TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌលសុំសិទ្ធិជ្រកកោនក្រុងញ៉ូវយ៉កមិនអាចទទួលជនអន្តោប្រវេសន៍អស់នោះទេ ខណៈអ្នកខ្លះត្រូវដេកតាមផ្លូវ

2023/08/01 10:33:31 am        111
អាមេរិក៖ សណ្ឋាគារដ៏ល្បីមួយនៅទីក្រុងញូវយ៉ក ឥឡូវនេះត្រូវបានកែច្នៃជាមជ្ឈមណ្ឌលជនអន្តោប្រវេសន៍។ សណ្ឋាគារ Roosevelt ដែលមានទីតាំងនៅកណ្តាលតំបន់ពាណិជ្ជកម្ម Manhattan ស្ថិតនៅឆ្ងាយពីស្ថានីយរថភ្លើងកណ្ដាល។ សណ្ឋាគារនេះ អាចផ្ទុកអ្នកស្រុកអតិបរមាបានប្រហែល៩០០នាក់។ ឥឡូវនេះវាកំពុងដំណើរការជា 'មជ្ឈមណ្ឌលសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន' ខណៈដែលទីក្រុងញូវយ៉កកំពុងជួបផលលំបាកក្នុងការទប់ទល់លំហូរជនអន្តោប្រវេសន៍ដែលចូលទៅកាន់ទីក្រុងមួយនេះ ដែលបណ្ដាលឲ្យជនអន្តោប្រវេសន៍មួយចំនួនត្រូវដេកតាមផ្លូវ ដោយសារមណ្ឌលនេះមិនអាចទទួលពួកគេអស់។មជ្ឈមណ្ឌលនេះកំពុងទទួលជនអន្តោប្រវេសន៍ជាច្រើននាក់ ហើយអ្នកខ្លះមិនអាចទទួលបានកន្លែងស្នាក់នៅខាងក្នុងនោះទេ ហើយត្រូវបានបង្ខំឱ្យដេកនៅតាមផ្លូវ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ មនុស្សជាច្រើនអាចត្រូវបានគេមើលឃើញជារៀបគ្នាជួរយ៉ាងវែង ដោយមានកាន់ក្រដាសកាតុងសម្រាប់ក្រាលជាកន្លែងគេង។ ក្រុមមន្ត្រីទីក្រុងញូវយ៉កកាលពីដើមខែនេះបាននិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៩០.០០០នាក់បានមកដល់ទីក្រុងនេះចាប់តាំងពីនិទាឃរដូវឆ្នាំមុន ហើយជាមធ្យមមានមនុស្សពី ៣០០នាក់ទៅ ៥០០នាក់បានចូលមកដល់ជារៀងរាល់ថ្ងៃ៕

មនុស្ស៥នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ដែលបានផ្ទុះឡើងនៅក្នុងទីក្រុងភាគខាងជើងប្រទេសឥណ្ឌា

2023/08/01 10:29:34 am        98
ឥណ្ឌា៖ ការប៉ះទង្គិចគ្នាដោយហឹង្សាបានផ្ទុះឡើងរវាងក្រុមចំនួនពីរ នៅក្នុងរដ្ឋហាយ៉ាណា (Haryana) ភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ (៣១ កក្កដា) ដោយមានការគប់ដុំថ្ម ហើយរថយន្តត្រូវបានដុតបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងរបួសជាង៥០ នាក់ក្នុងនោះមាននគរបាលពីរនាក់ផងដែរ។សារព័ត៌មានឥណ្ឌា (VHP) បាននិយាយថា ស្រុក Nuh ដែលមានចម្ងាយប្រហែល ៨៥គីឡូម៉ែត្រពីរដ្ឋធានីនៃប្រទេសឥណ្ឌា បានឃើញហ្វូងមនុស្សដែលបានវាយប្រហារនគរបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្នុងអំឡុងពេលដង្ហែក្បួនដោយក្រុមជាតិនិយមហិណ្ឌូ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សេវាប្រព័ន្ធអ៊ីនធឺណិតក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។ ឧប្បត្តិហេតុនៃអំពើហិង្សាជាបន្តបន្ទាប់ក៏ត្រូវបានគេរាយការណ៍នៅទីក្រុងរណប Gurugram របស់ទីក្រុង New Delhi ផងដែរ៕

ប្រជាជនប៊ុលហ្គារីរាប់ពាន់នាក់ តវ៉ាជុំវិញអំពើហឹង្សាលើស្ត្រី

2023/08/01 10:26:44 am        205
ប៊ុលហ្គារី៖ ប្រជាជនប៊ុលហ្គារីរាប់ពាន់នាក់បានតវ៉ានៅខាងក្រៅអគារតុលាការក្នុងទីក្រុងសូហ្វីយ៉ា (Sofia) កាលពីថ្ងៃចន្ទ (៣១ កក្កដា) ដើម្បីអំពាវនាវឱ្យមានវិធានការរឹងមាំជាងមុនដើម្បីដោះស្រាយអំពើហិង្សាលើស្ត្រី។ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី និងជាង ៤០ ទីក្រុងទូទាំងប្រទេស បន្ទាប់ពីការវាយប្រហារដោយកាំបិតកាលពីពេលថ្មីៗនេះទៅលើនារីវ័យក្មេងម្នាក់នៅក្នុងទីក្រុង ស្តារ៉ា ហ្សាហ្គូរ៉ា (Stara Zagora) បង្កឱ្យប្រជាពលរដ្ឋមានកំហឹងជាខ្លាំង។ប្រជាពលរដ្ឋបានធ្វើដំណើរតាមដងផ្លូវ បន្ទាប់ពីបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានចាក់សម្លាប់មិត្តស្រីរបស់ខ្លួនដោយកាំបិត ហើយបណ្ដាលឲ្យនាងមានរបួសជាង ៤០០ ថ្នេរនោះ ត្រូវបានដោះលែងពីដំបូងដោយមិនមានការចោទប្រកាន់។ ជនសង្ស័យឥឡូវនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនការជំនុំជម្រះទោស នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប៊ុលហ្គារី។ការស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកាដោយវិទ្យាស្ថានស្ថិតិជាតិបានបង្ហាញថា ស្ទើរតែមួយភាគបីនៃក្មេងស្រីនៅក្នុងប្រទេសប៊ុលហ្គារីបានជួបប្រទះការរំលោភបំពានផ្លូវកាយ ឬផ្លូវចិត្ត ដោយឪពុកម្តាយរបស់ពួកគេក្នុងវ័យកុមារភាព ហើយស្ត្រីយ៉ាងហោចណាស់៥នាក់ក្នុងចំណោម១០នាក់ បានជួបប្រទះនូវអំពើហឹង្សាមួយចំនួនពីដៃគូជិតស្និទ្ធ មិនថាជាផ្លូវចិត្ត ផ្លូវភេទ ឬផ្លូវកាយនោះទេ៕

សមាជិកក្រុមប្រឹក្សាសន្តិសុខUN ជំរុញឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអន្តរជាតិរបស់អ៊ុយក្រែន

2023/08/01 10:14:55 am        117
UN៖ កាលពីថ្ងៃចន្ទ (៣០ កក្កដា) សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីទឹកដីដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន។ តំណាងរបស់ប្រទេសអ៊ុយក្រែន លោកស្រី Khrystyna Hayovyshyn (គ្រីស្ទីណា ហាយ៉ូវីស៊ីន) បាននិយាយថា សកម្មភាពរបស់រុស្ស៊ី បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពក្នុងតំបន់ និងទូទាំងពិភពលោក។ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុង គ្រីវី រី (Kryvyi Rih) ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ រួមទាំងក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ និងម្តាយរបស់នាង ព្រមទាំងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។រដ្ឋធានី គីវ ដែលបានទទួលគ្រឿងយុទ្ធោបករណ៍ និងការហ្វឹកហ្វឺនមានតម្លៃរាប់ពាន់លានដុល្លារពីប្រទេសលោកខាងលិច ដើម្បីធ្វើការវាយលុកដណ្តើមយកទឹកដីដែលកាន់កាប់ឡើងវិញនៅរដូវក្តៅនេះ បានទទួលស្គាល់ថាយុទ្ធនាការរបស់ខ្លួនកំពុងដំណើរការយឺតជាងការរំពឹងទុក។ ក្រុមមេបញ្ជាការនិយាយថា ល្បឿនវាយលុកដោយចេតនាគឺត្រូវការចាំបាច់ដើម្បីបញ្ចៀសគ្រោះថ្នាក់ខ្ពស់។ទាហានរុស្សីមានពេលជាច្រើនខែដើម្បីរៀបចំពហរងឹងបន្ទាយការពារ និងដាក់ពង្រាយគ្រាប់មីន។ ក្រុមអ្នកវាយប្រហារជនជាតិអ៊ុយក្រែន ខ្វះឧត្តមភាពដែនអាកាស ដែលសម្ព័ន្ធមិត្តណាតូ ជាធម្មតារំពឹងទុកនៅក្នុងសមយុទ្ធហ្វឹកហ្វឺនរបស់ពួកគេ៕

រុស្ស៊ី បានវាយប្រហារដោយមីស៊ីល លើក្រុងកំណើតរបស់លោក Zelensky សម្លាប់មនុស្សចំនួន៦នាក់

2023/08/01 10:08:19 am        147
រុស្ស៊ី៖ មនុស្សយ៉ាងហោចណាស់៦នាក់ រួមទាំងក្មេងស្រីអាយុ១០ឆ្នាំនិងម្ដាយរបស់នាង បានស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង គ្រីវីរី (Kryvyi Rih)របស់អ៊ុយក្រែន។  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន បាននិយាយថា មនុស្សចំនួន៦៩នាក់បានរងរបួសនៅពេលមីស៊ីលជាច្រើនគ្រាប់បានវាយប្រហារលើអគារខ្ពស់មួយនិងសាកលវិទ្យាល័យមួយកន្លែងកាលពីថ្ងៃចន្ទ។ អភិបាលតំបន់ លោក ស៊ើហ៊ី លីសាក់(Serhiy Lysak) បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃសម្រាប់អ្នកបាត់បង់ជីវិត។ ក្រុងកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelensky ស្ថិតក្នុងទីក្រុង គ្រីវីរី  គឺជាគោលដៅមិនផ្លាស់ប្ដូរសម្រាប់ការវាយប្រហារទាំងឡាយពីសំណាក់កងកម្លាំងរុស្ស៊ី។ កាលពីខែមិថុនា មនុស្ស១១នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងទីក្រុងមួយនេះ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលដ៏ច្រើនសន្ធាប់លើអគារលំនៅឋានរបស់ជនស៊ីវិល។ការវាយប្រហារចុងក្រោយបំផុត គេបានមើលឃើញមនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងកុមារ អាយុចាប់ពី៤ឆ្នាំដល់ ដល់១៧ឆ្នាំ។ លោក Zelensky ដែលបានធំធាត់នៅក្នុងទីក្រុងដែលមានប្រជាជនប្រមាណ ៦០ម៉ឺននាក់ រស់នៅ បាននិយាយថាមីស៊ីលចំនួន២គ្រាប់ បានធ្លាក់ចំប្លុកអគារអឹផាតមិនរបស់ប្រជាពលរដ្ឋ និងអគារសាកលវិទ្យាល័យមួយកាលពីព្រឹកថ្ងៃចន្ទ៕

អ្នកវិភាគ៖ រដ្ឋប្រហារនីហ្សេ អាចបើកទ្វារដល់ក្រុមទាហានស៊ីឈ្នួល Wagner និងក្រុមជីហាដ

2023/08/01 10:03:09 am        81
អាមេរិក៖ អ្នកវិភាគសន្តិសុខអាមេរិកម្នាក់បានព្រមានថា ការទម្លាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum អាចធ្វើឱ្យប្រទេសនេះ មានភាពងាយស្រួលសម្រាប់ក្រុមទាហានស៊ីឈ្នួល The Wagner និងក្រុមជីហាដ ខណៈដែលវិបត្តិនេះបានធ្វើឱ្យអតីតសម្ព័ន្ធមិត្តលោកខាងលិចរបស់នីហ្សេ ប្រឆាំងនឹងរុស្ស៊ី និងមេដឹកនាំរបបយោធាដទៃទៀតនៅក្នុងតំបន់។សហភាពអាហ្រ្វិក អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងមហាអំណាចផ្សេងទៀតបានថ្កោលទោសការទម្លាក់លោកប្រធានាធិបតី Mohamed Bazoum នេះ ដែលជាការកាន់កាប់ដោយយោធាលើកទី៧ ក្នុងរយៈពេលតិចជាងបីឆ្នាំនៅអាហ្វ្រិកខាងលិច និងកណ្តាល ដែលបានធ្វើឱ្យខូចដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ក្រីក្របំផុតរបស់ពិភពលោកមួយនេះ។ ប៉ុន្តែរបបយោធានៃប្រទេសជិតខាងដូចជា ប្រទេសប៊ូគីណា ហ្វាសូ (Burkina Faso), ប្រទេសម៉ាលី (Mali) និងប្រទេសហ្គីនេ (Guinea) សុទ្ធតែបានសម្តែងការគាំទ្ររបស់ពួកគេចំពោះមេដឹកនាំរដ្ឋប្រហារទាំងនោះ។កាលពីសប្តាហ៍មុន លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានស្វាគមន៍រដ្ឋប្រហារនៅនីហ្សេ ហើយបាននិយាយថា កងកម្លាំងរបស់លោកមានលទ្ធភាពដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញក្នុងប្រទេសនេះ។ លោកស្រី Analiese Bernard អ្នកវិភាគសន្តិសុខ និងជាអតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ប្រសិនបើក្រុមទាហាន Wagner ជាប់ពាក់ព័ន្ធក្នុងប្រទេសនីហ្សេ នោះវាទំនងជានឹងប្រព្រឹត្តិការរំលោភសិទ្ធិមនុស្ស ដូចគ្នាដែលក្រុមនោះធ្លាប់បានប្រព្រឹត្តនៅក្នុងប្រទេសម៉ាលីដែលជាប្រទេសជិតខាងនោះ ហើយបើកទ្វារឱ្យក្រុមជីហាដឈរជើងនៅក្នុងប្រទេសនីហ្សេ មិនខាន៕

ឯកឧត្តម វេង សាខុន និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា និងបច្ច័យមួយចំនួនប្រគេនដល់វត្តចំនួន៧ នៅខេត្តកំពង់ចាម

2023/08/01 09:30:06 am        149
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោក ជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំហាន់ជ័យ ឃុំវិហារធំ ឃុំក្រឡា និងឃុំគគរ ស្រុកកំពង់សៀម បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ៧ ក្នុងនោះឃុំវិហាធំមានចំនួន ៤ វត្តមាន ÷ វត្តគងមហា វត្តអណ្តូងស្វាយ វត្តក្តីបឹង វត្តវិហារធំ និងឃុំក្រឡាមានចំនួន ៣ វត្តមាន÷ វត្តអង្គួញដី វត្តភ្នំប្រុស និងវត្តពុទ្ធិការាម ដែលពិធីនេះប្រារព្វក្នុងវត្តភ្នំប្រុស នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្តម​វេង សាខុន បានសំណេះសំណាលជាមួយព្រះតេជគុណព្រះសង្ឃ និងប្រជាពលរដ្ឋពុទ្ធិបរិស័តដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម សូមទទួលបាននូវពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។ក្នុងនាមប្រធាន អនុប្រធានក្រុម ការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម ឯកឧត្តមបានអបអរសាទរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលស្រុកកំពង់សៀមទទួលបាន ៨០% (យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប)។ ក្នុងនាមប្រធាន-អនុប្រធានក្រុមការងារ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះលោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំទាំង១៥ ឃុំ និងក្រុមការងារថ្នាក់ស្រុក ឃុំ និងភូមិទាំងអស់នៅស្រុកកំពង់សៀម និងពុទ្ធិបរិស័តចំណុះជើងវត្តទាំង ៤៨ វត្ត និងសាឡុមមួយ ដែលបានបរិច្ចាគ ចាប់មគ្គផលធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានាព្រឹកនេះ។ ឯកឧត្តមបានឧទ្ទិសភាគផលបុណ្យ កុសលទានជូនសប្បុរសជនទាំងអស់ទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ដោយឡែកចំពោះវត្តចំនួន ៤២ ផ្សេងទៀត ដែលស្ថិតក្នុងស្រុកកំពង់សៀម ឯកឧត្តមបានចាត់ឲ្យអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក និងប្រធានក្រុមការងារគណបក្សចុះជួយតាមបណ្តាឃុំនាំយកទៀនចំណាំព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន យកទៅប្រគេនព្រះចៅអធិការនៅតាមបណ្តាវត្ត តាមឃុំទទួលបន្ទុករបស់ក្រុមការងារដើម្បីជៀសវាងកុំឲ្យព្រះតេជគុណចៅអធិការនិមន្តមួយទទួលទៀនចំណាំព្រះវស្សានិងគ្រឿងបរិក្ខារឆ្ងាយពីវត្ត។ បញ្ជាក់ : វត្តទាំង ៧ ខាងលើទទួលបានបច្ច័យ ១ ៥០០ ០០០រៀល ដោយឡែកវត្តភ្នំប្រុស ឯកឧត្តម និងលោកជំទាវបានជួយឧបត្ថមបន្ថែមចំនួន ២,២០០ដុល្លារ ។ ដោយឡែកចំពោះ លោកតា លោកយាយដែលបានចូលរួមពិធីខាងលើ ចំនួន ២០០ នាក់ ម្នាក់ៗទទួលបាន ២០ ០០០រៀល ផងដែរ ៕

រាជរដ្ឋាភិបាល ផ្តើមឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីអំឡុងមានផ្ទៃពោះ និងសម្រាលកូន ចាប់ពីថ្ងៃទី១ ខែសីហានេះទៅ

2023/08/01 09:06:55 am        297
ដូចតាមការសន្យា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ មូលនិធិជាតិ​ជំនួយ​សង្គម​បាន​សម្រេច​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្រ្តី​មាន​ផ្ទៃពោះ និងសម្រាលកូនជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៣​នេះ​តទៅ ដោយការឧបត្ថម្ភនេះគឺចាប់ពីមានផ្ទៃពោះដំបូងរហូតសម្រាលកូនដល់អាយុ២ឆ្នាំ។ការសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនស្រ្តីមានផ្ទៃពោះ និងសម្រាលកូននេះ គឺបានធ្វើឡើងបន្ទាប់ ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី​តាម​រោង​ចក្រ​នានា កាលពីកន្លងទៅ នេះដើម្បីរកដំណោះស្រាយ និង​ពិនិត្យ​អំពី​វឌ្ឍនភាព​របស់​កម្មករ​និយោជិត​នៅតាមរោងចក្រនានា។តាមសេចក្តីជូនដំណឹងរបស់មូលនិធិជំនួយសង្គម ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌ បានបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គម នឹងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារក្នុងគ្រួសារមានបណ្ណសមធម៌ នឹង​ដាក់​ឱ្យ​អនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះតទៅ ដោយផ្តល់ជូន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ពេល​សម្រាល និងក្រោយសម្រាល រហូតដល់កូន អាយុ២ឆ្នាំ ដើម្បីលើកទឹក​ចិត្ត​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូន និងការចាក់វ៉ាក់សាំងកូន ឱ្យ​បានសមស្របតាមនិយាមសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈជាដើម។បើតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារគ្រួសារមានបណ្ណសមធម៌នេះ មាន​លក្ខខណ្ឌ និងគោលការអនុវត្ត ដូចជា សម្រាប់ស្ត្រីដែលកំពុងទទួលផលពីកម្មវិធី នឹង​បន្ត​អនុវត្ត​លក្ខខ័ណ្ឌពិនិត្យសុខភាព តាមមូលដ្ឋាន សុខាភិបាលសាធារណៈធម្មតា ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភតាមអត្រាថ្មីនេះ។ កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មីនេះ គឺ​ផ្តល់ ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដោយ​ត្រូវ​ទៅចុះឈ្មោះ ចូលកម្មវិធីដំបូង នៅតាមឃុំ សង្កាត់ និងប្រើប្រាស់​សេវា​ពិនិត្យ​សុខភាព​នៅ​តាម​មូលដ្ឋានសុខាភិបាលសាធារណៈ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម២ឆ្នាំ សម្រាប់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌នេះ ផ្តល់អត្រាឧបត្ថម្ភជូន ដូច​ជា​ផ្តល់​ប្រាក់​ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនពេលសម្រាលចំនួន៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភចំនួន ៨០០០០រៀល (ប៉ែតសិបពាន់រៀលគត់) ក្នុងមួយដង។ ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ពេលសម្រាល ដូចជាសម្រាលកូនទោល ទទួលបាន ៤០០ ០០០រៀល (បួន​រយ​ពាន់​រៀល​គត់) - សម្រាលកូនភ្លោះពីរ ទទួលបាន ៦០០ ០០០រៀល (ប្រាំមួយរយពាន់រៀលគត់) - សម្រាលកូនភ្លោះបី ទទួលបាន ៨០០ ០០០រៀល (ប្រាំបីរយពាន់រៀលគត់)៕ អត្ថបទ៖ បាន ចក់

[BREAKING NEWS] រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បន្តដាក់រដ្ឋក្នុងគ្រាអាសន្ន ពន្យារពេលការបោះឆ្នោតដែលបានសន្យាក្រោយរដ្ឋប្រហារឆ្នាំ២០២១

2023/08/01 07:51:53 am        157
មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបន្ថែមពេលពេលវេលាដាក់រដ្ឋក្នុងគ្រាអាសន្ន ៦ខែបន្ថែមទៀត កាលពីថ្ងៃចន្ទ ទី៣១ខែកក្កដា ដោយផ្ដល់សញ្ញាពន្យារពេលបោះឆ្នោត ដែលបានសន្យាថានឹងរៀបចំឲ្យមានការបោះឆ្នោតថ្មីខណៈរបបសឹកមួយនេះបន្តប្រយុទ្ធប្រឆាំងក្រុមអ្នកប្រយុទ្ធប្រឆាំងរដ្ឋប្រហារទូទាំងប្រទេស។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានរងការបំផ្លិចបំផ្លាញដោយសារអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី(Aung San Suu Kyi) ជាង២ឆ្នាំមកនេះ ដោយមានការបង្ក្រាបដ៏បង្ហូរឈាមលើក្រុមអ្នកប្រឆាំង ដែលបានបណ្ដាលឲ្យមានការវាយប្រយុទ្ធគ្នាទូទាំងតំបន់ជាច្រើន របស់ប្រទេសនេះ ខណៈបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច។  យោងតាមសារព័ត៌មានរដ្ឋ ប្រមុខរបបសឹក លោក មីន អ៊ុងលាំង(Min Aung Hlaing) បានទទួលស្គាល់ថា ភាគច្រើននៃប្រទេសនេះ មិនស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់យោធាទេ។ ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិគ្រប់គ្រងដោយយោធា (NDSC) បានព្រមព្រៀងពន្យារពេលដាក់រដ្ឋក្នុងគ្រាអាសន្នដែលត្រូវបានប្រកាស នៅពេលក្រុមឧត្ដមសេនីយ៍បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi។  សារព័ត៌មានរដ្ឋ បានដកស្រង់សម្ដីរបស់ប្រធានាធិបតីស្ដីទី លោក ម្យិន ស្វេ (Myint Swe )ដោយនិយាយថា ពេលវេលាដាក់រដ្ឋក្នុងគ្រាអាសន្ន នឹងត្រូវបន្តរយៈពេល៦ខែបន្ថែមទៀត ដែលចាប់ផ្ដើមពីថ្ងៃទី១ខែសីហានេះតទៅ៕

ពលរដ្ឋខ្មែររស់នៅបរទេសមានសុទិដ្ឋិនិយមចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី

2023/07/31 02:46:52 pm        77
ភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅឯក្រៅប្រទេស បានបង្ហាញការគាំទ្រ និងមានសុទិដ្ឋិនិយមចំពោះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីថ្មី ​នៃប្រទេសកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន ។ប្រជាពលរដ្ឋខ្មែរ មកពីសហរដ្ឋអាមេរិក ដែលបានមកទឹកដីកំណើត ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងស្នាក់នៅដើរលេងកម្សាន្តផងនោះ បានប្រាប់BTVនៅថ្ងៃនេះថា ពួកគេមើលឃើញថា ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជា​ស័ក្ដិសម​ធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តមបណ្ឌិត រៀនសូត្របានខ្ពង់ខ្ពស់ ដែលនឹងមាន​សមត្ថភាព​គ្រប់គ្រាន់ អាចដឹកនាំប្រទេសជាតិឱ្យរីកចម្រើនទៅមុខ​ និងធានានិរន្តរភាព ការរស់សុខ​ស្រួលរបស់ប្រជាពលរដ្ឋ ក្រោមម្លប់សន្តិភាព។ ពួកគេបាន​ស្ងើច​សរសើរ​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ​នៃគណបក្សប្រជាជនកម្ពុជា ​បាន កសាង​ប្រទេសជាតិរីកចម្រើនលឿនហួសពីការស្មាន ។ ហើយពេលត្រលប់ទៅសហរដ្ឋអាមេរិកវិញ នឹង ប្រាប់ប្រជាពលរដ្ឋខ្មែរនៅទីនោះ ឱ្យបានដឹងពីការអភិវឌ្ឍរីកចម្រើននៅប្រទេសកម្ពុជា និងជំរុញដល់ពួកគេ ឱ្យមកលេងមាតុប្រទេសផងដែរ ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ យ៉ាងយូរ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំជាលើកដំបូង។ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ត្រូវគេដឹងថា មានប្រវត្តិសិក្សាខ្ពង់ខ្ពស់ ​មានទាំងចំណេះដឹងលើ ផ្នែកយោធា ​និងផ្នែកសេដ្ឋកិច្ច ដោយបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក ៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អឺរ៉ុប នឹងសាកល្បងបំណងរបស់អ៊ីរ៉ង់ លើដំណោះស្រាយនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនេះ
07/25/2025 10:07 AM
អ៊ីស្រាអែល និងអាមេរិក ហៅត្រឡប់មកវិញនូវក្រុមការងារចរចាបទឈប់បាញ់ហ្កាហ្សា ដោយអះអាងថា ក្រុមហាម៉ាសមិនបង្ហាញភាពស្មោះត្រង់
07/25/2025 09:07 AM
បារាំង នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា ដែលធ្វើឲ្យអ៊ីស្រាអែលមានកំហឹង
07/25/2025 09:07 AM
ប្រទេសទួរគី និងស៊ីប ប្រឹងប្រែងទប់ស្កាត់ចំហេះព្រៃ ខណៈរលកកម្ដៅគ្របដណ្ដប់ពាសពេញតំបន់
07/25/2025 09:07 AM
អាមេរិក ដកទណ្ឌកម្មលើសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ា បន្ទាប់ពីប្រមុខរបបសឹកសរសើរលោក Trump
07/25/2025 08:07 AM
[BREAKING NEWS] ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបគ្នានៅថ្ងៃសុក្រនេះ ស្ដីពីការប៉ះទង្គិចគ្នារវាងថៃនិងកម្ពុជា
07/25/2025 07:07 AM
រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់​អាហារ​ជូន​បង​ប្អូនភៀសខ្លួនពី​​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ
07/25/2025 07:07 AM
TOP STORY | សម្ដេចតេជោ៖ថាក់ សុីន ប្រើប្រាស់សង្រ្គាមដើម្បីសងសឹក ហ៊ុន សែន ដែលលទ្ធផលចុងក្រោយគឺប្រជាជនជាអ្នករងគ្រោះ
07/25/2025 12:07 AM
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
07/24/2025 11:07 PM
ទេសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខ និងរៀបចំបញ្ជូនអំណោយជូនជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ
07/24/2025 10:07 PM