គណៈកម្មាធិការវិនិយោគកម្ពុជា ទស្សនកិច្ចស្វែងយល់ ពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់, ដំណើរប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម, ការប្រើប្រាស់កម្លាំងពលកម្ម និងតម្រូវការជំនាញ, កិច្ចសម្រួលធុរកិច្ចនិងការវិនិយោគ, និងបញ្ហាប្រឈមនានាដែលក្រុមហ៊ុនជួបប្រទះ។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥, បានដឹកនាំក្រុមការងារចុះទស្សនកិច្ចសិក្សា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានជួបសន្ទនា ជាមួយអ្នកអភិវឌ្ឍន៍តំបន់, ពិនិត្យមើលប្រតិបត្តិការយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានចុះទស្សនកិច្ចក្រុមហ៊ុនកម្មន្តសាលចំនួន ២ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចិសេសក្រុងព្រះសីហនុរួមមាន៖ ១) ក្រុមហ៊ុន GENERAL TIRE TECHNOLOGY Co., Ltd. ផលិតសំបកកង់រថយន្ត និង២) ក្រុមហ៊ុន Fine Flooring (Cambodia) Co.,Ltd ផលិតក្ដារបន្ទះក្រាលផ្ទះ និងក្តារប៉ាកេ។
ដំណើរទស្សនកិច្ចសិក្សារបស់លេខាធិការដ្ឋាន ដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បី ស្វែងយល់ពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់, ដំណើរប្រតិបត្តិការខ្សែច្រវ៉ាក់ ផលិតកម្ម, ការប្រើប្រាស់កម្លាំងពលកម្មនិងតម្រូវការជំនាញ, កិច្ចសម្រួលធុរកិច្ចនិងការវិនិយោគ, និងបញ្ហាប្រឈមនានាដែល ក្រុមហ៊ុនបាននិងកំពុងជួបប្រទះ៕ អត្ថបទ៖ សុន រ៉ាឌី