សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃកម្លំាងសាមគ្គីមហាគ្រួសារខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថា ជាសក្តានុពលសំខាន់បំផុតនៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ សម្តេចបានថ្លែងអំណរគុណជូនពលរដ្ឋខ្មែរទាំងអស់ ទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានរួមជាធ្លុងមួយឈរការពារ និងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង នៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី តំាងពីដើមរហូតមក។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពីលោកជំទាវ ឈាង គឹមស្រ៊ុន ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ នាង សុវណ្ណារី ទីប្រឹក្សា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ចែកជូនដល់វីរៈកងទ័ព និងជនភៀសសឹករបស់យើង។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់លោកជំទាវទាំងពីររូបក៏ដូចជា សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ តាមរយៈសម្តេចក្តី និងតាមរយៈថ្នាក់ដឹកនាំស្ថាប័ននានាក្តី ដែលនេះសុទ្ធសឹងជាកាយវិការមនុស្សធម៌ គួរគោរពជាទីបំផុត ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាទឹកចិត្តសប្បុរសទំាងអស់នោះបានបង្ហាញពីការជឿជាក់របស់ប្រជាពលរដ្ឋមកលើប្រមុខដឹកនាំជាន់ខ្ពស់របស់យើង គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាអគ្គភ័ស្ដុភារ និងព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងកិច្ចការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ប្រទេសជិតខាង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចប្រជាពលរដ្ឋជាទូទៅបានជ្រាបច្បាស់ហើយពីគោលការណ៍អាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត គឺអធិបតេយ្យ បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋ។ កិច្ចការពារបូរណភាទឹកដីត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្ដការគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មហាសាមគ្គីគ្រួសារខ្មែរ បានរួមគ្នាជាធ្លុងមួយបានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុតមិនធ្លាប់មាននៅក្នុងគ្រាដែលប្រទេសជាតិជួបការលំបាកនេះបានផុសឡើងនៅគ្រប់ប្រទាប់វណ្ណៈ ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ថ្នាក់ដឹកនាំរហូតដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ ជាកម្លំាងចលករដ៏សំខាន់ឈរយ៉ាងស្វាហាប់ ពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនរបស់យើង ជាខឿនដ៏រឹងមាំការពារប្រទេសជាតិ ក្នុងនាមខ្មែរជួយខ្មែរនៅគ្រប់កាលៈទេសៈ ជាមួយរាជរដ្ឋាភិបាល។
ក្នុងស្មារតីសមរភូមិក្រោយគំាទ្រ និងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមយ៉ាងសស្រាក់សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនវីរយុទ្ធជន និងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។
អំណោយដែលសម្តេចប្រធានរដ្ឋសភាទទួលបាននាពេលនេះ ដែលគឺជាអំណោយរបស់លោកជំទាវ គឹមស្រ៊ុន មាន អង្ករផ្កាម្លិះ ចំនួន ២តោន ទឹកបរិសុទ្ធ ចំនួន ៥០កេស សាច់ក្រក ចំនួន ៥០គីឡូក្រាម ប្រហុក ចំនួន ៥០គីឡូក្រាម។ ចំណែក អំណោយទទួលបានពីលោកជំទាវ នាង សុវណ្ណារី មានត្រីងៀត ចំនួន ៥០គីឡូ មីជាតិចំនួន ៥០ កេស និងឆៃប៉ូវចំនួន ៥០គីឡូ។
ចំពោះអំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បានធ្វើការបែងចែកជូន ដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកានិងសម្ភារមួយចំនួនទៀតសម្រាប់ចែកជូនវីរយុទ្ធជន ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។
រដ្ឋសភាសូមអរគុណ នៅតែបន្តទទួលអំណោយសប្បុរសធម៌ ហើយនឹងធ្វើការបែងចែក អំណោយ ទាំងនោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច រវាងយុទ្ធជនជួរមុខ និងពលរដ្ឋជួរក្រោយ៕