គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

យុវជនអាស៊ាន ១០ប្រទេស ចូលរួមកម្មវិធី «អ្នកស្ម័គ្រចិត្តអាស៊ាន-កម្ពុជា» ជាងម្ភៃថ្ងៃនៅកម្ពុជា

2024/01/10 02:35:08 pm        963
យុវជនជាអ្នកស្ម័គ្រចិត្តសកម្មមកពីប្រទេសទាំង ១០នៃសមាជិកអាស៊ាន បានមក​ចូលរួម​ក្នុង​កម្មវិធី «អ្នកស្ម័គ្រចិត្តអាស៊ាន-កម្ពុជា»។ ការមកចូលរួមក្នុងកម្មវិធីនេះ គឺយុវជននឹងស្នាក់នៅ និង​បំពេញ​សកម្មភាពមួយចំនួននៅកម្ពុជា រយៈពេលជាងម្ភៃថ្ងៃ ចាប់រាប់ពីថ្ងៃទី ៩ រហូតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ខាងមុខ។ប្រទេសជាសមាជិកអាស៊ានទាំង ១០ បានបញ្ជូនយុវជន ១រូបតំណាងឱ្យប្រទេសរៀងខ្លួន មក​ចូល​រួម​ក្នុងកម្មវិធី «អ្នកស្ម័ក្រចិត្តអាស៊ាន-កម្ពុជា»។ វត្តមានរបស់ពួកគេ បានមកដល់កម្ពុជា កាល​ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដោយនឹងបន្តស្នាក់នៅ និងបំពេញសកម្មភាពនៅកម្ពុជា រហូត​ដល់​ថ្ងៃទី៣០ ខែមករា។កម្មវិធី ​«អ្នកស្ម័ក្រចិត្តអាស៊ាន-កម្ពុជា»នេះ ក៏ជាលើកដំបូងដែលក្រសួងអប់រំ យុវជន និងកីឡា របស់​កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំផងដែរ។ ក្នុងឱកាសទទួលជួបជាមួយយុវជនទាំង ១០​រូប​នៅ​ថ្ងៃនេះ ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន បានលើកឡើងថា ប្រធាន​បទ​សំខាន់​នៃកម្មវិធីនេះ គឺផ្តោតលើ «ការត្រៀមលក្ខណៈ និងការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយក្នុងសហគមន៍»។ ឯកឧត្តមបញ្ជាក់ថា យុវជនទាំងនេះ​នឹង​ចំណាយ​ពេល​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីសិក្សាស្វែងយល់បន្ថែម ពីការងារ​នានា​ពាក់​ព័ន្ធ​នឹង​គ្រោះ​មហន្ត​រាយ។ លើសពីការសិក្សាស្វែងយល់ គឺយុវជនទាំងនេះ មានតួនាទី​ត្រូវ​ធ្វើ​គម្រោង​ម្នាក់​មួយ​ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ជាការចូលរួមវិជ្ជមានដល់សង្គមជាតិ។ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ក្នុងការរៀបចំកម្មវិធីនេះ ឯកឧត្តម អគ្គនាយករង នៃ​អគ្គ​នាយកដ្ឋាន​​យុវជន លើកឡើងថា យុវជននៃសមាជិកអាស៊ានទាំង ១០ រូប នឹង​ត្រូវ​បំពេញ​ទស្សន​កិច្ច សិក្សាស្វែងយល់នៅ កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ ការ​ទៅ​​ទស្សន​កិច្ច​នៅ​ព្រះបរមរាជវាំង សារៈមន្ទី រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តិភ្នំ វិមានឈ្នះ ឈ្នះ សម្រាប់​ភូមិសាស្ត្ររាជធានីភ្នំពេញ។ ចំពោះ​សកម្មភាពនៅតាមខេត្តវិញ គឺយុវជនទាំងនេះ នឹងទៅទស្សនកិច្ចស្វែងយល់ ពី​ការ​ការពារ​បរិស្ថាន​នៅ​ឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ ការទៅសិក្សាពីការការពារខ្លួន និងការ​ចូលរួម​ដាំ​ដើម​ឈើ​នៅ​តំបន់​ត្រពាំងសង្កែ ជាដើម។ឯកឧត្តមលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ គឺផ្ដល់ផលប្រយោជន៍សម្រាប់កម្ពុជា។ ផល​ប្រយោជន៍ទី១ គឺសម្រាប់យុវជនកម្ពុជាក្នុងការបង្កើតទំនាក់ទំនង ក៏ដូច​ជា​ការ​បង្ហាញ​មក​ពី​សមាជិក​អាស៊ាន ឃើញច្បាស់ពីការរីកចំរើន របស់កម្ពុជា។ ពួកគេទាំងនោះ នឹងអាច​ផ្សព្វផ្សាយ​បន្ត​ពីកម្ពុជា នៅពេលត្រឡប់ទៅប្រទេសកំណើតរៀងខ្លួនវិញ៕ អត្ថបទ៖ គឹម ហុក

មន្រី្តជំនាញ ចុះកំណត់យកអ្នកមានជំនាញពីដូនតា និងមានស្នាដៃ ផ្នែកចម្លាក់ប្រាក់-ស្ពាន់ ឱ្យក្លាយទៅជាមរតកមនុស្សរស់ នៅឃុំកោះចិន

2024/01/10 02:28:14 pm        268
មន្រី្តជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា (ហៅកាត់UTM) ដើម្បីកំណត់យកតំបន់មានសក្តានុពលផ្នែក​ចម្លាក់ប្រាក់-ស្ពាន់ និងអ្នកមានចំណេះជំនាញពីដូនតា និងមានស្នាដៃល្អ ក្លាយទៅជាមរតកមនុស្សរស់ នៅឃុំកោះចិន ក្នុងស្រុកពញាឮ ខេត្តកណ្តាល។លោក អាន សុធា ប្រធានការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងផែនការ នៃការិយាល័យ ដែលដឹកនាំដោយលោកស្រី មួង សារឹម ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ក្នុងឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំបានចង្អុលបង្ហាញដល់មន្រី្តជំនាញចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា(ហៅកាត់UTM) ដើម្បីកំណត់យកនូវព័ត៌មានអ្នកផលិត ប្រជាពលរដ្ឋ អាជីវករ និងសិល្បករ មានស្នាដៃផលិតចម្លាក់ប្រាក់-ស្ពាន់នៅឃុំកោះចិន ដែលជាតំបន់ប្រវតិ្តសាស្រ្ត ឲ្យមានលទ្ធផលជាក់លាក់ ដើម្បីងាយស្រួល ដល់អ្នកសិក្សាស្រាវជ្រាវ ឬសាធារណជន ដែលមានបំណងចង់ស្វែងរកទីតាំងម្ចាស់អាជីវកម្មផ្នែកចម្លាក់ប្រាក់-ស្ពាន់ គឺគ្រាន់តែទាញយកទូរស័ព្ទដៃ រួចវាយអក្សរ UTM នោះ នឹងរកទីតាំងឃើញ (តើអ្នកនោះឈ្មោះអ្វី និងផលិតចម្លាក់ប្រាក់-ស្ពាន់)។ ពិសេសយើងចងក្រងសៀវភៅមគ្គុទេសក៍នេះ ក៏ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យដឹងថា កម្ពុជា មានតំបន់តែមួយគត់​សម្រាប់​ខេត្តកណ្តាល គឺស្រុកពញាឮ មានចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិត និងឲ្យក្លាយទៅជាតំបន់​ទេសចរមួយ សម្រាប់ពិភពលោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ចូលរួមលើកកម្ពស់វិស័យ​សិល្បៈចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិតនេះ ឲ្យកាន់តែរីកចម្រើន។លោក អាន សុធា បានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រី្តជំនាញទាំងអស់នេះ គឺដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណតិ្តទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ដោយមិនចាំបាច់គ្រូពីសាលានោះទេ។ ដោយសារគាត់ គឺជាគ្រូនៅតាមតំបន់នីមួយៗដែលមានចំណេះជំនាញស្រាប់ នឹងចែករំលែកហ្វឹកហាត់សិស្សបន្តបន្ទាប់បន្ថែមទៀត ឲ្យសិស្សមានចំណេះដឹង និងមានសក្តានុពលផ្នែកចម្លាក់ប្រាក់-ស្ពាន់ ដើម្បីចូលរួមថែរក្សា និងអភិរក្សចំណេះជំនាញដូនតានេះ៕អត្ថបទ រដ្ឋា

រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន ជំរុញការបង្កើតនូវអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ក្នុងពេលឆាប់ៗខាងមុខ

2024/01/10 02:21:28 pm        115
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញារួមគ្នា​នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជា​ពិសេស​ជំរុញ​ឱ្យមានការបង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប្រទេសទំាងពីរ នាពេលខាងមុខ ឆាប់ៗនេះ ក្នុងការបម្រើ​ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទំាងពីរ។ ការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវ អនុស្សរណៈយោគយល់គ្នា (MOUs) រវាង​រដ្ឋសភា​ប្រទេស​ទំាង​ពីរនេះ បានធ្វើឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួល​ជួប​ពិភាក្សា​ការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ​២០២៤​នេះ នៅវិមានរដ្ឋសភា។នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអបអរសាទរការបោះឆ្នោតដោយសេរី យុត្តិធម៌ និង​គ្មានអំពើហិង្សានៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយ ដែល​បាន​ធ្វើ​ជា​សាក្សី​នៅក្នុងការបោះឆ្នោតជាសកល កាលពីខែកក្កដា ដោយបាន​បញ្ជូន​ឥស្សរជន​សំខាន់ៗ​របស់​ខ្លួន មកសង្កេតការណ៍ជាច្រើននាក់។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត ជាប់ជាប្រធានរដ្ឋសភានីតិកាលទី៧ ជាស្រ្តីដំបូងនៅ​កម្ពុជា​ដែល​ទទួល​បាន​តួនាទី​ដ៏​ឧត្តុង្គឧត្តមនេះនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅ​ក្នុង​កុម្ភៈ​ខាង​មុខ​នេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពី​ការ​បោះឆ្នោត​បង្កើត​រដ្ឋសភា​ថ្មី​ហើយ​នោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាងរដ្ឋសភាប៉ាគីស្ថាននិងកម្ពុជា ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគី និង​ពហុភាគី​។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និង​បាន​គូស​បញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ សកម្ម និង​គ្រប់​ជ្រុង​ជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ សម្តេចបានលើកឡើងថា កិច្ច​សហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទំាងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា និងប៉ាគីស្ថាននោះទេ តែនឹង​បម្រើ​ដល់​ផល​ប្រយោជន៍​រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់និងសកលោកទំាងមូល។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សភាប៉ាគីស្ថាន នៅ​លើ​វេទិកា​អន្តរសភានានា ក្នុងបុព្វសន្តិភាពនិងមនុស្សធម៌ ជាពិសេស​គណៈប្រតិភូ​រដ្ឋ​សភា​ប៉ាគី​ស្ថាន​តែង​តែមានវត្តមាន ចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាត វេទិកាអន្តរសភា ដែល​រដ្ឋសភា​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះនាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា សភាទាំង​ពីរ​ប្រទេស​បាន​បន្ត​ការ​គាំទ្រ​គ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែល​បាន​គំាទ្រ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជានិងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា ក៏បានស្នើ​ដល់​ប៉ាគីស្ថាន​ពិនិត្យ​លទ្ធភាព​នៅ​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ជំរុញ​ការ​បង្កើត​ជើង​ហោះហើរត្រង់រវាងប្រទេសទំាងពីរ និងការភ្ជាប់​ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ទេសចរណ៍ជាដើម។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន មានសុទិដ្ឋិនិយមថា​នៅ​ពេល​ស្ថាន​ទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថានបានបង្កើតជាផ្លូវការនោះ ការពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យរវាងប្រទេសទំាងពីរកាន់តែរីកចម្រើន មានការ​លូត​លាស់​បាន​ឆាប់​រហ័ស​។ ទាក់ទងការធ្វើពាណិជ្ជកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា បច្ចុប្បន្ន​នេះ ស្ថានទូតប៉ាគីស្ថាននៅភ្នំពេញ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយ នឹងចេញ​ជា​រូប​រាង​នៅ​ពេលឆាប់ៗ ខាងមុខនេះដែរ។ ជាចុងបញ្ចប់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បាន​ជូនពរឱ្យការបោះឆ្នោតនៅប៉ាគីស្ថាន ទទួលបានជោគជ័យ ផងដែរ៕

ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាពនៃសាកលវិទ្យាល័យកូឡុំប៊ី មានឆន្ទៈដ៏មុតមាំ និងត្រៀមខ្លួនជួយប្រទេសកម្ពុជា

2024/01/10 02:15:49 pm        97
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក ។ លោកសាស្ត្រាចារ្យ បានគោរពជម្រាបជូន សម្តេចធិបតីថា លោកសាស្រ្តាចារ្យ មានឆន្ទៈដ៏មុតមាំ និង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និង​បទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ជាដើម ។ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោកសាស្រ្តាចារ្យ នៅព្រះរាជាណាចក្រ​កម្ពុជា លោកសាស្រ្តាចារ្យ បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» ដែលនឹងរៀបចំ​ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី (គ.ស.វ.) នៅ​ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ ៤០០នាក់។ ជាការឆ្លើយតបសម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសកម្ពុជា និង បានថ្លែង​អំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស ក្នុង​សិក្ខាសាលាខាងលើ ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និង មន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម និង បានពិភាក្សាដោយផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ។ ជាទីបញ្ចប់សម្តេចធិបតី បានជូនពរលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា បំពេញ​ទស្សនកិច្ចនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និង ផ្លែផ្កា និង ធ្វើដំណើរមាតុភូមិនិវត្តន៍​ដោយសុខសុវត្ថិភាព៕

សម្ដេចធិបតីអរគុណឯកអគ្គរាជទូតថៃ ចំពោះការបេ្តជ្ញាចិត្តជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2024/01/10 02:08:11 pm        91
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តមឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការ​ជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ ទនឹ្ទមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និង​រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ​ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្ដម ឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ ​និងលូតលាស់បន្ថែមទៀត។ សម្តេចធិបតី ​ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យ​សក្តានុពលជាច្រើន​ រួមមាន​ជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម ៕

លោកហ្សេឡិនស្គី ពិភាក្សាអំពីការបិទព្រំដែន និងការធានាសន្តិសុខជាមួយប្រធានាធិបតីប៉ូឡូញ

2024/01/10 01:00:05 pm        119
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃអង្គារ ទី៩ ខែមករា។លោកហ្សេឡិនស្គី បានសម្តែងការដឹងគុណចំពោះប្រទេសប៉ូឡូញសម្រាប់ការគាំទ្ររបស់ខ្លួនក្នុងការបើកការចរចាស្តីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប។ លោកប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយរបស់សហភាពអឺរ៉ុបសម្រាប់ទីក្រុងគីវ ផងដែរ។មេដឹកនាំទាំងពីរ ក៏បានពិភាក្សាលើបញ្ហាទ្វេភាគីផងដែរ។ ព្រំដែនរួមរបស់យើង គួរតែជាព្រំដែនអឺរ៉ុបពិតប្រាកដ គឺព្រំដែននៃឯកភាព។ លោកហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តីដោយការិយាល័យប្រធានាធិបតីថា មិនគួរមានព្រំដែនរវាងប្រជាជនរបស់យើងទេ ទោះបីជាការិយាល័យនេះ មិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។ប្រធានាធិបតីទាំងពីររូប ក៏បានពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាពេលខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងការចូលជាសមាជិករបស់ប៉ូឡូញចំពោះសេចក្តីប្រកាសរួមរបស់ក្រុមមេដឹកនាំG7ស្តីពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន។លោកហ្សេឡិនស្គី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Duda សម្រាប់ការគាំទ្ររូបមន្តសន្តិភាព និងការចូលរួមរបស់អ្នកតំណាងប៉ូឡូញ នៅក្នុងកិច្ចប្រជុំនា ពេលខាងមុខ នៅកម្រិតទីប្រឹក្សារបស់មេដឹកនាំរដ្ឋនៅទីក្រុងDavos ប្រទេសស្វ៊ីស។

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូងសង្ឃឹមថា នឹងបញ្ចប់ «នយោបាយស្អប់ខ្ពើម» បន្ទាប់ពីការវាយប្រហារ

2024/01/10 12:54:54 pm        111
មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយកាលពីថ្ងៃពុធ (ទី១០ មករា) នេះថា លោកសង្ឃឹមថា ការវាយប្រហារដោយចាក់ដែលលោកបានទទួលរង អាចបង្ហាញពីការបញ្ចប់នៃ «នយោបាយស្អប់ខ្ពើម» នៅក្នុងប្រទេសនេះ។លោកកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលលោកបានជាសះស្បើយ តាំងពីការវាយប្រហារកាលពីសប្តាហ៍មុន នៅក្នុងទីក្រុងប៊ូសានភាគខាងត្បូង។លោក Lee ដែលបានថ្លែងអំណរគុណបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ និងបានប្តេជ្ញាបម្រើប្រទេសរបស់ខ្លួន បាននិយាយថា៖«ខ្ញុំសង្ឃឹមថា ករណីនេះដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល អាចដើរតួជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីបញ្ចប់នយោបាយនៃការស្អប់ និងការប្រឈមមុខដាក់គ្នា និងស្តារនយោបាយត្រឹមត្រូវឡើងវិញ»។ការវាយប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយថា ជា «អំពើភេរវកម្ម» និងជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យដោយប្រធានាធិបតីលោក Yoon Suk Yeol និងអ្នកនយោបាយមកពីទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។នគរបាល គ្រោងនឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើការវាយប្រហារនៅល្ងាចថ្ងៃពុធនេះ។ មុននេះ ជនជាប់ចោទបានប្រាប់អ្នកយកព័ត៌មានថា ខ្លួនមានការសោកស្តាយចំពោះការលទ្ធផលកើតចេញពីការវាយប្រហារនេះ ខណៈដែលខ្លួន កំពុងចាកចេញពីប៉ុស្តិ៍នគរបាល។សមាជិកបីនាក់នៃគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំ បានប្រកាសថា ពួកគេនឹងចាកចេញពីគណបក្ស ដោយលើកឡើងពីការមិនចុះសម្រុងគ្នាលើការដឹកនាំរបស់លោក Lee ខណៈពេលដែលជូនពរគាត់ឲ្យឆាប់ជាសះស្បើយ៕

ម៉ាឡេស៊ីគ្រោងនឹងសម្រេចលើការស្នើសុំរបស់អតីតនាយករដ្ឋមន្ត្រី លោក Najib ដើម្បីឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រ

2024/01/10 12:52:43 pm        88
ក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ីដែលដឹកនាំដោយព្រះមហាក្សត្រ គ្រោងនឹងកំណត់ក្នុងពេលឆាប់ៗនេះថា តើត្រូវផ្តល់ព្រះរាជលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ សម្រាប់ការកាត់ទោសពាក់ព័ន្ធនឹងបញ្ហា 1Malaysia Development Bhd (1MDB) ជាការសម្រេច ដែលអាចមានផលប៉ះពាល់ផ្នែកនយោបាយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim និងរបបរាជានិយមរបស់ប្រទេស។ការស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រជាលើកដំបូងរបស់លោក Najib បានកើតឡើងនៅចំពោះមុខក្រុមប្រឹក្សាលើកលែងទោស ក្នុងកិច្ចប្រជុំមួយក្នុងខែធ្នូ ប៉ុន្តែបញ្ហានេះត្រូវបានពន្យារពេលទៅសម័យប្រជុំក្នុងខែនេះ ដែលឥឡូវនេះត្រូវបានកំណត់នៅសប្តាហ៍ទី៣ នៃខែមករា និងដែលទំនងជានឹងឃើញការសម្រេច ត្រូវបានធ្វើឡើង។នៅក្នុងកិច្ចប្រជុំ ដែលមានការយាងចូលរួមពីព្រះមហាក្សត្រ Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah និងពីលោក Anwar ផងដែរនោះ ស្ថាប័នដែលមានសមាជិក ៦រូប បានសម្រេចថា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិភាក្សាលើបញ្ហានេះ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលបាននិយាយទៅកាន់សារព័ត៌មាន CNA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។កិច្ចប្រជុំដ៏សំខាន់ ក្នុងខែនេះ នឹងក្លាយជាកិច្ចការផ្លូវការចុងក្រោយរបស់ព្រះមហាក្សត្រ Sultan Abdullah Ri’ayatuddin មុនពេលទ្រង់ចុះពីរាជបល្ល័ង្ក នៅថ្ងៃទី៣១ ខែមករា ហើយប្រគល់រាជ្យសម្បត្តិដល់ព្រះមហាក្សត្រ Sultan Ibrahim Sultan Iskandar ក្រោមប្រព័ន្ធបង្វិលគ្រងរាជ្យប្ដូរវេនរបស់ប្រទេស។នៅពេលទាក់ទងដោយសារព័ត៌មាន CNA មេធាវីលោក Shafee Abdullah ដែលដឹកនាំក្រុមមេធាវីការពារក្តីឲ្យលោក Najib បានបដិសេធការអត្ថាធិប្បាយដោយហេតុផលថា លោកមិនចង់ធ្វើឲ្យស្មុគស្មាញដល់ដំណើរការលើកលែងទោស៕

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មីចេញ-ចូលប្រទេស នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

2024/01/10 11:38:25 am        67
បន្ទាយមានជ័យ៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃព្រឹកទី១០ ខែមករា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល ដើម្បីកាត់បន្ថយការកក់ស្ទះអ្នកដំណើរចេញ-ចូលប្រទេស នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ក្នុងនោះ ប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល។ក្នុងពិធីសំណេះសំណាលនោះឯកឧត្តមសន្តិបណ្ឌិត បានផ្តាំផ្ញើ​ដល់មន្រ្តីអន្តោប្រវេសន៍​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុងការបំរើសេវា​សាធារណៈជូនភ្ញៀវជាតិ ​អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាល​ជាតិ​ និងអនុវត្តតាមជំនាញរបស់ខ្លួនឲ្យមានប្រសិទ្ធភាពដែលថ្នាក់ដឹកនាំប្រគល់ជូន។ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ក៏បានសួរសុខទុក្ខផ្តាំផ្ញើដល់កម្លាំងប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត។សូមបញ្ជាក់ថា ក្នុងឱកាសចុះពិនិត្យនោះ ​ក៏មានមានវត្តមានអមដំណើរអគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានច្រកទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។ 

បារាំងរើសនាយករដ្ឋមន្រ្តីថ្មីមានវ័យក្មេងបំផុត ខណៈលោកម៉ាក្រុង ចាប់ផ្ដើមកំណត់នយោបាយឡើងវិញ

2024/01/10 11:00:57 am        133
ប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថា លោកប្រធានាធិបតី អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានតែងតាំងរដ្ឋមន្ត្រីក្រសួងអប់រំវ័យ ៣៤ឆ្នាំ លោក ហ្កាប្រ៊ីអ៊ែល អាតតាល់ (Gabriel Attal) ជានាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ (៩ មករា) ខណៈដែលប្រធានាធិបតីបារាំងរូបនេះព្យាយាមដកដង្ហើមជីវិតថ្មីនៅក្នុងអាណត្តិទីពីររបស់លោកមុនពេលការបោះឆ្នោតសភាអឺរ៉ុប។ការផ្លាស់ប្តូរនេះនឹងមិនចាំបាច់នាំទៅរកការផ្លាស់ប្តូរនយោបាយធំណាមួយនោះទេ ប៉ុន្តែជាសញ្ញានៃបំណងប្រាថ្នាមួយសម្រាប់លោក ម៉ាក្រុង ដើម្បីព្យាយាមផ្លាស់ប្តូរលើសពីកំណែទម្រង់សោធននិវត្តន៍ និងអន្តោប្រវេសន៍ដែលមិនពេញនិយមកាលពីឆ្នាំមុន និងធ្វើអោយប្រសើរឡើងនូវឱកាសរបស់គណបក្សកណ្តាលនិយមរបស់ខ្លួននៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុបនៅខែមិថុនា ខាងមុខនេះ។វិទ្យុ RTL និងទូរទស្សន៍ BFM បាននិយាយ លោក អាតតាល់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ម៉ាក្រុង និងបានក្លាយជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នឹងជំនួសតំណែងអតីតនាយករដ្ឋមន្រ្តី លោកស្រី អេលីហ៊្សាបេត បន (Elisabeth Borne) ដែលត្រូវចាកចេញពីតំណែង។ដោយជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតមួយរូបរបស់ប្រទេសក្នុងការស្ទង់មតិនាពេលថ្មីៗនេះ លោក អាតតាល់ ទទួលបានកេរ្ដិ៍ឈ្មោះថាជារដ្ឋមន្ត្រីដែលចេះដឹង និងងាយស្រួលចេញតាមកម្មវិធីវិទ្យុ និងក្នុងសភា។ លោកអាតតាល់ នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់បារាំង និងជានាយករដ្ឋមន្ត្រីស្រលាញ់ភេទដូចគ្នាដោយបើកចំហដំបូងគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
09/11/2025 10:09 PM
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)
09/11/2025 10:09 PM
អង្គការណាសារកឃើញភ័ស្តុតាងដែលអាចបញ្ជាក់ពីជីវិតបុរាណផុតពូជនៅលើភពព្រះអង្គារ
09/11/2025 09:09 PM
ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ
09/11/2025 09:09 PM
បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir
09/11/2025 09:09 PM
ការអប់រំផ្តល់ជាខ្សែជីវិតថ្មីសម្រាប់ក្មេងៗជនភៀសខ្លួនហ្កាហ្សានៅប្រទេសអារ៉ាប់រួម
09/11/2025 09:09 PM
បារាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល
09/11/2025 09:09 PM
មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
09/11/2025 08:09 PM
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
09/11/2025 08:09 PM
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
09/11/2025 08:09 PM