អភិបាលស្តីទីនៃតំបន់ Rostov របស់រុស្ស៊ី បាននិយាយនៅថ្ងៃអង្គារ (២ កញ្ញា) នេះថា មនុស្សជាង ៣០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងទាំងយប់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន លើរដ្ឋធានីនៃតំបន់ Rostov។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា អង្គភាពការពារដែនអាកាសបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១៣គ្រឿង លើតំបន់ Rostov នោះពេញមួយយប់ ប៉ុន្តែមិនបញ្ជាក់ឡើយថា តើមានដ្រូនសរុបប៉ុន្មានគ្រឿងត្រូវពិនិត្យឃើញ។
អភិបាលស្តីទីតំបន់ Rostov លោក Yuri Slyusar បាននិយាយលើកម្មវិធីផ្ញើសារតេលេក្រាមថា «គ្រាប់ពីដ្រូនមិនទាន់ផ្ទុះមួយត្រូវបានរកឃើញក្នុងប្លុកល្វែងមួយកន្លែង ហើយដើម្បីជាការប្រុងប្រយ័ត្ន អ្នកស្រុកចំនួន ៣២០នាក់នៃអគារនោះ ត្រូវជម្លៀសចេញ"។
លោកបន្ថែមថា ការវាយប្រហារនេះបានបំផ្លាញអគារផ្ទះល្វែងជាច្រើនក្នុងទីក្រុង Rostov-on-Don ហើយមនុស្សបីនាក់ ក្នុងនោះមានកុមារម្នាក់ បានរងរបួសស្រាល។
អភិបាលក្រុង Rostov-on-Don លោក Alexandr Skryabin បាននិយាយថា អ្នកស្រុកត្រូវជម្លៀសទៅសាលារៀនមួយ ខណៈអ្នកជំនាញកម្ចាត់គ្រាប់បែក កំពុងធ្វើការដកគ្រាប់នោះចេញ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែន ជុំវិញការវាយប្រហារនេះទេ ប៉ុន្តែភាគីទាំងពីរបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលក្នុងការវាយប្រហាររបស់ពួកគេឡើយ អំឡុងសង្គ្រាមជាង ៣ឆ្នាំមកនេះ៕