គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អំពាវនាវឱ្យជំរុញការផលិតយានបាញ់មីស៊ីល

2024/01/05 09:06:12 am        99
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (០៥ មករា) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការជំរុញការផលិតយានបាញ់មីស៊ីលជាច្រើនគ្រឿង ដោយហៅរឿងនេះថាជាកិច្ចការសំខាន់មួយដើម្បីរៀបចំសម្រាប់ «ការប្រយុទ្ធយោធា» ជាមួយសត្រូវ។ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម បានទៅពិនិត្យរោងចក្រផលិតឧបករណ៍ដឹកជញ្ជូនជើងទម្រសម្រាប់បាញ់មីស៊ីល (TEL) និងបាននិយាយថា ការផលិតយានផ្សេងៗសម្រាប់អាវុធតាកទិច និងយុទ្ធសាស្ត្រ គឺជាកិច្ចការសំខាន់ក្នុងការជំរុញការរារាំងសង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាកូរ៉េខាងជើងថ្មីៗនេះបានផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលផ្លោង និងមីស៊ីលសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ដោយជាអាវុធខ្លះដែលរុស្ស៊ីបានបាញ់ចូលទៅក្នុងអ៊ុយក្រែន។ក្នុងអំឡុងពេលកិច្ចប្រជុំគណបក្សដ៏សំខាន់មួយកាលពីសប្តាហ៍មុន លោក គីម បានបញ្ជាឱ្យវិស័យយោធា ឧស្សាហកម្មគ្រាប់បែក និងវិស័យអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន ឱ្យពន្លឿនការរៀបធ្វើសង្រ្គាម ខណៈដែលលោកបាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យកើតមានសង្រ្គាមដោយជៀសមិនរួច៕

ក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ

2024/01/05 09:01:57 am        243
ក្រុមការងារចំពោះកិច្ច ដែល​អញ្ជើញមកពីគ្រប់ភាគី​បានបើកកិច្ចប្រជុំ​ពិភាក្សា​អំពី​តម្លៃសេ​វា​ប្រើប្រាស់​ផ្លូវ​ចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បន្ទាប់ពីមានសំណូមពរ​របស់​អ្នក​ប្រកប​របរដឹកភ្ញៀវទេសចរលើការយកថ្លៃសេវាចេញចូល។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បី​ពិភាក្សា​អំពី​តម្លៃ​សេវា​ប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និងឯកឧត្តមអភិបាលរង​ នៃគណៈអភិបាល​ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោក​ស្រី និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។មន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបាន​រៀប​ចំឡើង​បន្ទាប់​ពី​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើត​ឱ្យ​មាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ដោះស្រាយលើ​តម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ អង្គប្រជុំក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជជែក​ពិភាក្សា​យ៉ាង​ផុលផុស​ និងបាន​សម្រេច​រៀបចំ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថាន​ភាព​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរ នាពេលឆាប់ៗខាងមុខ។មន្ត្រីបន្ថែមថា បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រោង​នឹង​ជួប​ជជែក​ពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលហៅកាត់ថា AIAI សំដៅរួមគ្នា​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​​ដល់បងប្អូនប្រជាពលរដ្ឋ។សូមជម្រាបថា ប៉ុន្មានថ្ងៃមកនេះ មានអ្នកប្រកបរបរដឹកភ្ញៀវទេសចរមួយចំនួន បាន​សម្តែង​អារម្មណ៍​មិន​ពេញចិត្ត ហើយក៏មានមួយចំនួនបានបង្ហោះរូបភាព និងខ្លឹមសារ​ក្នុង​បណ្តាញ​សង្គម​ចំពោះ​ការ​បង់ថ្លៃសេវាចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ២០២៤ គណៈអភិបាលខេត្ដសៀមរាប បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ ក្រោយអ្នក​វិនិយោគ​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប-អង្គរ ប្រកាសយកថ្លៃការធ្វើដំណើរតាមផ្លូវហាយវេនោះ ដែលការ​ពិភាក្សា​នោះ​ធ្វើ​ឡើង​នៅ​សាលាខេត្ដសៀមរាប។លោក លី សំរិទ្ធ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងនាកិច្ចប្រជុំនោះថា ការជួបពិភាក្សាគ្នានោះ គឺ​បា​នឱ្យក្រុមតំណាងអ្នកដឹកភ្ញៀវទេសចរលើកឡើងពីបញ្ហាផ្សេងៗ ដើមី្ប​រដ្ឋបាល​ខេត្ត​ដាក់​ជូន​ទៅ​រាជ​រដ្ឋាភិបាលធ្វើការដោះស្រាយ ព្រោះខេត្តមិនមានសិទ្ធសម្រេចនោះឡើយ។ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា ផ្លូវ​នេះ​ហាយ​វេ​ចេញ​ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺក្រុមហ៊ុនជាអ្នកវិនិយោគ ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅគឺបើកឱ្យប្រើប្រាស់ដោយមិនយកថវិកាទេ ប៉ុន្តែអ្នកដឹកភ្ញៀវ​ចូល​ទៅ​ក្នុង​អាកាស​យានដ្ឋាន​ទើបត្រូវបង់ថវិកា បើមិនចូលអាកាសយានដ្ឋានពុំបានយកថវិកាទេ ដោយសារ​បញ្ជរ​បង់​ប្រាក់​ស្ថិត​ក្នុងទិសដៅចូលអាកាសយានដ្ឋាន។សូមបញ្ជាក់ថា សម្រាប់ផ្លូវចូលអាកាសយានដ្ឋានសៀមរាប-អង្គរនេះ គឺជាផ្លូវហាយវេ តភ្ជាប់​ចាប់​ពី​ផ្លូវ​ជាតិ​លេខ៦ ដល់អាកាសយានដ្ឋាន គឺពុំមានបញ្ជរបង់ថវិកាទេ លុះត្រា​ចូល​ទៅ​ដល់​ចំណត​អាកាស​យានដ្ឋានទើបមានបញ្ជរបង់ថវិកា ហើយប្រជាពលរដ្ឋចូលមិនតម្រូវឱ្យបង់ថវិកាទេ លើក​លែង​តែ​អ្នកប្រកបរបរដឹកភ្ញៀវទើបយកថវិកា ទៅតាមប្រភេទយានយន្ត ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​ត្រូវ​បង់ ៣ដុល្លារ ៤ដុល្លារ ៦ដុល្លារ ៨ដុល្លារ ៩ដុល្លារ ១២ដុល្លារ និង១៦ដុល្លារជាដើម៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរថែមទៀត

2024/01/04 01:58:35 pm        167
រដ្ឋាភិបាលកម្ពុជា និងភាគីឥណ្ឌូនេស៊ី បានឯកភាពគ្នាលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេសនៃប្រទេសទាំងពីរ។ក្រោយចប់ជំនួបការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម សានតូ ដាម៉ូសុម៉ាតូ (Santo Darmosumarto) ឯអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍ដល់ពលរដ្ឋកម្ពុជាលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។ប្រភពដដែលនេះ បានបន្តថា សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះ នឹងក្លាយជាចលករសំខាន់​សម្រាប់​ជួយជ្រោមជ្រែងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែ​ស្អិតរមួត​ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុងនាមប្រទេសបញ្ជូនពលករទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះ ភាគីឥណ្ឌូនេស៊ី ​បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលទាំងមូល ដែលបាន​មើលថែ​ពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា​ដោយគ្មានការរើសអើង។ ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេស​ទទួល ​និងក្នុងនាមជាមិត្តនៅក្នុងតំបន់អាស៊ាន ​ការផ្តល់ការគោរពសិទ្ធិដល់ពលរដ្ឋទូទៅ និង​ជនបរទេសជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឱ្យល្អបំផុតជាពិសេសក្នុងអាណត្តិទី៧នេះ ដែល​ក្រសួងបានយកចិត្តទុកដាក់ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជា​ដែលចេញទៅបម្រើការនៅបរទេសនោះទេ៕អត្ថបទដោយ ឈិត បូរ៉ាវី 

កម្ពុជា-ប្រ៊ុយណេប្តេជ្ញារួមគ្នា ពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព

2024/01/04 01:53:22 pm        118
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Pengiran Kasmirhan Pengiran Tahir (ប៉ាន់ជីរ៉ាន់ កាស្មៀហាន ប៉ាន់ជីរ៉ាន់ តាហ៊ី) ឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម (Brunei Darussalam) ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី អនុស្សរណៈយោគយល់គ្នា លើវិស័យវប្បធម៌ ដែលបានចុះកាលពីឆ្នាំ២០២១។ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអបអរសាទរលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកជំទាវ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមអបអរសាទរសួស្តីឆ្នាំថ្មី ២០២៤។ជាការឆ្លើយតបលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណ និងសូមស្វាគមន៍​ឯកឧត្តមឯកអគ្គរាជទូត នៃប្រទេសប្រ៊ុយណេដារូស្សាឡាម ជាពិសេសក្នុងជំនួប​នាថ្ងៃនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងប្រ៊ុយណេ។ តាមពិតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ នៃប្រទេសប្រ៊ុយណេ បានចុះអនុស្សរណៈយោគយល់គ្នា តាមប្រព័ន្ធពីចម្ងាយ កាលពីឆ្នាំ២០២១ នាអំឡុងពេលនោះ យើងកំពុងរងផលប៉ះពាល់ដោយសារវិបតិ្តកូវីដ-១៩។ ហើយកិច្ចពិភាក្សានាថ្ងៃនេះ ក៏ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបតិ្តការ បន្ទាប់ពីបានចុះMOU ឆ្នាំ២០២១នាពេលកន្លងមក និងអនុវត្តការងារបន្តដែលភាគីបានចុះMOU រួចមកហើយ។សូមបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា និងប្រ៊ុយណេដារូស្សាឡាម ផ្តោតសំខាន់ជាច្រើនផ្នែក លើវិស័យសិល្បៈវប្បធម៌ រួមមាន៖ ពិព័រណ៍ ឧស្សាហកម្មច្នៃប្រឌិត ការអប់រំសិល្បៈ អភិរក្ស និងការជួសជុលសម្បតិ្តបេតិកភណ្ឌជាដើម ៕អត្ថបទ រដ្ឋា

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធត្រៀមខ្លួនប្រឆាំងនឹងការឈ្លានពានរបស់សត្រូវ នៅជិតព្រំដែនកូរ៉េខាងជើង

2024/01/04 01:45:50 pm        104
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៤ មករា) នេះថាកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូកែតរួមគ្នានៅទីក្រុង ផូឆុន (Pocheon) ជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង «ដើម្បីសាកល្បង និងបង្កើនការត្រៀមខ្លួនប្រយុទ្ធ ដោយក្លែងធ្វើការវាយប្រហាររបស់សត្រូវ»។កងទ័ពកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដោយកងពលតូចថ្មើរជើងមេកានិចរបស់កងទ័ពកូរ៉េខាងត្បូង និងកងពលតូចទាហានរថពាសដែករបស់កងទ័ពសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអាវុធធុនធ្ងន់ ហើយបានធ្វើឡើងរយៈពេលមួយសប្តាហ៍ដោយចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ហើយបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។សម្ព័ន្ធមិត្តទាំងពីរបានបង្កើនទំហំ និងកម្រិតតានតឹងនៃសមយុទ្ធរួមគ្នាកាលពីឆ្នាំមុន ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ ខណៈដែលទីក្រុងព្យុងយ៉ាង បានសាកល្បងទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងអាវុធតាកទិច ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅនៅភាគខាងត្បូង និងប៉ាស៊ីហ្វិក។ទីក្រុងព្យុងយ៉ាង បានថ្កោលទោសសម្ព័ន្ធមិត្តទាំងពីរនេះ ចំពោះចំណាត់ការដ៏គ្រោះថ្នាក់ដែលជំរុញតំបន់នេះដល់គែមនៃ «សង្គ្រាមនុយក្លេអ៊ែរ»៕

មន្ត្រីអប់រំអាមេរិក លាលែងពីតំណែងជុំវិញគោលនយោបាយអ៊ីស្រាអែល-ហ្កាហ្សារបស់លោកបៃដិន

2024/01/04 01:25:12 pm        94
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំសហរដ្ឋអាមេរិក បានលាលែងពីតំណែងកាលពីថ្ងៃពុធ ដោយលើកឡើងពីការដោះស្រាយជម្លោះរបស់ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) នៅតំបន់ហ្កាហ្សា ដែលជាសញ្ញាចុងក្រោយនៃការខ្វែងគំនិតគ្នា នៅក្នុងរដ្ឋបាលនេះ ខណៈដែលការស្លាប់ នៅតែបន្តកើនឡើង នៅក្នុង សង្គ្រាម។កាលពីថ្ងៃពុធផងដែរ បុគ្គលិកយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកបៃដិនចំនួន១៧នាក់ បានចេញការព្រមាន នៅក្នុងលិខិតអនាមិកថា លោកបៃដិន អាចបាត់បង់អ្នកបោះឆ្នោតជុំវិញបញ្ហានេះ។លោក Tariq Habash ជំនួយការពិសេសនៅក្នុងការិយាល័យផែនការ ការវាយតម្លៃ និងការអភិវឌ្ឍគោលនយោបាយរបស់ក្រសួងអប់រំ នៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីអប់រំលោក Miguel Cardona បាននិយាយថា៖«ខ្ញុំមិនអាចនៅស្ងៀមបានទេ ដោយសាររដ្ឋបាលនេះ បិទភ្នែកចំពោះអំពើឃោរឃៅ ដែលបានប្រព្រឹត្តលើជីវិតជនជាតិប៉ាឡេស្ទីនស្លូតត្រង់ ជាអ្វីដែលអ្នកជំនាញសិទ្ធិមនុស្សឈានមុខគេ បានហៅថា ជាយុទ្ធនាការប្រល័យពូជសាសន៍របស់រដ្ឋាភិបាលអ៊ីស្រាអែល»។លោកHabash ជាជនជាតិប៉ាឡេស្ទីន-អាមេរិកាំង និងជាអ្នកជំនាញខាងដោះស្រាយបំណុលសិស្ស ត្រូវបានតែងតាំងដំបូងក្នុងការកាន់តំណែងប្រធានាធិបតីរបស់លោកបៃដិន ជាផ្នែកមួយនៃការកសាងជំនាញប្រាក់កម្ចីសិស្សរបស់ក្រសួងអប់រំ។

ប្រទេសបង់ក្លាដែស ដាក់ពង្រាយកងទ័ព ដើម្បីរក្សាសន្តិភាព មុនការបោះឆ្នោតជាតិ នៅថ្ងៃអាទិត្យ

2024/01/04 01:19:11 pm        55
ប្រទេសបង់ក្លាដែស បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសកាលពីថ្ងៃពុធ នៅមុនពេលការបោះឆ្នោតជាតិនៅថ្ងៃចុងសប្តាហ៍នេះ ក្នុងពេលមានការព្រួយបារម្ភអំពើហិង្សា។ទាហាន បានធ្វើដំណើរតាមយានរថពាសដែកទៅកាន់ជំរំបណ្ដោះអាសន្ន ដែលត្រូវបានបង្កើតឡើងនៅទូទាំងរដ្ឋធានី Dhaka ដើម្បីជួយរដ្ឋបាលស៊ីវិលរក្សាសន្តិភាព និងសន្តិសុខ។ យោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ព នឹងធ្វើសកម្មភាពតាមការស្នើសុំពីមន្ត្រីបោះឆ្នោតតែប៉ុណ្ណោះ។គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលជាគណបក្សប្រឆាំងធំ នឹងធ្វើពហិការ ការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៧ ខែមករា បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina បានបដិសេធមិនយល់ព្រមចំពោះការទាមទាររបស់ពួកគេ ដែលឲ្យលោកស្រី លាលែងពីតំណែង និងប្រគល់អំណាចទៅឱ្យអាជ្ញាធរអព្យាក្រឹត ដើម្បីដំណើរការ ការបោះឆ្នោត។លោកស្រី Hasina បានដាក់កំហុសលើគណបក្សជាតិនិយមបង់ក្លាដែស (BNP) ម្តងហើយម្តងទៀតចំពោះការញុះញង់បង្កឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឲ្យរង្គោះរង្គើទីក្រុង Dhaka ចាប់តាំងពីចុងខែតុលា ហើយនៅក្នុងហេតុការណ៍នោះ មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់។

មន្ត្រីចិនជំរុញប្រជាជនកោះតៃវ៉ាន់ ឲ្យធ្វើការជ្រើសរើសត្រឹមត្រូវនៅក្នុងការបោះឆ្នោត

2024/01/04 01:11:04 pm        65
មន្ត្រីជាន់ខ្ពស់ចិនមួយរូបកាលពីថ្ងៃពុធ (០៣ មករា) បានជំរុញឱ្យប្រជាជនកោះតៃវ៉ាន់រើសយក «ជម្រើសត្រឹមត្រូវ» ក្នុងការបោះឆ្នោតនាពេលខាងមុខរបស់កោះនេះ ដែលមន្រ្តីរូបនោះបានពិពណ៌នាថា ការបោះឆ្នោតនេះគ្របដណ្ដប់លើសន្តិភាព និងសង្រ្គាម វិបុលភាព និងការធ្លាក់ចុះ។ ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបញ្ជាក់ម្តងហើយម្តងទៀតថាការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះគឺជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។ជាទូទៅបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ចិន បានគេចវេសពីការបញ្ចេញមតិជាសាធារណៈលើការបោះឆ្នោតនេះ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា «ការបង្រួបបង្រួម» របស់ចិនជាមួយកោះតៃវ៉ាន់ គឺជៀសមិនរួចនោះទេ ប៉ុន្តែមិនបាននិយាយអំពីការបោះឆ្នោតឡើយ។នៅក្នុងសារឆ្នាំថ្មី លោក ចាង ជឺជុន (Zhang Zhijun) ប្រធានសមាគមទំនាក់ទំនងរបស់ចិននៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការគ្រប់គ្រងទំនាក់ទំនងជាមួយតៃវ៉ាន់ បាននិយាយថា កោះនេះកំពុងប្រឈមមុខនឹងជម្រើសដ៏សំខាន់មួយនៅក្នុងការបោះឆ្នោត។ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចលើអនាគតរបស់ពួកគេបាន៕

កោះតៃវ៉ាន់ គឺជាការគំរាមកំហែងដល់ប្រធានាធិបតីចិន លោក Xi Jinping

2024/01/04 11:49:27 am        156
នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ប្រជាជនកោះតៃវ៉ាន់នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភាថ្មី។ព្រឹត្តិការណ៍នេះបានក្លាយជាចំណុចសំខាន់មួយក្នុងការប្រកួតប្រជែងរវាងសាធារណរដ្ឋប្រជាមានិតចិន (PRC) និងបណ្ដាប្រទេសលោកខាងលិច ដែលបានប្រឈមទៅនឹងការកើនឡើងពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចទៅជាការពាក់ព័ន្ធផ្នែកយោធាដោយផ្ទាល់។ កត្តាជំរុញនៃការកើនឡើងនេះ គឺលោក Xi Jinping ដែលគេសន្មត់ថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល២.០០០ ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ចិន។លោកបង្ហាញពីការរួមបញ្ចូលកោះតៃវ៉ាន់ទៅក្នុងទឹកដីរបស់ចិន ថាជាភាពជៀសមិនរួចជាប្រវត្តិសាស្ត្រ ដែលជាចំណុចកណ្តាលនៃគោលដៅផ្ទាល់ខ្លួនរបស់លោកគឺ ធ្វើឱ្យប្រជាជាតិចិន មានភាពរស់រវើកឡើងវិញ ដែលរូបលោកក៏ពណ៌នា ផងដែរ ថាជាប្រវត្តិសាស្ត្រជៀសមិនរួច។ លោកជឿថា រឿងនេះអាចកើតឡើងបានតែនៅក្រោមអំណាចផ្តាច់មុខរបស់បក្សកុម្មុយនិស្តចិន (CCP) ដែលមានគោលបំណងស្ដារប្រទេសចិនឡើងវិញ ចំពោះជំហរដ៏ត្រឹមត្រូវរបស់ខ្លួនប៉ុណ្ណោះ ក្នុងនាមជាមហាអំណាចគ្រប់គ្រងពិភពលោក ដែលដណ្តើមបានដោយអាណានិគមនិយមលោកខាងលិចក្នុងសតវត្សទី ទី១៩ ។ក្រោមការគ្រប់គ្រងរបស់លោក Xi បក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរពីគោលជំហរគោលនយោបាយការបរទេសដ៏ទន់ភ្លន់ដោយផ្អែកលើនយោបាយ ឈ្នះ-ឈ្នះ នៃជំងឺសកលលោក ទៅជារបៀបវារៈពិនិត្យឡើងវិញដោយបើកចំហ រួមទាំងការទាមទារសិទ្ធិគ្រប់គ្រងទឹកដី ដែលបង្កឲ្យមានផលប៉ះពាល់សំខាន់ៗសម្រាប់វិបុលភាព និងសន្តិសុខពិភពលោក។ម្យ៉ាងវិញទៀត លោកស្រី សៃអ៊ីងវិន (Tsai Ing-wen) ដែលជាមេដឹកនាំកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បាននិយាយថា ទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ត្រូវតែកំណត់ដោយលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាជនតៃវ៉ាន់។បញ្ហាចម្រូងចម្រាសរឿងកោះតៃវ៉ាន់ក៏បង្ហាញផងដែរពីមូលហេតុដែលកោះនេះជាការគំរាមកំហែងដល់លោក Xi Jinping និងបក្សកុម្មុយនិស្តចិនរបស់លោក។ ជោគជ័យរបស់តៃវ៉ាន់បង្ហាញថានេះគឺជារឿងមិនពិត ហើយការប្រឆាំងរបស់កោះតៃវ៉ាន់ចំពោះចិន នឹងនាំឲ្យមានភាពតានតឹងដ៏ក្ដៅគគុកកើនឡើង៕

ឆ្នាំ២០២៣ កម្ពុជានាំចេញម្រេចបានជាង ៦ពាន់តោន

2024/01/04 11:09:05 am        229
គិតត្រឹមបំណាច់ឆ្នាំ ២០២៣ ការនាំចេញម្រេចទៅប្រទេសចិនមានចំនួន ៤៩០ គីឡូក្រាម គិត​ជា​ទឹក​ប្រាក់ចំនួន ៩,៥៤៦ ដុល្លារអាមេរិក ខណៈការនាំចេញសរុបមានប្រមាណជាង ៦ ១៥២ តោន ក្នុងនោះនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម អាល្លឺម៉ង់ កូរ៉េ ជប៉ុន បារាំង សហរដ្ឋអាមេរិក អ៊ីតាលី រុស្ស៊ី អង់គ្លេស ឥណ្ឌា កាណាដា និងប្រទេសម៉ាឡេស៊ី ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤​នេះ​ថា ការនាំចេញម្រេចទៅកាន់ទីផ្សារចិនស្ថិតក្នុងបរិមាណតិចតួចនៅឡើយ ដោយសារ​យើង​ទើប​បាន​បំពេញនីតិវិធី សម្រាប់ទីផ្សារមួយនេះ ប៉ុន្តែក៏ជាទីផ្សារ​ដែល​មាន​សក្តានុពល​ខ្លាំង​ផង​ដែរ​។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ម្រេច​ទៅ​កាន់​ប្រទេស​ចិន​។ឯកឧត្តម បានបន្តថា “បច្ចុប្បន្នក្រសួងកសិកម្ម ក៏កំពុងធ្វើការយកចិត្តទុកដាក់ខ្លាំង ដោយ​បាន​ចាត់​ទុក​ម្រេច គឺជាដំណាំយុទ្ធសាស្រ្តមួយក្នុងចំណោមដំណាំយុទ្ធសាស្រ្តអាទិភាព៤មុនគេ ដែល​យើង​នឹង​រៀបចំ យកមកធ្វើចងក្រងទៅជាសហគមន៍កសិកម្មទំនើប ក្នុងនោះមានដំណាស្រូវ ម្រេច ស្វាយចន្ទីរ និងបន្លែ ហើយយើងសង្ឃឹមថា បើសិន​ជា​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចង​ក្រង​ និង​ប្រែក្លាយ​សហគមន៍​ជា​ច្រើន​សម្រាប់​កសិករ​ដែល​ដាំដំណាំម្រេច​ឲ្យ​ទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប​បាន នោះយើងនឹង​បង្កើន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ នៃ​ទីផ្សារ​ម្រេច​ទៅ​កាន់​ទីផ្សារ​នាំ​ចេញ​នៅ​លើពិភពលោកផងដែរ”។សូមបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣ ការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣តោន ក្នុង​នោះនាំ​ចេញ​ទៅប្រទេសវៀតណាមចំនួន ៥ ២៣៣តោន ប្រទេសអាល្លឺម៉ង់ចំនួន ៥៣៥,៦៣តោន ប្រទេស​កូរ៉េចំនួន ៧៦,៦៩តោន ប្រទេសថៃចំនួន ៧០តោន សាធារណរដ្ឋឆេកចំនួន ៦៧,៩០​តោន ប្រទេសបារាំងចំនួន ៣៨,០៤តោន សហរដ្ឋអាមេរិកចំនួន ២៦,៧០តោន ប្រទេស​អ៊ីតាលី​ចំនួន ២៥តោន ប្រទេសអ៊ីស្រាអែលចំនួន ២៥តោន កោះតែវ៉ាន់ចំនួន ១៥,០៤តោន ប្រទេស​ម៉ាលី​ចំនួន ១៥តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១២,៨៧តោន ប្រទេសជប៉ុនចំនួន ៥,៩៩តោន ប្រទេស​រុស្ស៊ីចំនួន ១,៥៩តោន ចក្រភពអង់គ្លេសចំនួន ១,៥០តោន ប្រទេសឥណ្ឌា ០,៩៦តោន ប្រទេស​ចិនចំនួន ០,៤៩តោន ប្រទេសលីទុយអានីចំនួន ០,៤២តោន ប្រទេស​នូវែល​ហ្សេឡង់​ចំនួន ០,៣៧តោន ប្រទេសកាណាដា ០,២៤តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៥តោន ប្រទេ​ស​អូស្រ្តាលីចំនួន ០,១៣តោន ប្រទេសសិង្ហបុរីចំនួន ០,១០តោន ប្រទេសដាណឺម៉ាកចំនួន ០,០២​តោន ប្រទេសហូឡង់ចំនួន ០,០១តោន ប្រទេសអូទ្រីសចំនួន ០,០០៦តោន និងប្រទេស​ម៉ាឡេស៊ី​ចំនួន ០,០០២តោន។យោងតាម​ស្ថិតិឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម ផ្ទៃដីដាំដុះម្រេច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន៧ ០៦០ហិកតា នៅទូទាំង១៧ខេត្ត (លើកលែងតែខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កណ្តាល ភ្នំពេញ ព្រៃវែង ស្ទឹងត្រែង និងស្វាយរៀង ដែលគ្មានការដាំដុះម្រេច) ផ្ទៃ​ដី​ប្រមូលផលមានចំនួន ៦ ៨៣០ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១៨ ៥០៣​តោន (ទិន្នផលជាមធ្យមមានចំនួន ២,៧១តោន/ហិកតា)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម នឹងចាប់ផ្តើមហោះហេីរត្រង់ពីទីក្រុង Abu Dhabi មកកម្ពុជា នៅដើមខែក្រោយ
09/12/2025 09:09 PM
គម្រោងប្រេងឥន្ធនៈហ្វូស៊ីលដ៏ធំបំផុតមួយរបស់អូស្រ្តាលី នឹងបន្តពេលរហូតដល់ឆ្នាំ ២០៧០
09/12/2025 08:09 PM
ជនប៉ាឡេស្ទីននាំគ្នារត់ភៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូងដោយឆ្លងកាត់ភាគកណ្តាលតំបន់ហ្កាហ្សា
09/12/2025 08:09 PM
[UPDATE] លោក Trump និយាយថា ជនសង្ស័យ ក្នុងករណីឃាតកម្មលោក Charlie Kirk កំពុងជាប់ឃុំ
09/12/2025 08:09 PM
ប្រជានេសាទហ្វីលីពីនព្រួយបារម្ភដល់ការបៀតបៀនបន្ថែមទៀត ពេលចិនបង្កើតតំបន់អភិរក្សធម្មជាតិនៅថ្មប៉ប្រះទឹកជម្លោះ
09/12/2025 08:09 PM
អ្នកដំណើរតាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ United Airlines ចេញតាមច្រកទ្វារគ្រាអាសន្ន នៅជប៉ុន
09/12/2025 08:09 PM
UN៖ កូរ៉េខាងជើងប្រហារជីវិតមនុស្សកាន់តែច្រើន សម្រាប់ករណីមើលខ្សែភាពយន្តបរទេស និងរឿងភាគលើកញ្ចក់ទូរទស្សន៍
09/12/2025 08:09 PM
ប្រជាជននេប៉ាល់និយាយពីការខូចខាត បន្ទាប់ពីមានការតវ៉ាហិង្សាដ៏អាក្រក់បំផុត
09/12/2025 08:09 PM
[BREAKING NEWS]​ ​លោក Trump និយាយថា អាជ្ញាធរបានចាប់ឃាតករសម្លាប់លោក Charlie Kirk
09/12/2025 07:09 PM
​ វិមានក្រឹមឡាំង៖ កិច្ចប្រជុំស្វែងរកសន្តិភាពរុស្ស៊ី-អ៊ុយក្រែន បានផ្អាកដោយសារអឺរ៉ុបព្យាយាមរារាំងពួកគេ
09/12/2025 07:09 PM