TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី បង្ហូតទង់ជាតិពាក់កណ្ដាលដង កាន់ទុក្ខចំពោះអ្នកស្លាប់ជាង១០០នាក់ ក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រី

2024/03/25 08:58:20 am        132
រុស្ស៊ី បានបង្ហូតទង់ជាតិពាក់កណ្ដាលដងសម្រាប់ពេលវេលាកាន់ទុក្ខរយៈពេលមួយថ្ងៃ ហើយបានចោទប្រកាន់បុរសបួននាក់ដែលខ្លួនបានចោទប្រកាន់ថាបានបាញ់សម្លាប់មនុស្សដ៏រង្គាលនៅឯការប្រគំតន្ត្រីមួយនៅខាងក្រៅទីក្រុងមូស្គូកាលពីយប់ថ្ងៃសុក្រ ទី២២មីនាសប្ដាហ៍មុន ក្នុងការវាយប្រហារដ៏សាហាវបំផុតក្នុងទឹកដីរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មិនធ្លាប់មាន។ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសថ្ងៃអាទិត្យ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេសបន្ទាប់ពីបានសន្យាថានឹងដាក់ទោសអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស ១៣៧នាក់ រួមទាំងកុមារ៣នាក់ និង១៨២នាក់បានរងរបួស។ មនុស្សជាង១០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្លះមានសភាពធ្ងន់ធ្ងរ។វីដេអូបានបង្ហាញលោក Putin ក្នុងទឹកមុខស្រងូតស្រងាត់ កំពុងអុជទៀននៅព្រះវិហារនៅគេហដ្ឋានរបស់លោកនៅខាងក្រៅក្រុងមូស្គូកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានស្លាប់។កាលពីព្រឹកថ្ងៃអាទិត្យ មនុស្សម្នាជាច្រើនបានដាក់ផ្កានៅឯសាលប្រគំតន្ត្រី ក្រូកាសស៊ីរីហល (Crocus City Hall) ជាសាលប្រគំតន្ត្រីដែលមានកៅអី ៦.២០០ នៅខាងក្រៅទីក្រុងមូស្គូ ជាកន្លែងដែលបុរសប្រដាប់អាវុធ ៤ នាក់បាន បើកការបាញ់ប្រហារ និងបំផ្ទុះគ្រឿងផ្ទុះ មុនពេលក្រុមតារារ៉ុកសម័យសូវៀត Picnic គ្រោងសម្តែងបទដែលមានចំណងជើងថា "Afraid of Nothing" ។ បុរសទាំងនោះបានបាញ់រះដោយប្រើអាវុធស្វ័យប្រវត្តិរបស់ពួកគេក្នុងរយៈពេលខ្លីទៅលើជនស៊ីវិលដែលបានស្រែកទ្រហោយំពោពេញដោយភាពស្លន់ស្លោរ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ប៉ុន្តែលោក Putin ពុំបាននិយាយជាសាធារណៈអំពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមពាក់ព័ន្ធនឹងក្រុមអ្នកវាយប្រហារនោះទេ ដែលលោកបាននិយាយថាពួកគេបានព្យាយាមរត់គេចខ្លួនទៅកាន់អ៊ុយក្រែន។ លោកបានលើកឡើងថា អ្នកមួយចំនួននៅខាងភាគីប្រទេសអ៊ុយក្រែន ត្រូវបានត្រៀមខ្លួនដើម្បីជំរុញឲ្យពួកខ្មាន់កាំភ្លើងឆ្លងកាត់ព្រំដែន៕

មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បើកកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំការសម្របសម្រួលចំពោះពលរដ្ឋ និងលំហូរពលករឆ្លងដែន ក្នុងឱកាសបុណ្សចូលឆ្នាំថ្មីខាងមុខ

2024/03/25 07:31:33 am        219
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការ ដើម្បីធ្វើការសម្របសម្រួលចំពោះលំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរដែលធ្វើដំណើរឆ្លងដែន ចេញ-ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសរដូវបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ ពិធីបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួមទាំងមាន​ការអញ្ជើញចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង​ឯកឧត្ដម លោកជំទាវទីព្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និង នាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។ក្នុងឱកាសនោះដែរឯកឧត្តម សេង សក្តា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្សចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនិងខិតជិតមកដល់នៅពេលខាងមុខនេះ ធ្វើយ៉ាងណាមន្រ្តីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបង្កើនធ្វើការសម្របសម្រួល​និង​រកទីតាំងសម្រាប់ការរងចាំ និងសម្រួលរាល់បញ្ហាបែបបទផ្សេងៗ ជូនដល់បងប្អូនពលករឆ្លងដែន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងដែនផ្សេងៗឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាឲ្យបានល្អប្រសើរ​ដោយការទទួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថិកិច្ចរបស់ខ្លួន។ឯកឧត្តម បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាវិធានការរៀបចំទាំងអស់នេះហើយអស់​លោកត្រូវអនុវត្ត​ការងារ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បីបម្រើដល់ប្រជាពលរដ្ឋ​ក៏ដូចជាពលករឆ្លងដែន ក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឲ្យបានប្រសើរ។យ៉ាងម៉ិញបន្ទាប់ពីការពិភាក្សាការងារត្រូវបានបញ្ចប់ ក្រុមការងាររួមទាំងសមាសភាពភាគីពាក់ព័ន្ធ​កម្ពុជាថៃបានអញ្ជើញចុះត្រួតពិនិត្យលើទីតាំងកន្លែងសម្រាប់បញ្ជរប្រថាប់ត្រានិងលិខិតឆ្លងដែន រួមទាំងប័ណ្ណព្រំដែនចេញ-ចូល លើទីតាំងដែលត្រូវសាងសង់​រោងត្រៀម​សម្រាប់ទទួល និងចែកវត្ថុ​អនុស្សាវរីយ៍ ដូចជានំប៉័ង ទឹកសុទ្ធសម្រាប់ជាកន្លែងត្រៀមទទួលពលករក្នុងបរិវេណច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រកបដោយភាពកក់ក្តៅផងដែរ។ ពិសេសនោះ​សម្រាប់ពលករដែល​គ្មាន​ឯកសារធ្វើដំណើរនៅស្ថានីយរថភ្លើង​ប៉ោយប៉ែត គឺធ្វើយ៉ាងណាត្រូវជួយ​សម្របសម្រួល​ដល់ពួកគាត់រាល់បញ្ហាបំពេញបែបបទផ្សេងៗ​ឲ្យបានឆាប់រហ័ស និងផ្តល់ភាពងាយស្រួលជូនដល់ពួកគាត់ផងដែរ៕

សម្តេចធិបតីផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តលើវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា

2024/03/24 10:35:27 am        159
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើកទី២។ក្នុង​ឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញការចូលរួម អនុវត្ត​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយនឹង ការពង្រឹងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង នវានុវត្តន៍ ឲ្យកាន់តែរឹងមាំ, សម្តេចបាន​ផ្ដល់អនុសាសន៍ណែនាំ ដល់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ​សម្រាប់​អនុវត្ត​បន្ត​​រួម​មាន៖ទី១៖ បន្តពង្រឹងអភិបាលកិច្ចលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ស្រ​ប​តាម​បទ​ដ្ឋានគតិយុត្តជាធរមាន។ ខណៈនេះ យើងមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវា​នុវត្តន៍ និង ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាស្ថាប័ន​មាន​សមត្ថកិច្ច​គតិយុត្តលើវិស័យនេះ។ ដូច្នេះ សម្ដេចសូមដាក់ចេញនូវការណែនាំ ប្តូរ​ទម្លាប់​ពី​ការ​ធ្វើ​ការ​ជា​លក្ខណៈ​សាយឡូ ដោយឡែករៀងៗខ្លួន (Working in Silos) មកធ្វើការរួមគ្នា ដោយប្រកាន់ ស្មារ​តី​សហការគ្នា ក្នុងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលជាកត្តាមិនអាចខ្វះបាន ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិមួយ ប្រកបដោយការប្រកួតប្រជែងក្នុងតំបន់ និងសកល។ទី២៖ បន្តជំរុញបរិវត្តកម្មបច្ចេកវិទ្យាដល់វិស័យឧស្សាហកម្ម, សហគ្រាសធុនតូច និង មធ្យម ដើម្បី​ឆ្លើយ​តបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤.០ ក្នុងគោលដៅចាប់យក ឲ្យបានលឿ​ន​នូវ​បច្ចេក​វិទ្យា​ចុង​ក្រោយ ទាំងឡាយ ដើម្បីបង្កើនផលិតភាពសហគ្រាស និង ជំរុញសហគ្រាស បុរាណ ក្នុង​ស្រុក ចាប់យកឲ្យបានទាន់ពេលវេលា និងពេញលេញ នូវវឌ្ឍនភាពនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។ទី៣៖ បន្តជំរុញឲ្យមាននូវថ្នាលបច្ចេកវិទ្យាចម្រុះថែមទៀត ដើម្បីគាំទ្រដល់ដៃគូពាក់ព័ន្ធ, ជា​ពិ​សេស វិស័យឯកជន ក្នុងការស្វែងរកទីផ្សារ ចាប់យកនូវខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល។ ថ្នាល​បច្ចេកវិទ្យានេះ ត្រូវឈរលើយន្តការកិច្ចសហការរវាងវិស័យសាធារណៈ, វិស័យអប់រំ និង វិស័យ​ឯកជន តាមគំរូម៉ូដែលត្រីវ័ណ្ឌ (Triple Helix model) ដោយមានការចូលរួមយ៉ាងសកម្ម រវាង​តួអង្គពាក់ព័ន្ធ ក៏ដូចជា ដៃគូអភិវឌ្ឍ ដើម្បីអប់រំ, បណ្តុះបណ្តាល, ស្រាវជ្រាវ និង អភិវឌ្ឍ ឆ្លើយ​តប​ទៅនឹងតម្រូវការសង្គម ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤។ទី៤៖ អនុវត្តយន្តការតាមដានត្រួតពិនិត្យ និង វាយតម្លៃឲ្យបានម៉ឺងម៉ាត់ នូវការអនុវត្តរបស់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមសូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវផ្នែកវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ឆ្នាំ២០៣០។ សម្ដេចសូមឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ​ស​ហការ​ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចបញ្ជូនរាល់ព័ត៌មាន និងសូចនាករ ដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ទី៥៖ ណែនាំគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលស្រាវជ្រាវ និងវិស័យឯកជន ជាពិសេសស​ហគ្រាស​ធុន​តូច និងមធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវ មូល​ដ្ឋាន​រឹង​មាំ​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើគ្រប់វិស័យ។ គោលដៅនេះ, អាចសម្រេច​ទៅ​បាន​អាស្រ័យ​លើ​ការផ្លាស់ប្ដូរផ្នត់គំនិត, របៀបរបបចាត់ចែង, ការគ្រប់គ្រងការងារ និងធុរកិច្ច ជាមួយ​នឹង​ការវិយោគ ទាំងផ្នែកមូលធន និងការបណ្តុះធនធានមនុស្ស។សូម​ជម្រាបថា «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ត្រូវបានផ្តួ​ច​ផ្តើម​រៀប​ចំឡើ​ង​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយកំណត់យកថ្ងៃទី២៦ ខែមីនា ជា​ថ្ងៃសម្រាប់ប្រារព្ធទិវានេះឡើង។ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី១ ត្រូវ​បាន​ប្រារព្ធឡើងនៅឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ «ទិវា​ជាតិ​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ បន្តរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​កោះពេជ្រ រយៈពេល៣ថ្ងៃ។ទិវានេះ​ប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដោយ​បើក​ជូន​សាធារណ​ជន ជាពិសេសអាជីវករដែលជាតំណាងមកពីសហគ្រាសធុនតូច និងមធ្យមជាដើម។ ស្តង់​តាំង​ពិព័រណ៍មានចំនួន ២២៨ និងស្តង់ម្ហូបអាហារ និងភេសជ្ជៈចំនួន ១៥។ អ្នកចូល​រួម​តាំង​ពិព័រណ៍​រួមមាន៖ ស្ថាប័ន សាធារណៈ វិស័យឯកជន ដែលមានភាគ​ច្រើន​ជា​សហគ្រាស​ធុនតូច និង​មធ្យម គ្រឹះស្ថានអបរំ និងឧត្តមសិក្សា ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍៕

សម្ដេចធិបតី៖ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងជួយពន្លឿន​បរិវត្តកម្ម​រចនាសម្ព័ន្ធចាំបាច់ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថលកម្ពុជា

2024/03/24 09:56:41 am        188
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿន​បរិវត្ត​​កម្ម​រចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។សម្ដេចធិបតីថ្លែងថា «វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និង​​ពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិត ឱ្យកាន់តែ​ប្រសើរ​ឡើង​សម្រាប់​ជាតិ​មាតុភូមិ ជាពិសេសការបង្កើនល្បឿនដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។ សម្ដេច​នាយករដ្ឋមន្រ្ដីបន្តថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការ​លើក​កម្ពស់​សមិទ្ធ​កម្ម​នវា​នុវត្តន៍​របស់សហគ្រាស គឺជាកត្តាគន្លឹះ​កំណត់​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​ចាប់​យក​ខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់​ក្នុង​តំបន់ និងសាកល។សម្ដេចបញ្ជាក់ថា ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ក្រុម​ប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបាន​រាជ​រដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ជា​សេនាធិការ​ដើម្បី​សម្រេចឱ្យបាននូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ​២០៥០។សូមជម្រាបថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជា​ពិសេស​ការ​អនុវត្ត​អាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែល​ត្រូវ​បាន​ដាក់​ឱ្យអ​នុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា និង​សម្រេចជោគជ័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និង​ការ​រំពឹង​ទុក​របស់​ប្រជា​ជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕

សម្ដេចនាយករដ្ឋមន្រ្តី អំពាវនាវគ្រប់ក្រសួង-ស្ថាប័នទាំងអស់រួមគ្នាពង្រឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

2024/03/24 09:31:57 am        119
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើក«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២​» នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ គប្បីធ្វើការរួមគ្នាដើម្បីពង្រឹង និងបង្កើន នូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ ខណៈថ្នាលទាំងអស់នេះ គឺជាការទាក់ទាញ​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និងសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន គឺត្រូវ​ពង្រឹង​នូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា ស្របទៅតាមបទដ្ឋានគតិយុត្តជាធរមាន ខណៈ​ដែល​កម្ពុជា​មាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​និវា​នុវត្តន៍ ជា ស្ថាប័នមានសមត្ថកិច្ចគតិយុត្តលើវិស័យខាងលើនេះស្រាប់ ដូច្នេះគ្រប់ក្រសួង ស្ថាប័ន​ទាំងអស់ត្រូវតែ ពង្រឹងនូវថ្នាលទាំងបីខាងលើនេះ ដែលជាកត្តា​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ​។សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​បរិយាប័ន្ន​មាន​ភាព​ធន និងចេរភាព គឺចាំបាច់ត្រូវជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ​តាមរយៈ​ជំរុញ​ការ​វិនិយោគ​ដោយផ្ទាល់ពីបរទេសទៅលើវិស័យដែលមានបច្ចេកវិទ្យាជាមូលដ្ឋាន ហើយ​មួយ​វិញ​ទៀត​តួ​អង្គដែល មិនអាចខ្វះបានដែរនោះ គឺការអភិវឌ្ឍ​ប្រព័ន្ធ​និវានុវត្តន៍​ជាតិ​មួយ​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​ក្នុងតំបន់ និងសកលោក និង​ការ​ជំរុញ​ការ​បរិវត្តកម្ម​បច្ចេក​វិទ្យា​ដោយ​វិស័យ​ឧស្សាហកម្ម​ សហគ្រាសធនតូច និងមធ្យម ដើម្បីឆ្លើយតបទៅនឹងបរិវត្តឧស្សាហកម្ម៤.០ ក្នុង​គោលដៅ​ចាប់​យកឲ្យបានលឿននូវបច្ចេកវិទ្យាចុងក្រោយទាំងឡាយ ដើម្បី​បង្កើន​ផលិត​ភាព​សហគ្រាស និងជំរុញសហគ្រាសបុរាណក្នុងស្រុក ដោយចាប់យកឲ្យបានទាន់ពេលវេលា និង​ពេញ​លេញ​នូវរឌ្ឍនភាពនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍៕ អត្ថបទ៖ បាន ចក់

ស្លូវ៉ាគីចាប់ផ្ដើមដំណើរបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលអាចពង្រឹងនាយករដ្ឋមន្ត្រីលោក Fico

2024/03/23 05:41:55 pm        259
ប្រទេសស្លូវ៉ាគីបានចាប់ផ្តើមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃសៅរ៍ (ទី២៣ ខែមីនា) នេះ ដែលដំណើរការនេះអាចនឹងជួយពង្រឹងអំណាចរបស់នាយករដ្ឋមន្ត្រី លោក Robert Fico ខណៈដែលលោកស្វែងរកការគ្រប់គ្រងបន្ថែមទៀតលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ច្បាប់ប្រឆាំងអំពើពុករលួយមិនសូវតឹងរ៉ឹង និងសំឡេងប្រឆាំងនឹងការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះប្រទេសអ៊ុយក្រែន។ការបោះឆ្នោតត្រូវបានបើកក្នុងការបោះឆ្នោតជុំទី១ ចាប់ពីម៉ោង ៧:០០ព្រឹក (ត្រូវនឹងម៉ោង ៦:០០ ម៉ោងសកល) ដល់ម៉ោង ១០:០០យប់ (ត្រូវនឹងម៉ោង ២១:០០ ម៉ោងសកល)។ ការប្រកួតប្រជែងជុំទី២ រវាងបេក្ខជនមានសំឡេងគាំទ្រច្រើនទាំង ២រូប នឹងត្រូវកំណត់នៅថ្ងៃទី៦ ខែមេសា ប្រសិនបើគ្មានអ្នកណាឈ្នះសំឡេងភាគច្រើនដាច់ខាត នៅចុងសប្តាហ៍នេះនោះទេ។សម្ព័ន្ធមិត្តរបស់លោក Fico គឺលោក Peter Pellegrini វ័យ ៤៨ឆ្នាំ បានក្លាយជាបេក្ខជននាំមុខ ក្នុងការប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតីលោកស្រី Zuzana Caputova វ័យ ៥០ឆ្នាំ ដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់លោក Fico ទោះបីជាលោកស្រីមិនស្វែងរកអាណត្តិថ្មីក៏ដោយ។ក្នុងចំណោមបញ្ជីបេក្ខជន លោក Pellegrini ត្រូវប្រឈមជាមួយលោក Ivan Korcok វ័យ ៥៩ឆ្នាំ ជាអតីតរដ្ឋមន្ត្រីការបរទេសគាំទ្រសហភាពអឺរ៉ុប ដែលចង់រារាំងរដ្ឋាភិបាលមិនឲ្យទទួលបានកៅអីប្រធានាធិបតី៕

ប្រធានរដ្ឋសភាថៃ អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ

2024/03/23 05:16:46 pm        133
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញជូនដំណើរ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤។

កម្មកររោងចក្រY&W៖ ពេលមកបើកលុយ ក្រសួងការងារបានយកចិត្តទុកដាក់ណាស់

2024/03/23 03:47:36 pm        269
កម្មករនិយោជិតនៃរោងចក្រ Y&W ផ្ទុះការកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលមានក្រសួការងារជាសេនាធិការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករនិយោជិតនៃក្រុមហ៊ុន Y & Wដែលកំពុងសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ។ អ្នកនាង យី សោភា កម្មករនៃក្រុមហ៊ុន Y & W បានថ្លែងថា មន្ត្រីសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីអាជ្ញាធមូលដ្ឋាន បានយកចិត្តទុកដាក់ខ្លាំងចំពោះកម្មករ​ទាំងអស់​ដែលបានមកបើកប្រាក់នៅសាលាខណ្ឌ។ អ្នកនាងកត់សម្គាល់ឃើញថា ក្រសួងបានរៀបចំពីលំហូរ និងតម្រាយណែនាំបានយ៉ាងល្អ គ្មានឧបសគ្គសម្រាប់ការបើកប្រាក់ឡើយ។ បន្ថែមពីនេះ មន្ត្រី បានគិតគូលំអិតលើការផ្តល់ទឹកសុទ្ធ ភេសជ្ជៈ និងនុំប័ងដើម្បីជួយសម្រួលដល់បងប្អូនកម្មករថែមទៀតផង។ ចំណែកលោក សាន វាសនា កម្មករផ្នែកដេរ នៃក្រុមហ៊ុន Y & W បានសង្កេតឃើញថា អាជ្ញាធរបានរៀបចំរោងកង្ហា កៅអីអង្គុយដើម្បីសម្រួលដល់កម្មករថែមទៀតផង។ សម្រាប់កម្មកររូបនេះ ការយកចិត្តទុកដាក់បែបនេះរបស់រដ្ឋាភិបាល គឺគួរឱ្យសរសើរណាស់ មិននឹកស្មានដល់។ដោយឡែកលោក ហ្វា សាលី ដែលជាប្រធានសម្ព័ន្ធសហជីពជាតិ បានវាយតម្លៃខ្ពស់​ចំពោះការ​រៀបចំរបស់រាជរដ្ឋាភិបាលដែលគិតគូបានល្អិតល្អន់ និងធ្វើឱ្យដំណើរការនៃការបើកប្រាក់ឈ្នួលប្រព្រឹត្តទៅដោយរលូន។ ចំពោះការត្រៀមលើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករនិយោជិតនៃរោងចក្រ Y & Wនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធបានពង្រាយកម្លាំងសន្តិសុខ មន្ត្រីពេទ្យដើម្បីសង្គ្រោះបឋម​ រថយន្តក្រុងដើម្បីដឹកកម្មករ ការត្រៀមទឹកសុទ្ធ នុំប័ង ភេសជ្ជៈក្នុង​គោលបំណង​ជួយសម្រួលដល់កម្មករនិយោជិតទាំងអស់ក្នុងអំឡុងពេលបើកប្រាក់ឈ្នួលនេះ។ សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តើមការបើកថវិកាជូនកម្មករ​និយោជិតនៃក្រុមហ៊ុន Y & W ចាប់តាំងពីរសៀលម៉ោង១ ថ្ងៃសុក្រទី២២ ខែមីនាមក។ ក្នុងនោះ មានកម្មករប្រមាណ២ពាន់នាក់បានទទួលប្រាក់ឈ្នួលរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ៕

វិទ្យាស្ថាន NTTI រៀបចំសង្រ្កាន្តឆ្នាំថ្មី ដើម្បីជំរុញឲ្យយុវជនស្រឡាញ់វប្បធម៌ និងសាមគ្គីភាពរឹងមាំ

2024/03/23 03:34:47 pm        361
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានរៀបចំកម្មវិធីសង្ក្រាន្ត ក្រោមប្រធានបទ “យុវជនស្រឡាញ់វប្បធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណជាតិ រួមទាំងមានសាមគ្គីភាពរឹងមាំ” ដើម្បីបង្ហាញអំពីភាពរុងរឿងនៃវប្បធម៌ ក៏ដូចជាបង្ហាញកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់។ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានមានប្រសាសន៍​ថា នេះជាលើកទី៤ហើយ ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន សហការជាមួយក្រុមការងារយុវជនស្ម័គ្រចិត្ត រៀបចំពិធីសង្ក្រាន្តនេះឡើង ដែលសបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព ការប្រាស្រ័យទាក់ទងល្អរបស់​យុវជនក្នុងសង្គមឌីជីថល។ បន្ថែមពីនេះទៀត គឺដើម្បីផ្សព្វផ្សាយ វប្បធម៌ អត្តសញ្ញាណជាតិ និងអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងទៀត ក្នុងន័យពង្រឹងស្មារតីយុវជន ពិសេសក្រុមយុវជនស្ម័គ្រចិត្ត NTTI និងសិស្ស និស្សិតក្នុងការបង្កើតចំណងមិត្តភាព និងបង្កើតនូវភាពរីករាយ ទំនាក់ទំនងល្អ ភាពម្ចាស់ការ ព្រមទាំងបង្ហាញពីក្ដីស្រឡាញ់ ​និងសាមគ្គីភាពក្នុងគោលដៅតែមួយរបស់យុវជនជាសរសរទ្រូង និងតំណាងភាពមោះមុតក្នុងការបង្កើតព្រឹត្តិការណ៍មួយនេះ។ ក្នុងពិធីប្រកាសបើកសម្ភោធ សង្ក្រាន្ត NTTI ២០២៤នេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកម្មវិធីដ៏មានអត្ថន័យនេះ ព្រមទាំងចាត់ទុកថា ជាការរៀបចំបង្ហាញស្នាដៃនិស្សិត ឬយុវជន តាមរយៈសង្ក្រាន្ត ​និងការចូលរួមសហគម បាន​ឆ្លុះបញ្ចាំង​គំនិចច្នៃប្រឌិតរបស់យុវជន ពោរពេញ​ដោយសមត្ថភាព និងការតស៊ូខ្ពស់នៅក្នុងការងារសហគម។ ឯកឧត្តម ​បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏មានតម្លៃនេះ ​ដែលជាកិច្ចខិតខំប្រឹងប្រែង និង​ចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ​និងក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងអាជីវកម្ម និង​ក្រុមហ៊ុននានា ដែលបានជម្រុញលទ្ធភាពក្នុងដំណើរការរៀបចំសង្ក្រាន្តជាផ្លូវការនាពេលនេះ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធបំផុត។ ឯកឧត្តម បានគូសបញ្ជាក់ថា ​យុវជនជាធនធានមូលធនមនុស្ស ដើម្បីរួមចំណែក​ជាកម្លាំង​ចលករក្នុងការលើកស្ទួយការអភិវឌ្ឍជាតិ ​ពិសេសវិស័យអប់រំបណ្តុះបណ្តាលបច្ចកេទេស និង​វិជ្ជាជីវៈ បានកាន់តែប្រសើរ ​តាមរយៈការបង្ហាញស្នាដៃ ទេពកោសល្យ ការច្នៃប្រឌិត ប្រកប​ដោយគុណភាព គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់ តួយ៉ាងការរៀបចំសកម្មភាពដំណើរការកម្មវិធី “សង្ក្រាន្ត-NTTI-២០២៤” នេះ។សូមជម្រាបថា ព្រឹត្តការណ៍សង្រ្កាន្ត NTTI ២០២៤នេះ រៀបចំឡើងក្នុងបរិវេណវិទ្យាស្ថានជាតិ​បណ្តុះបណ្តាល ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែមីនា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មរបស់ក្រុមយុវជនស្ម័គ្រចិត្តNTTI ក្នុងគោលដៅបង្ហាញទឹកចិត្តយុវជន​ស្រលាញ់​វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ និងការទទួលខុសត្រូវលើការងារសហគម ចំពោះសង្គមជាតិទាំងបច្ចុប្បន្ន និងអនាគត។ នៅក្នុងដំណើរការកម្មវិធីនេះ ​ឃើញមានការដាក់តាំងបង្ហាញស្នាដៃនិស្សិត ​ស្ថាបត្យកម្ម សំណង់ អគ្គិសនី​ ការច្នៃម៉ូត​សំលៀកបំពាក់ របាំជូនពរ ​របាំត្រុដិ ចាប៉ីដងវែង និងរបាំរស្មីដួងច័ន្ទ។ល។ ដែលជាការសម្តែងដោយនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមទាំងមានតារា​ចំរៀងពេញនិយម និងការប្រគុំតន្រ្តីដែលមានការចូលរួមពីសិល្បៈករ សិល្បៈការិនីល្បីៗ​ជាច្រើនរូបផ្សេងទៀត៕អត្ថបទ ឈិត បូរ៉ាវី 

ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង ចូលជាធរមាន

2024/03/23 03:17:52 pm        195
ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង បានចូលជាធរមានហើយ នៅថ្ងៃសៅរ៍ (ទី២៣ ខែមីនា) បើទោះបីជាច្បាប់នេះរងការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំងក្លាក៏ដោយ ដែលថា វាអាចបំផ្លាញសេរីភាពនៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន ប៉ុន្តែមានស្វ័យភាពមួយចំនួនចេញពីប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាអាណានិគមរបស់អង់គ្លេស។ច្បាប់នេះបានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រ នៅពេលដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋបាលទីក្រុង ពោលគឺមានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាគាំទ្រទីក្រុងប៉េកាំងរបស់ទីក្រុងហុងកុងបានអនុម័តជាឯកច្ឆន្ទ ជាការប្រញាប់ប្រញាល់ចេញនូវច្បាប់ ដើម្បីបំពេញនូវអ្វីដែលអាជ្ញាធរហៅថា ចន្លោះប្រហោងផ្នែកសន្តិសុខជាតិ។ នាយកប្រតិបត្តិក្រុងហុងកុងលោក John Lee បានចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិថ្មីនេះ កាលពីល្ងាចថ្ងៃសុក្រ (ទី២២ ខែមីនា) ដោយនិយាយថា ទីក្រុង «សម្រេចបាននូវបេសកកម្មជាប្រវត្តិសាស្ត្រ ដោយបំពេញតាមការទុកចិត្តដែលអាជ្ញាធរកណ្តាល (ចិន) មានមកលើពួកយើង»។យ៉ាងណាក្ដី ច្បាប់នេះបានរងនូវការរិះគន់ពីបណ្ដាប្រទេសធំៗជាច្រើន ដោយប្រទេសអូស្ត្រាលី និងអង់គ្លេស កាលពីថ្ងៃសុក្រនោះ បានសម្ដែងការមិនបេញចិត្តចំពោះសកម្មភាពរបស់ប្រទេសចិន នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Adelaide ដោយបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តលុបបំបាត់ស្វ័យភាព សេរីភាព និងសិទ្ធិជាប្រព័ន្ធ នៅទីក្រុងនេះ»។ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានរិះគន់ការអនុម័តយ៉ាងឆាប់រហ័ស ចំពោះច្បាប់នេះ ដែលត្រូវបានយកមកពិភាក្សាលើកដំបូងជាសេចក្តីព្រាងច្បាប់ នៅដើមខែមីនា។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ច្បាប់នេះនឹងមាន «ផលប៉ះពាល់យ៉ាងទូលំទូលាយ» ដល់ពលរដ្ឋអាមេរិក និងក្រុមហ៊ុននានា នៅក្នុងទីក្រុងហុងកុង។ច្បាប់ថ្មីនេះ រួមបញ្ចូលទាំងបទល្មើសក្បត់ជាតិ ចារកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ ហើយកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់អ្នកការទូត និងក្រុមហ៊ុននានាដែលភ័យខ្លាចថា ច្បាប់នេះអាចធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ភាពទាក់ទាញរបស់ទីក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ចិន និងរដ្ឋបាលហុងកុង បានការពារការបង្រ្កាបផ្នែកសន្តិសុខថា ជាកត្តាសំខានចាំបាច់ ក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីមានការតវ៉ាដោយហិង្សាជាច្រើនខែប្រឆាំងរដ្ឋបាល នៅឆ្នាំ២០១៩។ សូមរំលឹកថា ក្រុងហុងកុងត្រូវបានប្រគល់ឲ្យប្រទេសចិនគ្រប់គ្រងវិញ នៅឆ្នាំ១៩៩៧ ដោយមានការធានាថា ស្វ័យភាព និងសេរីភាពកម្រិតខ្ពស់ ក្នុងនោះរួមទាំងសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ នឹងត្រូវបានការពារក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យ និងនាំស្បៀងមួយចំនួនចែកជូនពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
07/27/2025 12:07 AM
TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!
07/26/2025 11:07 PM
TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ
07/26/2025 09:07 PM
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
07/26/2025 08:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ
07/26/2025 05:07 PM