សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​បេក្ខជន​ពីររូប​ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធាន គ​.​ជ​.​ប ថ្មី

2021/06/15 01:25:33 pm        464
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥​ ខែមិថុនា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​តាម​ប្រព័ន្ធ​វីដេអូ ​ដើម្បី​អនុម័ត​របៀបវារៈ​មួយ​ចំនួន ដោយ​ក្នុងនោះ ​អង្គប្រជុំ​ក៏​សម្រេច​លើ​បេក្ខជន​ពីររូប​ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​។កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ​បានអនុម័ត​យល់ព្រម​នូវ​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំនួន ២​រូប ​ដើម្បី​បញ្ជូន​ទៅ​គណបក្សនយោបាយ​ពាក់ព័ន្ធ​ជ្រើសរើស​បេក្ខជន​ចំនួន ១​រូប ហើយ​ផ្ញើ​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ​ដើម្បី​បន្ត​នីតិវិធី​។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ​។ តែ​យ៉ាងណា​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា ​នៅ​មិនទាន់​បញ្ជាក់​ពី​ឈ្មោះ​បេក្ខជន​ជា​សាធារណៈ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​អនុម័ត​យល់ព្រម​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ដែល​បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ នោះឡើយ​។ ​ការលាលែង​ពី​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប របស់​ឯកឧត្តម ស៊ិ​ក ប៊ុន​ហ៊ុ​ក ​ដោយសារ​មាន​បញ្ហា​ជំងឺ​ប្រចាំកាយ​ ត្រូវ​បាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា អនុម័ត​យល់ព្រម​តាម​សំណើ​របស់​លោក​កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០២១​។ដោយឡែក ​នៅក្នុង​អង្គប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ដដែល​នោះ ​ក៏បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ​ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ​ជូន​ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ​ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ នៃ​រដ្ឋសភា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​៕ជា ធី​រិ​ទ្ធ រូបភាព ៖ ឯកសារ

ក្រសួង​ការងារ នឹង​ហៅ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​បំភ្លឺ​រឿង​គម្រោង​បញ្ឈប់​បុគ្គលិក​ នៅ​ថ្ងៃស្អែក​

2021/06/15 12:53:12 pm        513
ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹង​អញ្ជើញ​ភាគី​ក្រុមហ៊ុន​ណាហ្គា​វើ​ល ​មក​ប្រជុំ​នៅ​ថ្ងៃស្អែក​ ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​គម្រោង​បញ្ឈប់​បុគ្គលិក​ជាង​១​ពាន់​នាក់​។ ​ការហៅ​បំភ្លឺ​នេះ ធ្វើឡើង​តប​តាម​ការ​ស្នើសុំ​របស់​សហជីព​តំណាង​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល ​ដែល​ស្នើសុំ​អន្តរាគមន៍​ទៅ​ក្រសួង​ការងារ ​នាពេល​កន្លងមក​។មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានបញ្ជាក់​ប្រាប់​ប៊ី​ធី​វី ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ​ថា ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើ​ល ត្រូវ​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​នៅ​ក្រសួង​ការងារ​នៅ​ថ្ងៃរសៀល​ថ្ងៃទី​ពុធ​ ទី១៦ ខែមិថុនានេះ ដើម្បី​បកស្រាយ​ជុំវិញ​ញត្តិ​របស់​សហជីព។ការប្រជុំ​ជាមួយ​ភាគី​ក្រុមហ៊ុន ធ្វើឡើង បន្ទាប់ពី​ក្រសួង​បាន​អញ្ជើញ​តំណាង​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ដើម្បី​បកស្រាយ​លើ​ការ​ស្នើសុំ​ចំនួន៥​ចំណុច ​ក្នុង​ញត្តិ​ដែល​បាន​ដាក់​មកកាន់​ក្រសួង​ការងារ​កន្លងមក ។អ្នកនាង ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០២១​នេះ​ថា ​ការ​អញ្ជើញ​លើក​ទី​១​នេះ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​គឺ​ដើម្បី​ទៅ​បំភ្លឺ​តាម​នីតិវិធី ដោយ​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ការ​ទាមទារ​នៅក្នុង​លិខិត​។ អ្នក​នាង ​បាន​ឲ្យ​ដឹង​ទៀតថា ជាទូទៅ​ការ​កោះហៅ​នេះ ដំបូង​កោះហៅ​ជួប​ភាគី​ដើម​បណ្តឹង​ដែល​ជា​សហជីព​នាពេលនេះ ​បន្ទាប់មក​ទើប​ក្រសួង​នឹង​អញ្ជើញ​ភាគី​ក្រុមហ៊ុន​ជួប​តាម​ក្រោយ​។យោងតាម​ប្រភព​ដដែល ក្រសួង​នឹង​កំណត់​ពេលវេលា​សមស្រប​ណាមួយ ​ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​បាន​ជួប​តទល់​គ្នា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ ​បន្ទាប់ពី​បាន​ជួប​ជាមួយ​ភាគី​សហជីព ​និង​តំណាង​ក្រុមហ៊ុន​រួចហើយ​។ការ​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត និង​សមាជិក​សហជីព​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ​បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​សរុប​ចំនួន​ជាង១ ៣០០​នាក់ ​ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ក្នុង​ញត្តិ​ដាក់​ទៅ​ក្រសួង​ការងារ ​សហជីព​​បាន​ស្នើ​សុំ​៥​ចំណុច រួមមាន​ ៖ ១.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, ៣.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​, ៤.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្ដល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ ដែល​កំពុង​បំរើ​កា​រងារ ​និង​៥.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នៅក្នុង​ក្រុមហ៊ុន​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

សម្តេច​តេ​ជោ​ អំពាវនាវ​ឱ្យ​បន្ត​គាំទ្រ​គោលនយោបាយ​ជាតិ​ ស្តីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ

2021/06/15 12:32:24 pm        268
ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បន្ត​ការ​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។នៅថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​អបអរ​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក ទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ថ្ងៃទី​១៥ ខែមិថុនា ក្រោម​ប្រធានបទ "TVET" ។សម្តេច​តេ​ជោ បាន​យក​ឱកាស​នេះ​ អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ បន្ត​ចូល​គាំទ្រ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ ​ស្តីពី​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ ​ដោយ​ក្នុង​ដំណាក់កាល​នេះ គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​បន្ត​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ពី​ចម្ងាយ ​ឬ​តាម​អន​ឡាញ ​និង​បត់បែន​តាម​ស្ថានភាព​ជាក់ស្តែង​។​- បន្ត​ជំរុញ​លើកទឹកចិត្ត និង​បង្កើន​ការចុះឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីឱ្យ​មានចំណេះដឹង ​ជំនាញ​ច្បាស់លាស់ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ ដូចដែល​ប្រធានបទ នៃ​ទិវា​ជាតិ​នេះ បាន​លើកឡើង “TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ ​និង​ប្រាក់ចំណូល​ខ្ពស់​” ។​- គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ​សូម​បន្ត​ជួយ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការយល់ដឹង​នូវ​សារសំខាន់​ នៃ​វិស័យនេះ​ ជូន​សាធារណជន​។​-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល ​កម្មករ​និយោជិត និយោជក ផ្នែក​ឯកជន ​អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ជនរួមជាតិ​ទាំងអស់ ​ចូលរួម​សហការ​ផ្សព្វផ្សាយ​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ នេះ ឱ្យបាន​ផុលផុស​ទូទាំងប្រទេស តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ​ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ក្នុង​ការខិតខំ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គោលនយោបាយ​អាទិភាព ​និង​ការកែទម្រង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​សម្រាប់​វិស័យ​អប់រំ​បណ្តុះ​បណ្តាល ​បច្ចេកទេស និង​វិជ្ជាជីវៈ​៕​អត្ថបទ​៖ មុត សុទ្ធ 

សម្ដេច ទៀ បាញ់ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៥​ តាម​ប្រព័ន្ធ​វីដេអូ​

2021/06/15 11:52:50 am        524
ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៥ (15th ADMM) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៨ (8th ADMM-Plus) និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​វីដេអូ​ ដែល​កិច្ចប្រជុំ​នេះ ប្រទេស​ព្រុយ​ណេ​ធ្វើជា​ម្ចាស់ផ្ទះ​។សេចក្តីជូនដំណឹង​រប​ស់​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ឲ្យ​ដឹង របៀបវារៈ នៃ​កិច្ចប្រជុំ​ពីរ​ថ្ងៃ ​គឺ​ថ្ងៃទី​១៥ និង​១៦ ខែមិថុនា​នេះ គឺ​ទី​១- នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចូលរួម​អនុម័ត​ឯកសារ​ទស្សនទាន​ចំនួន​៤ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​សេចក្តី​ប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី​១៥​ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្ពោះ​ទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត សន្តិភាព និង​វិបុលភាព​អាស៊ាន​។ទី​២- នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៨ ប្រមុខ​ការពារជាតិ​កម្ពុជា​ នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្ដីពី​បរិយាកាស​សន្តិសុខ​តំបន់ និង​អន្តរជាតិ​។ ​ក្នុងពេលនោះ សម្តេច​ពិជ័យ​សេនា នឹង​ចូលរួម​អនុម័ត​សេចក្តីប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ​ដោយ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​បូក ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​ឆ្ពោះទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត​សន្តិភាព និង​វិបុលភាព​អាស៊ាន​។ទី​៣- ស្របគ្នា​នឹង​កិច្ចប្រជុំ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​ចិន​។ ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​សភាពការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ ​ខណៈ​សភាពការណ៍​ទាំងនោះ ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក ព្រួយបារម្ភ​យ៉ាងខ្លាំង​នោះ​៕​អត្ថបទ​៖ បាន ចក់

សម្តេច​តេ​ជោ ​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​ទេវ​នាដ​និម្មិត ឯម ធា​យ​ ដែល​បាន​ស្លាប់​ដោយ​ជរាពាធ

2021/06/15 04:38:30 am        532
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួនទៀត ​បាន​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ ​ទេវ​នាដ​និម្មិត ឯម ធា​យ ដែល​បាន​អនិច្ចកម្ម ​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ​ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ ដោយ​ជរាពាធ​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ ​ឧបាសិកា​ព្រឹទ្ធ​សិល្បការិនី ​សំនៀងពីរោះ​គន្ធា ទេវ​នាដ​និម្មិត ឯម ធា​យ ដែល​បាន​អនិច្ចកម្ម ​កាលពី​យប់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ ដោយ​ជរាពាធ​។ ​តាមរយៈ​សារ​រំលែក​ទុក្ខ​នៅ​ថ្ងៃទី ១៥ ខែមិថុនា​នេះ សម្តេច​តេ​ជោ ​បាន​បង្ហាញ​នូវ​ក្តី​សោកស្ដាយ​យ៉ាង​នេះ​ថា «​ក្នុង​វេលា​ប្រកបដោយ​សមាន​ទុក្ខ​នេះ ខ្ញុំ​និង​ភរិយា​សូម​សម្តែង​នូវ​ការ​សោកស្តាយ ​ស្រណោះ​អាឡោះអាល័យ ចំពោះ​ការបាត់បង់​ឧបាសិកា​ព្រឹទ្ធាចារ្យ ​ទេវ​នាដ​និម្មិត ​ដែលជា​ការបាត់បង់​នូវ​ម្តាយ​ ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌​មិនចេះ​រីងស្ងួត និង​ជា​ព្រឹទ្ធាចារ្យ​សិល្បការិនី​ដ៏​ឆ្នើម ​ដែលជា​មរតក​មនុស្ស​រស់​ដ៏​មានតម្លៃ​បំផុត​នៃ​របាំ​ព្រះរាជ​ទ្រព្យ​»​។ ​សម្តេច​តេ​ជោ​ បន្តថា ​ពេញ​មួយ​ជីវិត​របស់​ឧបាសិកា​ព្រឹទ្ធាចារ្យ ទេវ​នាដ​និម្មិត បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ​រួមចំណែក ​លើកស្ទួយ និង​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​យើង​។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ ​ក៏បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សពវរព្រឹទ្ធ​សិល្បការិនី ​ទេវ​នាដ​និម្មិត ឯម ធា​យ ផងដែរ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម​នៅថ្ងៃនេះ ​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​ចាត់​ទុក​ព្រឹទ្ធាចារ្យ ឯម ធា​យ គឺជា​តួអង្គ​ដ៏​សំខាន់​មួយ​នៃ​ការរស់រាន​ឡើងវិញ​នៃ​របាំ​បុរាណ ​ក៏ដូចជា​វិស័យ​សិល្បៈ​ខ្មែរ ក្រោយ​ការ​ដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍​។ ​ឯកឧត្តម​ បាន​បន់ស្រន់​បែបនេះ​ថា​«​ខ្ញុំ​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ទេវ​នាដ​និម្មិត ឯម ធា​យ បាន​យោនយោគ​ក្នុងកា​ន់ទី​ស្ថាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។សូមបញ្ជាក់ថា ទេវ​នាដ​និ​មិ្ម​ត ឯម ធា​យ បានទទួល​មរណភាព នៅវេលា​ម៉ោង ១២:២០ នាទី​យប់ ថ្ងៃ​អង្គារ ៦​កើត​ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ​។ ក្រោយពី​ការ​ទទួល​មរណភាពរ​បស់​លោកយាយ ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់ខ្លួន​ដោយ​សម្តែង​នូវ​មរណទុក្ខ​ចំពោះ​មរណភាព​នេះ ​ដោយ​ពួកគេ​លើកឡើង​ដូចៗ​គ្នា​ថា ​ការ​ស្លាប់​របស់លោក​យាយ​នេះ​ជា​ការ​បាត់បង់​នូវ​ធនធាន​ដ៏​កម្រ​មួយ​ក្នុង​វិស័យ​សិល្បៈ​បុរាណ ​ហើយ​បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោកយាយ​បាន​ទៅកាន់​ទីឋាន​សុគតិភព​៕​អត្ថបទ​ ៖ បាន ចក់

មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ត្រូវ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ជូន​ពលរដ្ឋ​ និង​មន្ត្រីរាជការ​ឲ្យ​ឆាប់រហ័ស​

2021/06/14 04:26:50 pm        333
កំពត ៖ ​អភិបាល​ខេត្តកំពត បាន​ជំរុញ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ពិនិត្យ​វាយតម្លៃ​ឱ្យ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ ឲ្យ​បាន​ឆាប់រហ័ស ពាក់ព័ន្ធ​នឹង​ការ​សុំ​កាត់​ដី​ចេញ ពី​បញ្ជី​សារពើ​ភណ្ឌ របស់​រដ្ឋ ​ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ​និង​មន្ត្រីរាជការ ​ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល ​ជាយូរ​ឆ្នាំ​មកហើយ ​នៅ​លើ​ដី​របស់​រដ្ឋ​នោះ​។នៅ​ខេត្តកំពត នៅសល់​៦​អង្គភាព​ទៀត ដែល​បាន​ដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ របស់​រដ្ឋ ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ និង​មន្ត្រីរាជការ ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​ជា យូរ​ឆ្នាំ​មកហើយ ​នៅ​លើដី​របស់​រដ្ឋ​។នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ឯកសារ​ការងារ​កាត់​ដីជូ​ន​មន្ត្រីរាជការ ​និង​ប្រជាពលរដ្ឋ ដែល​បាន​រស់នៅ​លើ ដី​រដ្ឋ​យូរ​ឆ្នាំ នៅ​ថ្ងៃទី​១៤ ​ខែមិថុនា​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​លើកឡើងថា ការងារ កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ​ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ ដែល​បាន​រស់នៅ​កាន់កាប់​អាស្រ័យ​ផល​យូរ​ឆ្នាំ​មក​ហើយ​នោះ ​មាន​លក្ខណៈ​ស្មុគស្មាញ និង​បាន​អូស បន្លាយ​មក​ជា​ច្រើន​ឆ្នាំ តាំងពី​អាណត្តិ​អភិបាលខេត្ត​មុនៗ​មកម្ល៉េះ​។ឯកឧត្ដម បាន​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​នូវ​សេចក្តីណែនាំ ​និង​លក្ខខណ្ឌ​ច្បាស់ លាស់​ណាស់ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ការងារ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ជូន​ដល់​ពលរដ្ឋ និង​មន្ត្រី រាជការ ដែល​ខ្វះខាត ​និង​បានរស់នៅ​អាស្រ័យ​ផល​លើដី​រដ្ឋ​ជាក់​ស្តែង​យូរ​ឆ្នាំ (​រយៈពេល​១០ គិត​ត្រឹម ឆ្នាំ​២០១៥) ។ដើម្បី​ឲ្យ​ការងារ​នេះ​សម្រេចបាន​ឆាប់រហ័ស ឯកឧត្តម​អភិបាលខេត្ត ​បានស្នើ​ឱ្យ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ រួមគ្នា​ពិនិត្យ​ពិភាក្សា​ វាយតម្លៃ​លើ​ទីតាំង​ដី​នីមួយៗ​ជាក់ស្ដែង ​ដើម្បី​បានជា​មូលដ្ឋាន ​ក្នុងការ រៀបចំ​ឯកសារ​ឱ្យ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ​សម្រាប់​ដាក់ពាក្យ​ស្នើសុំ​កាន់កាប់​ ឱ្យ​ស្របតាម​នីតិវិធី​ច្បាប់ រក្សា បាន​នូវ​តម្លាភាព ​បញ្ចៀស​បាន​នូវ​ការ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ​ផងដែរ​។តាម​របាយការណ៍ មាន​អង្គភាព​ចំនួន​៦ ​បាន​ដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ជូន​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ សរុប​៣០៦​គ្រួសារ រួមមាន​ មន្ទីរអប់រំ យុវជន និង​កីឡា​ ខេត្តកំពត មាន​ចំនួន​១១​ទីតាំង ​ស្មើនឹង​១៥៥​គ្រួសារ​។ ២. សង្កាត់​ក្រាំង​អំពិល​ ក្រុង​កំពត ចំនួន​៣​កន្លែង ស្មើនឹង​៣២​គ្រួ សារ​។ ៣. រោងចក្រ​ជី​ហ្វូ​ស្វាត​ ស្រុក​បន្ទាយមាស ​១​ទីតាំង ស្មើ​៩០​គ្រួសារ​។ ​៤. វិទ្យាល័យ ហ៊ុនសែន​ឈូក ១​កន្លែង ស្មើ​២០​គ្រួសារ​។ ៥- អតីត​ដី និង​អគារ​ការិយាល័យ​ពាណិជ្ជកម្ម ​ស្រុក​កំពង់ត្រាច ១​កន្លែង ស្នើ ០៨​គ្រួសារ​ និង​ទី​៦- សាលាខេត្ត​ថ្មី ​អតីត​ផ្ទះ​មុខងារ​ខេត្ត ក្នុង​ក្រុង​កំពត ១​កន្លែង ស្នើ​០១​គ្រួសារ​៕​អត្ថបទ​៖ អន សារឹម

ក្រសួងបរិស្ថាន ពិនិត្យ​គម្រោង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ចំនួន​៣​កន្លែង​នៅ​ខេត្តកោះកុង

2021/06/14 04:04:42 pm        486
កោះកុង ៖ តំណាង​ក្រសួងបរិស្ថាន លោកអភិបាលរង​ខេត្តកោះកុង ​និង​ក្រុម​អ្នក​វិនិយោគ ​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​ទីតាំង​ស្នើសុំ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ចំនួន​៣​កន្លែង ​ស្ថិតនៅក្នុង​ដែន​ជម្រកសត្វព្រៃ​តា​តៃ ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ​និង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ។ ​គម្រោង​វិនិយោគ​ផ្នែក​វិស័យ​ទេសចរណ៍​ចំនួន​៣​កន្លែង​ផ្សេងៗ​នេះ ​មាន​ទំហំ​សរុប ២៩,៩៨៤៣ ហិកតា ​ធ្វើឡើង​ក្រោម​ការ​ចុះពិនិត្យ​ដោយ​ផ្ទាល់​របស់​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា នេះ​។បើតាម​ឱ្យដឹង​របស់លោក ហ៊ុន ម៉ា​រ៉ា​ឌី មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ ចុះពិនិត្យ​វាយតម្លៃ​រួមគ្នា​នៅពេលនេះ ​គឺ​ក្រសួង​គ្រាន់តែ​ផ្តល់​ជា​គោលការណ៍​លើ​ការស្នើសុំ​របស់​អ្នក​វិនិយោគ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ អាស្រ័យ​លើ​របាយការណ៍​លម្អិត​មួយ​ច្បាស់លាស់​បន្ថែមទៀត​។លោក បាន​បន្ថែមថា តាម​លក្ខខណ្ឌ​សម្រេច​ឱ្យ​វិនិយោគ​រយៈពេល​១៥​ឆ្នាំ ​ក្រោម​គោលបំណង​អភិវឌ្ឍន៍​ផង និង​អភិរក្ស​ផង ​ដោយឡែក​សម្រាប់​ទំហំ​ប្រាក់​វិនិយោគ​ គឺ​លោក​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​នោះទេ​។លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​ខេត្តកោះកុង លើកឡើងថា ​លោក​សុំឱ្យ​ដោះស្រាយ​ផល​ប៉ះពាល់ និង​សំណង​នានា ​ប្រសិនបើ​ការអនុវត្ត​គម្រោង​នេះ ​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ ឬ​កម្មសិទ្ធិឯកជន​។ បន្ត​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ការជ្រើសរើស​កម្លាំង​ពលកម្ម​ពី​មូលដ្ឋាន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​កំរិត​ជីវភាព​ប្រជាពលរដ្ឋ​។អាជ្ញាធរ​ខេត្តកោះកុង សូមឱ្យ​ចូលរួម​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ និង​ជីវចម្រុះ​ នៅក្នុង និង​ក្បែរ​ទីតាំង​ ស្នើ​សូម​វិនិយោគ​ទេសចរណ៍ធម្មជាតិ ​ពិសេស​គឺ​ការគ្រប់គ្រង​សំណល់​រឹង ​រាវ​និង​សំរាម ព្រមទាំង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន និង​លិខិត​បទដ្ឋាន​នានា​ដែល​បាន​អនុញ្ញាត​ឱ្យ​៕អត្ថ​ប​ទ ៖ ឈឹម មករា

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បញ្ជា​ឲ្យ​ស្វែងរក​ជន​ដែល​យក​លុយ​ពី​ពលរដ្ឋ​ ពេល​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩

2021/06/14 01:35:09 pm        476
ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជា​ឲ្យ​ស្វែងរក​បុគ្គល​ ដែល​យក​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ ពេល​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ឲ្យ​បាន ខណៈ​ការ​ចាក់​តាំង​ពី​ដើម​រហូតមក​នេះ រាជរដ្ឋាភិបាល​ពុំបាន​ឲ្យ​យក​លុយ​នោះឡើយ ។ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី និង​ជនបទ​រទេស ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​នៅ​ខណ្ឌ​ចំនួន​៦ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​តាខ្មៅ ​នៃ​ខេត្តកណ្ដាល សម្តេច​ពិជ័យ សេនា ទៀ បាញ់ បាន​លើកឡើងថា ​មិនត្រូវ​លើកលែង​ឲ្យ​នោះឡើយ ​ចំពោះ​បុគ្គល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ពេល​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ-​១៩​នេះ​។យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ រហូតមកដល់​ពេលនេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​នៅក្នុង​ខណ្ឌ​ចំនួន​៦​នៃ​រាជធានី​ភ្នំពេញ​ បាន​ចំនួន​ប្រហែល​មួយ​លាន​នាក់​ហើយ ​ហើយ​បន្ទាប់​ក្រសួងការពារជាតិ​នឹង​ធ្វើ​ការ​ចាក់​ជូន បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ចំនួន​៥​បន្តទៀត ​ដូចជា​ ខេត្តកំពង់ចាម ​កំពង់​ស្ពឺ តាកែវ ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ស្រប​ទៅ​ តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​នោះ​។សូមបញ្ជាក់ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ ​ដែល​ដឹកនាំ​ដោយ​ក្រសួងការពារជាតិ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។​ ក្រោយ​ចាប់​ផ្តើម​នូវ​យុទ្ធនាការ​រហូតមកដល់​ពេលនេះ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ ជូន​កងទ័ព​, គ្រួសារ​កងទ័ព ​និង​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ១,៣០៤,២៦១​នាក់​ ក្នុងនោះ​ ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន​៩៩៣,៩០២​នាក់​ ខណៈ​ចាក់​លើក​ទី​២​បាន​ចំនួន​១,១៤១,៥៥០​នាក់​នោះ​។សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បានបន្ថែមទៀតថា ​ក្រុម​យោធា​នឹងធ្វើ​ការចាក់​វ៉ាក់សាំង​ឲ្យ បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅតាម​ នៅ​ពេលដែល​វ៉ាក់សាំង​មាន​គ្រប់គ្រាន់​ ដូច​អ្វីដែល​ថ្នាក់ដឹកនាំ​បាន លើកឡើងថា «​មិន​ឲ្យ​វ៉ាក់សាំង​ដេក​ក្នុង​ឃ្លាំង ​ដោយ​ត្រូវ​ឲ្យ​វ៉ាក់សាំង​ជ្រាបចូល​ក្នុង​ខ្លួន​មនុស្ស ដើម្បី​បង្កើត ភាព​សាំ​»៕​អត្ថបទ ៖ ​បាន ចក់

រដ្ឋបាល​ខេត្តកណ្តាល ​បញ្ជា​អាជ្ញាធរ​ក្រុង​ស្រុក​រុះរើ​ផ្ទះ​បណ្ដែត​ទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ចេញពី​ទន្លេ

2021/06/14 06:01:44 am        751
កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្តាល ​បញ្ជា​អោយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ក្រុង​ស្រុក ​ដែលមាន​ភូមិសាស្ត្រ​នៅតាម​ដង​ទន្លេ​នានា ត្រូវ​ចាត់វិធានការ​តាម​នីតិ​វិធី​ច្បាប់ និង​រុះរើ​សំណង់​បែរ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ខុសច្បាប់​ដោយ​គ្មាន​ការយោគយល់ ​ដើម្បី​ធានា​រក្សា​សោភ័ណភាព ​សណ្តាប់ធ្នាប់ និង​ធានា​រក្សា​គុណភាព​បរិស្ថាន​ឲ្យ​បានល្អ​ប្រសើរ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៤ ​ខែមិថុនា​នេះ ថា បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អនុវត្តន៍​វិធានការ​ច្បាប់ លើ​សំណង់​អនាធិបតេយ្យ ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ ​នៅ​តាម​មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​បាន​ធ្វើឱ្យ​មាន​ផ្ទះ​បណ្តែត ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​មួយ​ចំនួន ​បាន​ចល័ត​ផ្លាស់​ទី​ចេញពី​រាជធានី​ភ្នំពេញ​ ទៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ​សម្រាប់​បញ្ហា​នេះ ឯកឧត្តម​ ក៏បាន​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​ខ្លួន ត្រូវ​ជំរុញ​អោយ​ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំងនោះ​ត្រូវ​ចេញ​អោយ​ផុត​ពី​ទឹកដី​ភូមិសាស្ត្រ​ខេត្តកណ្តាល ​ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល​ បាន​និងកំពុង​អនុវត្ត​វិធានការ​ច្បាប់ និង​មានការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​នៅ​ក្នុង​ដង​ទន្លេ​ភូមិសាស្ត្រ​ខេត្តកណ្តាល​ ចេញពី​ដង​ទន្លេ​ជាបន្ទាន់​ផងដែរ​។នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ផ្ទះ​បណ្តែត​ទឹក បែរ​ត្រី ខុសច្បាប់​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ ស្រុក​ល្វាឯម និង​ស្រុក​លើកដែក ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ សំគាល់​ឃើញថា ​មាន​ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​ទូក​តូច​ចល័ត​ខុសច្បាប់​ភាគច្រើន​ជា​សំណង់​របស់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ខ្លះ ​បងប្អូន​ខ្មែរ​-​ឥស្លាម​ខ្លះ និង​ខ្លះ​ទៀត​ជា​ជនជាតិ​វៀតណាម ​បាន​សង់ផ្ទះ​បណ្តែត​ទឹក​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​ប័ណ្ណ​ខៀវ​ស្នាក់នៅ​ស្របច្បាប់ និង​ខ្លះទៀត ​រស់នៅ​លក្ខណៈ​មិន​ស្របច្បាប់ ដែល​ទាមទារ​ត្រូវ​ត្រួតពិនិត្យ​ និង​ដោះស្រាយ​តាម​វិធានការ​ច្បាប់​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា មកដល់ពេលនេះ យើង​មិនទាន់​ដឹង​ពី​ចំនួន​សំណង់​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ខុសច្បាប់​មាន​ចំនួន​ប៉ុន្មាន​នោះទេ ​ដោយសារ​ក្នុងអំឡុងពេល​អាជ្ញាធរ​កំពុង​អនុវត្ត​ច្បាប់​នេះ គឺ​បាន​ធ្វើអោយ​ម្ចាស់​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ ​ធ្វើការ​ចល័ត​បំលាស់​ទី​ចុះឡើង រត់គេច​ពី​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​។នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ ឯកឧត្តម ​អភិបាល​បាន​បញ្ជា​អោយ​អាជ្ញាធរ​ស្រុក​ត្រូវ​ចាត់​អោយ​មាន​កងកម្លាំង​យាមល្បាត​គ្រប់ពេលវេលា និង​ហាម​មិន​មាន​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក​ចូល​ចត​ក្នុង​មូលដ្ឋាន​ខ្លួន​ជាដាច់ខាត ហើយ​ត្រូវ​គ្រប់គ្រង​ស្ថិតិ​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក ​ទាំងចាស់​ទាំងថ្មី​អោយ​បាន​ច្បាស់លាស់​បំផុត ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ទន្លេ​ឡើងវិញ ​សម្រួល​ដល់​ផ្លូវ​នាវាចរ​ និង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ​ជៀសវាង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល​បរិស្ថាន និង ប៉ះពាល់​ដល់​សោភ័ណភាព​តាម​ដង​ទន្លេ ​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​ក្នុង​ទន្លេ​ជាប្រចាំ​ថ្ងៃ​ផងដែរ​៕​អត្ថបទ ស៊ុម សុខ​ជា

ឯកអគ្គរដ្ឋទូត​ឆេ​ក អះអាង​ពី​ការ​ខិតខំ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​

2021/06/14 12:15:10 pm        373
ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆេ​ក «​ឆេ​កូ​» ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៤​មិថុនា ​ដោយនៅ​ក្នុងជំនួប​នេះ ​ ឯកអគ្គរដ្ឋទូត បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ ក្នុង​រយៈពេល​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ​លោក​នឹង ខិតខំ​ពង្រឹង​ពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង​ថែមទៀត​។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆេ​ក បាន​គោរព​ជម្រាបជូន​សម្តេច​ថា ឆេ​ក​គឺ​តែងតែមាន មនោសញ្ចេតនា​ខ្ពស់ និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។ឯកឧត្តម បាន​បន្ត​ទៀតថា ​នៅក្នុង​ជំនួប​នេះ ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ការទូត នេះ សម្តេច បាន​ស្នើ​ឱ្យ​ឯកឧត្តម​ទូត​ថ្មី ​យកចិត្តទុកដាក់​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។ សម្តេច​តេ​ជោ ​បានបញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ឆេ​កថា ​កម្ពុជាកំពុងតែ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ដែល​អាច​ចាក់​បាន​ដល់​១០​លាន​នាក់​ នៅត្រឹម​ខែ​វិច្ឆិកា​ខាងមុខ​៕​អត្ថបទ​ ៖ មុត សុទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាកាសធាតុក្តៅខ្លាំង បង្កការរំខានដល់បរិយាកាសទស្សនាបាល់ទាត់ World Cup នៅទីក្រុង Toronto
07/02/2026 12:07 PM
បេះដូងមនុស្សធម៌តែមួយ៖ កាកបាទក្រហមកម្ពុជា និង ICRC ប្តេជ្ញារួមគ្នាជួយសង្គ្រោះជនភៀសសឹក
07/02/2026 12:07 PM
នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងសហព័ន្ធកីឡាជាតិ ប្រជុំរៀបចំបទបញ្ញត្តិទូទៅ បទបញ្ជាបច្ចេកទេស ត្រៀមកីឡាជាតិលើកទី៥
07/02/2026 12:07 PM
មេដឹកនាំអ៊ុយក្រែន បានផ្តល់កិច្ចព្រមព្រៀងយានដ្រូនដល់ប្រទេសអៀរឡង់
07/02/2026 12:07 PM
ប្រជាជនអ៊ុយក្រែនស្វែងរកទីជ្រកកោន ខណៈកងកម្លាំងរុស្ស៊ីវាយប្រហារទីក្រុងគីវ
07/02/2026 12:07 PM
មន្ត្រីអ៊ីរ៉ង់ រិះគន់កិច្ចសន្ទនាសន្តិសុខប្រចាំតំបន់ដែលដឹកនាំដោយសហរដ្ឋអាមេរិក
07/02/2026 12:07 PM
បុគ្គលិកដឹកជញ្ជូន និងនិយោជក និយាយថា ច្រកសមុទ្រ Hormuz នៅតែជាតំបន់សង្គ្រាម
07/02/2026 11:07 AM
មនុស្សជាង៩០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលតវ៉ាប្រឆាំងជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង
07/02/2026 11:07 AM
Balogun ស៊ុតបញ្ចូលទី និងត្រូវបណ្តេញចេញតែអាមេរិកឈ្នះបូស្នៀឡើងវគ្គ ១៦ ក្រុម
07/02/2026 11:07 AM
តើអ៊ីស្រាអែល កំពុងបំផ្លាញអនុស្សរណៈនៃការយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់ដែរឬទេ ដោយការបន្តនៅលីបង់?
07/02/2026 11:07 AM