ក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយកាលពីថ្ងៃពុធ (២៨ មករា) ថា ខ្លួនបានត្រៀមរួចជាស្រេចហើយ ដើម្បីផ្ទេរការគ្រប់គ្រងតំបន់ហ្កាហ្សា ទៅឱ្យគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន ខណៈទទូចថា ច្រកព្រំដែនរ៉ាហ្វា (Rafah) ដ៏សំខាន់ នឹងត្រូវតែបើកឡើងវិញទាំងស្រុងក្នុងប៉ុន្មានថ្ងៃខាងមុខ។

អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ពិធីសារត្រូវបានរៀបចំរួច ឯកសារត្រូវបានបញ្ចប់រួចរាល់ ហើយគណៈកម្មាធិការនានាត្រូវបានដាក់ឱ្យដំណើរការដើម្បីត្រួតពិនិត្យការប្រគល់អភិបាលកិច្ច ដោយធានាបាននូវការផ្ទេរការគ្រប់គ្រងទាំងស្រុងក្នុងតំបន់ហ្កាហ្សា នៅទូទាំងគ្រប់វិស័យទាំងអស់ ទៅឱ្យគណៈកម្មាធិការបច្ចេកទេស»។

អ្នកនាំពាក្យហាម៉ាសរូបនេះបន្ថែមថា ច្រកឆ្លងកាត់រ៉ាហ្វា «ត្រូវតែបើកឡើងវិញនៅទិសដៅទាំងពីរ ពោលគឺនៅខាងហ្កាហ្សា និងខាងអេហ្ស៊ីប ដោយមានសេរីភាពពេញលេញក្នុងការចេញចូលតំបន់ហ្កាហ្សា ដោយពុំមានឧបសគ្គណាមួយពីអ៊ីស្រាអែលឡើយ»។ រ៉ាហ្វា គឺជាច្រកទ្វារតែមួយគត់របស់ហ្កាហ្សា ទៅកាន់ពិភពខាងក្រៅ ដែលមិននាំទៅដល់អ៊ីស្រាអែល ហើយច្រកនេះជាចំណុចចូលដ៏សំខាន់សម្រាប់ទាំងមនុស្ស និងទំនិញ។

គណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) ដែលមានសមាជិក ១៥រូប គឺជាក្រុមអ្នកបច្ចេកទេសប៉ាឡេស្ទីន ដែលបង្កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងបានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំមុន។ គណៈកម្មាធិការនេះទទួលបន្ទុកគ្រប់គ្រងអភិបាលកិច្ចប្រចាំថ្ងៃរបស់ហ្កាហ្សាក្រោយសង្គ្រាម ហើយនឹងធ្វើការក្រោមការត្រួតពិនិត្យរបស់ «ក្រុមប្រឹក្សាសន្តិភាព» ដែលលោកប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើជាប្រធាន៕