អ្នកស្រុកទីក្រុងហុងកុង នៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) បានត្រៀមលក្ខណៈដោយបិទបង្អួច និងស្តុកទុកអាហារ ខណៈដែលសាលារៀនទាំងអស់ នឹងត្រូវបិទ ដោយសារទីក្រុងត្រូវប្រឈមជាមួយការមកដល់នៃព្យុះទីហ្វុង Ragasa។
ស្ថាប័នអង្កេតអាកាសធាតុរបស់ទីក្រុងហុងកុង បានឲ្យដឹងថា Ragasa ដែលផ្ទុកដោយខ្យល់ព្យុះសង្ឃរាក្នុងល្បឿនរហូតដល់ ២២០គីឡូម៉ែត្រ ក្នុងមួយម៉ោង កំពុងបក់បោកកាន់តែខិតកៀកនឹងឆ្នេរនៃខេត្ត Guangdong ភាគខាងត្បូង នៅប្រទេសចិន។
អាជ្ញាធរក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ គ្រោងនឹងបង្កើនសញ្ញាព្យុះទីហ្វុងដល់កម្រិត៨ ដែលជាកម្រិតខ្ពស់បំផុតទី៣ នៅត្រឹមម៉ោង ២ និង ២០នាទីរសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:២០នាទី ម៉ោងសកល) ដែលនឹងជំរុញឲ្យអាជីវកម្ម និងសេវាកម្មដឹកជញ្ជូនភាគច្រើនត្រូវបិទ។ ជើងហោះហើរប្រហែល ៧០០វ៉ុល ត្រូវបានរំខាន។
ស្ថាប័នអង្កេតអាកាសធាតុនេះ បានបន្ថែមថា ខ្លួននឹងវាយតម្លៃថា តើត្រូវការចេញការព្រមានខ្ពស់ជាងនេះនៅយប់ថ្ងៃអង្គារ ឬព្រឹកថ្ងៃពុធ (ទី២៤ ខែកញ្ញា) ដែរ ឬយ៉ាងណា៕