កោះកុង៖ ក្រុមមន្រ្តីប្រចាំការនៅព្រំដែនអន្តរជាតិចាំយាម បានឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា ខាងភាគីថៃបន្តបានបិទច្រកព្រំដែនជាឯកតោភាគីដដែល ប៉ុន្តែខាងភាគីថៃនឹងធ្វើការសម្របសម្រួលដល់ពលរដ្ឋខ្មែរដែលមានបំណងចាកចេញពីប្រទេសថៃចូលមកកម្ពុជាវិញ។ ចំណែកអ្នកជំងឺធ្ងន់ធ្ងរ និងសិស្សកូនប្រជាពលរដ្ឋទាំងសងខាងអាចចេញចូលព្រំដែនបានទៅសាលារៀន និងសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យនៅប្រទេសថៃ។
ចំណែកទំនិញពាណិជ្ជកម្មគ្រប់ប្រភេទ គឺមិនត្រូវអនុញ្ញាតឲ្យចរាចរចេញចូលនោះទេ។ សម្រាប់ខាងភាគីកម្ពុជា នៅតែបន្តបើកទ្វាររង់ចាំទទួលពលករដែលចាកចេញពីប្រទេសថៃមកកម្ពុជាវិញ និងរង់ចាំទទួលពលករណាដែលមានបំណងចង់ចូលបម្រើការងាររោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រក្នុងស្រុកស្រែអំបិល តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង។
ជាមួយគ្នានេះក៏សង្កេតឃើញថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានបន្តវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥នេះផងដែរ៕ អត្ថបទ៖ ឈឹម មករា