សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃសៅរ៍២០ធ្នូថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu គ្រោងរាយការណ៍ទៅប្រធានាធិបតីអាមេរិក លោក Donald Trump ថា ការពង្រីកកម្មវិធីមីស៊ីលបាលីលី្ទករបស់ប្រទេសអ៊ីរ៉ង់ អាចបង្កការគំរាមកំហែងដែលតម្រូវឲ្យមានចំណាត់ការភ្លាមៗ។
យោងតាមបុគ្គលម្នាក់ និងមន្ត្រីអាមេរិក៤រូប ទៀត ដែលបានដឹងផែនការនេះ បានឲ្យដឹងថា ក្រុមមន្ត្រីអ៊ីស្រាអែល មានក្ដីបារម្ភកាន់តែខ្លាំងថា អ៊ីរ៉ង់កំពុងពង្រីកការផលិតនៃកម្មវិធីមីស៊ីលបាលីស្ទីករបស់ខ្លួន ដែលត្រូវបានបំផ្លាញក្នុងការវាយប្រហារដោយធារបស់អ៊ីស្រាអែល នៅឆ្នាំនេះ និងកំពុងត្រៀមផ្ដល់របាយការណ៍ទៅកាន់លោក Donald Trump អំពីជម្រើសសម្រាប់ការវាយប្រហារជាលើកទី២។

ប្រភពជាច្រើននិយាយថា ក្រុមមន្ត្រីអ៊ីស្រាអែល ក៏មានក្ដីបារម្ភផងដែរថា អ៊ីរ៉ង់កំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែរនៅទីតាំងដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងខែមិថុនា ។ ប្រភពទាំងនោះបន្ថែមថា ក្រុមមន្ត្រីអ៊ីស្រាអែលចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការសាងសង់រោងចក្រឡើងវិញជាទីដែលផលិតមីស៊ីលបាលីស្ទីក និងជួសជុលការខូចខាតប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឡើងវិញ ថាជាក្ដីបារម្ភបន្ទាន់។

លោក Trump និងលោក Benjamin Netanyahu ត្រូវគេរំពឹងថា នឹងជួបគ្នានៅចុងខែនេះ នៅគេហដ្ឋាន Mar-a-Lago របស់ប្រធានាធិបតី ក្នុងរដ្ឋ Florida។ គេក៏រំពឹងផងដែរថា នឹងផ្ដល់របាយការណ៍ជូនលោក Trump ថា ការពង្រីកកម្មវិធីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែង ដែលអាចទាមទារឲ្យមានចំណាត់ការចាំបាច់បន្ទាន់៕