សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងការងារ ស្ថានទូតខ្មែរ និងសហគមខ្មែរ ផ្តើមរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ

2024/04/07 07:24:23 pm        129
សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរនាសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគមន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានសហគមន៍ខ្មែរចូលរួមប្រមាណ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។ ទន្ទឹមនឹងនេះ បងប្អូនសហគមន៍ខ្មែរក៏បានរៀបចំនៅតំបន់ផ្សេងទៀត រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ។សម្រាប់សង្ក្រាន្តខ្មែរនាថ្ងៃនេះ កម្មវិធីផ្តើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។ បន្ថែមពីនេះកម្មវិធីមានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់។ ជាមួយគ្នានេះដែរ ក៏មានកម្មវិធីអាហារសាមគ្គីជាមួយបងប្អូនខ្មែរក្រោយពីបញ្ចប់កម្មវិធីផងដែរ។សូមបញ្ជាក់ផងដែរថា កម្មវិធីធំ “សង្ក្រាន្តខ្មែរនៅកូរ៉េ” នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗពីប្រទេសកម្ពុជា និងបន្តសហការរៀបចំនៅតាមតំបន់នានា​នៅសប្តាហ៍បន្តបន្ទាប់ទៀតរហូតដល់ចុងសប្តាហ៍ទី៤នៃខែមេសា ឆ្នាំ២០២៤៕

និស្សិតខ្មែរកំពុងសិក្សានៅឡាវ ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន មាណែត បានផ្ដល់អំណោយ ក្រមាខ្មែរ គ្រឿងតុបតែងសម្រាប់បង្ហាញវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2024/04/07 07:16:10 pm        123
ភ្នំពេញ៖ ប្អូនសិក្ខាកាម និងនិស្សិតកម្ពុជាដែលកំពុងសិស្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អំណោយ មានដូចជា៖ ក្រមាខ្មែរ គ្រឿងតុបតែង សម្លៀកបំពាក់របាំជូនពរ និងរបាំគោះត្រឡោកជាដើម សម្រាប់ចូលរួមបង្ហាញ និងសម្ដែងនូវវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងក្នុងឱកាសផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ ប្អូនៗសិក្ខាកាម និងនិស្សិត មានក្តីសោមនស្សរីករាយ និងកក់ក្ដៅបំផុត ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយបានប្ដេជ្ញាចិត្ត នឹងខិតខំរៀនសូត្រ និងប្រតិបត្តិវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចប់ការសិក្សាឱ្យបានជោគជ័យ ដែលជាមោទនភាពរបស់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។សូមរំឭកផងដែរថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយប្អូនៗសិក្ខាកាម និងនិស្សិត ដោយបានសន្យាជួយឧបត្ថម្ភ ឈុតតុបតែង និងសម្លៀកបំពាក់របាំបុរាណខ្មែរ ក្នុងគោលបំណងឱ្យប្អូនៗសិក្ខាកាម និង​និស្សិតបានចូលរួមបង្ហាញ និងសម្ដែងនូវវប្បធម៌ប្រពៃណីជាតិខ្មែរ ទៅកាន់ប្រជាជនឡាវ​និយាយដោយឡែក និងទៅកាន់ពិភពលោកឱ្យស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត ៕

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបណ្ដាប្រទេសជាមិត្តដែលបានជូនពរសម្ដេច ក្នុងឱកាសជាប់ជាប្រធានព្រឹទ្ធសភា

2024/04/07 07:08:43 pm        83
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤នេះ បានថ្វាយ និងផ្ញើលិខិតថ្លែងអំណរគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងបណ្ដាថ្នាក់ដឹកនាំកំពូលប្រទេសជាមិត្តនានាដែលបានព្រះរាជសារ និងសារលិខិតអបអរសាទរ​សម្ដេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោ និងនិងភរិយាបានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិត សម្តេចម៉ែ និងព្រះមហាក្សត្រ ជាអម្ចាស់ ដែលទ្រង់សព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរចំពោះសម្ដេច និងភរិយារួមទាំងក្រុមគ្រួសារ ក្នុងឱកាសពោរពេញដោយមហាកិត្តិយសឧត្តុង្គឧត្តមដែលសម្ដេចត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា “ប្រធានព្រឹទ្ធសភា" នៃព្រះរាជាណាចក្រកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារអបអរសាទរ និង​ជូនពរពីបណ្ដាមេដឹកនាំនៃបណ្ដាប្រទេសជាមិត្តនានា ដែលបានជូនពរ និងអបអរសាទរ​ដល់គណបក្ស​ប្រជាជនកម្ពុជាចំពោះជ័យជន្នះក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ និងចំពោះសម្ដេចដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៥។សម្ដេចតេជោថ្លែងថា៖ «ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ របស់ប្រទេសនានា ក្នុងក្របខណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​សភាទ្វេភាគី និងពហុភាគី ព្រមទាំងពង្រឹង ទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសកម្ពុជា និង​ប្រទេសជាមិត្តនានាឱ្យកាន់តែស៊ីជម្រៅថែមទៀត នៅក្រោមស្មារតីសហគមន៍អាស៊ាន ដើម្បីផលប្រយោជន៍​រួមសម្រាប់ប្រជាជន និងប្រទេស »៕

សង្ក្រាន្តខ្មែរនៅជប៉ុន ដើម្បីអបអរសាទបុណ្យចូលឆ្នាំ បានចាប់ផ្តើមជាមួយនឹងពិធីសាសនា និងល្បែងប្រជាប្រិយខ្មែរ

2024/04/07 10:44:21 am        207
ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា (Osaka Castle) ក្រុងអូសាកា នៃខេត្តអូសាកា របស់ប្រទេសជប៉ុន ។ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាងអភិបាលខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។ សម្រាប់សង្ក្រាន្តខ្មែរនៅព្រឹកនេះ កម្មវិធីផ្តើមដោយពិធីសាសនាសំខាន់ៗ ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា​របស់ខ្មែរ ​និងបន្តដោយកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ​ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌​និងអរិយធម៌ខ្មែរដ៏ផូរផង់។ ជាមួយគ្នានេះ អ្នកចូលរួមទាំងកម្ពុជា និងជប៉ុន ក៏បានចូលរួមលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយយ៉ាងអឹកធឹក។ការៀបចំពិធីសង្ក្រាន្តខ្មែរឆ្នាំថ្មីជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សានៅជប៉ុន​នាពេលនេះ គឺជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរទាំង​អស់បើទោះបីស្ថិតនៅបរទេសក្តីដើម្បីឱ្យបានចូលរួមរីករាយអបអរសាទរប្រពៃណីជាតិរបស់ខ្លួន។ សម្រាប់កម្មវិធីដ៏សប្បាយរីករាយនេះ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ​របស់ប្រមុខរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីប្រពៃណីជាតិនេះយ៉ាងរលូនដែលធ្វើឱ្យអ្នកចូលរួម​ចងបាច់ជាអនុស្សាវរីយរវាងខ្មែរ និងខ្មែរដែលភាពកក់ក្តៅ ​ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់​ទៅវិញទៅមក។សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការសហការជាមួយស្ថានទូតខ្មែរប្រចាំនៅប្រទេសជប៉ុន ក្រុមការងារESEA និងសមាគមមិត្តយើង គ្រោងរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរចំនួន ១១ទីតាំង​ផ្សេងគ្នានៅទូទាំងប្រទេសជប៉ុនដើម្បីផ្តល់ភាពសប្បាយរីករាយ​ដល់ពលរដ្ឋខ្មែរទាំងជាង៣ម៉ឺននាក់លើទឹកដីជប៉ុនអាចចូលរួមសប្បាយរីករាយ និងអបអសាទរពិធីបុណ្យចូលឆ្នាំប្រពៃណជីជាតិរបស់ខ្លួន ប៉ុន្តែកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តអូសាកានេះ គឺជាកម្មវិធីធំជាងគេ។ក្រៅតែពិធីសាសនា និងការលេងល្បែងប្រជាប្រិយកម្មវិធីសង្ក្រាន្តនៅសួនអូសាកានាពេលនេះ ក៏នឹងមានសុន្ទរកថា គន្លឹះរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្ដមណាហ្គាណុ ហ៊ីរូម៉ាសា (Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន​ និងអមដោយកម្មវិធីធម្មទេសនាដោយព្រះមេធានុរ័ក្ខ គូ សុភាព និងការបញ្ចប់កម្មវិធីដោយការប្រគុំតន្ត្រី និងការរាំលេងកម្សាន្តដោយសប្បាយរីករាយ៕

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2024/04/07 10:26:39 am        139
កណ្តាល៖ ព្រឹកថ្ងៃទី៦ ខែមេសា ម្សិលមិញ​នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល បានរៀបចំពិធីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម សំណេះសំណាល និងបំពាក់មេដាយ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។ពិធីនេះ ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ,លោក វិជ្ជបណ្ឌិត ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងលោក វិជ្ជបណ្ឌិត អនុប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ​និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្ដាល ក្រុមគ្រូពេទ្យរបស់មជ្ឈ​មណ្ឌលជាតិ​ផ្តល់ឈាម និងក្រុមគ្រូពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល មួយចំនួនទៀត។ក្នុងពិធីនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានលើកឡើងថា ដោយអនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការដឹកនាំ​ដ៏មានប្រសិទ្ធិភាពរបស់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយទាហាន នាយទាហានរង ​និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតី​អនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ជាពិសេសកម្លាំងកងរាជអាវុធហត្ថ បាន​ត្រៀមរួច​ជាស្រេច ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម ដែលរងគ្រោះដោយ​ឧបទ្ទេវហេតុ​ផ្សេងៗ។លោកឧត្តមសេនីយ៍ មេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្តិ៍ឈ្មោះល្អ ​នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ​នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស និងឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល ឱ្យកម្លាំងកងរាជអាវុធ​ហត្ថ​គ្រប់រូបយកចិត្តទុកដាក់ឈរលើគោលការណ៍គោរពបទបញ្ជា គោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបម្រើប្រជាពលរដ្ឋ។ ជាមួយនោះផងដែរ កងរាជអាវុធហត្ថ មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានបង្កើតនូវសមិទ្ធផល​នានាជាច្រើន សម្រាប់អង្គភាព ជាពិសេសក្រៅពីការងារស្នូល បានចូលរួមសហការនិង​ចុះជួយ​ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាទីកន្លែង នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការចាំបាច់។លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏​បានផ្តល់កម្លាំងចិត្តដល់នាយទាហាន នាយទាហានរង និង​ពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ដែលចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាម​ដោយស្ម័គ្រចិត្ត​សម្រាប់បម្រើឱ្យជនរួមជាតិដែលមានតម្រូវការឈាមចាំបាច់ ដើម្បីជួយសង្គ្រោះជីវិត​មនុស្ស​នាពេលបច្ចុប្បន្ន និងទៅអនាគត។នាឱកាសនេះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរ​អរគុណយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មដ៏ថ្លៃថ្លា​ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងមន្ទីរពេទ្យ​បង្អែកជ័យជំនៈខេត្តកណ្តាល ក្នុងការមកចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ផ្ដល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ដោយមិនគិតពីឋានៈ ពណ៌សម្បុរ ឬនិន្នាការ ជាពិសេសបានជួយសម្រួលដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមគ្រួសារ សាច់ញាតិ ពេលត្រូវការឈាមជាចាំបាច់។ ក្នុងនាម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល សូមធ្វើការ​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយ​សង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមចាំជាបាច់ ក្នុងរយះពេលកន្លងមក។ ក្នុងវេលាដ៏មានសារៈសំខាន់នេះលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានផ្តល់អនុសាសន៍ថា ឈាម​មានប្រភពពីមនុស្ស មិនមានរោងចក្រណាផលិតបានឡើយ ដូចនេះខ្ញុំសូមលើកទឹកចិត្តដល់កង​កម្លាំង​យើងទាំងអស់ បន្តរួមគ្នាបង្កើតវប្បធម៌​ជួយគ្នា បរិច្ចាកឈាមដោយស្ម័គ្រចិត្តដែល​ជា​សកម្មភាពមនុស្សធម៌ដ៏ប្រពៃ ក្នុងការជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ដើម្បីសង្គ្រោះ​ជីវិតមនុស្ស៕ 

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ នាឱកាសបុណ្យចូលឆ្នាំថ្មី

2024/04/07 10:06:08 am        112
នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញនេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅផ្ដល់ជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ក្នុងឱកាសនោះឯកឧត្តម មាស សុខសេនសាន បានថ្លៃងថា នេះជាលើកទី៣២ហើយ ដែលរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌចាប់ តាំងពីឆ្នាំ២០០៨មក ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ នឹងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមកផ្ដល់ជូនបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ដែល​កំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ដពុះពារ ការលំបាកក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ឯកឧត្តម បន្តថា ទាំងនេះពិតជាមិនអាចកាត់ផ្ដាច់បាន ពីវីរភាពដ៏ឧត្តុង្គឧត្តមរបស់កងទ័ព ដែលឈរជើង ការពារនៅសមរភូមិមុខ និងបានធ្វើពលិកម្មដ៏ធំធេងហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ អាយុជីវិតដើម្បីបុព្វហេតុកាពារជាតិ សុខសន្តិភាព និងស្ថិរភាពនយោបាយ​ជូនប្រជាជនកម្ពុជា ឱ្យរស់នៅយ៉ាងសុខសាន្ត។ ឯកឧត្តម បានបន្ថែមថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈនៃការចែករំលែក ក្រោមគំនិត​ផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបន្តចងសម្ព័ន្ធ មេត្រីជាមួយ​អង្គភាព​ទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជម្រុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព ​ការផ្សាភ្ជាប់នូវស្មារតីសាមគ្គីភាព រវាងសមរភូមិក្រោយជាមួយ​សមរភូមិមុខ ឱ្យកាន់តែជិតសិ្នទ្ធ ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់កងទ័ពឱ្យកាន់តែ​ប្រសើរឡើង។ទន្ទឹមនេះ ឯកឧត្តម ក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាកម្លាំងយុវជន បន្តវេនប្រកប​ដោយ​សក្ដានុពលខ្លាំងក្លា មានចំណេះដឹងជ្រៅជ្រះ បាននឹងកំពុងបន្តអភិវឌ្ឍន៍​ ប្រទេសជាតិ ជា​ពិសេសការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ​ និងមានប្រសិទ្ធភាពលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យការពារជាតិ ​ព្រមទាំងសមិទ្ធផលនាដើមនីតិកាល ជាពិសេសការបំពេញបេសកកម្ម​ក្រៅប្រទេស​ធំៗ ដោយបាននាំមកនូវជោគជ័យធំធេង ទាំងផ្នែកការទូត នយោបាយ និង​សេដ្ឋកិច្ចជូន​ជាតិមាតុភូមិ និងប្រជាជន ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិលើ ឆាកអន្តរជាតិ។សូមបញ្ជាក់ថា ​អំណោយដែលកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ​ទទួលបាននា ​ពេលនោះ ដោយ​អង្គភាពនីមួយៗ ទទួលបានថវិកា ​២លានរៀល ​និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត នឹង​ជូនដល់កងកម្លាំងទាំង២អង្គភាព​ ក្នុងម្នាក់ៗ ​ទទួលបានថវិកា​ ៥ម៉ឺនរៀល រួមជាមួយប្រាក់​ឧបត្ថម្ភ​របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៥ខេត្ត ចំនួន៥លានរៀល៕

គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍អភិបាលកិច្ចល្អរបស់សភា

2024/04/07 09:41:23 am        55
កាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម ឃឹង នុភាព ឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អមដោយ លោក លី ម៉េងទីត ប្រធានការិយាល័យអាស៊ាន-អាយប៉ា ជាជំនួយការ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការអនុវត្តន៍អភិបាលកិច្ចល្អរបស់សភា (Workshop on Parliamentary Good Governance Practices)” នៅសាលសន្និសីទព្រឹទ្ធសភាថៃ ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៍ ។សិក្ខាសាលានេះ បានសហការរៀបចំដោយលេខាធិការដ្ឋានព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ក្នុងគោលបំណង៖១. ប្រៀបធៀបការអនុវត្តន៍អភិបាលកិច្ចសភា និងក្រមសីលធម៌របស់សភាផ្សេងៗនៅតំបន់អាស៊ី ក្នុងក្របខ័ណ្ឌនយោបាយ និងរដ្ឋធម្មនុញ្ញផ្សេងៗគ្នា ។២. ពិភាក្សាអំពីរបៀបអនុវត្តអភិបាលកិច្ចផ្សេងៗគ្នា រួមទាំងក្រមសីលធម៌របស់សភា អាចត្រូវបានអនុវត្តនៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាបនៃសភាសមាជិកអាយប៉ា ។៣. ពិភាក្សាអំពីជម្រើសលើការបង្កើតក្រមសីលធម៌ ឬគោលការណ៍ណែនាំ ដោយសង្កត់ធ្ងន់លើគោលការណ៍អភិបាលកិច្ចល្អនៃតម្លាភាព និងគណនេយ្យភាព ។៤. ដើម្បីពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ដែលបានផ្ដល់អនុសាសន៍ អាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ។សូមជម្រាបជូនផងដែរថា ក្នុងដំណើរការសិក្ខាសាលាថ្ងៃទី១៖ អង្គសិក្ខាសាលាបានចែករំលែកនូវបទបង្ហាញអំពី “ការអនុវត្តន៍អភិបាលកិច្ចល្អរបស់សភា (Parliamentary Good Governance Practices)” របស់សភាសមាជិកអាយប៉ា និងថ្ងៃទី២៖ អង្គសិក្ខាសាលាបានចែករំលែកនូវបទបង្ហាញអំពី ក្រមសីលធម៌របស់សភាបារាំង សភាអាមេរិក និងសភាស៊ុយអែតផងដែរ ។

សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន នឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូងថ្ងៃនេះ

2024/04/07 09:09:59 am        114
កងកម្លាំងការពាររបស់សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន នឹងធ្វើសកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រ នៅថ្ងៃទី៧ ខែមេសា ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ស្របពេលមានសកម្មភាពកើនឡើងកាន់តែខ្លាំងរបស់ចិននៅក្នុងផ្លូវទឹក។ អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីនលោក អាសេនីញ៉ូ អានដូឡុង (Arsenio Andolong) បានប្រាប់អ្នកសារព័ត៌មានថា សមយុទ្ធដែនសមុទ្ររយៈពេលមួយថ្ងៃ នឹងពាក់ព័ន្ធសកម្មភាពទំនាក់ទំនង និងមន្ត្រីសមយុទ្ធឃ្លាំមើលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីលក្នុងសមុទ្រចិនខាងត្បូង។លោក Andolong បាននិយាយថា នាវាប្រយុទ្ធ Littoral USS Mobile នាវាចម្បាំងអូស្ត្រាលី HMAS Warramunga និងនាវាពិឃាតជប៉ុន JS Akebono នឹងចូលរួមជាមួយនាវាចម្បាំងពីរគ្រឿងរបស់ប្រទេសហ្វីលីពីន។ លោកនិយាយថា នាវាទាំងនោះនឹងចេញពីទិសខាងត្បូងទៅភាគខាងជើង ដែលព័ទ្ធជុំវិញព្រំដែននៃទីបញ្ជាការខាងលិច និងខាងជើង។សេចក្តីថ្លែងការណ៍រួមបានអានថា សកម្មភាពនេះនឹងពង្រឹងអន្តរប្រតិបត្តិការនៃគោលលទ្ធិ យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំង៤នេះ។ ប្រទេសទាំងបួនបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីថា ពានរង្វាន់តុលាការអាជ្ញាកណ្តាលសមុទ្រចិនខាងត្បូងឆ្នាំ ២០១៦ គឺជាសេចក្ដីសម្រេចចុងក្រោយ និងមានកាតព្វកិច្ចស្របច្បាប់៕

ឯកឧត្តម ជាម ច័ន្ទសោភ័ណ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ស៊ាក ឡេង ដែលជាប់ជា​សមាជិក​ព្រឹទ្ធសភា

2024/04/06 02:56:24 pm        120
ត្បូងឃ្មុំ ៖ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ អញ្ជើញជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​ ចូលកាន់តំណែងរបស់​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធាន​គណៈ​កម្មាធិការ​​គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ស៊ាក ឡេង ដែលបាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា។នាឱកាសនោះឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោម​គោល​នយោបាយនៃមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន រួម​នឹង​ថ្នាក់​ដឹកនាំកំពូលៗ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សដែលធំជាងគេ និង​មាន​ប្រជាប្រិយភាពព្រមទាំង មានការគាំទ្រដ៏ច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋ ។ ដូច្នេះ​ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី ត្រូវបង្កើនការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃ​ក្នុង​បក្ស​ឲ្យ​បាន​កាន់តែរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់គណបក្ស ទាំងខាងនយោបាយ និង​សតិ​អារម្មណ៍ និងការចាត់តាំងដោយឈរ លើគោលការណ៍ និងត្រូវបន្តការសហការ និងមាន​ទំនាក់​ទំនង​ល្អជាប់ជានិច្ច ជាមួយសមាជិក-សមាជិកា គណបក្សនៅគ្រប់មូលដ្ឋាន ដើម្បីចូល​រួម​ដោះ​ស្រាយ​នូវបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងចំគោលដៅ បង្កើន​ប្រជា​ប្រិយភាព ឈ្នះដាច់ គ្រប់ការបោះឆ្នោត ។នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានក្រើនរំលឹកផងដែរ ដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ត្រូវ​​បន្តធ្វើការងារបម្រើប្រជាពលរដ្ឋឱបានល្អ និងទាន់ពេលវេលា ក្នុងនោះត្រូវបំបាត់ឲ្យ​អស់​នូវ​ល្បែង​ស៊ីសងខុសច្បាប់គ្រប់ប្រភេទ សិក្សាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីធានា​បាន​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋប្រកបដោយក្តីសុខសប្បាយ ក្រោមដំបូលសន្តិភាព នៃការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា ។ក្រោយទទួលបានការតែងតាំង និងត្រា ជាប្រធានគណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តេចជ្ញាចិត្ត បន្តដឹកនាំ រក្សាសាមគ្គី​ផ្ទៃ​ក្នុង​ក្នុង​ជួរ​គណបក្សឲ្យ​កាន់តែល្អប្រសើរ ដើម្បីជាកម្លាំងស្នូល​ក្នុង​ការងារ​ទាក់ទាញ់​ការ​គាំទ្រ​ឲ្យ​កាន់​តែ​ខ្លាំង​ខ្លា​ថែម​ទៀត ពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕

សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ២៩៦នាក់ ទទួលបានអំណោយពី​សមាគម​កាយឫទ្ធិនារីកម្ពុជា

2024/04/06 11:20:40 am        129
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិនារី​កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​ក្រុមប្រឹក្សា​មូល​និធិ​ត្រី​ចក្រ​យាន​កម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយ​ជូន​សមាជិក​មូលនិធិ​ត្រីចក្រ​យាន​កម្ពុជា​ ចំនួន២៩៦នាក់ នៅក្នុងសាលារាជធានីភ្នំពេញ។ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ឯកឧត្តម ឃួង ស្រេង បាន​ថ្លែងថា សមាជិកធាក់ស៊ីក្លូទាំងអស់នៅក្នុងរាជធានីភ្នំពេញ នៅតែបន្ត​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម ដោយថ្ងៃនេះបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់ ដើម្បីជួយ​សម្រួល​ការ​លំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នេះ។​ ឯកឧត្តមឱ្យដឹងទៀតថា ការបង្កើតសមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការ​ចូលរួម​អនុវត្ត​ប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួម​ចំណែក​គិតគូរ​អំពី​សុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យ​ទទួល​បាន​សេវា​សង្គម​កិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍ មុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បាន​មាន​ប្រសាសន៍ថា សមាគមកាយឫទ្ធិនារីកម្ពុជា ឈរលើមូលដ្ឋានក្នុងការអភិវឌ្ឍន៍ និងបណ្តុះ​បណ្តាល​យុវតី-យុវនារីកម្ពុជា អោយទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សម្រា​ប់​ប្រើប្រាស់​ក្នុង​ជីវិតរស់នៅ និងអាច​បំពេញ​ការងារ​ក្នុង​សង្គម​បាន​យ៉ាង​ល្អប្រសើរ​បន្ថែម​ពី​នេះ​សមាគម ក៏មានយន្តការលើកស្ទួយ និងគាំទ្រដល់សកម្មភាព នៃសប្បុរសធម៌​សង្គម​ដទៃ​ផ្សេង​ទៀត​ផង​ដែរ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀប​ចំ​ឡើង​នូវក​​ម្មវិធីសប្បុរសធម៌នេះ ដើម្បីចែករំលែកក្តីស្រលាញ់ដល់ សមាជិកត្រីចក្រយាននៅកម្ពុជា ក្រោម​ការ​ដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​សាលា​រាជ​ធានី​ភ្នំពេញ​។ អំណោយសម្រាប់ចែកជូនលោកអុំ លោកពូប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគម​មូល​និធិ​ត្រី​ចក្រយានកម្ពុជាចំនួន ២៩៦ នាក់នេះ ដោយក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី២​កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ១កេស, ភួយ-មុង-ខ្នើយកើយ១ឈុត, ក្រមា១, មួក១, អាវ​យឺត១, អាវក្រណាត់១, ខោ២, ស្បែកជើង១គូ, អាវភ្លៀង១, ដបទឹក១, ច្រាស​និង​ថ្នាំ​ដុស​ធ្មេញ​១​ឈុត, សាប៊ូដុសខ្លួន-កក់សក់១ឈុត, ថ្នាំពេទ្យ TYDA ១ឈុត, អាហារ១ កញ្ចប់ និង​ថវិកា​ចំនួន​៤០​ម៉ឺនរៀលបន្ថែមទៀត។សូមជម្រាបថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង២៩៦នាក់នេះ ក៏ទទួលបាន​ប្រាក់​ខែជា​រៀង​រាល់​ខែ ចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុងមួយខែពួកគាត់អាចបើកបានបីដង។ ក្រៅពី​ប្រាក់​ខែ​ក៏​មាន​បាក់​ឧបត្ថម្ភ​បុណ្យចូលឆ្នាំថ្មី៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ៥ម៉ឺន រៀលទៀត។ គួរបញ្ជាក់​ថា​មូល​និធិ​នេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើម​កំណើតតាំង​ពី​សម័យ​អាណា​និគមនិយមបារាំង៕ អត្ថបទៈ សំ ងីម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់រថយន្តដឹកជនជាតិចិនចំនួន ៩នាក់ ពាក់ព័ន្ធការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
07/18/2025 02:07 PM
ក្រសួងការពារជាតិនិយាយថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ភូមិអ៊ុយក្រែនចំនួនបី នៅទូទាំងតំបន់ជួរមុខ
07/18/2025 02:07 PM
អ៊ីស្រាអែល វាយកម្ទេចអគារស៊ីវិលរាប់ពាន់ខ្នងនៅតំបន់ហ្កាហ្សា ក្នុងការតាមប្រមាញ់ក្រុមហាម៉ាស
07/18/2025 02:07 PM
អ៊ីស្រាអែលបានបដិសេធមិនបន្តទិដ្ឋាការសម្រាប់ប្រធានទីភ្នាក់ងារUN យ៉ាងតិច ៣ នៅហ្កាហ្សា
07/18/2025 02:07 PM
រលកកម្ដៅដ៏ខ្លាំងក្លានឹងបន្តកើតឡើងនៅទូទាំងប្រទេសហ្វាំងឡង់ នាចុងសប្តាហ៍នេះ
07/18/2025 02:07 PM
ហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធជើងទឹករួមគ្នានៅក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង
07/18/2025 02:07 PM
សហរដ្ឋអាមេរិក ចង់កែប្រែក្រុម G20 ទៅកម្រិតមូលដ្ឋានវិញ ពេលខ្លួនធ្វើប្រធានប្ដូរវេននៅឆ្នាំក្រោយ
07/18/2025 02:07 PM
កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
07/18/2025 02:07 PM
ភាពអត់ឃ្លានកាន់តែជ្រៅនៅស៊ូដង់ ខណៈការកាត់ជំនួយធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអាហារចម្អែតក្រពះ
07/18/2025 02:07 PM
រយៈពេល២០ថ្ងៃ គ.ប.ឆ.ប. បង្ក្រាបបទល្មើសតាមប្រព័ន្ធ​បច្ចេក​វិទ្យា​២០​ទីតាំង​ឃាត់​មនុស្ស​ជាង​១ពាន់នាក់
07/18/2025 01:07 PM