ការចរចាផ្នែកការទូតដាច់ដោយឡែកចំនួន២ លើបញ្ហាអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាអ៊ីរ៉ង់ គ្រោងនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវនៅថ្ងៃអង្គារ នេះបើយោងតាមប្រភពព័ត៌មានមួយដែលបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ។

ប្រភពព័ត៌មានបាននិយាយថា គណៈប្រតិភូអាមេរិក រួមមានបេសកជន លោក Steve Witkoff និង លោក Jared Kushner នឹងជួបជាមួយភាគីអ៊ីរ៉ង់ នៅព្រឹកថ្ងៃអង្គារ។ ប្រភពព័ត៌មានបាននិយាយថា អ្នកតំណាងមកពីប្រទេសអូម៉ង់នឹងមានវត្តមាន និងសម្របសម្រួលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ប្រភពព័ត៌មានបាននិយាយថា ក្រោយមក លោកWitkoff និង លោក Kushner នឹងចូលរួមក្នុងកិច្ចចរចាត្រីភាគីជាមួយតំណាងមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅពេលរសៀល។

លោកប្រធានាធិបតី Donald Trump កំពុងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីរ៉ង់ បន្ទាប់ពីការបង្ក្រាបដោយហិង្សារបស់ប្រទេសនេះលើក្រុមអ្នកតវ៉ា ហើយបានប្រមូលផ្តុំវត្តមានកងទ័ពជើងទឹកអាមេរិកយ៉ាងច្រើននៅក្នុងតំបន់នោះ។
លោកក៏កំពុងព្យាយាមបញ្ចុះបញ្ចូលអ៊ុយក្រែន និងរុស្ស៊ី ឲ្យចូលទៅក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការឈ្លានពានលើអ៊ុយក្រែនរយៈពេលបួនឆ្នាំមកនេះរបស់ទីក្រុងមូស្គូ។