ប្រទេសហ្ស៊កដានីកាលពីថ្ងៃពុធ បានបន្តការបញ្ជូនក្បួនរថយន្តសង្គ្រោះ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានហ៊ុមព័ទ្ធ និងហែកហួរដោយសង្រ្គាម បន្ទាប់ពីមានការបិទផ្លូវរបស់អ៊ីស្រាអែលជាច្រើនខែ ដែលបានរារាំងជំនួយមនុស្សធម៌ មិនឲ្យទៅដល់តំបន់ឆ្នេរប៉ាឡេស្ទីន។
អង្គការសប្បុរសធម៌ Jordan Hashemite បានបញ្ជូនរថយន្តដឹកទំនិញចំនួន ៤០គ្រឿង ដែលផ្ទុកដោយ សម្ភារៈផ្គត់ផ្គង់ស្បៀងជាមូលដ្ឋាន ទៅកាន់តំបន់ហ្កាហ្សា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ទីក្រុងអាម៉ាន ( Amman) ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងដោយសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី។
ជំនួយ និងស្បៀងអាហារទាំងនេះ នឹងត្រូវបានចែកចាយ នៅភាគខាងជើងតំបន់ហ្កាហ្សា ដើម្បីធានាថា ទៅដល់គ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងបំផុត និងគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ខណៈដែលស្ថានភាពមនុស្សធម៌ និងជីវភាពរស់ នៅបន្តកាន់តែយ៉ាប់យ៉ឺនឡើង ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីចុងឆ្នាំ ២០២៣មក។
លោក Hussein Shibli អគ្គលេខាធិការអង្គការអសប្បុរសធម៌ Jordan Hashemite បាននិយាយថា ការបន្តក្បួនរថយន្តជំនួយនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ហ្ស៊កដានី នៅក្រោមព្រះមហាក្សត្រ Abdullah II ក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន។
ហ្ស៊កដានីបានសហការជាមួយអង្គការ WFP ដើម្បីចែកចាយហាងនំប៉័ងចល័ត ដែលផ្គត់ផ្គង់នំប៉័ងរាប់ពាន់ដុំជារៀងរាល់ថ្ងៃ ដល់ប្រជាជននៅតំបន់ហ្កាហ្សាភាគខាងជើង។ លោក Shibli បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយ WFP រួមមានគម្រោងសម្រាប់ចែកចាយអាហារ និងទឹកស្អាត ពីព្រោះហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ អំឡុងពេលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។