BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងកសិកម្ម ប្តេជ្ញាជំរុញសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០

2023/08/31 11:30:07 am        175
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​បើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងាររបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បី​អភិវឌ្ឍន៍កម្ពុជា (CDRI) ក្នុងគោលដៅចូលរួមជំរុញសេដ្ឋកិច្ច កម្ពុជា ឱ្យក្លាយជាប្រទេសដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២៣នេះ បានលើកឡើង​ក្នុងបណ្តាញសង្គមថា តាមរយៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យលទ្ធភាព និងកិច្ច​សហការគ្នារវាងក្រសួងកសិកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងការសិក្សាអំពីស្ថានភាពរបស់កសិករទូទាំងប្រទេស ដោយមានការវិភាគសេដ្ឋកិច្ច នៃផលិតភាព​កសិកម្មធៀបនឹងផ្ទៃដី និងខ្សែច្រវាក់ផលិតកម្មគ្រប់ដំណាំទាំងអស់។ ចំពោះការងារទាក់ទងនឹងកម្មវិធីគំរូនវានុវត្តន៍ក្នុងវិស័យកសិកម្ម ឯកឧត្តម បានណែនាំវិទ្យាស្ថាន CDRI ឱ្យមានការសហការជាមួយសាកលវិទ្យាល័យកសិកម្មទាំង៣ ដើម្បីឱ្យសិស្សនិស្សិត​ទទួល​បាននូវគំនិតថ្មីៗបន្ថែមក្នុងការច្នៃប្រឌិតនេះ។បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយគាំទ្របច្ចេកទេស​ និងជំរុញឱ្យមានសហគមន៍កសិកម្មគំរូថ្មី ដែល​អាចមានលទ្ធភាពពង្រឹងខ្សែច្រវាក់តម្លៃ មានភាពម្ចាស់ការពិតប្រាកដ និងមានទុនគ្រប់គ្រាន់ ដើម្បី​បង្កើនផលិតភាព គុណភាព សុវត្ថិភាព ​កាត់បន្ថយថ្លៃដើម ​មានប្រសិទ្ធភាព និងនិរន្តរភាព​សេដ្ឋកិច្ច ដើម្បីសម្រេចនូវគោលនយោបាយ ​និងចក្ខុវិស័យរួម ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច​ប្រទេសកម្ពុជា​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

កម្មករ និងសហជីពត្រេកអរនៅពេលរដ្ឋមន្ត្រីក្រសួងការងារថ្មី ចុះពិនិត្យមើលស្ថានភាពធ្វើការ និងរស់នៅជាក់ស្តែងផ្ទាល់

2023/08/31 11:26:21 am        246
ភ្នំពេញ៖ ក្រោយការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានផ្តើមយុទ្ធនាការចុះពិនិត្យកន្លែងធ្វើការងារនៅតាមរោងចក្រ ចុះហូបបាយ​ជាមួយ​កម្មករ​ដល់រោងចក្រ​ និងចុះពិនិត្យការរស់របស់កម្មករដល់កន្លែងស្នាក់នៅផ្ទាល់។ជាក់ស្នែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីបានចុះត្រួតពិនិត្យមើលកម្មករដែល​កំពុង​ធ្វើការនៅរោងចក្រម៉េងដានៅផ្លូវវ៉េងស្រេង​ និងកន្លែងស្នាក់នៅរបស់កម្មករនៅតំបន់ផ្ទះជួលម្តុំ​រោង​ចក្រ​ដំបូលខៀវ ក្នុងសង្កាត់ចោមចៅ ​ហើយមួយថ្ងៃក្រោយ ឯកឧត្តមរដ្ឋមន្ត្រីដដែលក៏បាន​ចុះពិនិត្យ​ស្ថានភាពរស់នៅរបស់កម្មករក្រោយម៉ោងធ្វើការនៅម្តុំផ្សារ​សាំហាន់ក្នុង ខណ្ឌឬស្សីកែវផងដែរ។ ជាមួយកាយវិការបែបនេះ កម្មករសំដែងសេចក្តីត្រេកអរនៅពេលដែលឃើញរដ្ឋមន្ត្រីក្រសួងការងារ​ដែល​ជាអាណាព្យាបាល​ បានចុះពិនិត្យផ្ទាល់ដល់ទីតាំងនៃកន្លែងធ្វើការ​ ទីតាំងហូបអាហារ និងកន្លែងស្នាក់នៅផ្ទាល់។ កម្មការិនី គល់ យ៉ា កម្មការិនី នៅរោងចក្រ ម៉េង ដា អះអាងថាខ្លួនរំភើបព្រោះមានថ្នាក់ដឹកនាំ​របស់ក្រសួង​មកទទួលទាន​អាហារបែបកម្មករ ​និងស្វែងយល់ពីជីវភាពពិតប្រាកដរបស់កម្មករ។លោកស្រីថា៖ “ខ្ញុំសប្បាយចិត្តជាខ្លាំងដោយបានរដ្ឋមន្ត្រីក្រសួងការងារចុះមកពិនិត្យ និងហូបបាយ​ផ្ទាល់ជាមួយយើងខ្ញុំដែលជាម្ហូបអាហារបែបកម្មករ ហើយក៏អរគុណដល់លោកដែលមកស្វែងយល់​ពីជីវភាព​កម្មករ មកមើលដល់បន្ទប់​ និងបានសាកសួរពីការតទឹក​ តភ្លើងរបស់រដ្ឋនិងតម្លៃរដ្ឋ”។ទន្ទឹមនឹងនេះ ​លោក ប៉ាវ ស៊ីណា​ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករនៅថ្ងៃទី៣០ ខែសីហានេះ​លើកឡើងថា ​ការចុះត្រួតពិនិត្យមើលជីវភាព​ និងស្ថានភាពការងារជាក់ស្តែងរបស់កម្មករទាំង​នៅ​ក្នុងរោងចក្រ ​និងនៅសន្លែងហូប​ អាហារ និងផ្ទះជួល បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋ​មន្ត្រីក្រសួង​ការងារ​ចំពោះកម្មករក្នុងនាមជាអាណាព្យាបាល ហើយលោកក៏មានចិត្តត្រេកអរ​ចំពោះកាយ​វិការដ៏សាមញ្ញរបស់រដ្ឋមន្ត្រីថ្មីរូបនេះផងដែរ។ សម្រាប់ប្រធានសម្ព័ន្ធសហជីពរូបនេះ ការចុះពិនិត្យតាំងពីដំបូងដៃយ៉ាងដូច្នេះនឹងធ្វើឱ្យរដ្ឋមន្ត្រីថ្មី​នឹងក្តាប់​បាននូវបញ្ហាប្រឈមជាក់ស្តែងដែលកម្មករបានជួបប្រទះដោយពិតប្រាកដ។ ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា​ ការចុះត្រួតពិនិត្យផ្ទាល់ដល់រោងចក្រ និងកន្លែងស្នាក់នៅនេះ គឺដើម្បីស្វែងយល់ពីការអនុវត្តអនុសាសន៍ទាំង១០​ចំណុច​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យតបណ្តាញទឹក ភ្លើងរបស់រដ្ឋជូន​កម្មករ​គ្រប់​កន្លែងស្នាក់នៅដោយតម្លៃរបស់រដ្ឋផ្ទាល់ ហើយក៏តាមដានមើលពីលក្ខខណ្ឌការងារដែលរោង​ចក្រ​បានអនុវត្តចំពោះកម្មករដែលមានចែងក្នុងច្បាប់៕  

អង្គការលើកលែងទោសអន្តរជាតិជំរុញឲ្យរដ្ឋអារ៉ាប់ចំនួន៤ ប្រាប់ការពិតអំពីមនុស្សដែលបាត់ខ្លួន

2023/08/31 11:14:17 am        208
អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយ៉េម៉ែន ឲ្យបង្ហាញពីជោគវាសនានៃមនុស្សដែលបាត់ខ្លួនក្នុងសង្គ្រាម និងភាពចលាចលជាច្រើនទសវត្សរ៍ ដើម្បីប្រារព្ធទិវាអន្តរជាតិសម្រាប់អ្នកដែលបាត់ខ្លួនទាំងនោះ។លោកស្រី អាយ៉ា ម៉ាហ្សូប (Aya Majzoub) មកពីអង្គការលើកលែងទោស បានប្រាប់សារព័ត៌មានAFP នៅក្នុងព្រឹត្តិការណ៍មួយជាមួយក្រុមគ្រួសារនៃអ្នកបាត់ខ្លួននៅទីក្រុងបេរូត(Beirut)ថា រដ្ឋមជ្ឈិមបូព៌ាចំនួន៤ មានចំនួនអ្នកបាត់ខ្លួន និងមនុស្សដែលបាត់ខ្លួនដ៏ច្រើន។ លោកស្រី បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ មិនបានចាត់វិធានការណាមួយ ដើម្បីធានាសិទ្ធិរបស់គ្រួសារទាំងនោះទេ។លោកស្រី ម៉ាហ្សូប បាននិយាយថា ទាំងនេះ ក៏ជាប្រទេសដែលក្រុមគ្រួសារខ្លួនឯង បានរៀបចំ និងដឹកនាំយុទ្ធនាការ និងការតស៊ូមតិទាមទារសិទ្ធិរបស់ពួកគេ»។នៅក្នុងប្រទេសអ៊ីរ៉ាក់ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សចន្លោះពី ២៥០.000នាក់ ទៅមួយលាននាក់ បានខ្លួន ចាប់តាំងពីឆ្នាំ១៩៦៨ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកបាត់ខ្លួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕

អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថាប្រទេសនេះនឹងប្រឈមនឹងការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសស៊ីរី

2023/08/31 11:04:18 am        194
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី ដោយនិយាយថា ការវាយប្រហារបែបនេះ នឹងប្រឈមមុខនឹងការសងសឹកជាយថាហេតុ។លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី ជាទីដែលលោកកំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ។កាលពីថ្ងៃចន្ទ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឲ្យខូចខាតដល់អាកាសយានដ្ឋានក្រុងអាឡិបប៉ូ (Aleppo) ដោយធ្វើឲ្យផ្លូវយន្តហោះរត់មិនដំណើរការ។ អាកាសយានដ្ឋាននេះ ត្រូវបានកំណត់គោលដៅជាច្រើនលើកក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារចំនួនពីរកាលពីខែមីនា ដែលបានធ្វើឲ្យវាមិនអាចដំណើរការផងដែរ។អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកទៅលើគោលដៅ នៅក្នុងផ្នែកនានាដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែប្រទេសនេះ កម្រនឹងទទួលស្គាល់ ឬពិភាក្សាអំពីប្រតិបត្តិការនេះ។ ជាញឹកញាប់ ការវាយប្រហារសំដៅទៅលើកងកម្លាំងយោធាស៊ីរី ឬក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់៕

ទណ្ឌកម្មរបស់UN ក្នុងប្រទេសម៉ាលី នឹងបញ្ចប់ បន្ទាប់ពីរុស្ស៊ីរារាំងការអនុវត្តន៍បន្ត

2023/08/31 09:27:20 am        295
UN៖ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរុស្ស៊ីបានប្រើសិទ្ធិវ៉េតូលើការអនុវត្តន៍បន្តដែលបានដាក់គោលដៅលើអ្នកដែលបំពានឬរារាំងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដែលបង្អាក់ការដឹកជញ្ជូនជំនួយ ប្រព្រឹត្តការបំពានសិទ្ធិឬការជ្រើសរើសទាហានកុមារ។ អង្គការឃ្លាំមើលទណ្ឌកម្មអង្គការសហប្រជាជាតិឯករាជ្យ បានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅខែនេះថា កងទ័ពម៉ាលី និងដៃគូសន្តិសុខបរទេសរបស់ខ្លួន ដែលត្រូវបានគេជឿថាជាក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនWagner របស់រុស្ស៊ី កំពុងប្រើប្រាស់អំពើហិង្សាលើស្ត្រី និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀតដើម្បីធ្វើឲ្យរាលដាលភាពភ័យខ្លាច។ សមាជិកក្រុមប្រឹក្សា១៣រូប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលបានពង្រាងដោយប្រទេសបារាំង និងអារ៉ាប់រួម ដើម្បីបន្ថែមទណ្ឌកម្ម និងការពិនិត្យដោយឯករាជ្យសម្រាប់រយៈពេលមួយឆ្នាំទៀត។ រុស្ស៊ីបានបោះឆ្នោតវ៉េតូ ខណៈប្រទេសចិនបោះឆ្នោតអនុប្បវាទ។ ក្រោយមក រុស្ស៊ី បានជំនួសការបន្ថែមពេលដែលបានស្នើសុំចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលីសម្រាប់រយៈពេល១ឆ្នាំចុងក្រោយ ខណៈជប៉ុនបានបោះឆ្នោតប្រឆាំង ហើយសមាជិក១៣រូបដែលនៅសល់ អនុប្បវាទ។អាណត្តិប្រចាំឆ្នាំបច្ចុប្បន្ន សម្រាប់របបការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការត្រួតពិនិត្យឯករាជ្យ នឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ៕

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

2023/08/31 08:57:00 am        417
ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៨៧រូប។របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង២- ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕

ប្រជាជនឈីលីស្វែងរកចម្លើយអំពីអ្នកបាត់ខ្លួន ខណៈខួប៥០ឆ្នាំនៃរដ្ឋប្រហារ ត្រៀមប្រារព្ធឡើង

2023/08/31 08:51:59 am        304
ឈីលី៖ ខណៈដែលប្រទេសឈីលីត្រៀមខ្លួនដើម្បីប្រារព្ធខួប៥០ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧៣ ប្រឆាំងនឹងអតីតប្រធានាធិបតីឈីលី លោក Salvador Allende នោះ ប្រជាជនក្នុងប្រទេសនេះកំពុងចោទសួរកាន់តែខ្លាំងឡើង អំពីមនុស្សរាប់ពាន់នាក់ដែលបានបាត់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃរបបផ្តាច់ការយោធាបន្ទាប់មកនោះថា «តើអ្នកបាត់ខ្លួនទាំងនោះនៅឯណា?»ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងបង្កើនប្រតិបត្តិការស្វែងរក តាមរយៈផែនការស្វែងរកថ្នាក់ជាតិ បានចាប់ផ្តើមកាលពីថ្ងៃពុធ (៣០ សីហា) ដោយលោកប្រធានាធិបតីឈីលី Gabriel Boric ដើម្បីបង្រួបបង្រួមសំណុំរឿង និងការស៊ើបអង្កេតដោយសង្ឃឹមថានឹងរកឃើញតម្រុយថ្មីៗអំពីការបាត់ខ្លួនទាំងនោះ។ក្នុងអំឡុងពេលរបបផ្តាច់ការរយៈពេល១៧ឆ្នាំដ៏បង្ហូរឈាមរបស់លោកឧត្តមសេនីយ Augusto Pinochet មនុស្សប្រហែល៤០.១៧៥នាក់ត្រូវបានប្រហារជីវិត ចាប់ឃុំខ្លួន និងបាត់ខ្លួន ឬធ្វើទារុណកម្មក្នុងនាមជាអ្នកទោសនយោបាយ នេះបើយោងតាមក្រសួងយុត្តិធម៌ដោយផ្អែកលើការស្វែងរកការពិតដោយបណ្ដាគណៈកម្មការផ្សេងៗ។ មានមនុស្សចំនួន១.៤៦៩នាក់ ដែលជាជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ ដែលក្នុងនោះមនុស្ស១.០៩២នាក់ត្រូវបានឃុំខ្លួន និងបាត់ខ្លួន ខណៈដែលមនុស្ស៣៧៧នាក់ទៀត ត្រូវបានប្រហារជីវិត ហើយសាកសពរបស់ពួកគេមិនត្រូវបានប្រគល់ត្រលប់មកវិញនោះទេ៕

ជនជាតិដើមភាគតិចប្រេស៊ីលប្រមូលផ្តុំគ្នាតវ៉ាដើម្បីការពារសិទ្ធិដីធ្លីដូនតា

2023/08/31 08:49:37 am        272
ប្រេស៊ីល៖ ក្រុមជនជាតិដើមមកពីទូទាំងប្រទេសប្រេស៊ីល បានតវ៉ាកាលពីថ្ងៃពុធ (៣០ សីហា) នៅទីក្រុង ប្រាស៊ីលីយ៉ា ដើម្បីប្រឆាំងនឹងច្បាប់ ដែលគំរាមកំហែងដល់ដីធ្លីដូនតារបស់ពួកគេ។ ជនជាតិដើមភាគតិចរាប់រយនាក់បានដើរដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល ដើម្បីមើលការចាប់ផ្តើមឡើងវិញនៃកិច្ចពិភាក្សាស្តីពីការបោះបង្គោលព្រំដីជនជាតិដើមភាគតិច។ច្បាប់ដែលបានស្នើឡើងនោះ នឹងកំណត់កាលបរិច្ឆេទកាត់ផ្តាច់សម្រាប់ការទាមទារដីដូនតាក្នុងឆ្នាំ១៩៨៨ ជាឆ្នាំដែលរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីលបច្ចុប្បន្នត្រូវបានអនុម័ត។ សហគមន៍ជនជាតិដើមភាគតិចណាដែលមិនបានកាន់កាប់ដីរបស់ពួកគេនៅកាលបរិច្ឆេទនោះ នឹងមិនអនុញ្ញាតឱ្យធ្វើការទាមទារនោះទេ នេះបើយោងតាមច្បាប់ដែលបានស្នើឡើង។ក្រុមសកម្មជនជនជាតិដើមភាគតិច ច្រានចោលសេចក្ដីស្នើច្បាប់នេះ ដោយលើកហេតុផលថាជនជាតិដើមភាគតិចជាច្រើនត្រូវបានបណ្ដេញចេញពីទឹកដីដូនតារបស់ពួកគេជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងរបបផ្តាច់ការយោធា៕

ប្រជាពលរដ្ឋរាប់រយនាក់អបអរសាទរ នៅក្នុងរដ្ឋធានីរបស់ប្រទេសហ្កាបុង បន្ទាប់ពីទាហានបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ

2023/08/31 08:46:43 am        348
  ហ្កាបុង៖ មនុស្សរាប់រយនាក់បាន អបអរសាទរនៅកណ្ដាលរដ្ឋធានី លីប្រេវីល (Libreville)របស់ប្រទេស    ហ្កាបុង (Gabon) បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់និយាយថា ពួកគេ បានរឹបអូសអំណាចហើយ។ រូបភាពពីទូរទស្សន៍ ហ្កាបុង បានបង្ហាញពីក្រុមបាតុករកាន់ទង់ជាតិ និងស្រែកពាក្យស្លោក គាំទ្រយោធា ខណៈបង្ហាញការជំទាស់យ៉ាងដាច់អហង្ការចំពោះលោកប្រធានាធិបតី អាលី បុងហ្គោ អុងឌីមបា (Ali Bongo Ondimba) ដែលត្រូវបានទម្លាក់ពីតំណែង ប៉ុន្មាននាទី បន្ទាប់ពីគណៈកម្មការបោះឆ្នោតរបស់រដ្ឋស្ថិតនៅក្នុងតំបន់អាហ្វ្រិកកណ្ដាល បានប្រកាសថាលោកបានកាន់តំណែងអាណត្តិទី៣។ ទាហានបះបោរក៏បាន ចាប់ប្រធានាធិបតីឃុំខ្លួនក្នុងផ្ទះផងដែរ កាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោត ក្នុងប្រទេសអាហ្វ្រិកកណ្ដាលសំបូរដោយធនធានប្រេងមួយនេះ។ចំណែកប្រជាពលរដ្ឋនៅក្នុងទីក្រុងធំបំផុតទី២ ព័រហ្សង់ទី (Port-Gentil)របស់ប្រទេសហ្កាបុង បាននាំគ្នាទៅកាន់តាមដងផ្លូវនានាកាលពីថ្ងៃពុធទី៣០ខែសីហា ដើម្បីអបអរសាទរ។ ប៉ុន្មាននាទីនៃការប្រកាសលទ្ធផលឆ្នោត គេបានលឺសំឡេងផ្ទុះអាវុធ នៅកណ្ដាលរដ្ឋធានី ក្រោយមកទាហានស្លៀកពាក់ឯកសណ្ឋានជាង១០នាក់ បានលេចមុខលើកញ្ចក់ទូរទស្សន៍ រដ្ឋនិងបានប្រកាសថា ពួកគេបានរឹបអូសអំណាចហើយ។ មិនយូរប៉ុន្មានហ្វូងមនុស្សក៏សម្រុកទៅកាន់តាមដងផ្លូវនានាដើម្បីអបអរសាទរ៕

កម្មករ-កម្មការិនី សប្បាយចិត្តក្រោយនាយករដ្ឋមន្រ្តី ប្រកាសរៀបចំបណ្តុះបណ្ដាល​ជំនាញដល់ពួកគេ

2023/08/30 05:31:58 pm        351
ភ្នំពេញ៖ កម្មករ-កម្មការិនី បំរើការងារនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហានេះ បាន​សំដែងការពេញចិត្ត និងអរគុណដល់នាយករដ្ឋមន្រ្តី ដែលសម្រេចឱ្យដល់កម្មករ-និយោជិត បានចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។កម្មករ-កម្មការិនី បន្តថា ពេលចេះជំនាញច្បាស់លាស់ ​គឺផ្តល់ផលប្រយោជន៍ច្រើនដល់ពួកគាត់ខ្ញុំ អាច​ទទួល​បានប្រាក់ខែច្រើនជាងមុន ​និងជាពិសេសពេលឈប់ធ្វើការ ហើយមានលុយ​សន្សំ​តិចតួចអាចទៅបើកមុខរបបមួយសមរម្យសម្រាប់ចិញ្ចឹមជីវិតនាពេលអនាគត។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល​ជាមួយកម្មករ-និយោជិត ជិត២ម៉ឺននាក់ នាថ្ងៃទី២៩ ខែសីហា ម្សិលមិញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ណែនាំឱ្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពន្លឿន​ការអនុវត្តកម្មវិធីបណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារ​ងាយ​រងហានិភ័យ​នៅទូទាំង​ប្រទេស​ចំនួនប្រមាណ ១.៥លាននាក់ ​និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករ-និយោជិត​អាចចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាព ​ប្រសិទ្ធភាព ​ការងារនៅកន្លែងការងារ និងអាជីពនាពេលអនាគត។ ហើយវគ្គបណ្តុះបណ្តាលនេះ ​គួររៀបចំ​នៅវេនពេលយប់ ឬចុងសប្ដាហ៍ ដើម្បីកុំឱ្យប៉ះពាល់ការងាររបស់កម្មករ-និយោជិត។តាមការគ្រោងទុក ​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ​គ្រួសារងាយរងហានិភ័យ និង​កម្មករ-និយាជិត អាចនឹងចាប់ដំណើរការនៅចុងឆ្នាំ២០២៣ ​ឫដើមឆ្នាំ២០២៤ ខណៈបច្ចុប្បន្ន​ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធកំពុងមមាញឹករៀបចំ​គោលការណ៍។ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​ចូលសិក្សាដោយឥតបង់ថ្លៃ ​និងទទួលបានប្រាក់​ឧបត្ថម្ភ​ប្រចាំខែ សិក្សាលើមុខជំនាញជាច្រើនរួមមាន៖ វិស័យសំណង់ អគ្គិសនី មេកានិច អេឡិចត្រូនិក កាត់ដេរ សម្អាងកាយ និងខាងវិស័យទេសសចរណ៍ជាដើម៕ អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យ Dongshin University នៃសាធារណៈរដ្ឋកូរ៉េ
08/14/2025 08:08 PM
UN៖ ឧក្រិដ្ឋកម្មសង្រ្គាមទំនងជាបានប្រព្រឹត្តដោយភាគីទាំង ២នៅក្នុងអំពើហិង្សាតំបន់ឆ្នេរប្រទេសស៊ីរី
08/14/2025 08:08 PM
កង្វះអាំងស៊ុយលីនធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមកុងហ្គោឈឺចាប់នៅតំបន់ភាគខាងកើតដែលញាំញីដោយភ្លើងសង្រ្គាម
08/14/2025 08:08 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសម្ខាងៗចំនួន ៨៤នាក់ដូចគ្នា
08/14/2025 08:08 PM
ក្រុមគ្រូពេទ្យគ្មានព្រំដែន៖ ជំងឺអាសន្នរោគបានសម្លាប់មនុស្ស ៤០នាក់នៅតំបន់ Darfur ប្រទេសស៊ូដង់ ក្នុងរយៈពេល ១សប្តាហ៍
08/14/2025 08:08 PM
នគរបាលអេស្ប៉ាញ ចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងចំហេះព្រៃថ្មី
08/14/2025 08:08 PM
​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
08/14/2025 08:08 PM
ប្រភព៖ ទួរគីជួយស៊ីរីនូវប្រព័ន្ធអាវុធ និងគ្រឿងយុទ្ធោបករណ៍ ក្រោមកិច្ចព្រមព្រៀងថ្មី
08/14/2025 08:08 PM
សម្តេចតេជោជួបពិភាក្សាជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ
08/14/2025 08:08 PM
មេដឹកនាំបារាំង បញ្ជាក់ថា លោក Trump បើកចំហចំពោះការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន
08/14/2025 08:08 PM