តាកែវ៖ ខេត្តតាកែវបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះកររហូតដល់ ៤៧,៤៤៦ នាក់ ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ តួលេខដ៏គួរឱ្យកត់សម្គាល់នេះ បានបង្ហាញពីភាពទាក់ទាញ និងការរៀបចំដ៏ល្អប្រសើររបស់អាជ្ញាធរខេត្ត ក្រោមការដឹកនាំពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ។
បើតាមការបញ្ជាក់របស់ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជិត ៥ម៉ឺននាក់នោះ រួមមានភ្ញៀវទេសចរជាតិ ចំនួន ៤៧,១៤៤ នាក់ និងភ្ញៀវទេសចរបរទេស: ចំនួន ៣០២ នាក់ បានមកលេងកម្សាន្តសប្បាយនៅតាមតំបន់រមណីយដ្ឋាន និងទស្សនាតាមប្រាសាទនានារបស់ខេត្ត ពិសេសមកចូលរួមសប្បាយរីករាយក្នុងកម្មវិធី ដាល់អំបុកសាមគ្គី នៅសួនច្បារមាត់បឹងតាកែវ ព្រមទាំងទស្សនាការបាញ់កាំជ្រួច ក៏ដូចជាដើរទិញផលិតផលខ្មែរ ពីផ្សារចុងសប្តាហ៍ដែលបានដំណើរក្នុងពិធីបុណ្យអុំទូក ។
ខេត្តតាកែវ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ខេត្តមួយនេះបាននឹងកំពុងបោះជំហានទៅមុខយ៉ាងលឿនក្នុងការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ ឯកឧត្តមបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើង។
តាមរយៈការខិតខំប្រឹងប្រែងទាក់ទាញលំហូរវិនិយោគិនមកកាន់ខេត្តតាកែវ គោលដៅចុងក្រោយរបស់ឯកឧត្តម គឺការ លើកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវទាំងមូល ឱ្យកាន់តែមានភាពធូរធារ និងរីកចម្រើនជាលំដាប់ផងដែរ ៕








