ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (៣០ ខែវិច្ឆិកា) បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្តរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ហើយថា សិទ្ធិជ្រកកោនសម្រាប់ប្រជាជាតិមួយចំនួន នឹងត្រូវផ្អាក "ក្នុងរយៈពេលដ៏យូរ" បន្ទាប់ពីការបាញ់ប្រហារដ៏កក្រើកនៅជិតសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បាននិយាយថា រដ្ឋបាលរបស់លោក អាចផ្អាកការទទួលយកសិទ្ធិជ្រកកោនចូលទៅក្នុងសហរដ្ឋអាមេរិក ដោយ "មិនកំណត់ពេលវេលានោះទេ ប៉ុន្តែអាចមានរយៈពេលយូរណាស់" ដោយបន្តថា រដ្ឋបាលលោក "មានបញ្ហាច្រើនគ្រប់គ្រាន់ហើយ ហើយមិនចង់បានមនុស្សទាំងនោះទៀតទេ"។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បាននិយាយកាលពីថ្ងៃអាទិត្យថា អាជ្ញាធរអាមេរិកជឿថា ជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលត្រូវចោទប្រកាន់ពីបទលបស្ទាក់បាញ់ប្រហារសមាជិកឆ្មាំជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី មិនធ្លាប់មានគំនិតជ្រុលនិយមទេ រហូតដល់ពេលដែលជននោះបានចូលទៅដល់សហរដ្ឋអាមេរិក។
អាជ្ញាធរបានកំណត់អត្តសញ្ញាណជនជាតិអាហ្វហ្គានីស្ថានម្នាក់ឈ្មោះ Lakanwal វ័យ ២៩ឆ្នាំ ថាជាជនសង្ស័យនៅក្នុងការបាញ់ប្រហារកាលពីថ្ងៃពុធសប្ដាហ៍មុន ដែលបានកើតឡើងនៅជិតសេតវិមាន ហើយដែលបានសម្លាប់សមាជិកឆ្មាំជាតិម្នាក់ និងម្នាក់ទៀតរបួសយ៉ាងធ្ងន់ធ្ងរ៕

