយនោះហាក់ពុំមានអ្វីឱ្យសង្រ្គោះបានទេ"។ លោកបន្ថែមថា "មនុស្សម្នារស់ក្រោមគំនរបាក់បែកនៃអគារដួលរលំ ជារឿងមិនអាចទទួលយកបានឡើយ"។
គួរឱ្យដឹងថា ភាគច្រើននៃប្រជាជន ២,៣លាននាក់នៅហ្កាហ្សា ត្រូវភៀសខ្លួនខាងក្នុង ខណៈអ៊ីស្រាអែល បង្កើនការវាយប្រហារយោធា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៥៣.០០០នាក់ និងបានបំផ្លិចបំផ្លាញផ្នែកភាគច្រើននៃតំបន់ហ៊ុមព័ទ្ធនេះ៕