អឺរ៉ុបបានយល់ព្រមអញ្ជើញរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំ G8 ឡើងវិញ បន្ទាប់ពីជម្លោះនៅអ៊ុយក្រែន ត្រូវបានដោះស្រាយ។ នេះបើយោងតាមសំណើឆ្លើយបតរបស់អឺរ៉ុបចំពោះផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ឯកសារដែលរៀបចំឡើងដោយចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងថា៖«រុស្ស៊ីនឹងត្រូវបានធ្វើសមាហរណកម្មឡើងវិញជាបណ្តើរៗទៅក្នុងសេដ្ឋកិច្ចពិភពលោក»។ «រុស្ស៊ីនឹងត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ G8 ឡើងវិញ»។

គួរឲ្យកត់សម្គាល់ផងដែរ នាពេលថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងប្រឆាំងនឹងការវិលត្រឡប់ទៅរកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងទម្រង់នេះ។ លោកបានលើកឡើងថា សមាជិក៦ ក្នុងចំណោមសមាជិកទាំង៧ នៃក្លិបក្រៅផ្លូវការនៃបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់សេណារីយោបែបនេះទេ។

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានហៅការបដិសេធរបស់លោកខាងលិចរួមគ្នា ចំពោះទម្រង់ G8 ថា ជាកំហុសឆ្គងដ៏ធំមួយ។
G7 គឺជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន រួមមានចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា សហរដ្ឋអាមេរិក បារាំង និងជប៉ុន។ ក្រុមប្រទេសនេះ បានធ្វើកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួន នៅឆ្នាំ ១៩៧៥ នៅប្រទេសបារាំង ដោយមានសមាសភាពដើមរួមមានចក្រភពអង់គ្លេស អាល្លឺម៉ង់ខាងលិច អ៊ីតាលី សហរដ្ឋអាមេរិក បារាំង និងជប៉ុន។ ក្រុមនេះ បានដំណើរការជា G7 ពីឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៩៧ នៅពេលដែលរុស្ស៊ី បានចូលរួម ហើយវាបានក្លាយជា G8។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ឆ្នាំ ២០១៤ បន្ទាប់ពីព្រឹត្តិការណ៍នៅអ៊ុយក្រែន និងការធ្លាក់ចុះនៃទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ក្រុមនេះ បានត្រឡប់ទៅទម្រង់ G7 វិញ ក្នុងអំឡុងពេលលោក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិកនោះ៕