គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ»

2024/01/09 10:51:40 am        134
សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនដែលមានយុទ្ធសាស្រ្ដចតុកោណ រហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យចំពោះការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់ការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ តួអង្គ ៥ បានជំរុញឱ្យកំណែទម្រង់ការប្រឡងបាក់ឌុបទទួលបានជោគជ័យ

2024/01/09 10:46:25 am        91
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកបង្ហាញតួអង្គចំនួន ៥ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។សម្ដេចធិបតី មានប្រសាសន៍ថា បេក្ខជនជាប់និទ្ទេស A ទាំងអស់ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន ៥ ក្នុងនោះទី១ សិស្សានុសិស្សខ្លួនឯងផ្ទាល់ ទី២ ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ទី៣ ការជួយជ្រោមជ្រែងពីមាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់ ទី៤ ការយកចិត្តទុកដាក់របស់ ក្រសួងអប់រំ យុវជន និង កីឡា និង ទី៥ ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាព ដល់សិស្សានុសិស្សនៅមុនការប្រឡង ដើម្បីជួយក្មួយៗសិស្សានុសិស្ស ទទួលបានលទ្ធផលល្អក្នុងការសិក្សា និង ការប្រឡង ដោយជោគជ័យ រហូតទទួលបានជ័យលាភីនិទ្ទេស A នេះផងដែរ។ សូមជម្រាបថា សិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក រួមមាននៅឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A មានចំនួន ១១ នាក់,ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចួន ១០៨ នាក់, ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥ នាក់, ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤ នាក់, ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស A ២៩០ នាក់, ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣ នាក់, ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៧៥៣ នាក់, ឆ្នាំ២០២២ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ០៤៩ នាក់, ឆ្នាំ២០២៣ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៦៧៣នាក់៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការអប់រំ និងបង្កើតធនធានមនុស្សជាអាទិភាព

2024/01/09 10:41:16 am        310
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់។ ជាក់ស្តែងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលនេះចំនួនសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងជាលំដាប់ ក្រោមទិសស្លោក «អ្នកចេះ គឺជាប់»។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន ១៨ នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង ២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។សម្ដេចធិបតីថ្លែងថា លទ្ធផលសិស្សនិទ្ទេសA ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗផ្ទាល់ និងក៏ស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ដែលបង្រៀនក្នុងប្រព័ន្ធអប់រំរបស់កម្ពុជាផងដែរ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ដើម្បីកម្ពុជាអាចអភិវឌ្ឍន៍ទៅបាន គឺត្រូវការធនធានមនុស្ស ហើយចំនុចអាទិភាពនេះ ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានចាត់ទុក « ការអភិវឌ្ឍមូលធនមនុស្ស» គឺជាបញ្ចកោណទី១ ដ៏មានសារៈសំខាន់។ ក្នុងនោះ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អសម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បូជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជនមេដឹកនាំបក្សកាន់អំណាចកោះតៃវ៉ាន់ នឹងរក្សាស្ថានភាពដដែលជាមួយចិន

2024/01/09 10:35:02 am        106
បេក្ខជនមេដឹកនាំនៃបក្សកាន់អំណាចរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) បាននិយាយនៅថ្ងៃអង្គារ (០៩ មករា) នេះថាលោកនឹងរក្សាស្ថានភាពដដែលជាមួយចិន ប្រសិនបើជាប់ឆ្នោត ហើយនៅតែបើកចំហរសម្រាប់ការចូលរួមជាមួយទីក្រុងប៉េកាំង ក្រោមគោលការណ៍សមភាព និងសេចក្តីថ្លៃថ្នូរ។កោះតៃវ៉ាន់ នឹងធ្វើការបោះឆ្នោតនៅថ្ងៃសៅរ៍ (១៣ មករា) ខាងមុខនេះសម្រាប់មេដឹកនាំ និងសភាថ្មីនៅក្នុងការបោះឆ្នោតមួយ ដោយប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ទីក្រុងតៃប៉ិក៏ដោយ បាននិយាយថាជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។ទោះបីជាយ៉ាងនេះក្តី លោក ឡៃ បានសន្យាថានឹងព្យាយាមចូលរួមជាមួយប្រទេសចិន ដោយលើកឡើងថា ការសន្ទនាអាចកាត់បន្ថយហានិភ័យឆ្លងច្រកសមុទ្រ ហើយថាការអភិវឌ្ឍន៍ដោយសន្តិវិធីគឺជាផលប្រយោជន៍ល្អបំផុតរបស់ភាគីទាំងពីរ។ លោក ឡៃ ក៏បាននិយាយផងដែរថា ប្រសិនបើជាប់ឆ្នោត កោះតៃវ៉ាន់នឹងបន្តពង្រឹងការការពារខ្លួន ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០មក កងទ័ពរំដោះប្រជាជនចិនបានបង្កើនសមយុទ្ធយោធានៅជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ កោះតៃវ៉ាន់បានលើកឡើងពីសម្ពាធយោធា និងសេដ្ឋកិច្ច ព្រមទាំងព័ត៌មានក្លែងក្លាយពីប្រទេសចិន ជាភស្តុតាងនៃការប៉ុនប៉ងរបស់ខ្លួនក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ហើយបាននិយាយថា តៃវ៉ាន់កំពុងចងក្រងជាឯកសារ ហើយនឹងបោះពុម្ពផ្សាយការវិភាគរបស់ខ្លួនភ្លាមៗលើបញ្ហានេះបន្ទាប់ពីការបោះឆ្នោត៕

ហ្ស៊កដានី៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល មិនត្រូវអនុញ្ញាតឲ្យអូសទាញតំបន់ចូលទៅក្នុងសង្រ្គាមកាន់តែធំនោះទេ

2024/01/09 10:22:10 am        131
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយកាលពីថ្ងៃចន្ទថា វាគឺរឿងមិនអាចទទួលយកបានទេ ដែលសហគមន៍អន្តរជាតិ គួរតែអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) អូសទាញតំបន់មជ្ឈិមបូព៌ា ចូលទៅក្នុងសង្រ្គាមក្នុងតំបន់ កាន់តែធំឡើងនោះទេ។នៅក្នុងការអធិប្បាយដែលបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Safadi ត្រូវបានដកស្រង់សម្តីដោយប្រាប់សមភាគីបារាំងរបស់ខ្លួន លោកស្រី Catherine Colonna ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ថា គ្រោះថ្នាក់នៃការរីករាលដាលនៃសង្រ្គាម គឺ «កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ» ជាមួយអ៊ីស្រាអែលដែលបន្តធ្វើឲ្យ «មនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា»។លោក Safadi បានបន្ថែមថា រដ្ឋាភិបាលចម្រុះជាតិនិយមស្តាំនិយម ដែលកំពុងកាន់អំណាចរបស់លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមធ្វើឲ្យលោកខាងលិចពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្រ្គាមក្នុងតំបន់ ដែលនឹងគ្រាន់តែ «ធ្វើឲ្យតំបន់នេះ ទៅជាជម្លោះ និងការបំផ្លិចបំផ្លាញបន្ថែមទៀត»។លោក Safadi បាននិយាយថា៖«ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា បានលើសពីដែនកំណត់របស់មនុស្ស ផ្លូវច្បាប់ និងសីលធម៌ទាំងអស់» ដោយបន្ថែមថា វាលែងមានលេសណាមួយដែលរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីការអនុម័តដំណោះស្រាយជាកាតព្វកិច្ច ដើម្បីបញ្ចប់សង្រ្គាមនេះ។

លោកសូល ជំរុញឲ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនពីសមាជិកសហភាពអឺរ៉ុប

2024/01/09 10:15:37 am        172
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានជំរុញឲ្យសមាជិកសហភាពអឺរ៉ុបផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី។លោកសូល បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីលុចសំបួ លោក Luc Frieden នៅទីក្រុងប៊ែរឡាំងថា៖«ការប្រគល់អាវុធទៅឲ្យអ៊ុយក្រែនដែលបានគ្រោងទុក រហូតមកទល់ពេលនេះដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើន គឺតិចតួចពេក ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងសហភាពអឺរ៉ុបឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងនាមអ៊ុយក្រែន។មេដឹកនាំអាល្លឺម៉ង់រូបនេះ បាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែកុម្ភៈ នៅចុងក្រោយនេះ សមាជិកសហភាពអឺរ៉ុប គួរតែអាចផ្តល់ទិដ្ឋភាពទូទៅឲ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបានអំពីការចូលរួមចំណែកអ្វីខ្លះដែលដៃគូអឺរ៉ុប គ្រោងនឹងធ្វើសម្រាប់គាំទ្រអ៊ុយក្រែន នៅឆ្នាំនេះ។លោកសូល បានអះអាងថា៖ «អឺរ៉ុបត្រូវតែបង្ហាញថា ខ្លួនឈរនៅកៀកជាមួយអ៊ុយក្រែន ដោយផ្អែកលើសេរីភាព ច្បាប់អន្តរជាតិ និងគុណតម្លៃរបស់អឺរ៉ុប»។ប្រទេសរុស្ស៊ី បានធ្វើសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែន អស់រយៈពេលជាង ២២ខែ។លោកសូល បាននិយាយទៀតថា បច្ចុប្បន្នអាល្លឺម៉ង់ជាប្រទេសគាំទ្រអ៊ុយក្រែនខ្លាំងបំផុតទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំនេះតែមួយគត់ ការផ្គត់ផ្គង់ត្រូវបានធ្វើឡើង ដើម្បីផ្តល់អាវុធ និងសម្ភារៈដែលមានតម្លៃ ៨ពាន់លានអឺរ៉ូ។ ទីក្រុងប៊ែរឡាំង ក៏កំពុងផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារផងដែរ។

សម្តេចធិបតី ចាត់ទុកការប្រឡងសញ្ញាបត្រទុតិយភូមិជាវប្បធម៌ថ្មីដ៏មានតម្លៃ ខណៈគ្មានការអន្តរាគមន៍

2024/01/09 09:40:53 am        143
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកភាពខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។ក្នុងវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន១៦៩១នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា បទពិសោធន៍នៃការប្រឡងបាក់ឌុប គឺបានបង្កើតវប្បធម៌ និងផ្នត់គំនិតឱ្យមានជំនឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃ ហើយក៏ជាវប្បធម៌ដ៏មានតម្លៃ និងត្រូវធ្វើបន្តទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់នាពេលនេះ គឺមិនមែនជាការធ្វើបដិវត្តន៍នោះទេ តែជាការសម្រួចនៃ គោលនយោបាយឱ្យកាន់​តែមុតស្រួចថែម​ទៀតឲ្យស្រប ទៅតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ក្នុងរដ្ឋសភា។ មួយវិញទៀតតាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិនាពេលកន្លងមក ​ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជន​ប្រឡង​មានមោទនភាពយ៉ាងច្រើន ​ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានលើកឡើងទៀតថា ការធ្វើកំណែទម្រង់ នេះមិនមែនជាការចៃដន់នោះទេ​ គឺវាបានធ្វើឲ្យវិស័យអប់រំកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្លាំង ជាក់ស្តែង ដូចសិស្សានុសិស្សដែលប្រឡងនូវសញ្ញាបត្រទុតិយភូមិយ៉ាងដូច្នេះដែរ ដោយកាល​ពីឆ្នាំ២០១៤ កន្លងទៅមានត្រឹមតែ១១នាក់ប៉ុណ្ណោះដែលជាប់និទ្ទេសA ប៉ុន្តែ១០ឆ្នាំក្រោយ ពោលគឺឆ្នាំ២០២៣នេះ បានធ្វើឲ្យក្មួយៗប្រឡងជាប់និទ្ទេសAរហូតដល់ជិត១៧០០នាក់៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

2024/01/09 09:04:32 am        443
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា តាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា សម្ដេចកំពុងធ្វើដំណើរតាមយន្តហោះទៅពិនិត្យ​កែវភ្នែក​សិប្បនិម្មិត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលអមដំណើរដោយកូន ៤នាក់ និងចៅម្នាក់ (ចៅយ៉ាយ៉ា)។https://vt.tiktok.com/ZSNcEXc6N

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់

2024/01/09 08:38:12 am        347
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី៩ ខែមករា ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី“សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣ ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបានលទ្ធផលល្អ សូមកុំបោះបង់ចោល គប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា។-សម្តេចធិបតី បានថ្លែងថា ខណៈក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ និងអាណាព្យាបាល របស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជនប្រឡងមានមោទកភាពយ៉ាងច្រើន ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការកសាងមូលធនមនុស្សគឺជាកត្តាចម្បង និងចាំបាច់បំផុត ខណៈមូលធនមនុស្សនេះ គឺជាមុំទី១ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចតុស្តម្ភទាំងបួនសំខាន់ៗ សម្រាប់ការអប់រំ គឺដើម្បីចេះដឹងដោយគ្រប់ជ្រុងជ្រោយច្បាស់លាស់ ដើម្បីមានចំណេះធ្វើ ដើម្បីជាពលរដ្ឋល្អ និងដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនាជាដើម។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌ដែលបង្កើតឡើងនៅក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ បានផ្លាស់ប្ដូរវប្បធម៌អន្តរាគមន៍របស់ឪពុកម្ដាយ អាណាព្យាបាល មករួមគ្នាខិតខំជំរុញឱ្យកូន និងសិស្ស ធ្វើការប្រឡងដោយយុត្តិធម៌ និងការទទួលខុសត្រូវរៀងៗខ្លួន និងជំនួសនូវមនោសញ្ចេតនាជាលក្ខណចង្អៀត និងធំទូលាយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖«ឱ្យតែដល់ពេលប្រឡង ខ្ញុំឃើញមានសារនេះ សារនោះផ្ញើមកជាច្រើនតាមតេឡេក្រាម ប៉ុន្ដែខ្ញុំបានជូនពរទៅវិញឱ្យខិតខំរៀន និងឱ្យប្រឡងជាប់»។-សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុន មានយុទ្ធសាស្រ្ដចតុកោណរហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចបានចារឯកភាពឱ្យក្រសួង ស្ថាប័នចំនួន៥ ជ្រើសរើសមន្រ្ដីបន្ថែម តាមរយៈការប្រឡង។ ការអនុវត្តនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់មន្រ្ដីរាជការ។-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញដែលខ្លួនជ្រើសរើស ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ជំនាញណាក៏ល្អដែរ ប៉ុន្ដែត្រូវរៀនជំនាញណាមួយឱ្យប្រាកដ នោះយើងអាចអភិវឌ្ឍន៍ខ្លួនឯងបានហើយ»។-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តស្វែងរក និងបង្កើនការស្វែងរកអាហារូបករណ៍នៅក្រៅប្រទេសសម្រាប់សិស្សប្រឡងចេញទៅសិស្សានៅក្រៅប្រទេសបន្ថែមទៀត។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យាល័យនានាផងដែរ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សប្រឡងបាក់ឌុបឆ្នាំនេះ ជាពិសេសដល់សិស្សនិទ្ទេស A។

វិមានឈ្នះ ឈ្នះ បានក្លាយជាមជ្ឈមណ្ឌលនៃការសិក្សាយ៉ាងគគ្រឹកគគ្រេង ពីសំណាក់សិស្សានុសិស្សទាក់ទងដំណើរការសន្តិភាពនៅកម្ពុជា

2024/01/09 08:09:35 am        237
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានាក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ បានថ្លែងថា វិមានឈ្នះ ឈ្នះ បានក្លាយជាមជ្ឈមណ្ឌលដ៏ធំមួយនៃការសិក្សាស្រាវជ្រាវយ៉ាង​គគ្រឹកគគ្រេង​ពីសំណាក់សិស្សានុសិស្ស ប្រតិភូជាតិ និងអន្តរជាតិ ទាក់ទងនឹងដំណើរការ​សន្តិភាព​ពេញលេញរបស់កម្ពុជា ក្រោយនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា។ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ គឺបន្ទាប់ពីមើលឃើញសិស្សានុសិស្ស ប្រតិភូ ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានមកទស្សនា សិក្សាស្វែងយល់​អំពីអត្ថន័យនៃ ការសាងសង់វិមានឈ្នះ ឈ្នះ ដែលស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ។នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា«វិមានឈ្នះ ឈ្នះ បានក្លាយទៅជាមជ្ឈមណ្ឌល ការ សិក្សា និងទស្សនាប្រកបដោយភាព​សន្ធោសន្ធៅ និង​គគ្រឹកគគ្រេង បង្ហាញនូវតឹកតាង អំណាស់អំណាងពិតប្រាកដជាក់លាក់ នៃសច្ចភាពតថភាពពិតប្រាកដពីប្រវត្តិសាស្រ្ត ដំណើរជាតិកម្ពុជា។ ជាពិសេសក្នុង ការក្លាយមកជាសក្ខីកម្មនៃការបញ្ចប់សង្រ្គាម​ស៊ីវិល​ទទួលបានសន្តិភាព ​និងការឯកភាពជាតិពេញលេញ ​ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ សែន»។សូមបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ​កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវ អត្ថន័យ​ដ៏មានសារសំខាន់ ចំនួន បីរួមមាន៖ ទី ១. កំពូល វិមាន ដែលមានជ្រុងបី តំណាង​ឲ្យនយោបាយគន្លឹះសំខាន់ៗ​ចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត,ទី២.ធានាអាជីព និងមុខរបរ និងទី៣.ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ),ទី ២. តួវិមាន ដែលមាន ជ្រុង ៥ តំណាង ឲ្យ យុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍន៍) ដែលជា យុទ្ធសាស្ដ្ររំលាយអង្គការ ចាត់តាំង នយោបាយ និង យោធា ខ្មែរក្រហម និង សារសំខាន់ ទី ៣.តួវិមាន មានជ្រុងប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ការសាងសង់នូវវិមានឈ្នះ ឈ្នះនេះ ដើម្បីជាតឹកតាង និងផ្ទុកនៅឯកសារប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជា ជាពិសេសគឺភាព​ជាក់ស្តែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចបានបូជា​សាច់ស្រស់ឈាម ស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយបានសង្រ្គោះប្រជាជនកម្ពុជា​ឲ្យរួចផុតពី​វាលពិឃាត​របស់របប កម្ពុជាប្រជាធិបតេយ្យនោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអេក្វាឌ័រ ដឹកនាំ «ការដើរក្បួនដើម្បីសន្តិភាព» នៅក្នុងទីក្រុងមួយក្នុងចំណោមទីក្រុងគ្រោះថ្នាក់បំផុត
09/12/2025 12:09 PM
អនុប្រធានាធិបតីស៊ូដង់ លោក Machar ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងឃាតកម្ម
09/12/2025 12:09 PM
អាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ូទីនៅយេម៉ែន ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
09/12/2025 12:09 PM
កងកម្លាំងអ៊ីស្រាអែល ចាប់ខ្លួនពលរដ្ឋប៉ាឡេស្ទីនជាង១០០នាក់ និងដាក់បម្រាមគោចរនៅ West Bank
09/12/2025 12:09 PM
លោក Trump ជំរុញឱ្យមានការឆ្លើយតបដោយសន្តិវិធីចំពោះឃាតកម្មលើលោក Charlie Kirk
09/12/2025 12:09 PM
ប្រភព៖ អតីតប្រធានយុត្តិធម៌នេប៉ាល់ លោកស្រី Karki ទំនងជាត្រូវតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន
09/12/2025 12:09 PM
ក្រុមប្រឹក្សាសន្តិសុខUN ជួបប្រជុំគ្នាជុំវិញការលុកលុយដោយយានដ្រូនក្នុងប្រទេសប៉ូឡូញ
09/12/2025 11:09 AM
ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នកាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា
09/12/2025 11:09 AM
លោក Zelenskyy ជំរុញឱ្យសម្ព័ន្ធមិត្តគិតឡើងវិញពីខែលការពារដែនអាកាស បន្ទាប់ពីដ្រូនជ្រៀតចូលប៉ូឡូញ
09/12/2025 11:09 AM
នាយករដ្ឋមន្ត្រីកាតា នឹងជួបមន្ត្រីជាន់ខ្ពស់អាមេរិក នៅថ្ងៃសុក្រនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល
09/12/2025 11:09 AM