បណ្ដាមេដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា ការសម្រេចចិត្តណាមួយលើលទ្ធភាពនៃសម្បទានទឹកដីអ៊ុយក្រែន ដល់រុស្ស៊ី អាចធ្វើឡើងលុះត្រាតែមានការធានាសន្តិសុខយ៉ាងរឹងមាំប៉ុណ្ណោះ ដែលគួរតែរួមបញ្ចូលកម្លាំងចម្រុះជាតិសាសន៍ ដឹកនាំដោយអឺរ៉ុប។

សេចក្តីថ្លែងការណ៍រួម ដែលចេញដោយមេដឹកនាំអឺរ៉ុប ១០រូប រួមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានកើតមានឡើង បន្ទាប់ពីថ្នាក់ដឹកនាំទាំងអស់បានជួបប្រជុំគ្នានៅទីក្រុងប៊ែរឡាំង ដើម្បីគាំទ្រកិច្ចចរចាសន្តិភាពរវាងអ្នកចរចាអាមេរិក និងអ៊ុយក្រែន ដែលស្វះស្វែងបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ដោយគូសបញ្ជាក់ពីអ្វីដែលពួកគេចាត់ទុកថាជាការធានាសន្តិសុខចាំបាច់ សេចក្តីថ្លែងការណ៍នេះបាននិយាយថា អ៊ុយក្រែនគួរតែអាចរក្សាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឱ្យនៅប្រហែល ៨សែននាក់ ដើម្បីអាចទប់ស្កាត់ជម្លោះ។ លើសពីនេះ អឺរ៉ុបគួរតែសម្របសម្រួល "កម្លាំងចម្រុះជាតិសាសន៍នៅអ៊ុយក្រែន" ដែលបង្កើតឡើងដោយការចូលរួមវិភាគទានពីប្រទេសដែលមានឆន្ទៈ និងគាំទ្រដោយអាមេរិក។

ការធានាសន្តិសុខក៏នឹងរួមបញ្ចូលយន្តការត្រួតពិនិត្យបទឈប់បាញ់ ដឹកនាំដោយអាមេរិក ដើម្បីផ្តល់ការព្រមានជាមុន អំពីការវាយប្រហារនាពេលអនាគត និងឆ្លើយតបទៅនឹងការរំលោភបំពានណាមួយ។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា បញ្ហាទឹកដីគឺទុកឱ្យប្រជាជនអ៊ុយក្រែនជាអ្នកសម្រេចចិត្ត ហើយធ្វើទៅបានតែនៅពេលណាដែលការធានាសន្តិសុខដ៏រឹងមាំ មានប្រសិទ្ធភាពរួចហើយប៉ុណ្ណោះ៕