TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

មេបញ្ជាការអាមេរិក ព្រួយបារម្ភពីសកម្មភាពរបស់ចិន លើប្រទេសហ្វីលីពីន

2024/03/21 11:47:56 am        114
មេបញ្ជាការនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសចិនលើប្រទេសហ្វីលីពីន នៅសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យតំបន់នេះក្លាយជា «ចំណុចក្តៅដ៏សំខាន់មួយ» ។ លោក ចន អាហ្គីលីណូ(John Aquilino) បាននិយាយនៅក្នុងសវនាការរបស់គណៈកម្មាធិការអង្គភាពសេវាប្រដាប់អាវុធរបស់សភា កាលពីថ្ងៃពុធថា ចំណុចក្តៅ អាចបញ្ចប់ទៅនៅកន្លែងដ៏អាក្រក់។ការកត់សម្គាល់របស់លោក Aquilino ធ្វើឡើងបន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានបាញ់កាណុងបាញ់ទឹក ដាក់លើនាវាផ្គត់ផ្គង់របស់ហ្វីលីពីន នៅជិតតំបន់ជម្លោះថ្មប៉ប្រាស់ទឹក Thomas Shoal កាលពីថ្ងៃទី ៥ ខែមីនា។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យសមាជិកនាវិកហ្វីលីពីនបួននាក់រងរបួស។ មេបញ្ជាការរូបនេះ បាននិយាយថា សកម្មភាពឈ្លានពាន និងវាយប្រហារដ៏គ្រោះថ្នាក់ ដែលនៅតែបន្តរបស់ប្រទេសចិនប្រឆាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ធ្វើឲ្យលោកព្រួយបារម្ភ។លោកបាននិយាយថា ប្រសិនបើនាវិក ឬទាហានហ្វីលីពីន ត្រូវបានគេសម្លាប់ មាត្រាទី ៥ នៃសន្ធិសញ្ញាការពារទៅវិញទៅមក អាចត្រូវបានយកមកប្រើ។ លោកបានពន្យល់ថា វានឹងក្លាយជា «តម្រូវការ និងទំនួលខុសត្រូវរបស់លោក» ក្នុងការផ្តល់ជម្រើសដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រសិនបើរឿងនេះកើតឡើង។ បញ្ហានេះ ត្រូវបានគេរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី ដែលមានការចូលរួមពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសា ក្នុងទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីហ្វីលីពីន ព្រមានអំពីហានិភ័យរបស់ប្រទេសចិន ដោយនិយាយថាលោកពុំបានធ្វើឲ្យអ្នកណាខឹងទេ

2024/03/21 11:43:06 am        158
លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណានម៉ាកូសជូនៀរ(Ferdinand Marcos Jr) បាននិយាយថាការគំរាមកំហែងដល់ប្រជាជាតិរបស់លោកពីការទាមទារដ៏ខ្លាំងក្លារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកំពុងកើនឡើង ប៉ុន្តែបានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកក្នុងការអះអាងសិទ្ធិអធិបតេយ្យភាពលើតំបន់ជម្លោះ គឺមិនមែនមានន័យថាចាប់ផ្តើមជម្លោះដោយការធ្វើឲ្យអ្នកណាម្នាក់ផ្ទុះកំហឹង ឬខឹងគោ ទៅវាយរទេះ នោះទេ។លោក Marcos បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសម្របសម្រួលកម្មវិធីរបស់ទូរទស្សន៍ Bloomberg លោកស្រីហាសលីនដា អាមីន (Haslinda Amin) នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ានីល ថា យើងកំពុងព្យាយាមរក្សាអ្វីៗឱ្យនៅនឹងដដែល ។លោកបានបន្ថែមថា បញ្ហាប្រឈមនោះគឺថា ដោយសារតែការគំរាមកំហែងបានកើនឡើង យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីការពារទឹកដីរបស់យើង។ ទន្ទឹមនឹងកោះតៃវ៉ាន់ ការប្រឈមដាក់គ្នារវាងហ្វីលីពីន និងចិន ជុំវិញបញ្ហាថ្មប៉ប្រះទឹក និងកោះជាច្រើនបានក្លាយទៅជាចំណុចក្ដៅមួយនៅក្នុងតំបន់។ ចាប់តាំងពីលោក Marcos ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ យោធា និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្កើនប្រតិបត្តិការផ្គត់ផ្គង់កងទ័ពនៅឯមូលដ្ឋាន មួយ និងអមដំណើរការពារក្រុមប្រជានេសាទហ្វីលីពីន ដែលលោកនិយាយថាបានពឹងផ្អែកលើដែនទឹកនេះជាច្រើនជំនាន់មកហើយ។ ជំហរនោះបានជំរុញឱ្យមានការថ្កោលទោសពីទីក្រុងប៉េកាំង ដែលកងនាវានេសាទ និងនាវាឆ្មាំសមុទ្រតែងតែរារាំងនាវាហ្វីលីពីន ហើយថែមទាំងបានប៉ះទង្គិចគ្នានជារឿយៗ ដោយបង្កើនហានិភ័យនៃការផ្ទុះជម្លោះជាមួយចិន ដែលអាចអូសទាញសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលក្នុងជម្លោះយ៉ាងឆាប់រហ័ស។ប្រធានាធិបតីវ័យ៦៦ ឆ្នាំ ដែលមានទំនោរខ្លាំងទៅកាន់សហរដ្ឋអាមេរិក រូបនេះ បាននិយាយថា យើងពុំបានញុះញង់បង្កជម្លោះណាមួយទេ។ យើងពុំបានជំរុញឲ្យមានការប្រឈមដាក់គ្នាណាមួយឡើយ។ យើងគ្រាន់តែព្យាយាមចិញ្ចឹមប្រជាជនយើងតែប៉ុណ្ណោះ៕

មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា និយាយថា ការចាប់ខ្លួនសម្ព័ន្ធមិត្ត នឹងមិនធ្វើឱ្យលោកស្រីចុះខ្សោយឡើយ

2024/03/21 11:40:16 am        118
បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងប្រទេសវេណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា ចូរីណា ម៉ាឆាដូ(Maria Corina Machado) បាននិយាយកាលពីថ្ងៃពុធថា ការចោទប្រកាន់ដែលដាក់កម្រិតលើក្រុមរបស់លោកស្រី ធ្វើឡើងដោយអគ្គមេធាវីរបស់ប្រទេស គឺមិនពិតនោះទេ បន្ទាប់ពីមនុស្សពីរនាក់ដែលជិតស្និទ្ធទៅនឹងលោកស្រី Machado ត្រូវបានចាប់ខ្លួន។ការចាប់ខ្លួននេះ ត្រូវបានកំណត់ថានឹងធ្វើឱ្យមានភាពស្មុគស្មាញចំពោះសេណារីយ៉ូ ដែលកំពុងច្របូកច្របល់រួចទៅហើយ នៅមុនការប្រកួតប្រជែងតំណែងប្រធានាធិបតី នៅខែកក្កដា។លោកស្រី Machado បានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនរបស់គណបក្សប្រឆាំង កាលខែតុលា ប៉ុន្តែត្រូវបានរារាំង មិនឱ្យចុះឈ្មោះបេក្ខភាពរបស់លោកស្រីក្នុងបញ្ជីបេក្ខជនបោះឆ្នោត។លោកស្រីនិយាយថា ប្រសិនបើរបបនេះជឿថា ជាមួយនឹងសកម្មភាពទាំងនេះ ពួកគេនឹងធ្វើឱ្យលោកស្រីនៅឯកោ ពួកគេនឹងបញ្ឈប់លោកស្រី សូមបញ្ជាក់ឱ្យច្បាស់ថា ក្រុមរបស់យើងគឺវេណេស៊ុយអេឡា។សមាជិកប្រាំពីរនាក់ផ្សេងទៀតនៃក្រុមរបស់លោកស្រី Machado រួមទាំងដៃស្តាំរបស់លោកស្រី លោក Magalli Meda ក៏ទទួលបានដីកា សម្រាប់ការឃុំខ្លួនរបស់ពួកគេផងដែរ។ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កំពុងស្វែងរកការបោះឆ្នោតថ្មី សម្រាប់អាណត្តិប្រាំមួយឆ្នាំទៀត។

ប៉ូឡូញបន្ថែមសម្ពាធទៅលើអាល្លឺម៉ង់ជុំវិញការបញ្ជូនមីស៊ីលTaurusទៅឲ្យអ៊ុយក្រែន

2024/03/21 11:37:06 am        91
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានផ្តល់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងការមានមីស៊ីលតម្រង់គោលដៅ Taurus ហើយបានចោទប្រកាន់អាល្លឺម៉ង់ពីការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រព័ន្ធសព្វាវុធថ្មីនេះ ទៅកាន់តំបន់សង្រ្គាម។លោក Sikorski បានប្រាប់សារព័ត៌មាន dpa នៅក្នុងបទសម្ភាសន៍មួយថា ការផ្តល់មីស៊ីល Taurus ដែលមានរយៈចម្ងាយ ៥០០ គីឡូម៉ែត្រ នឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនឲ្យកាន់តែខ្លាំង ក្នុងការការពារខ្លួន។ លោកបាននិយាយថា៖«ជាមួយនឹងមីស៊ីលរបស់អង់គ្លេស និងអាមេរិក អ៊ុយក្រែនអាចបង្ខំជនជាតិរុស្សីឲ្យផ្លាស់ទីមជ្ឈមណ្ឌលដឹកជញ្ជូន កន្លែងស្តុកគ្រាប់រំសេវ មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង បណ្តាញតំណភ្ជាប់ដឹកជញ្ជូនរបស់ពួកគេ ទៅកាន់តែឆ្ងាយពីជួរមុខ ហើយមីស៊ីលរបស់អាល្លឺម៉ង់ នឹងបង្ខំពួកគេឲ្យទៅកាន់តែឆ្លាយថែមទៀត។លោក Sikorski បានរិះគន់ដំណើរការធ្វើការសម្រេចចិត្តដ៏យូរ នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។លោកបាននិយាយថា ទីក្រុងប៊ែរឡាំងមាន «ហេតុផលជាប្រវត្តិសាស្ត្រដែលព្រួយបារម្ភអំពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍ ឬកងទ័ពទៅអ៊ុយក្រែន។ យើងយល់អំពីបញ្ហានេះ ប៉ុន្តែយើងគ្រាន់តែសង្ឃឹមថា ការពិភាក្សារបស់អ្នក នឹងអាចប្រព្រឹត្តទៅបានឆាប់»។ លោកបានបញ្ជាក់ថា៖«រុស្ស៊ីហាក់ដូចជាកំពុងបន្តការវាយលុក។ អ៊ុយក្រែនគឺខ្វះខាតគ្រាប់រំសេវ»។ ដោយសំដៅទៅលើមីស៊ីល Taurus លោក Sikorski បាននិយាយថា ស្ថានភាពដ៏តានតឹងបែបនេះ មានន័យថា «ក្នុងរយៈពេល៦ខែ [វា] មិនមែនជាការសម្រេចចិត្តដូចគ្នានោះទេ»។

អង្គការសហប្រជាជាតិ៖ យោធាសហភាពមីយ៉ាន់ម៉ា កំពុងប្រឈមការគំរាមកំហែងដែលមានស្រាប់

2024/03/21 11:34:01 am        43
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធ ទី២០មីនា ថា របបយោធាកំពុងប្រឈមនឹងការគំរាមកំហែងដែលមានស្រាប់ ប៉ុន្តែពិភពលោកអាចជួយបញ្ចប់សុបិន្តអាក្រក់ របស់ខ្លួន ដោយការការដាក់ទណ្ឌកម្មដែលបានសម្របសម្រួល។ លោក ថូម អែនឌ្រូ (Tom Andrews)និយាយថា ការស្លាប់យ៉ាងច្រើនក្នុងចំណោមកងកម្លាំងរបស់របបសឹក ព្រមទាំងការរត់ចោលជួរ ការទម្លាក់អាវុធសុំចុះចាញ់ និង បញ្ហាប្រឈមលើការកែណ្ឌកម្លាំងថ្មី បាននាំឲ្យមានការធ្លាក់ចុះចំនួនកងទ័ព រុញឲ្យមានការគំរាមកំហែងដែលមានស្រាប់កាន់តែច្រើនសម្រាប់យោធាមីយ៉ាន់ម៉ា។ លោកនិយាយថា អ្នកទាំងឡាយ ដែលបានភ្នាល់ ថា របបសឹកនេះអាចស្ដារសណ្ដាប់ធ្នាប់ និងស្ថិរភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាកដជាចាញ់។ របបសឹកនេះ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យលោកស្រី អ៊ុង សានស៊ូជី ឈានដល់ការបញ្ចប់ការសាកល្បងរបស់របបប្រជាធិបតេយ្យដ៏ក្មេងខ្ចីរយៈពេល១០ឆ្នាំ និងបានរុញទម្លាក់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះឲ្យធ្លាក់ក្នុងភាពចលាចលដ៏បង្ហូរឈាម ដែលមានមនុស្សរាប់ពាន់នាក់បានស្លាប់។ របបសឹកនេះ កំពុងព្យាយាមលុបបំបាត់ការតស៊ូប្រឆាំងខ្លួនជាយូរមកហើយ ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិច និង កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យទើបកកើតថ្មី។ លោក Andrews បាននិយាយថា យោធាសហភាពមីយ៉ានម៉ា គឺជាកត្តាដ៏សំខាន់បំផុត ដែលជំរុញឲ្យមានអំពើហិង្សា អស្ថិរភាព ការដាំក្បាលចុះផ្នែកសេដ្ឋកិច្ច និងភាពអាណាធិបេតេយ្យគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស៕

ប្រទេសវៀតណាម នឹងតែងតាំងប្រធានាធិបតីទីបី ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ

2024/03/21 11:20:48 am        78
ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទីបីរបស់ខ្លួនក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ខ្លួន កាលពីថ្ងៃពុធ (២០ មីនា) បានបង្ខំឱ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី វ៉ូ វ៉ាន់ ធឿង (Vo Van Thuong) ដែលទើបតែត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។លោក ធឿង វ័យ ៥៣ ឆ្នាំត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់គណបក្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដែលមិនបានបញ្ជាក់ច្បាស់ថាលោកបានធ្វើខុសអ្វីនោះទេ។ លោកបានលាលែងពីតំណែងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីនគរបាលបានប្រកាសការចាប់ខ្លួនពីបទពុករលួយកាលពីមួយទសវត្សរ៍មុនរបស់អតីតប្រមុខខេត្ត ក័ង ងៃ (Quang Ngai) ភាគកណ្តាលរបស់វៀតណាម ដែលបានបម្រើការ កាលលោក ធឿង ជាប្រធានបក្សនៅទីនោះ។គេរំពឹងថាសភាវៀតណាម នឹងតែងតាំងប្រធានាធិបតីស្តីទី រហូតដល់គណបក្សសម្រេចជ្រើសរើសបេក្ខជនប្រធានាធិបតីបន្ទាប់។ ជម្រើសដែលទំនងបំផុត គឺអនុប្រធានាធិបតី លោកស្រី វ៉ូធី អាញ់ស័ន (Vo Thi Anh Xuan) ដែលធ្លាប់បានកាន់តំណែងបណ្ដោះអាសន្នកាលពីឆ្នាំមុន ជំនួសតំណែងអតីតប្រធានាធិបតី លោក ង្វៀន ស័ន ហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ។យោងតាមអ្នកវិភាគជាច្រើនបានឱ្យដឹងថា បេក្ខជននាំមុខគេសម្រាប់តំណែងអចិន្ត្រៃយ៍ រួមមានរដ្ឋមន្ត្រីសន្តិសុខសាធារណៈដ៏មានឥទ្ធិពល លោក តូ ឡាំ (To Lam) និងសមាជិកបក្សកុម្មុយនិស្តកាន់អំណាច លោកស្រី ទ្រឿង ធីម៉ៃ (Truong Thi Mai)៕

អាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល់ ប្រាដេស ជាផ្នែកមួយរបស់ឥណ្ឌា ស្របពេលភាពតានតឹងឥណ្ឌូចិន

2024/03/21 11:18:04 am        86
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (២០ មីនា) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល ប្រាដេស (Arunachal Pradesh) ថាជាផ្នែកមួយនៃប្រទេសឥណ្ឌា និង «ប្រឆាំងយ៉ាងខ្លាំង» រាល់ការប៉ុនប៉ងជាឯកតោភាគីក្នុងការជំរុញការទាមទារទឹកដី ឬការទន្ទ្រានដោយយោធា ឬជនស៊ីវិល ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង នៅក្នុងរដ្ឋភាគឦសានប្រទេសឥណ្ឌា ដែលមានព្រំដែនជាមួយប្រទេសចិន។ប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចិន និងឥណ្ឌា មានព្រំប្រទល់ប្រវែង ៣.០០០ គីឡូម៉ែត្រជាមួយគ្នា ដែលភាគច្រើននៃទឹកដីព្រំដែនទាំងនោះមិនត្រូវបានកំណត់ច្បាស់លាស់ទេ។ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២០ ក្នុងការប៉ះទង្គិចតាមព្រំដែនរបស់ពួកគេនៅតំបន់ភ្នំហិម៉ាឡៃភាគខាងលិចមួយនេះ។ប្រទេសចិន បានទាមទាររដ្ឋ អារូណាចាល ប្រាដេស ថាជាផ្នែកនៃភាគខាងត្បូងតំបន់ទីបេ របស់ខ្លួន ប៉ុន្តែទីក្រុង ញ៉ូវដេលី បដិសេធការអះអាងនេះ ដោយនិយាយថារដ្ឋភាគឦសានមួយនេះ តែងតែជាផ្នែកមួយនៃប្រទេសឥណ្ឌាជានិច្ច។ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិន កំពុងធ្វើ «ការអះអាងមិនសមហេតុផល» លើរដ្ឋ អារូណាចាល ប្រាដេស ដោយបន្ថែមថារដ្ឋនេះនឹងតែងតែជា «ផ្នែកសំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ឥណ្ឌា»៕

គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បញ្ជាក់ជាផ្លូវការថា លោក Prabowo ជាប្រធានាធិបតីថ្មី

2024/03/21 11:15:19 am        41
លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ត្រូវបានបញ្ជាក់ជាផ្លូវការថាជាប្រធានាធិបតីបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានផ្តួលគូប្រជែងពីររូប ដែលបានសន្យាថានឹងដាក់ពាក្យបណ្តឹងផ្លូវច្បាប់ជុំវិញការបោះឆ្នោតកាលពីខែកុម្ភៈ។ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតសកល លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បាននិយាយកាលពីយប់ថ្ងៃពុធ (២០ មីនា) ក្នុងការប្រកាសលទ្ធផលផ្លូវការថា លោករដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ (Prabowo) និងអនុប្រធានាធិបតីរបស់ខ្លួន គឺលោក ហ្គីប្រាន រ៉ាកាប៊ូមីង រាខា (Gibran Rakabuming Raka) បានទទួលសំឡេងភាគច្រើនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយឈ្នះចំនួន ៥៩ ភាគរយ ឬច្រើនជាង ៩៦ លានសំឡេង។បេក្ខជនបោះឆ្នោត លោក អានីស បាស្វាដាន (Anies Baswedan) ទទួលបានសំឡេងគាំទ្រជិត ៤១ លានសំឡេង ឬ ២៥ ភាគរយនៃការរាប់សរុប ខណៈដែលបេក្ខជនបោះឆ្នោតមួយរូបទៀត លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបាន ២៧ លានសំឡេង ឬច្រើនជាង ១៦ ភាគរយ។លោក ប្រាបូវ៉ូ ដែលជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស នឹងចូលកាន់តំណែងបន្តពីប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ដែលជាឪពុករបស់លោក ហ្គីប្រាន និងត្រូវបានគេស្គាល់ជាទូទៅដោយឈ្មោះក្រៅថា ចូកូវី (Jokowi) នៅក្នុងខែតុលា បន្ទាប់ពីរយៈពេលអន្តរកាលនៃការផ្ទេរអំណាច៕

អ៊ុយក្រែន និយាយថា ពិភពលោកត្រូវតែធ្វើឱ្យនីតិរដ្ឋសកល ដំណើរការឡើងវិញ

2024/03/21 11:12:30 am        51
ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃពុធ (២០ មីនា) បានជំរុញបណ្ដាមេដឹកនាំពិភពលោក ឱ្យរៀបចំសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ «ឱ្យដំណើរការម្តងទៀត» ដោយក្រោកឈរឡើងប្រឆាំងចំពោះការប្រើប្រាស់កម្លាំងរបស់រុស្ស៊ី។នៅក្នុងវីដេអូសុន្ទរកថាទៅកាន់សន្និសិទពិភពលោក ដែលរៀបចំដោយកូរ៉េខាងត្បូង លោក ហ្ស៊េឡិនស្គី ដែលប្រទេសរបស់ខ្លួនត្រូវបានឈ្លានពានដោយរុស្ស៊ី ក្នុងឆ្នាំ២០២២ បាននិយាយថា បណ្ដាប្រទេស និងតំបន់ជាច្រើននៃពិភពលោក នឹងទទួលបានអត្ថប្រយោជន៍ពីការស្ដារនីតិរដ្ឋអន្តរជាតិ។លោកបានប្រាប់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ (Summit for Democracy) ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ក្នុងគោលបំណងពិភាក្សារកវិធីបញ្ឈប់ជំហានថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យ និងការសឹករិចរឹលនៃសិទ្ធិ និងសេរីភាព ថា «យើងត្រូវតែរួមគ្នាធ្វើឱ្យកងកម្លាំងដ៏ឆ្កួតលីលា ត្រលប់មកគោរពច្បាប់ ហើយធ្វើឱ្យច្បាប់ដំណើរការម្តងទៀត»។ទីក្រុងគីវ និងបណ្ដាដៃគូលោកខាងលិចរបស់ខ្លួន បានចោទប្រកាន់រុស្ស៊ី ថាបានប្រើលេសមិនពិតដើម្បីធ្វើសង្រ្គាមមិនសមហេតុផលនៃការដណ្តើមអាណានិគមនៅអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ខ្លួនបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីពីរឆ្នាំមុន នៅក្នុង «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរបស់ខ្លួន៕

ចិនប្រាប់អាមេរិក កុំឱ្យចូលដៃជើងជាមួយហ្វីលីពីន លើបញ្ហាសមុទ្រចិនខាងត្បូង

2024/03/21 11:07:20 am        71
ប្រទេសចិន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែចៀសវាងពី «ការបង្កបញ្ហា» ឬចូលដៃចូលជើងលើបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងម៉ានីល បានពង្រីកដល់ការទប់ស្កាត់ការការវាយប្រហារលើឆ្មាំល្បាតឆ្នេរហ្វីលីពីន។លោក ប្លីងខិន បានហៅការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកជាមួយហ្វីលីពីនថា «រឹងមាំដូចដែកថែប» ហើយបាននិយាយថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងបានបង្កឱ្យមានប្រតិកម្មជាអន្តរជាតិកាន់តែទូលំទូលាយ។ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងគឺ «ត្រឹមត្រូវ និងស្របច្បាប់» ដោយបន្ថែមថាការលើកឡើងរបស់លោក ប្លីងខិន «មិនអើពើនឹងការពិត ដោយចោទប្រកាន់ចិន ទាំងគ្មានមូលដ្ឋានច្បាស់លាស់»។ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយអាមេរិកមិនមែនជាភាគីនៃបញ្ហានៅទីនោះទេ និងគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាសមុទ្ររវាងចិន និងហ្វីលីពីនឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិននិយាយថា ខ្លួនគ្រោងនឹងធ្វើសមយុទ្ធយោធា ជាមួយរុស្ស៊ី នៅខែសីហា
07/30/2025 06:07 PM
លោក Zelenskiy៖ រុស្ស៊ីពិតជាមិនអើពើនឹងនរណាម្នាក់ដែលព្យាយាមបញ្ចប់សង្រ្គាមនោះឡើយ
07/30/2025 06:07 PM
រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកដីកាថ្មី ដើម្បីសាកសួរអតីតប្រធានាធិបតី លោក Yoon
07/30/2025 06:07 PM
TOP STORY | សម្ដេចតេជោ៖កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ
07/30/2025 06:07 PM
ព្យុះត្រូវពិកបង្ខំឲ្យពលរដ្ឋ ២៨ម៉ឺននាក់ ជម្លៀសខ្លួន និងបិទសេវាកម្មដឹកជញ្ជូននៅក្រុងសៀងហៃ ប្រទេសចិន
07/30/2025 06:07 PM
បារាំង និង ប្រទេសចំនួន ១៤ ផ្សេងទៀត ជំរុញឲ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/30/2025 06:07 PM
ជនប៉ាឡេស្ទីនព្យាយាមដណ្តើមជំនួយនៅទីក្រុង Beit Lahiya តំបន់ហ្កាហ្សាស្រ្ទីប
07/30/2025 06:07 PM
រដ្ឋមន្រ្តីសុខាភិបាល «ក្នុងនាមសមាជិកគ្រួសារមួយ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងសូមផ្តាំផ្ញើសួរសុខទុក្ខ ជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»
07/30/2025 06:07 PM
វ៉េណេស៊ុយអេឡា បានស្តីបន្ទោសមន្ត្រីអាមេរិក ពីការ «ចាប់ជំរិត» កុមារ
07/30/2025 06:07 PM
អង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Caceres
07/30/2025 05:07 PM