ប្រទេសចិន កំពុងព្យាយាមជំរុញបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងការទូតជាយុទ្ធសាស្ត្ររបស់ខ្លួននាពេលថ្មីៗនេះ និងបង្កើនឥទ្ធិពលកាន់តែខ្លាំង ខណៈទីក្រុងប៉េកាំង ត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសន្តិសុខប្រចាំឆ្នាំឈ្មោះថា Xiangshan លើកទី១២ ក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃពុធ (១៧ កញ្ញា) ដល់ថ្ងៃសុក្រ (១៩ កញ្ញា) ស្របពេលភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។
ក្រុមអ្នកការទូតបរទេស និងអ្នកវិភាគសន្តិសុខនិយាយថា ពួកគេរំពឹងថា មន្ត្រីចិន នឹងប្រើប្រាស់វេទិកា Xiangshan នៅទីក្រុងប៉េកាំង ដើម្បីជំរុញចក្ខុវិស័យរបស់លោកប្រធានាធិបតី Xi Jinping អំពីសណ្តាប់ធ្នាប់អន្តរជាតិដែលលោកបានលើកឡើងកាលពីដើមខែនេះ ដោយអំពាវនាវឱ្យមានការឯកភាពប្រឆាំងនឹង "អនុត្តរភាព និងអំណាចនយោបាយ"។
ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន រាយការណ៍ថា អ្នកតំណាងប្រហែល ១.៨០០នាក់ មកពី ១០០ប្រទេស រួមទាំងមន្ត្រី បុគ្គលិកយោធា និងអ្នកជំនាញ នឹងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនោះ ដែលផ្ដោតលើសន្តិភាព សន្តិសុខសកល ទំនុកចិត្តជាយុទ្ធសាស្រ្ត និងសណ្ដាប់ធ្នាប់ពិភពលោក។
សម្រាប់អ្នកតំណាងបរទេសមួយចំនួន — ជាពិសេសមកពីប្រទេសលោកខាងលិច និងប្រទេសជិតខាង — សិក្ខាសាលាសន្តិសុខ និងការសំណេះសំណាលនេះ គឺជាឱកាសមួយដើម្បីប្រមូលព័ត៌មានលំអិតបន្ថែមទៀតពីទំនើបកម្មយោធាដែលកំពុងវិវត្តរបស់ចិន ក៏ដូចជាការដឹកនាំដ៏ស្វាហាប់នៃកងទ័ពរំដោះប្រជាជនចិន ដែលជាកងកម្លាំងប្រដាប់អាវុធធំបំផុតរបស់ពិភពលោក។
វេទិកាសន្តិសុខនេះ កើតឡើងបន្ទាប់ពីចិន បានបង្ហាញសាច់ដុំយោធាទ្រង់ទ្រាយធំជាលើកដំបូងនូវសព្វាវុធថ្មីៗររបស់ខ្លួនក្នុងព្យុហយាត្រាយោធាកាលពីថ្ងៃទី៣ ខែកញ្ញា រួមទាំងអាវុធល្បឿនលឿនជាងសំឡេង យានដ្រូនមុជក្រោមទឹកធំៗ និងមីស៊ីលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយជាច្រើនផ្សេងទៀតផងដែរ៕