ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានអំណរគុណដល់ សប្បុរជននានា ដែលបានអញ្ជើញមកលើកទឹកចិត្តដល់កងទ័ព ព្រមនាំយកនូវគ្រឿងឧបភោគ បរិភោគរួមនឹងថវិការផ្ដល់ជូនដល់កងទ័ពដោយផ្ទាល់ ដែលមានសណ្ដានចិត្តលើកទឹកចិត្តដល់កងទ័ពតាមរយៈចូលរួមគាំទ្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ។
នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងទទួលគ្រឿងឧបភោគ បរិភោគរួមនឹងថវិការ ពីសប្បុរសជន កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥នេះ។
នៅក្នុងឱកាសនោះដែរបណ្ដាសប្បុរសជន សម្ដែងនូវគោរព ស្រឡាញ់ និងសូមបួងសួងដល់រុក្ខទេវតាថែរក្សាព្រឹកព្រៃ បារមី គ្រប់ទិសទាំងអស់ តាមថែរក្សាផ្ដល់កម្លាំងខ្លាំងក្លា មាំមួន សុខភាពល្អដល់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត និងកងទ័ពទាំងអស់ ហើយជាពិសេសដែលគោរពតាមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចធិបតី និងសម្តេចតេជោ។
បណ្ដាសប្បុរសជន បានបង្ហាញការដឹងគុណ វីរីភាពអង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារទឹកដី សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ មានដូចជា៖ ទឹកត្រី, ទឹកស៊ីវអ៊ីវ, ត្រីខ, មីជាតិ, ទឹកសុទ្ធ, ក្រមាខ្មែរ និងថវិកាមួយចំនួន ដែលគិតជាទឹកប្រាក់សរុបទាំងអស់ចំនួនជាង ២ ម៉ឺនដុល្លារ ប្រគល់ជូន នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត និងកងទ័ពជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ៕ អត្ថបទ៖ ឈិត បូរ៉ាវី