សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនទទួលតំណែងឈានមុខរបស់ពិភពលោកនៃចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងដំណើរការអភិវឌ្ឍ

2023/04/27 10:10:33 am        57
ចិន៖ យោងតាមសៀវភៅខៀវ ដែលចេញដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃពុធ បានឲ្យដឹងថា ប្រទេសចិនបន្តនាំមុខពិភពលោកក្នុងចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍ។សៀវភៅខៀវបាននិយាយថា ប្រទេសនេះមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ កំពុងស្ថិតក្រោមការសាងសង់មានសមត្ថភាពដែលត្រូវបានដំឡើងសរុប២៦,៨១លានគីឡូវ៉ាត់។ សៀវភៅខៀវបានបង្ហាញថា ប្រទេសចិន បានដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនក្នុងលក្ខណៈស្ថិរភាព និងសុវត្ថិភាព មានរយៈពេលយូរអង្វែង ខណៈកំពុងបង្កើតវឌ្ឍនភាពស្ថិតស្ថេរ ក្នុងដំណើរការអភិវឌ្ឍ។ចាប់តាំងពីឆ្នាំ២០២២មក ប្រទេសចិន បានអនុម័តរោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន១០ ដែលកំពុងដាក់រោងចក្រថ្មីចំនួន៣ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងកំពុងចាប់ផ្តើមសាងសង់រោងចក្រចំនួន៦ផ្សេងទៀត។រហូតមកដល់ពេលនេះ ប្រទេសនេះ មានរោងចក្រថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មចំនួន៥៤    ខណៈមានសមត្ថភាពដំឡើងសរុប៥៦.៨២ លានគីឡូវ៉ាត់ ដែលទទួលបានចំណាត់ថ្នាក់ទី៣លើពិភពលោក។ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសចិនបានធ្វើប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់ខ្លួនដោយការបំពេញមុខងារដោយសុវត្ថិភាព ដែលនៅតែរក្សាបានក្នុងកម្រិតឈានមុខជាអន្តរជាតិ៕

មេដឹកនាំចិនអំពាវនាវសម្រាប់សហគមន៍ចិន-វៀតណាម មានអនាគតរួមគ្នា

2023/04/27 10:02:55 am        90
ចិន៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃពុធ បាននិយាយថា ប្រទេសចិន និងប្រទេសវៀតណាម បានប្តេជ្ញាចិត្តខ្លួនឯងក្នុងការកសាងប្រទេសទាំងពីរចូលទៅក្នុងសហគមន៍មួយមានអនាគតរួមគ្នា។លោក ប្រធានាធិបតី Xi ជាអគ្គលេខាធិការគណកម្មាធិការកណ្តាលបក្សគុម្មុយន្នីស្តចិន(CPC) បានថ្លែងដូច្នេះក្នុងអំឡុងជំនួបមួយជាមួយលោកស្រី ទ្រុងធិម៉ៃ(Truong Thi Mai ) សមាជិកការិយាល័យនយោបាយគណៈកម្មាធិការកណ្តាលបក្សគុម្មុយន្នីស្តវៀតណាម(CPV) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។ លោកXi បានបញ្ជាក់ថា ដោយប្រឈមមុខទៅនឹងស្ថានភាពអន្តរជាតិខ្លាំង និងត្រូវបានផ្តល់ឲ្យប្រទេស ទំាងពីរនូវការតព្វកិច្ចក្នុងការកែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាព ប្រទេសចិននិងវៀតណាម នឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃស្ថិរភាពយូរអង្វែង ទិសដៅនៅពេលអនាគត មិត្តភាពជាប្រទេសជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្មារតីនៃប្រទេសជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងជាដៃគូល្អ។កិច្ចប្រឹងប្រែងគួរតែត្រូវបានធ្វើឡើង ដើម្បីឈានឆ្ពោះទៅរកការកសាងសហគមន៍ចិន-វៀតណាម មានអនាគតរួមគ្នាដែលប្តេជ្ញាបង្កើតបុព្វហេតុសន្តិភាពនិងភាពរីកចម្រើនសម្រាប់មនុស្សជាតិ។នៅឆ្នាំនេះជាឆ្នាំប្រារព្ធខួបលើកទី១៥ នៃការបង្កើតភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងវៀតណាម។ លោក Xi កាលពីថ្ងៃពុធ បានជំរុញឲ្យ ប្រទេសទាំងពីរ ធ្វើឲ្យប្រសើឡើងការពូនផ្តុំកម្លាំង រវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍និងគម្រោង និងឈានទៅរកទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ កិច្ចប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងកិច្ចការអន្តរជាតិ និងច្រានចោលអនុត្តរភាព ឬការប្រឈមមុខដាក់គ្នា ដើម្បីការពារផលប្រយោជន៍នៃសន្តិភាពក្នុងតំបន់និងការអភិវឌ្ឍន៍៕

សម្តេចតេជោ បញ្ជាឱ្យមានការពិនិត្យច្បាស់លាស់ចំពោះការដាក់មង នៅតំបន់មានសត្វផ្សោត

2023/04/27 09:52:26 am        161
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវពិនិត្យ និងគ្រប់គ្រងឲ្យបានច្បាស់លាស់​ចំពោះបងប្អូននេសាទ ដែលធ្វើការនេសាទ​នៅតំបន់មានសត្វផ្សោត ខណៈបងប្អូននេសាទខ្លះនៅបន្តដាក់មងក្រឡាធំ និងប្រើឧបករណ៍ឆក់ កត្តានេះ បានធ្វើសត្វផ្សោតងាប់ជារឿយៗ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គ​បណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចបានអនុញ្ញាតឲ្យបងប្អូន​ប្រជានេសាទ​ធ្វើការរាយមងឡើងវិញ នៅតំបន់ការពារសត្វផ្សោត ប៉ុន្តែហាមដាច់ខាត​ការរាយ​មងក្រឡាធំ និងប្រើឧបករណ៍ឆក់ ដែលនឹងនាំឲ្យបាត់បង់សត្វផ្សោតដែលជាសត្វជិត​ផុតពូជ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់​ឱ្យមាន​ការការគិតគូរឡើងវិញ ពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាសករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែងពីកត្តាផ្សេងៗនោះ។សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានសត្វផ្សោតបានងាប់ជាបន្តបន្ទាប់ ដោយកត្តាផ្សេងៗគ្នា ជាពិសេសគឺដោយសារមង និងសន្ទូចដែលបានរាយ និងដាក់ដោយអ្នក​នេសាទខុសច្បាប់។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រទះឃើញកូន​ផ្សោត​ដែលមាន​អាយុទើបតែបាន ៤ថ្ងៃបានងាប់ក្នុងសភាពរបកស្បែក ដាច់កន្ទុយ ខណៈដាក់ការ​សន្និដ្ឋានក្រោយ​ធ្វើកោសល្យវិច្ឆ័យថា ការងាប់របស់កូនផ្សោតឈ្មោលនេះ ដោយសារជាប់មង៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ និស្សិតខ្មែរ​ដែលសិក្សានៅស៊ូដង់​បានជម្លៀសខ្លួនមកដល់​ប្រទេសអារ៉ាប៊ីអាសាអូឌីត​ហើយ

2023/04/27 09:22:10 am        189
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា និស្សិតខ្មែរ-អ៊ីស្លាម ដែលបានសិក្សានៅប្រទេសស៊ូដង់ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងនោះ បាន​ធ្វើការ​ជម្លៀស​ខ្លួន​មកដល់ប្រទេស អារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពហើយ បន្ទាប់ពីមានការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាលម៉ាឡេស៊ី។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និង​បើក​វគ្គ​បណ្តុះ​បណ្តាល​ឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣​នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមឱពុកម្តាយ និងក្រុម​គ្រួសារ​របស់​និស្សិត​ដែលកំពុងសិក្សានៅប្រទេសស៊ូដង់នោះសូមកុំភ័យ និងព្រួយបារម្ភដល់​កូន​ៗ​បន្ត​ទៀត​អី ខណៈពេលនេះពួកគាត់បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ហើយពួកគាត់​នឹង​បន្ត​មក​ប្រទេស​ម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះផងដែរ។ជាមួយនឹងការមកដល់ទីសុវត្ថិភាពរបស់បងប្អូនជានិស្សិតខ្មែរ-អ៊ីស្លាមទាំងនោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី ដែល​បាន​បញ្ជូន​នាវា​ទៅជម្លៀសប្រ​ជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ហើយ​ក៏​បាន​ជួយ​ដល់និស្សិតខ្មែរផងដែរនោះ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA)

2023/04/27 09:12:32 am        215
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាស​បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ។ ពិធីនេះប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា និស្សិតខ្មែរ(ខ្មែរ-អ៊ីស្លាម)កំពុងសិក្សាទៅប្រទេសស៊ូដង់ ជាទីកំពុងមានសង្គ្រាមយ៉ាងខ្លាំងក្លាត្រូវបានជម្លៀសមកកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយ និងបន្តមកកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព។សម្តេចតេជោ បានប្រកាសថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូននាវាទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ក្នុងនោះក៏មាននិស្សិតខ្មែរផងដែរ ព្រមទាំងបានអំពាវនាវដល់ក្រុមគ្រួសារនិស្សិតខ្មែរ-អ៊ីស្លាម កុំព្រួយបារម្ភពីសុវត្ថិភាពពួកគេ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានការការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាសករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែង។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងថ្លែងការកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាល ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលមន្ត្រីបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏សូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដោយត្រូវបើកវគ្គផ្សេងៗទៀត ដើម្បីតម្រង់ទិសមន្ត្រី។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា បានទទួលផលរួចទៅហើយ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន គឺបានទទួលផលពីការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន។សម្ដេចតេជោ បានប្រកាសថា ប្រសិនគ្មានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ រាជរដ្ឋាភិបាលមានការលំបាកណាស់ក្នុងការគ្រប់គ្រងកូវីដ-១៩នៅថ្នាក់មូលដ្ឋាន និងដំណោះស្រាយផ្សេងៗនៅមូលដ្ឋាន។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឡើងវិញថា បើសិនជាកម្ពុជា រក្សានូវការកែទម្រង់រចនាសម្ព័ន្ធ និងរដ្ឋបាល នៃការដឹកនាំជាតិ ដូចកាលពីឆ្នាំ១៩៩៣ ដែលបានផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមជាតិ ថ្នាក់ខេត្តជាចំបងនោះ មកដល់ពេលនេះ ការកែទម្រង់រដ្ឋបាលរបស់កម្ពុជាអាចដើរលឿនជាងមុន៥ឆ្នាំ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បីភាពល្អប្រសើរ នៃការបំពេញការងារបម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មន្ត្រីត្រូវចេះកែទម្រង់ខ្លួនឯង ...[]សម័យ Digital បើមនុស្សមិនDigitalក៏មិនអាចទៅរួចដែរ»។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើចង់កែទម្រង់ស្ថាប័ន គឺត្រូវកែទម្រង់មនុស្សជាមុនសិន ព្រោះមនុស្សជាអ្នកដឹកនាំស្ថាប័ន។ សម្តេចបន្តជំរុញឱ្យក្រសួងស្ថាប័នបន្តពង្រឹងសមត្ថភាពធនធានមនុស្សថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីរាជការ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មុនតែងតាំង និងដំឡើងឋានៈតួនាទីមន្ត្រី ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន ឬជំពាក់វគ្គបណ្តុះបណ្តាល ព្រោះធ្វើយ៉ាងនេះ កម្រិតចំណេះដឹងរបស់មន្ត្រីយើងក៏មានភាពល្អប្រសើរផងដែរ។សម្តេចតេជោ បានប្រកាសណែនាំដល់សាលាភូមិន្ទរដ្ឋបាល ក៏ត្រូវតែកែទម្រង់ខ្លួនឯងផងដែរ ជាពិសេសលើមុខវិជ្ជាភាពជាអ្នកដឹកនាំ ដោយសាលាមិនអាចនៅបង្រៀនតែមុខវិជ្ជាចាស់ៗ ដដែលៗនោះទេ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលបំណងឡើងវិញ ក្នុងការមកបើកវគ្គបណ្តុះបណ្តាល និងផ្តល់ទស្សនទានដល់សិស្ស ,និស្សិតសាលាភូមិន្ទរដ្ឋបាល ខណៈដែលសម្តេចនៅមានឈ្មោះជាសាស្ត្រាចារ្យកិត្តិយស នៃសាលាភូមិរដ្ឋបាលនៅឡើយទេ។សម្តេចតេជោ បញ្ជាក់ថា ក្នុងអំឡុងពេលបង្រៀនដល់សិស្ស,និស្សិតសាលាភូមិន្ទរដ្ឋបាល សម្តេចនឹងផ្ដោតសំខាន់លើការសួរសំណួរ ដោយការសួរសំណួរនោះក៏មានលក្ខខណ្ឌផងដែរ នៃបទពិសោធផ្ទាល់របស់សម្ដេចដល់មន្រ្ដីរាជការ។សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់មន្រ្ដី ត្រូវរម្លឹកខ្លួនឯងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិស។សម្តេចតេជោ បញ្ជាក់ថា «យើងជាអ្នកបម្រើប្រជាជនមិនមែនចៅហ្វាយប្រជាជនទេ បើចាំមិនបានទេ មន្រ្ដីនោះគឺងាយនឹងបាត់បង់តំណែង ហើយបើបាត់បង់តំណែងហើយ គឺពិបាកនឹងត្រលប់ក្រោយណាស់»។ សម្តេចជំរុញឱ្យមានការពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌ ដល់មន្រ្ដីបន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋាននោះតែម្តង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីផងដែរ។សម្តេចតេជោ បានប្រកាសថា សម្ដេចនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីចាំបាច់ និងតម្រូវការជាក់ស្តែងប៉ុណ្ណោះ។សម្តេចតេជោ ហ៊ុន សែន បានរំលឹកឱ្យមន្ត្រីប្រុងប្រយ័ត្នក្នុងការបំពេញតួនាទីរបស់ខ្លួន ជៀសវាងការដកចេញពីតំណែង ក្នុងកំហុសឆ្គងដែលមិនអាចអត់ឱនលើកលែងបាន។សម្តេចតេជោ បញ្ជាក់ថា មានមន្ត្រីខ្លះ កុហកនាយករដ្ឋមន្ត្រីថា ខ្លួនឯងកំពុងនៅកន្លែងការងារ ខណៈដែលពួកគេទាំងនោះកំពុងនៅក្នុងKTV ហើយពេលខ្លះបើកសារសំឡេងសម្តេចឱ្យស្រីស្នេហ៍ស្តាប់បង្អួតគេថែមទៀត។សម្តេចតេជោ ហ៊ុន សែន រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយពោលថា ប្រពន្ធសក្តិ៣ ប្ដីសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥ ដែលបង្កបញ្ហាលើការបម្រើការងាររបស់មន្រ្ដីរាជការ ដោយប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ ទៅធ្វើអាជីវកម្ម ដែលអាចឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯងនាពេលខាងមុខ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស គឺប្រពន្ធ និងកូនត្រូវធ្វើអំឡើល្អ ដើម្បីជាគំរូដល់អ្នកដទៃ និងជាទីគោរពស្រលាញ់របស់មន្ត្រីរាជការក្រោមឱវាទ។សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា ពុំដែលអួតអាងថាខ្លួនជាអ្នកស្នេហាជាតិនោះទេ ប៉ុន្តែពួកគេបានក្លាយខ្លួនជាអ្នកការពារជាតិ ការពារសុខសន្តិភាព ហើយធ្វើការខាំស្មៅរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ដែលកត្តានេះគឺខុសពីគណបក្សខ្លះអួតអាងថាខ្លួនស្នេហាជាតិតែមិនដែលនៅស្រុក។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកស្នេហាជាតិពិតពិតប្រាកដ គេមិនដែលអួតអាងនោះទេ គឺគេធ្វើទង្វើជាក់ស្តែង។សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរគណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេ ដែលតែងអួតខ្លួនថា ប្រជាធិបតេយ្យ តែតែងធ្វើសកម្មភាពដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុនមានតែស្ត្រីទេ ដែលដាក់គូទអង្គុយប៉ុកនិយាយដើម មន្ត្រីជាបុរសក៏មានដែរ។ សម្តេចបន្តថា «មានមន្ត្រីខ្លះមករាយការណ៍ជូនសម្តេចចប់ ចាប់ផ្តើមនិយាយដើមគេ(និយាយពីអ្នកនេះ, និយាយពីអ្នកនោះ) ដែលមន្ត្រីប្រភេទនេះ សម្តេចក៏បានកត់សម្គាល់ផងដែរ»។សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្ដីខិតខំទទួលយកនូវព័ត៌មានដែលពិតដែលមន្រ្ដីផ្ដល់ព័ត៌មានដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បាននូវព័ត៌មាននានា»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយប្រាកដនិយមថា បើនរណានិយាយអាក្រក់ពីអ្នកដទៃប្រាប់សម្តេច, ពេលចេញទៅវិញ អ្នកនោះក៏និយាយដើមសម្តេចប្រាប់គេវិញម្តង...[]«អ្នកនិយាយដើមគេជាមនុស្សអាក្រក់»។សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចគឺជាសត្រូវរបស់ពួកបំផ្លាញជាតិ ដូច្នេះទើបពួកអាក្រក់ដែលធ្វើអំពើអាក្រក់ មានគំនិតបំផ្លាញជាតិ តែងតែរិះគន់សម្ដេចថាមិនល្អមិនឈប់ឈរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ សូមបំពេញកិច្ចការរបស់ខ្លួន​តាមច្បាប់ ដោយមិនរង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះឡើយ។សម្តេចតេជោ បញ្ជាក់ថា នាពេលខាងមុខនេះ កម្ពុជានៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់ ត្រូវតាមឱ្យទាន់សភាពការណ៍ ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិតផលប្រយោជន៍ប្រជាជនជាចំបង។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេអ្នកគាំទ្រកីឡា សូមបងប្អូនរក្សាភាពថ្លៃថ្នូរ និងកិត្តិយសជាតិ តាមរយៈការប្រកួតកីឡានីមួយៗ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម។សម្តេចតេជោ បញ្ជាក់ជាថ្មីដល់អាជ្ញាធររាជធានី-ខេត្តរៀបចំការផ្សាយបន្តតាមស្លាយ(LED)សម្រាប់បញ្ចាំងពីការបើក បិទ និងការប្រកួតស៊ីហ្គេម ដើម្បីឱ្យបងប្អូនបានទស្សនាពីខាងក្រៅបានទស្សនា ដោយសារកន្លែងប្រកួតមានកំណត់។សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យបងប្អូនដែលស្នេហាវិស័យកីឡាមេត្តាយោគយល់ និងរក្សាភាពថ្លៃថ្នូរតាមរយៈការប្រកួតនីមួយៗ។ សម្តេចតេជោ បានស្នើចិត្តបងប្អូន មេត្តាយោគយល់ សូមរក្សាសណ្តាប់ធ្នាប់ សូមបងប្អូនរក្សាភាពថ្លៃថ្នូរ។សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំសម្រុកចូលទៅកន្លែងប្រកួតដោយគ្មានសំបុត្រចូលទស្សនា ហើយមិនអនុញ្ញាតឱ្យមានការផ្លោះរបងចូលទៅប្រជ្រៀតនៅទីកន្លែងនោះដែរ។ សម្តេចបញ្ជាក់ថា «កុំឱ្យការចំណាយថវិការាប់លានក្លាយជាអសារបង់ថែមទាំងខូចឈ្មោះទៀតផង តាមរយៈឥរិយាបថរបស់ម្ចាស់ផ្ទះ»។សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្ដីនៅតាមបណ្ដាខេត្ត យកចិត្តទុកដាក់ដោះស្រាយវិវាទរបស់ប្រជាពលរដ្ឋដែលកើតមានឡើងតាមរយៈការដោះស្រាវវិវាទក្រៅប្រព័ន្ធតុលាការ ដោយការសម្របសម្រួល ហើយដើម្បីធានាបានលើបញ្ហានេះមន្រ្ដីគឺ ត្រូវឈរនៅលើចំណុចកណ្ដាលជាពិសេសសម្ដេចណែនាំដល់ មន្រ្ដីត្រូវប្រយ័ត្នចំពោះការចុះហត្ថលេខាលើដីកម្របព្រៃឈើ និងដីអភិរក្ស៕

[BREAKING NEWS] ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ដង្ហែមកដល់កម្ពុជាហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន

2023/04/27 08:43:45 am        306
នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម បានដង្ហែមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា បានមកដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀនហើយ ដើម្បីដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញ នាព្រឹកនេះ តាមខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវ ៥រូបផងដែរ ។សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះដែរ នឹងទទួលការស្វាគមន៍ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ និងអបអរសាទរ នៅខេត្តស្ទឹងត្រែង៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ​នៅសាលាភូមិន្ទរដ្ឋបាលព្រឹកស្អែកនេះ

2023/04/26 06:02:17 pm        265
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ​នៃ​សាលា​ភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញ​ការងារ​របស់មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័នសាធារណៈ ព្រោះជាធាតុដ៏សំខាន់​ក្នុងការងារ​អភិបាលកិច្ចរបស់រដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលដែរនោះ តែងតែឆ្លៀត​ឱកាស​អញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាល​មន្ត្រីរាជការ​រៀបចំ​ដោយ​សា​លា​ភូមិន្ទ​រដ្ឋបាល​។ សម្តេចតេជោយកឱកាសនេះ ដើម្បីផ្តល់នូវឱវាទ និងអនុសាសន៍នានា ដល់មន្ត្រីរាជការ​ក្នុង​ការ​បំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយ។សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ និងបើក​វគ្គ​សិក្សា ក៏ដូចជាការចែកសញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាលនេះចំនួន ២៣ លើក​រួចមក​ហើយ​៕​

រដ្ឋាភិបាលបារាំងប្រគល់មេដាយឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រ ( Grade d'Officier des Arts et des Lettres) ជូនលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

2023/04/26 01:11:56 pm        93
ភ្នំពេញ៖ រដ្ឋាភិបាលបារាំងប្រគល់មេដាយឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រ ( Grade d'Officier des Arts et des Lettresr) ជូនលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅស្ថានទូតបារាំង នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា មន្ត្រីស្ថានទូតបារាំង មន្ត្រីក្រសួងវប្បធម៌ សាស្ត្រាចារ្យសិល្បៈ រួមទាំងភ្ញៀវកិត្តិយសមួយចំនួនទៀត។ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ពិធីបំពាក់មេដាយឥស្សរិយសនេះ គឺរៀបចំឡើងដើម្បីប្រគល់ឥស្សរិយសសជូនដល់ លោកជំទាវ សុទ្ធ សុម៉ាលី ជាម្ចាស់មេដាយឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រថ្នាក់អស្សឫទ្ធិ (Grade d'Officier des Arts et des Lettres) សម្រាប់ការលះបង់របស់លោកជំទាវក្នុងវិស័យរបាំ សម្រាប់ការប្ដេជ្ញាចិត្តរបស់លោកជំទាវក្នុងការផ្ទេរចំណេះដឹង និងការបង្រៀនរបាំប្រពៃណីខ្មែរ។ដោយសារការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងសិល្បៈរបាំព្រះ រាជទ្រព្យត្រូវបានបញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ។ អ្នករបាំល្បីៗជាច្រើននាក់ ត្រូវបានបង្ហាត់បង្រៀនដោយលោកជំទាវផងដែរ ។ក្នុងឱកាសនោះ លោកជំទាវ សុទ្ធ សុមាលី បានលើកឡើងអំណរគុណដ៏ជ្រាលជ្រៅដល់សាធារណៈរដ្ឋបារាំង ដែលសម្រេចផ្តល់គ្រឿងឥស្សរិយយសនេះ ។ ហើយលោកជំទាវបន្ថែមថា មកទល់ថ្ងៃនេះមានរយៈពេលជាងសែសិបឆ្នាំ ដែលលោកជំទាវសាស្ត្រាចារ្យ បានបំរើការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តោតទៅលើការងារសិល្បៈ ហើយកិត្តិយសទទួលបាននៅពេលនេះ គឺបានមកពីការផ្ដល់ឱកាសអោយនៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងវប្បធម៌ ការផ្តល់នៅចំណេះជំនាញ ពីសំណាក់បុព្វបុរសព្រឹទ្ធាចារ្យ សិល្បៈ មានព្រឹទ្ធាចារ្យហស្ស ធន់ ហាក់ ទេពកោសល្យបញ្ញាវិសេសវិជ្ជា ឆេង ផុន ជាពិសេសសម្តេចរាជបុត្រី ព្រះរាមនរោត្តម បុប្ផាទេវី និងអ្នកម្តាយ សុទ្ធ សំ អុន ដែលជានិច្ចជាកាល អប់រំបណ្ដុះបណ្ដាល ផ្តល់ឱកាសអោយបង្កើតស្នាដៃសិល្បៈ ជាបន្តបន្ទាប់។ លោកជំទាវ សុទ្ធ សុម៉ាលី បានឧទ្ទិស នូវមហាកិត្តិយស តាមរយៈការទទួលបានមេដាយនេះ ជូនដល់បុព្វបុរសសិល្បៈទាំងអស់ រួមទាំងរៀមច្បងសិល្បៈ និងមិត្តសិល្បករ សិស្ស និស្សិតរបាំ ដែលអ្នកទាំងអស់ជាចំណែករួមការងារធ្វើអោយបានទទួលនូវ មហាកិត្តិយស ដែលមិននឹកស្មានដល់នេះ។  សូមបញ្ជាក់ថា សាធារណរដ្ឋបារាំងសម្រេចប្រគល់គ្រឿងឥស្សរិយសសិល្បៈនិងអក្សរសាស្ត្រថ្នាក់អស្សឫទ្ធិ (Grade d'Officier des Arts et des Lettres) ជូនលោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាលើកទី២ហើយ បន្ទាប់ពីលោកជំទាវធ្លាប់បានទទួលមេដាយមាសលើកទី១ក្នុងឋានៈជា (Chevalier de IOrdre des Arts et des Lettres) នៅឆ្នាំ២០១៧។ ជាមួយជីវិតរស់នៅក្នុងសិល្បៈរបាំ ដែលមានវង្សត្រកូលជាអ្នករបាំ ព្រះរាជទ្រព្យបន្តបួនជំនាន់មកហើយ ដោយមានជីដូននិងម្តាយជាគ្រូបង្ហាត់របាំនៅក្នុងព្រះបរមរាជវាំង តាំងពីរជ្ជកាលហ្លួង ស៊ីសុវត្ថិ និងនរោត្តម លោកជំទាវ សុទ្ធ សុម៉ាលី បានបន្តហាត់រៀនរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង តាំងពីក្នុងរជ្ជកាលសម្ដេចព្រះមហាក្សត្រីយ៉ានីស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្នសិរីវឌ្ឍនា និងកូនស្រីលោកជំទាវ គឺ លោកស្រី វុធ ចាន់ម៉ូលី ក៏បានបន្តហាត់រៀនរបាំក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ ដោយបានរៀនចប់ថ្នាក់បរិញ្ញាប័ត្រសិល្បៈផ្នែកនិពន្ធ និងដឹកនាំរឿង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រហូតបច្ចុប្បន្នក្លាយជាគ្រូបង្ហាត់របាំ។ លោកជំទាវក៏ធ្លាប់បានដឹកនាំក្រុមរបាំព្រះរាជទ្រព្យ ទៅសម្ដែងលើឆាកអន្តរជាតិ មានប្រទេសអឺរ៉ុប អាស៊ី សហរដ្ឋអាមេរិច និងប្រទេសផ្សេងៗជាច្រើនទៀត។លោកជំទាវ មានមោទកភាពបំផុតក្នុងនាមជាប្រជារាស្ត្រខ្មែរ ជាសិល្បករមួយរូបក្នុងចំណោមអ្នករបាំព្រះរាជទ្រព្យ បាននឹងកំពុង ខិតខំពុះពារថែរក្សា សម្បត្តិវប្បធម៌ជាតិខ្មែរលើវិស័យសិល្បៈ របាំព្រះរាជទ្រព្យ(របាំក្បាច់បុរាណ)បន្តវេនពីសម្តេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី ទេពនាដ្ដវដ្ដីឯក។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំដោយផ្ទាល់ធ្វើការស្រាវជ្រាវចងក្រងឯកសារបាំព្រះរាជទ្រព្យ ដើម្បីបោះពុម្ពជាសៀវភៅឯកសារបាំ ក្រោមព្រះរាជូបត្ថមដ៏ថ្លៃថ្លា នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសហការណ៍ដោយមូលនិធិ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយគណៈចលនាអ៊ីស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា

2023/04/26 09:50:33 am        331
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយគណៈចលនាអ៊ីស្លាមគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា(វិមាន ៧មករា)។ឯកឧត្តម អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលការងារអ៊ីស្លាម និងជាប្រធានគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្ស បានឱ្យដឹងថា ពិធីជួបជុំសំណេះសំណាលនេះមានថ្នាក់ដឹកនាំ ប្រធាន អនុប្រធានគណៈចលនាសាសនិកអ៊ីស្លាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ សមាជិក សមាជិកា សកម្មជននៃ គណៈចលនាសាសនិកអ៊ីស្លាម តំណាងមកពីទូទាំងប្រទេស រួមនឹងភ្ញៀវកិត្តិយសចំ នួន៣.៥៤០នាក់។របាយការណ៍បានគូសបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ១៩៩៨ ដោយមានភាពចាំបាច់ ក្នុងការស្វែងរកសន្លឹកឆ្នោតក្នុងសហគមន៍អ៊ីស្លាម គណបក្សបានបង្កើតគណៈចលនាសាសនិកអ៊ីស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨ ដែលមានភារកិច្ច ធើ្វជាសេនាធិការ ឱ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីដឹកនាំ ការងារចលនាក្នុងសាសនិកអ៊ីស្លាមទូទាំង ប្រទេសគាំទ្រគណបក្ស រួមទាំងដឹកនាំសាសនិក ឱ្យអនុវត្តការងារបោះឆ្នោតតាមផែនការ របស់គណបក្ស ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលមកដល់ពេលនេះ មានរយៈពេល ២៥ឆ្នាំហើយ។គណៈចលនាសាសនិកអ៊ីស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ជាលទ្ធផល គឺនៅគ្រប់អាណត្តិ នៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ បានកត់សម្គាល់ឃើញថា បងប្អូនខ្មែរអ៊ីស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់បំផុត។សម្ដេចតេជោ បានសំដែងនូវការរីករាយនិងស្វាគមន៍ដល់វត្តមាននៃអ្នកចូលរួមទាំងអស់ ដែលបានមកចូលរួមនៅវិមាន៧មករានាពេលនេះ ដោយសម្តេចបានចាត់ទុកបងប្អូនទាំងអស់ គឺសុទ្ធតែជាម្ចាស់នៃវិមាននេះ ដែលវាមិនមែនគ្រាន់តែជាម្ចាស់ដោយប្រធានគណបក្សឬ គណៈអចិន្ត្រៃយ៍ទេ សមាជិក សមាជិកាទាំងអស់គឺជាម្ចាស់នៃវិមានដ៏ស្កឹមស្កៃនេះ ។សម្តេចបានយកឱកាសអបអរជាមួយបងប្អូនសាសនិកឥស្លាមទាំងអស់ ដែលបានបញ្ចប់ដោយជោគជ័យនូវពិធី រាម៉ាឌន ដែលកន្លងទៅបានធ្វើដោយថ្នាក់ជាតិដែលមានការចូលរួមពីសំណាក់មិត្តភក្តិបរទេសហើយក៏បានធ្វើនៅតាមបណ្តាខេត្តនិងមូលដ្ឋានផងដែរ។សម្តេចមានប្រសាសន៍ថា នោះហើយអាចចាត់ទុកថាជាគំរូនៃការប្រណិបត្តិសាសនា យ៉ាងម៉ត់ចត់ហើយជារៀងរាល់ឆ្នាំបងប្អូនសាសនិកអ៊ីស្លាមយើងគោរពប្រតិបត្តិ បានយ៉ាងល្អ។សម្តេចបន្តថា គណបក្ស ប្រជាជនគឺរស់នៅជាមួយគ្រប់សាសនាទាំងអស់ ដែលក្នុងនោះឥស្លាមសាសនាបានរូបឡើងវិញ មានអាយុកាយជាមួយគ្នា និងព្រះពុទ្ធសាសនាឬគ្រិស្តសាសនា។បើតាមឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖នៅកម្ពុជា បច្ចុប្បន្នមានបងប្អូនអ៊ីស្លាម បានគោរពប្រតិបត្តិដោយប្រកាន់និកាយចំនួន ៤៖១. និកាយស៊ុនណៈ (ស៊ុន្នី) អ្នកនិយមចាស់ ថ្មី ប្រមាណជាង ៩៨% ។២. ក្រុមកនអ៊ីម៉ាំសាន់ ដែលមានបងប្អូនប្រមាណជាង ១%។៣. ក្រុមអះម៉ាឌីយ៉ះ មានប្រមាណ ១១៤គ្រួសារ ។៤. និកាយសៃអះ (សាអ៊ីត) មាន ៨៥គ្រួសារ ។ជាលទ្ធផល ទោះជានៅក្នុងកាលៈទេសៈតានតឹងយ៉ាងណាក៏ដោយ នៅរាល់អាណត្តិនៃការបោះឆ្នោត សាសនិអ៊ីស្លាម គឺបានគាំទ្រគណបក្សប្រជាជនកម្ពុជា នៅតែដណ្តើមបានសន្លឹកឆ្នោតយ៉ាងច្រើនដូចជានៅឆ្នាំ ២០១៣/២០១៧ ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់បែបយ៉ាងមកដល់ពេលនេះ ដោយសារសន្តិភាព

2023/04/25 03:49:50 pm        275
តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសជាតិ នាពេល​បច្ចុប្បន្ននេះ គឺដោយ សារកត្តាសុខសន្តិភាព ហេតុដូច្នេះ ឯកឧត្ដម បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​មានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស​បន្តបោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាសុខសន្តិភាពតទៅ ។នៅក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមធ្វើជាអធិបតីភាពនៅក្នុងពិធី​សម្ពោធឆ្លង​មហាកុដិធម្មត្រ័យ សមិទ្ធផលនានា និងស្រោចស្រពព្រះសុគន្ធវារី ក្នុងវត្តឧទុម្ពរក្រោម ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២៥ ខែមេសានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានមាន​ប្រសាសន៍ថា ពាក្យសន្តិភាព​ស្តាប់ទៅហាក់បីដូចជា​សាមញ្ញ ក៏ប៉ុន្តែវាមិន​សាមញ្ញ​ពេក​នោះទេ។ ដើម្បីយល់ពីគុណតម្លៃនៃ​សុខ​សន្តិភាព ​គប្បីប្រៀបធៀបពេលដែលប្រទេសគ្មាន​សុខ​សន្តិភាព​ តើប្រទេសជាតិមានការអភិវឌ្ឍដែរ ឬទេ, ប្រជាពលរដ្ឋ​ជួបការលំបាកបែបណាខ្លះ, អាយុជីវិត​ប្រជាពលរដ្ឋប៉ុន្មាននាក់ ត្រូវបាន​បាត់បង់​ដោយសារសង្រ្គាម, ​និយាយជារួម គឺមានតែ​សុខសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍ​ អាចធ្វើការទាក់ទាញអ្នកវិនិយោគជាតិ ​និងអន្តរជាតិ ដែលមានភាពប្រទាក់ក្រឡាគ្នា ​ក្នុងការ​ផ្តល់​ឱកាស​ឱ្យប្រជាពលរដ្ឋទទួល​បានការងារ និង​ប្រាក់កម្រៃ​សមរមសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ​អត្ថប្រយោជន៍​ នៃសុខសន្តិភាព ​នឹងផ្តល់ជូនកូនចៅ​ជំនាន់​ក្រោយនូវភាពសុខស្រួលក្នុងការរស់រាន ​សិក្សារៀនសូត្រ ​និងប្រកបការងារចិញ្ចឹមជីវិត។ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ​សុខសន្តិភាពនេះ ​គឺមិនមែនកើតមានឡើងដោយចៃដន្យនោះទេ ពោល​គឺវាបានកើតឡើងដោយសាការលះបង់ របស់យុវជនជំនាន់មុន​ ជាពិសេសការ​លះបង់​ប្រឹងប្រែងរបស់សម្ដេចតេជោ​ ហើយក្នុងនាមយុវជនជំនាន់ក្រោយ​ គឺមិនអាចបំភ្លេច និង​ទទួលស្គាល់​នូវអតីតកាលរបស់កម្ពុជា ជាពិសេស ការតស៊ូ ការលះបង់ពីសំណាក់យុវជនជំនាន់មុន ។ ដូច្នេះ ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ​ត្រូវផ្ដល់នូវការជឿជាក់ ​និងបោះឆ្នោតគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ​ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ ​ដើម្បីបន្តដឹកនាំនាវាកម្ពុជាបន្តទៀត ពី​ព្រោះថា សម្ដេចតេជោ ​គឺមេដឹកនាំដែលបានហែលឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងតែង​បានរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋកម្ពុជា​ គ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ននេះ ៕អត្ថបទ៖ គុជ វិភាគ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM