ប្រទេសបារាំង និងវៀតណាម គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននៅថ្ងៃចន្ទ ទី២៦ ខែឧសភានេះ នៅពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron ជួបជាមួយមេដឹកនាំវៀតណាមនៅទីក្រុងហាណូយ ខណៈលោកព្យាយាមបង្កើនឥទ្ធិពលរបស់ប្រទេសបារាំងនៅក្នុងអតីតអាណានិគម ដែលប្រឈមនឹងការគំរាមកំហែងនៃការដំឡើងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក។
មន្ត្រីដែលដឹងអំពីបញ្ហានេះបាននិយាយថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាម និងជាលើកដំបូងសម្រាប់ប្រធានាធិបតីបារាំង ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ លោក Macron ត្រូវបានអមដំណើរដោយនាយកប្រតិបត្តិអាជីវកម្មជាច្រើននាក់ ហើយត្រូវបានគេរំពឹងថានឹងពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣០ខណៈកំពុងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន អាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ការស្រាវជ្រាវ ផ្កាយណប និងវិស័យការពារជាតិ។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយរបស់លោក Macron ទៅកាន់ប្រទេសវៀតណាម ជាជើងទីមួយនៃដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ រួមមានប្រទេសឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរី ដែលបានធ្វើឡើងក្រោយការគម្រាមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសុក្រ សប្តាហ៍មុនដើម្បីដាក់ការដំឡើងពន្ធ៥០ភាគរយលើទំនិញរបស់សហភាពអឺរ៉ុបចាប់ពីខែមិថុនា ដែលបង្កើនភាពតានតឹងពាណិជ្ជកម្មជាមួយប្លុកទាំង២៧ប្រទេសមួយនេះ។
ខណៈវៀតណាមដែលពឹងផ្អែកលើការនាំចេញ ក៏ស្ថិតនៅក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ឱ្យទិញទំនិញពីអាមេរិកបន្ថែមទៀត ដើម្បីបញ្ចៀសពន្ធ៤៦ភាគរយ មន្ត្រីអឺរ៉ុបបានប្រាប់ប្រទេសនេះមុនពេលដំណើរទស្សនកិច្ចរបស់លោក Macron ឱ្យប្រុងប្រយ័ត្នក្នុងសម្បទានរបស់ខ្លួនទៅកាន់សេតវិមាន។