ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរបស់លោកស្រី កំពុងចូលដល់យុគសម័យថ្មីមួយ ដែលត្រូវបានសម្គាល់ដោយការអត់ឱនកាន់តែខ្លាំងចំពោះគូប្រជែងនយោបាយ បន្ទាប់ពីការបណ្តេញអតីតចៅហ្វាយរបស់លោកស្រី គឺលោក នី កូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)ពីអំណាចដោយសហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកស្រី ចាប់តាំងពីលោក ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយ កងកម្លាំងអាមេរិក នៅថ្ងៃទី ០៣ ខែមករា លោកស្រី Rodriguez បានចាត់ទុកខ្លួនឯង ជាអ្នកបង្រួប បង្រួម។
លោកស្រីបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅវិមានប្រធានាធិបតីថា បន្ទាប់ពីការគ្រប់គ្រងផ្តាច់ការរយៈពេល ១២ឆ្នាំ របស់លោក ម៉ាឌូរ៉ូ ប្រទេសវ៉េណេស៊ុយអេឡា «កំពុងឈានទៅដល់យុគសម័យនយោបាយថ្មីមួយ»។

លោកស្រី Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡាថ្មី «អនុញ្ញាតឲ្យមានការយោគយល់គ្នា ទោះបីជាមានភាពខ្វែងគំនិតគ្នា និងតាមរយៈភាពចម្រុះខាងមនោគមវិជ្ជា និងនយោបាយក៏ដោយ»។
បន្ទាប់ពីផ្តួលរំលំលោក ម៉ាឌូរ៉ូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមឲ្យលោកស្រី Rodriguez ឡើងកាន់តំណែង ឲ្យតែលោកស្រីធ្វើតាមគោលការណ៍របស់ទីក្រុងវ៉ាស៊ីនតោន។
ក្នុងការធ្វើដូច្នេះ លោក ត្រាំ បានបដិសេធមេដឹកនាំនៃក្រុមប្រឆាំងប្រឆាំងនឹងលោក ម៉ាឌូរ៉ូ គឺលោកស្រី Maria Corina Machado ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព ដោយអះអាងថា លោកស្រី មិនមាន «ការគាំទ្រ» គ្រប់គ្រាន់ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាទេ៕