សមាជិកសភារុស្ស៊ីមួយរូបបានព្រមានថា ក្រុងមូស្គូ អាចអនុញ្ញាតការវាយប្រហារលើទឹកដីអាល្លឺម៉ង់ ប្រសិនបើអ៊ុយក្រែនប្រើមីស៊ីល Taurus ផ្គត់ផ្គង់ដោយអាល្លឺម៉ង់ វាយប្រហារគោលដៅក្នុងទឹកដីរបស់រុស្ស៊ីមែនោះ។
លោក Andrey Kartapolov ប្រធានគណៈកម្មាធិការសភាជាន់ទាប និងជាអតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយទាមទារឱ្យមានការចូលរួមពីយោធាអាល្លឺម៉ង់ដោយផ្ទាល់ ដើម្បីប្រតិបត្តិការ ដែលធ្វើឱ្យទីក្រុងប៊ែរឡាំងក្លាយជាអ្នកចូលរួមដ៏សំខាន់ក្នុងការវាយប្រហារបែបនេះ។
ការរំពឹងទុកអំពីការផ្ទេរមីស៊ីលឈ្មោះTaurus ដ៏មានឥទ្ធិពលទៅកាន់ទីក្រុងកៀវ (Kiev)បានកើតឡើងជាថ្មីក្នុងសប្តាហ៍នេះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយគ្មានដែនកំណត់។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Merz បានបញ្ជាក់ថា ការផ្តល់ប្រព័ន្ធ Taurus គឺ "អាចធ្វើទៅបាន" ទោះបីជាលោកបានបន្ថែមថាកងកម្លាំងអ៊ុយក្រែននឹងត្រូវការ "ការបណ្តុះបណ្តាលជាច្រើនខែ" ដើម្បីប្រើប្រាស់អាវុធនោះឱ្យមានប្រសិទ្ធភាព។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Life.ru កាលពីថ្ងៃពុធលោក Kartapolov បាននិយាយថាទីក្រុងមូស្គូ "ត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង" ប្រសិនបើអាល្លឺម៉ង់បន្តបញ្ជូនអាវុធនោះ។
លោកបានព្រមានថា យើងបានត្រៀមខ្លួនដើម្បីស្ទាក់ចាប់មីស៊ីល Taurus វាយប្រហារទីតាំងបាញ់ ប្រតិបត្តិករ ហើយបើចាំបាច់ ទីតាំងដែលពួកគេត្រូវបញ្ជូនមក។
គួរឲ្យដឹងថាមីស៊ីល Taurus KEPD 350 មានរយៈចម្ងាយជាង៥០០ គីឡូម៉ែត្រ និងអាចបាញ់ដល់គោលដៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ៕