រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក៖អ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយការកើនឡើងនៃកម្មវិធីនុយក្លេអ៊ែរ ដើម្បីបង្កើតឱកាសសម្រាប់ការទូត

2023/09/27 09:58:32 am        78
អាមេរិក៖ ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយភាពតានតឹងនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើខ្លួន ចង់បង្កើតឱកាសសម្រាប់ការទូតជាមួយសហរដ្ឋអាមេរិក ដោយចាប់ផ្តើមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យលោក Matt Miller នៅក្នុងសន្និសីទមួយ គឺជាលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលសហរដ្ឋអាមេរិក បានរិះគន់ប្រទេសអ៊ីរ៉ង់ចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការរារាំងក្រុមអ្នកត្រួតពិនិត្យIAEA ដែលត្រូវបានចាត់តាំងឲ្យទៅកាន់ប្រទេសនេះ ដោយរារាំងដល់ការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN ទៅលើសកម្មភាពបរមាណូរបស់ទីក្រុងតេអេរ៉ង់។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បារម្ភថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជាការបិទបាំងសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានបដិសេធថា ពុំមានមហិច្ឆតាបែបនេះទេ។លោក Miller បាននិយាយថា៖«អ៊ីរ៉ង់ត្រូវតែចាត់វិធានការកាត់បន្ថយភាពតានតឹងនៃកម្មវិធីនុយក្លេអ៊ែរ ប្រសិនបើខ្លួនចង់កាត់បន្ថយភាពតានតឹង និងបង្កើតឱកាសសម្រាប់ការទូតនោះ»៕

ភាពតានតឹងឡើងកម្ដៅខណៈចិនព្រមានហ្វីលីពីនជុំវិញការដករបាំងបណ្តែតទឹកនៅសមុទ្រចិនខាងត្បូង

2023/09/27 09:54:25 am        97
ចិន៖ ប្រទេសចិន បានព្រមានហ្វីលីពីនកាលពីថ្ងៃអង្គារ ទល់នឹងសកម្មភាពបង្ករឿងបន្ទាប់ពីឆ្មាំល្បាតឆ្នេរហ្វីលីពីនដករបាំងបណ្ដែតទឹករបស់ចិន ដែលបានរារាំងនាវាហ្វីលីពីន កុំឲ្យនេសាទនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយដោយសំដៅដល់តំបន់ផ្ទាំងថ្មប៉ប្រះទឹកមានជម្លោះថា ប្រទេសចិនត្រូវបានដោះស្រាយចំពោះការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ដែនសមុទ្រជុំវិញកោះអាយ៉ុងងីន (Huangyan) ។ អ្នកនាពាក្យរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា យើងផ្ដល់ការណែនាំដល់ប្រទេសហ្វីលីពីនកុំឲ្យបង្កាត់ភ្លើងបង្កហេតុ ឬបង្កបញ្ហា។ប្រទេសចិនបានអះអាងសិទ្ធិដែនអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រខាងត្បូងទាំងស្រុងរួមទាំងប្រជុំកោះប៉ារ៉ាសេល(Paracel)និងស្ព្រាតលី (Spratly) ជាការអះអាងដែលត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្ដាច់មុខចម្ងាយ២០០ម៉ាយ ទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ ដោយបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី។ ភាពតានតឹងរវាងចិននិងហ្វីលីពីនបាននិងកំពុងកើនឡើងកម្ដៅខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា ខ្លួនកំពុងសញ្ជឹងគិតក្នុងការដាក់ពាក្យបណ្តឹងថ្មីមួយទៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍។ លើកនេះបណ្តឹងពាក់ព័ន្ធនឹងការប្រមូលផលផ្កាថ្ម និងការបំផ្លាញនៅក្នុងដែនទឹកមានជម្លោះដែលជាការចោទប្រកាន់សំដៅលើកនាវារបស់ចិន៕

រុស្ស៊ីបន្ទោសសហរដ្ឋអាមេរិក ចំពោះករណីបំផ្ទុះបំពង់បង្ហូរឧស្ម័នមួយ ដោយសំអាងពីភ័ស្តុតាងដែលលេចឡើង

2023/09/27 09:31:12 am        152
រុស្ស៊ី៖ កាលពីថ្ងៃអង្គារ (២៦ កញ្ញា) រុស្ស៊ី បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមមហាសមុទ្របាល់ទិក ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការវាយប្រហារនេះ។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា «ភស្តុតាងដែលលេចឡើង» បានបង្ហាញថា សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវចំពោះករណីនេះ។ជាការឆ្លើយតប អ្នកសម្របសម្រួលផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក លោក John Kelley បាននិយាយថា «រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ខ្លួនស្វះស្វែងស៊ើបអង្កេតដោយមិនលំអៀង បើទោះបីជាខ្លួនព្យាយាមទម្លាក់កំហុសដោយគ្មានមូលដ្ឋានគ្រិះច្បាស់លាស់ ទៅលើប្រទេសមួយចំនួនក៏ដោយ។ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលរុស្ស៊ីជ្រើសរើសការផ្សព្វផ្សាយមិនពិតនៅក្នុងក្រុមប្រឹក្សានេះ ដោយរួមបញ្ចូលជាមួយនឹងការសន្និដ្ឋាន ដែលបានកំណត់ទុកជាមុនរបស់ខ្លួន ខណៈច្រានចោលទស្សនយល់ឃើញផ្សេងៗទៀត»។រយៈពេលមួយឆ្នាំក្រោយពីការផ្ទុះ ដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមសមុទ្របាល់ទិករវាងរុស្ស៊ី និងអាល្លឺម៉ង់ សំណួរថាតើអ្នកណាជាអ្នកនៅពីក្រោយបញ្ហានោះ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ៕

មនុស្សរាប់សិបនាក់ស្លាប់ និង១០៥នាក់ខ្លួន បន្ទាប់ពីការផ្ទុះឆេះនៅស្ថានីយប្រេងឥន្ធនៈនៅតំបន់ការ៉ាបាក់

2023/09/27 09:05:33 am        122
អាស៊ែបៃហ្សង់៖ ការិយាល័យនៃមន្ត្រីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋនៅតំបន់ការ៉ាបាក់ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះនិងភ្លើងឆេះស្ថានីយប្រេងឥន្ធនៈនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បានកើនឡើងដល់ ៦៨នាក់ ហើយមនុស្សចំនួន១០៥ នាក់ទៀត បានបាត់ខ្លួន និងជិត ៣០០នាក់ បានរងរបួស។ការផ្ទុះនេះ បានកើតឡើង នៅពេលដែលជនជាតិអាមេនីរាប់ពាន់នាក់ បានភៀសខ្លួនចេញពីតំបន់បែងចែកនេះ បន្ទាប់ពីយុទ្ធជនរបស់ពួកគេ ត្រូវបានកម្ចាត់ដោយអាស៊ែបៃហ្សង់ នៅក្នុងប្រតិបត្តិការយោធាផ្លេកបន្ទោរមួយ។អាជ្ញាធរពុំបានផ្តល់ការពន្យល់ណាមួយអំពីមូលហេតុនៃការផ្ទុះនេះទេ។មុននេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលអាមេនី ដោយនិយាយថា ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុកាលពីថ្ងៃចន្ទ បានកើនឡើងដល់១២៥នាក់ហើយ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាការងារជាមួយអគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច

2023/09/27 08:49:18 am        177
(ឆុងឈីង, ចិន)៖ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ (Trade and Economic Multifunctional Platform for Shanghai Cooperation Organization_SCO Countries) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះក៏មានការចូលរួមផងដែរពីតំណាងរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។ ក្នុងជំនួបទ្វេភាគី ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ ដែលបានបង្ហាញអំពីទស្សនវិស័យរួម គោលដៅរួម តួនាទី និងសកម្មភាពសំខាន់ៗនានា ក្នុងការចូលរួមលើកកម្ពស់ដល់ការអភិវឌ្ឍ និងការថែរក្សាសន្តិភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក។ឮតាមរយៈកម្មវិធីនេះ ប្រទេសចិន ក៏ដូចបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ នឹងក្លាយជាដៃគូមួយយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចការអភិវឌ្ឍនៅកម្ពុជាផងដែរ។ទន្ទឹមនឹងនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន ហើយតាមរយៈទំនាក់ទំនងនេះ និងការបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន កម្ពុជា គឺជាប្រទេសមួយដែលបានទទួលផលប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនមហាមិត្តចិន ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ហើយកម្ពុជាមានមោទនភាពក្នុងការចូលរួមជាមួយប្រទេសចិនផងដែរ។ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញលោក Hu Kaiqiang ដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគចិន ក៏ដូចជាបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ មកស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាតាមពេលវេលាសមស្របណាមួយ៕

មនុស្ស១០០នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះរោងការ នៅខេត្តនីនេវ៉េ(Nineveh)ប្រទេសអ៊ីរ៉ាក់

2023/09/27 08:24:34 am        167
អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ និង ១៥០នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅសាលពិធីមង្គលការមួយកន្លែង។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA របស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា អគ្គិភ័យបានឆាបឆេះ កាលពីយប់ថ្ងៃអង្គារនៅក្នុងស្រុក អាល់ ហាំដានីយ៉ា (Al-Hamdaniya) ក្នុងខេត្ត Nineveh ក្នុងប្រទេសអ៊ីរ៉ាក់ ភាគខាងជើង។ គេមិនច្បាស់ទេថា មូលហេតុអ្វីបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង ប៉ុន្តែ ដំបូងឡើយ បានរាយការណ៍ថាអគ្គិភ័យបានឆាបឆេះបន្ទាប់ពីពិធីបាញ់កាំជ្រួយភ្ញី។ វីដេអូបង្ហោះដោយទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់ Nina បង្ហាញក្រុមអ្នកពន្លត់អគ្គិភ័យកកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងនៅសាលរៀបមង្គលការនោះ។  ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាលោកបានប្រាប់ក្រុមមន្ត្រីឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុដ៏អកុសលនេះ ។  នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយដោយដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Nina ថា អគ្គិភ័យបាននាំឱ្យមានការដួលរលំផ្នែកខ្លះនៃសាលនេះ ដោយសារតែការប្រើប្រាស់សម្ភារៈសំណង់ងាយឆេះខ្លាំង និងមានតម្លៃទាប ដែលដួលរលំក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៅពេលអគ្គិភ័យបានឆាបឆេះ។  នៅក្នុងវីដេអូដែលថតបាននៅកន្លែងកើតហេតុដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters  គេមើលឃើញក្រុមអ្នកពន្លត់អគ្គិភ័យ ឡើងលើគំនរកម្ទេចកម្ទីនៃអគារនេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅព្រឹកព្រលឹមថ្ងៃពុធនេះ ៕

អគ្គមេបញ្ជាការកងទ័ព៖ កម្លាំងពិសេសប្រឆាំងភេរវកម្មត្រូវហ៊ានពលីគ្រប់យ៉ាង ដើម្បីជាតិនិងប្រជាជន

2023/09/26 02:15:37 pm        432
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន​ផ្តាំទៅកាន់មេបញ្ជាការ បញ្ជាការដា្ឋនជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវតែហ៊ានពលីគ្រប់បែប​យ៉ាងទាំងអស់ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានពិសសប្រឆាំង​ភេរវកម្ម នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ​នាយឧត្តមសេនីយ៍ ​វង្ស ពិសេន​ បានលើក ឡើងថា ​ក្នុងនាមបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ​ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជូន «ដោយ​ក្នុងនោះ​ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា​ ព្រះមហាក្សត្រ លើកកម្ពស់​មនសិការ​ស្នេហាជាតិ ​ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ​គោរព​ឱ្យបានម៉ឺងម៉ាត់​ នូវបទបញ្ជា ​លក្ខន្តិកៈ បទវិន័យ​ទូទៅរបស់កងយោធពលខេមរភូមិន្ទ ​និង​គោរពច្បាប់​នានារបស់រដ្ឋ ហ៊ានធ្វើពលិកម្ម​គ្រប់បែបយ៉ាង ដើម្បីការពារជាតិ​ និងការពាររាជរដ្ឋាភិបាល។ ​ត្រូវពង្រឹង​ការងារអប់រំចិត្តសាស្ត្រ អត្តចរិត​ វិន័យ សីលធម៌ អនុវត្តយ៉ាង​ម៉ឺងម៉ាត់​តាមការដឹកនាំរបស់ថ្នាក់លើ សំដៅធានា​បាននូវភាពស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល»។ នាយឧត្តមសេនីយ៍ ​ក៏បានផ្តាំដល់មេបញ្ជាការអង្គភាពថ្មី ​ដែលបានធ្វើការប្រកាសនាពេលនេះ ត្រូវបន្តភក្តីភាពឥតងាករេចំពោះជាតិ សាសនា ​ព្រះមហាក្សត្រ ​ពិសេសចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបន្តខិតខំយកចិត្តទុកដាក់ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ដឹកនាំអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំង​ពិសេសប្រឆាំង​ភេរវកម្ម ឱ្យកាន់តែរឹងមាំរៀបរយ រួមចំណែកកសាងអភិវឌ្ឍន៍​កងយោធពលខេមរភូមិន្ទ ​ក៏ដូចជាប្រទេសជាតិឱ្យកាន់​តែរីកចម្រើនផងដែរ។នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ​អគ្គមេបញ្ជាការកងទ័ព ​រំលេចស្នាដៃ​របស់អង្គភាព​ប្រឆាំង​ភេរវកម្មថា​បានដើរតួយ៉ាងសំខាន់ ក្នុងកិច្ចសហការការពាររាជធានីភ្នំពេញ និងបណ្តា​ខេត្តជាប់​សមុទ្រឱ្យមាន​ សុខសុវត្ថិភាព និងត្រៀមដោះស្រាយគ្រប់យថាហេតុ​ដែលកើត​មានអំពើភេរវកម្មតាមគ្រប់រូបភាព​ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ​បានបំពេញភារកិច្ច សម្រេច​បានស្នាដៃធំៗជូនជាតិ​ និងប្រជាជនកម្ពុជា ​រួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ​សន្តិសុខ ​រក្សាស្ថិរភាពសង្គមជាតិ ​និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់​ខ្ពស់ជាតិ​ និងអន្តរជាតិបានល្អប្រសើរផងដែរ៕អត្ថបទបាន ចក់

ចិនប្រឆាំងការពង្រីកខ្លួនតាមទំនើងចិត្តនៃសម្ព័ន្ធភាពយោធា ខណៈអាមេរិកបង្កើនទំនាក់ទំនងសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក

2023/09/26 02:04:37 pm        280
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃអង្គារ (២៦ កញ្ញា) នេះថា ទីក្រុងប៉េកាំងប្រឆាំងនឹង «ការពង្រីកសម្ព័ន្ធមិត្តយោធាតាមទំនើងចិត្ត» ដែលជាការព្រមានចុងក្រោយបង្អស់ ខណៈគូប្រជែងក្រុងវ៉ាស៊ីនតោន បង្កើនទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ចិនបានព្រមានជាយូរមកហើយថា កិច្ចខិតខំប្រឹងប្រែងណាមួយក្នុងការបង្កើតសម្ព័ន្ធភាពយោធា ដូចអង្គការណាតូ នៅអាស៊ីប៉ាស៊ីហ្វិក នឹងមានតែការបង្កជាជម្លោះប៉ុណ្ណោះ។ ចិនក៏បានលើកឡើងផងដែរថា ការពង្រីកយ៉ាងឆាប់រហ័សរបស់ប្លុកនៅអឺរ៉ុបខាងកើត គឺជាផ្នែកមួយនៃមូលហេតុចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលខ្លួនបដិសេធមិនថ្កោលទោស។លោក វ៉ាង បាននិយាយថា ទីក្រុងប៉េកាំងនឹងស្វែងរក «ការដោះស្រាយភាពខុសគ្នា និងជម្លោះរវាងប្រទេសនានា តាមរយៈការសន្ទនា និងការពិគ្រោះ» ដោយមិនបានបញ្ជាក់អំពីប្រជាជាតិណាមួយ ដែលកំពុងចោទសួរនៅក្នុងករណីនោះឡើយ។ លោក វ៉ាង ក៏បានបដិសេធមិនបញ្ជាក់ថា តើលោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយសមភាគីអាមេរិកលោក ចូ បៃដិន ឬយ៉ាងណានោះទេ។ សូមបញ្ជាក់ថា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ ការលើកឡើងរបស់លោក វ៉ាង បានធ្វើឡើងនៅពេលដែលលោកបានបង្ហាញពីកម្មវិធីទូលំទូលាយមួយ ដែលដាក់ចេញនូវគោលដៅគោលនយោបាយការបរទេសរបស់ទីក្រុងប៉េកាំង សម្រាប់ឆ្នាំខាងមុខនេះផងដែរ៕

សហរដ្ឋអាមេរិក និងចិន បង្កើនការវិនិយោគទុនលើបច្ចេកវិទ្យាទីអវកាស ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ

2023/09/26 01:19:58 pm        362
ប្រធានអង្គការណាសា លោក Bill Nelson បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាសជាមួយចិន ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ ។ នៅក្នុងបទសម្ភាសជាមួយ BBC លោក Nelson និយាយថា លោកចង់ឲ្យប្រាកដថា ពួកយើងត្រូវតែទៅដល់ទីនោះមុនគេ ។ សេចក្តីអធិប្បាយរបស់លោក នឹងធ្វើឲ្យគេនឹកឃើញដល់កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០ ពេលដែលអង្គការណាសា ចូលរួមប្រកួតប្រជែងជាមួយសហភាពសូវៀត ។ ប៉ុន្តែពាក់កណ្តាលសតវត្សរ៍ក្រោយមក អង្គការណាសា នឹងជួលក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារឲ្យបានច្រើនជាងនេះបន្ថែមទៀត ។ លោក Nelson និយាយថា ពួកគេសំខាន់ ពីព្រោះថា វានឹងអនុញ្ញាតឲ្យមានការរួមចំណែកចំណាយច្រើន ហើយសម្រាប់អង្គការណាសា នឹងប្រើប្រាស់គំនិតឆ្នៃប្រឌិតរបស់សហគ្រិននៅក្នុងវិស័យឯកជន ។ លោកចង់សំដៅលើក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលត្រូវបានផ្តល់កិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទកាលពីឆ្នាំ ២០២១ ហើយនិងផលិតរ៉ុក្កតដែលមានកម្លាំងខ្លាំងបំផុតពុំធ្លាប់ដែលបានផលិតកាលពីមុន ។ ក្រុមហ៊ុនឯកជនដទៃទៀត នឹងយល់ឃើញផងដែរពីអត្ថប្រយោជន៍នៃការប្រកួតប្រជែងនៅទីអវកាស ។ កាលពីដើមខែនេះ ទីភ្នាក់អវកាសរបស់សហរដ្ឋអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,៤ពាន់លានដុល្លារជាមួយក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos ដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទ ។ ទាំងនោះគឺជាក្រុមហ៊ុន ២ដែលរកបានអត្ថប្រយោជន៍ពីការផ្តល់មូលនិធិរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិក ។ វាគឺជាប្រាក់ដែលត្រូវចំណាយលើបច្ចេកវិទ្យាទីអវកាស យ៉ាងហោចណាស់ក៏ដើម្បីព្យាយាមបន្តនាំមុខចិន ស្របពេលដែលកើតមានភាពតានតឹងខ្លាំងជាងមុនរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ។ សូមបញ្ជាក់ថា កាលពីចុងខែសីហាកន្លងទៅ ឥណ្ឌាបានក្លាយជាប្រទេសទី ៤នៅលើពិភពលោក សម្រេចបានការចុះចតនៅលើឋានព្រះច័ន្ទ ហើយនិងជាប្រទេសលើកដំបូងគេ ដែលបានឡើងដល់ប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ធ ៕

ប្រធានាធិបតីអាមេរិក ទទួលស្គាល់ប្រទេសប៉ាស៊ីហ្វិកចំនួនពីរ ក្នុងសកម្មភាពប្រឆាំងនឹងប្រទេសចិន

2023/09/26 01:13:35 pm        330
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការ នូវប្រជាជាតិប៉ាស៊ីហ្វិកនៃប្រជុំកោះ ឃុក (Cook) និងប្រទេសកោះ នីញូអេ (Niue) កាលពីថ្ងៃចន្ទ (២៥ កញ្ញា) ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំក្នុងតំបន់ ក្នុងគោលបំណងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។ សេចក្តីប្រកាសនេះ បានធ្វើឡើងនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូល ជាមួយវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដែលមានសមាជិក១៨ប្រទេស ដោយក្រុមមន្ត្រីអាមេរិកបាននិយាយថា លោកប្រធានាធិបតីកំពុងប្រកាសជំហររបស់អាមេរិក ដែលមានការអះអាងបន្ថែមទៀតនៅក្នុងតំបន់។លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ប្រជុំកោះ ឃុក និងប្រទេសកោះ នីញូអេ ជារដ្ឋ «អធិបតេយ្យភាព និងឯករាជ្យ» ហើយនឹងបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសទាំងពីរនេះផងដែរ។ ប្រជុំកោះ ឃុក និងប្រទេសកោះ នីញូអេ រួមគ្នា មានអ្នករស់នៅតិចជាង២០.០០០ នាក់ប៉ុណ្ណោះ ប៉ុន្តែបង្កើតបានជាតំបន់សេដ្ឋកិច្ចដ៏ធំទូលាយមួយនៅប៉ាស៊ីហ្វិកខាងត្បូង។បន្ទាប់ពីរយៈពេលរាប់ទស្សវត្សរ៍ នៃការត្រូវបានចាត់ទុកជាប្រភពទឹកដែលទាក់ទងគ្នា ប៉ាស៊ីហ្វិកខាងត្បូងបានក្លាយជាសង្វៀនដ៏សំខាន់មួយ សម្រាប់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលមានការអះអាងកាន់តែខ្លាំងឡើង។ ប្រទេសចិនក៏បានបង្កើនជំហានសេដ្ឋកិច្ច នយោបាយ និងយោធាយ៉ាងខ្លាំងក្នុងតំបន់មហាសមុទ្រយុទ្ធសាស្ត្រនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង
08/26/2025 06:08 PM
បេសកជនអាមេរិក៖ លីបង់នឹងរៀបចំផែនរំសាយអាវុធរបស់ក្រុមហេសបូឡា នៅថ្ងៃទី៣១ ខែសីហា
08/26/2025 06:08 PM
រដ្ឋមន្ត្រីបារាំងនឹងមិនច្រានចោលការមានការបោះឆ្នោតមុនអាណត្តិ ក្រោយការឆ្នោតផ្ដល់ទំនុកចិត្ត ចំពោះនាយករដ្ឋមន្ត្រី ស្ថិតក្នុងហានិភ័យ
08/26/2025 06:08 PM
អ្នករៀបចំ៖ ប្រទេសជាង ៧០ បញ្ជាក់ពីការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា ឆ្នាំ ២០២៥
08/26/2025 06:08 PM
កងទ័ពហ្ស៊កដានីស្ទាក់ចាប់បានបាឡុងជាច្រើនគ្រាប់ដែលផ្ទុកគ្រឿងញៀន នៅព្រំដែនភាគខាងកើតប្រទេសនេះ
08/26/2025 06:08 PM
ការជម្លៀសខ្លួនទ្រង់ទ្រាយធំធ្វើឡើងនៅភាគខាងកើតប៉ាគីស្ថាន ពេលដែលឥណ្ឌាបញ្ចេញទឹកពីទន្លេ
08/26/2025 06:08 PM
លោកអភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីចុះសម្អាតបរិស្ថានអនាម័យ ក្នុងបរិវេណវិទ្យាល័យបាក់ទូក ត្រៀមជាមណ្ឌលប្រឡងទុតិយភូមិរបស់សិស្សានុសិស្ស
08/26/2025 06:08 PM
អធិការបតី៖ អាល្លឺម៉ង់នឹងមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាត UN
08/26/2025 06:08 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី “សុខ រក្សា” ក្នុងការព្យាបាលជំងឺដុំសរសៃឈាម (Hemangioma) នៅរដ្ឋធានីតៃវ៉ាន់
08/26/2025 06:08 PM
ផ្សែងហុយពីលើទីក្រុងហ្កាហ្សា ស្របពេលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្ត
08/26/2025 05:08 PM