TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

2022/10/23 06:55:13 am        320
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារអបអរសាទរខួបទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

សម្តេចតេជោ ហ៊ុន សែន​ ផ្តល់ការព្យាបាលដល់កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ ម្នាក់ នៅខេត្តសៀមរាប

2022/10/22 01:26:32 pm        462
ក្រោយចប់ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣,២០០គ្រួសារ ដែល​បាន​ផ្លាស់ប្ដូរទីលំនៅ​ពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង នៅព្រឹកមិញនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួយ​សម្រាល​ទុក្ខលំបាក​ក្នុង​ជីវភាព​ដល់​ស្ត្រីម្នាក់​ដែល​មាន​កូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។ដោយក្តីអាណិតអាសូរជាពន់ពេក ខណៈ​ដែលស្ត្រីជាម្ដាយ​បាន​ពរ​កូន​ទាំងមាន​ជំងឺ​នេះម​ក​ចូល​រួម​ក្នុង​កម្ម​វិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចាត់ចែងភ្លាមៗ​ក្នុង​ការ​បញ្ជូន​កុមារី​មាន​ជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំ សម្រាប់ដោះស្រាយជីវភាពផងដែរ។កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។ ម្តាយ​កុមារី​រូប​នេះឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយ​ម្តាយ​បាន​នាំ​ទៅ​ទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់​កុមារ​​អាយុរហូតដល់ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូ​ពេទ្យ​នឹង​ខិត​ខំ​ជួយ​សង្គ្រោះ​ជីវិត​កុមារី​រូប​នេះ​ឱ្យ​អស់​ពី​លទ្ធភាព៕ 

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ​ ដែលស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ

2022/10/22 10:38:30 am        423
នៅព្រឹកថ្ងៃទី២២តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នក​ស្ម័គ្រចិត្ត​​រើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ ជា​កន្លែង​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​តំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែង​ចែក​ដីធ្លី​​ជូន​ប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និង​តំបន់​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖ - សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីអតីតកាលតំបន់ពាក់ស្នែងសម្តេចធ្លាប់លឺឈ្មោះ និង​ល្បី​រន្ទឺជាតំបន់អតីតសមរភូមិក្តៅ តែពេលនេះពាក់ស្នែងបានក្លាយជាតំបន់អភិវឌ្ឍន៍ និង​ជា​អនាគត​តំបន់រដ្ឋបាលស្រុកអង្គរធំ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូររបស់រាជរដ្ឋាភិបាល លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍ពាក់ស្នែង គឺទទួលបា​ន​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ដែល​តាំង​​លំនៅ​ឋាន​ថ្មី​នៅ​តំបន់​រុនតា​ឯក​ផងដែរ។- សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹង​បោះ​ឆ្នោត​​ជូន​គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ។ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ថា «មិនមែនជាការឃោសនាមុនបោះឆ្នោតទេ វា​នេះ​ជា​សច្ចធម៌​មួយ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក់ស្នែង​ជា​តំបន់​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ក្សត្រ​មួយ​អង្គ​ព្រះនាម​ «តាត្រសក់ផ្អែម» ដែលជាក្សត្រកើតចេញពីសាមញ្ញជន។ សម្តេចបញ្ជាក់ថា «បើការស្រាវ​ជ្រាវនោះពិត ដូចការអះអាងមែន តំបន់ពាក់ស្នែងនាពេលនេះ នឹងក្លាយជាតំបន់​ដ៏​ល្អប្រពៃ​មួយ អំណោយផលគ្រប់តម្រូវការ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹងត្រូវត្រៀម​បម្រុង​ទុ​ក​ដី​សម្រាប់​ការ​កសាងទីអារាម ដូចនៅតំបន់អភិវឌ្ឍន៍រុនតាឯកផងដែរ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន និងកម្មវិធីបែបសាសនានានាផងដែរ។- សម្តេចតេជោ ហ៊ុន​សែន ប្រកាសថា ការចូលរួមរបស់សប្បុរសជនចូលរួមផ្តល់ថវិកាកសាងវត្ត និង​សមិទ្ធផលនានាក្នុងទីអារាមវត្តនៅតំបន់អភិវឌ្ឍន៍រុនតាឯក បានច្រើនលើសការគ្រោងទុក ដែលផ្តល់​ភាព​ងាយស្រួល សម្រាប់ការចំណាយតាមតម្រូវការជាក់ស្តែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឯកភាពលើសំណើរកងវិស្វកម្មសម្តេចតេជោ ហ៊ុនសែន សៀមរាប ក្នុងការស្តារ -ស្ថាបនាផ្លូវប៉េតុងសសៃដែក ,ផ្លូវក្រាលក្រួសក្រហម, មណ្ឌលសុខភាព,​របង,សាលាបឋមសិក្សា ,អនុវិទ្យាល័យ,វិទ្យាល័យ,ទីលានបាលទាត់ ,ផ្សារសហគមន៍ និង​សមិទ្ធ​ផល​នានា បម្រើឱ្យសេចក្តីត្រូវការប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍ពាក់ស្នែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ចេញអង្ករ ២០០តោន អំណោយអ្នកឧកញ៉ាទ្រីភាព និង​ថវិកា​សប្បុរជននានា​ប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក ផ្តល់ជូនប្រជាពលរដ្ឋ​រង​គ្រោះដោយ​ទឹក​ជំនន់​នៅ​ខេត្តកំពង់ធំ ហើយសម្តេចក៏គ្រោងជួបសំណេះសំណាល និងផ្តល់ស្រូវ​ពូជ​ដល់​ប្រជាពលរដ្ឋ​នៅកំពង់ធំ បន្ទាប់ពីពីសម្តេចចប់បេសកកម្មការងារនៅកំពង់ឆ្នាំង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អង្ករ និងថវិកា ដល់ខេត្តបន្ទាយមានជ័យ ,ឧត្តរមានជ័យ និង​ប៉ៃលិន ដែលរងគ្រោះដោយជំនន់ និងប្រកាសឱ្យរដ្ឋបាលខេត្តទាំងនោះ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ផ្តល់​ជូន​ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស កុំចាំសម្តេចទៅដល់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីដល់​ប្រជាពលរដ្ឋ​ដែល​យល់​ព្រម​រុះ​រើ​លំ​នៅ​ឋាន​ចេញ​ពី​តំបន់​រមណីយ​ដ្ឋានអង្គរ មកតំបន់អភិវឌ្ឍន៍ពាក់ស្នែង ត្រូវឈរលើគោលការណ៍​នាយករដ្ឋ​មន្ត្រី​ចំនួន​២​ គឺ៖ ទីតាំងថ្មីត្រូវបានឈូសឆាយរួចរាល់ និងមានអ្នកដឹកជញ្ជូនមកកាន់កន្លែងថ្មីត្រឹមត្រូវ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង មិនមែន​ជា​ដី​សង្គម​កិច្ច​ទេ​។​ សម្តេច​ប្រកាស​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​(ប័ណ្ណរឹង)​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង ដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមលទ្ធភាពដែលអាចធ្វើទៅបានដូចជា៖ កម្ចី​ធនាគារ​ជា​ដើម។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​ផ្តល់​ការ​តភ្ជាប់​ចរន្តអគ្គិសនី​ដល់​របង​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ដល់ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង(ទាំងអ្នកប្រើកម្លាំង-អំពែ តូច និងធំ) ។ ការផ្តល់ជូននេះ ធ្វើឱ្យប្រជាពលរដ្ឋចំណេញយ៉ាងច្រើន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ទោះ​មានកម្រិតជីវភាពបែបណាក៏ដោយ នឹងបានទទួលប័ណ្ណក្រីក្រប្រភេទ-១ ដែលត្រូវផ្តល់​ជូន​តាម​អត្រា​អ្នករស់នៅទីប្រជុំជនដូចៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សាលាស្រុកអង្គរធំ ដែលកំពុងស្ថិតនៅតំបន់១ នៃ​រមណីយ​ដ្ឋាន​អង្គរ នឹងត្រូវរុះរើមកកាន់ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដោយ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ផ្ទៃដីបម្រុងទុកសម្រាប់សាងសង់អគាររដ្ឋបាលស្រុកថ្មីនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង នឹង​ទទួល​បាន​ចរន្តអគ្គិសនីគ្រប់គ្រាន់, ទឹកស្អាត,ប្រព័ន្ធទូរស័ព្ទ, Internet និងបណ្តាញ​តភ្ជាប់​ផ្សេង​ៗ​ទៀត​ ដើម្បីបំពេញតម្រូវការ នៃការរស់នៅរបស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មានគណបក្សនយោបាយណាមួយនៅកម្ពុជា ដែល​រស់​នៅ​ជាមួយគ្នា យូរ និងស្រុះស្រួលគ្នាដូចគណបក្សប្រជាជននោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ប្រជាពលរដ្ឋទាំងអស់រស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលទ​ទួលបានប័ណ្ណក្រីក្រប្រភេទ-១ នឹងត្រូវគាំពារផ្តល់ជូនដោយរដ្ឋរយៈពេល ១០ឆ្នាំ នឹង​បើក​តាម​ប្រព័ន្ធធនាគារ(វីង)។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​ដាក់​កម្ម​វិធី​ចុះ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​នៅតំបន់​អភិវឌ្ឍន៍ពាក់ស្នែង និងរុនតាឯកអាចមួយឆ្នាំម្តង ទោះជាពេលក្រោយ សម្តេចស្ថិតនៅ​ក្នុង​តំណែង​ជានាយករដ្ឋ ឬអត់ក៏ដោយ និងបានផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ពេល​បាន​ឃើញ​សម្តេច​មក​ជួប សូមហៅសម្តេចចូលលេងផ្ទះផង។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង៤៥នាទី

សម្ដេចតេជោ៖ សៀមរាបនឹងធ្វើផ្លូវ២ខ្សែទៀត គ្រោងចំណាយថវិកាជាង ១៣៧លានដុល្លារ

2022/10/22 10:37:43 am        902
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា នៅខេត្តសៀមរាបនឹងមានការធ្វើផ្លូវបន្ថែមទៀត នៅបែកខាងត្បូង និងខាងជើងក្រុងសៀមរាប សរុបប្រមាណជិត ១០០គីឡូម៉ែត្រ ហើយគ្រោងចំណាយថវិកាប្រមាណជាង ១៣៧លានដុល្លារ ។ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣ ២០០គ្រួសារ នៅតំបន់អភិវឌ្ឍន៍​ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងសាធាណការ និងដឹកជញ្ជូន កំពុងសិក្សាក្នុងការធ្វើផ្លូវវាង​ក្រុងសៀមរាប​បែកខាងជើង ​ទៅហួសតំបន់រុនតាឯក និងពាក់ស្នែង ​ប្រវែងជាង ៥៥គីឡូម៉ែត្រ គ្រោងប្រើប្រាស់​ថវិកា​ចំនួន​ប្រមាណ ៤៦លានដុល្លារអាមេរិក ​ជា​ថវិកាសំណើរ​ខ្ចី​ពី​ធនាគារអភិវឌ្ឍន៍​អាស៊ី គ្រោង​អនុវត្តនៅឆ្នាំ២០២៤ ។សម្ដេចតេជោ បន្តថា ផ្លូវនេះនឹងសាងសង់ជាផ្លូវបេតុង​ ប្រភេទអេស៊ី ​ (AC) ​ទទឹង១១ម៉ែត្រ បែងចែក​ជា ២កំណាត់ ដែលកំណត់ទី១. ប្រវែងជាង​ ៣៧គីឡូម៉ែត្រ ​ចាប់ពីផ្លូវជាតិលេខ៦ ទីប្រជុំជន​ស្រុកពួក ដល់ផ្លូវជាតិលេខ៦៧ ​ប្រើប្រាស់ថវិកាប្រមាណជាង​ ៣១លានដុល្លារ ​និងកំណាត់ទី២. ប្រវែង១៨គីឡូម៉ែត្រ ​ចាប់ពីផ្លូវជាតិលេខ៦៧ ​ដល់ផ្លូវជាតិលេខ៦៤ ​ប្រើប្រាស់​ថវិកាប្រមាណជាង ១៤លានដុល្លារ​ ហើយផ្លូវនេះ​ នឹងមានឆ្លងកាត់តំបន់ពាក់ស្នែងផងដែរ ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា គម្រោងផ្លូវមួយទៀត ស្ថាបនាវាងក្រុងសៀមរាប​ បែកខាងត្បូង មាន​ប្រវែងជាង ៤៥គីឡូម៉ែត្រ ​បាន​បញ្ចប់ការសិក្សាហើយ គ្រោងប្រើប្រាស់ថវិកាចំនួន​ប្រមាណ ៩១លានដុល្លារអាមេរិក គម្រោងនេះ អាចនឹងត្រូវផ្ដល់ឥណទានដោយសាធារណរដ្ឋកូរ៉េ ។សម្ដេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា សម្រាប់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅ​តំបន់អភិវឌ្ឍន៍​ពាក់ស្នែងនេះ​ ក៏មិនខុសពីតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯកនោះដែរ ​ដែលមានទាំងមន្ទីរពេទ្យ សាលរៀន វត្តអារាម ផ្សារ ​តបណ្ដាញអគ្គិសនី ​ទឹកស្អាតជាដើម ​ជាពិសេសនោះ គឺការទទួល​បាន​នូវប័ណ្ណក្រីក្រ ។ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានប្រកាសជាថ្មី ​ដល់ពលរដ្ឋដែលយល់ព្រម​រុះរើ​លំនៅដ្ឋាន​ចេញពីតំបន់រមនីយដ្ឋានអង្គរ ​ទៅតំបន់អភិវឌ្ឍន៍​ពាក់ស្នែង ត្រូវឈរនៅ​លើ​គោលការណ៍​នាយករដ្ឋមន្ត្រីចំនួន២​ គឺទីតាំងថ្មីត្រូវ​បាន​ឈូសឆាយ​រួចរាល់ និងមានអ្នកដឹកជញ្ជូន​មកកាន់​កន្លែង​ថ្មី​ត្រឹមត្រូវ ​៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ៖ គ្មានបក្សនយោបាយណាមួយ ដែលរស់នៅជាមួយគ្នាបានយូរ ដូចគណបក្សប្រជាជននោះឡើយ

2022/10/22 09:53:47 am        336
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា គ្មានគណបក្សនយោបាយណា​មួយ​ដែលរួមរស់នៅជាមួយគ្នាបានយូរ ដូចគណបក្សប្រជាជនកម្ពុជានោះឡើយ ខណៈគណបក្សខ្លះបានពីរទៅបីឆ្នាំបានបែកបាកគ្នាដោយសារតែដណ្តើមគ្នាធំ និងបក្សពួកនិយមជាដើម។ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ​ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារ ដែលបាន​ស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ​ទៅរស់នៅតំបន់ពាក់ស្នែង ភូមិពាក់ស្នែងថ្មី ​ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ​នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន មន្រ្តីគណបក្សប្រជាជនកម្ពុជា​គឺស្រលាញ់គ្នាណាស់ បានរស់នៅជាមួយ​គ្នា​តាំង​ពីឆ្នាំ១៩៧៩ មករហូតដល់​ សព្វថ្ងៃនេះ ដោយមិនដូចគណបក្សខ្លះរស់នៅជាមួយគ្នាមិន​បាន​ប៉ុន្មានផង ក៏ព្រាត់ប្រាស់គ្នាដោយសារតែដណ្តើមគ្នាធ្វើមេ។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា ​គឺមានអាយុកាលចំនួន ​៧១ឆ្នាំ ហើយ។ គណបក្សនេះដើមដំបូងមានឈ្មោះថា ​បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលបាន​បដិសន្ធិ​ឡើង​នៅថ្ងៃទី២៨ ​ខែមិថុនា ឆ្នាំ១៩៥១ ​ដោយមានប្រភពពីចលនាតស៊ូ ​របស់ប្រជាជនកម្ពុជា ប្រឆាំង​ពួក​​អាណានិគមនិយម​ដើម្បីឯករាជ្យជាតិ។ ៧១ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជា​បានប្រកាន់​ខ្ជាប់​ឥតប្រែប្រួល​នូវសារជាតិរបស់ខ្លួន​ ជាគណបក្សរបស់ប្រជាជន​ អាស្រ័យដោយប្រជាជន និង​ដើម្បីប្រជាជន ​ហើយបានសម្រចសមិទ្ធផលធំៗជាច្រើនជូនជាតិ។គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សកាន់អំណាចមួយនេះ បាន​ប្រកាន់​ខ្ជាប់​ជានិច្ចនូវគោលបំណង និងឧត្តម​គតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ​ហ៊ានធ្វើពលិកម្មឥតរុញរា​ ដើម្បីកម្ពុជា ​ឯករាជ្យ ​សន្ដិភាព សេរីភាព ​ប្រជាធិបតេយ្យ អព្យាក្រឹត្យ ​និងវឌ្ឍនភាពសង្គមជាដើម ដោយមិនដូចគណបក្ស​នយោបាយខ្លះ​បានតែសន្យា ​និងធ្វើការញុះញង់ឲ្យមានភាព​វឹកវរ​ដល់សង្គម​ ប្រទេសជាតិ និង​​បែកបាក់គ្នាដោយសារតែមិនចេះ សាមគ្គីគ្នា ដណ្តើមគ្នាធ្វើធំ ​ ប្រកាន់បក្សពួកជាដើម៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន បានហៅការចាកចេញរបស់ពលរដ្ឋពីរមណីយដ្ឋានអង្គរជាការចាកចេញដ៏វៃឆ្លាត

2022/10/22 08:53:49 am        335
ភ្នំពេញ៖ ក្នុងបេសកកម្មស្នាក់នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២២ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញបន្តជួបសំណេះ សំណាលជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ ៣២០០​គ្រួសារ​ដែលបានស្ម័គ្រចិត្តរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរមកនៅតំបន់ពាក់ស្នែង ក្នុង​ស្រុក​អង្គរធំ។ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ បានរម្លឹក​ពី​អតីតកាល​ដែលតំបន់​ពាក់ស្នែង​ក៏​ជា​សមរភូមិ​ដែរ ប៉ុន្តែឥឡូវនេះ​បាន​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍ​ដោយ​បាន​ស្នើ​ឱ្យ​ក្រុម​ការងារ​ទាំងអស់​ខិតខំ​រៀប​ចំ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ផ្តល់​ជូន​បង​ប្អូន​បាន​មក​រស់​នៅ​ផ្លាស់​ប្តូរ​រើលំ​នៅដ្ឋាន​ពី​តំបន់​រមណីយដ្ឋានអង្គរមកតំបន់អភិវឌ្ឍពាក់ស្នែងនេះ។សម្តេចបានហៅការចាកចេញរបស់បងប្អូនពីតំបន់អាទិភាពរមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍនេះ ជាការសម្រេចចិត្តដ៏វៃឆ្លាត ដើម្បី​ទទួល​បាន​នូវ​កម្មសិទ្ធិដ៏ស្របច្បាប់។សម្តេចតេជោ នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​ការយោគ​យល់​របស់​ប្រជាពលរដ្ឋ​យើង​ដែលមាន​ការយោគ​យល់​ដល់​រាជរដ្ឋាភិបាល​លើ​គោល​នយោបាយ​ផ្លាស់ប្តូរ​ទី​លំ​នៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ មករស់នៅតំបន់ពាក់ស្នែង​នេះ​ដែល​នេះ​ជា​ការ​យោគយល់​ដល់​ជាតិ​យើង​ទាំង​មូល​។​សូមបញ្ជាក់ផងដែរថា  ប្រជាពលរដ្ឋដែល​ស្ម័គ្រចិត្តរើ​លំនៅដ្ឋាន​ចេញ​ពី​តំបន់​រមណីយដ្ឋានអង្គរ​ទៅ​រស់​នៅ​តំបន់​អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោល​នយោបាយ​ឧបត្ថម្ភ​នានា​ដូច​នឹង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ x៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ឧបត្ថម្ភ គាំទ្ររយៈពេល១០ឆ្នាំ ការទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូត​ដល់​កូន​អាយុ​២ឆ្នាំនិង បានផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០​ម៉ឺន​រៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យ​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​អស់​នេះ​ទាំង​នៅ​តំបន់​អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះ៕

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

2022/10/22 07:53:11 am        378
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

កម្ពុជាស្នើបារាំងបង្កើនជំនួយហ្វឹកហ្វឺនជំនាញដល់ទ័ពមួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាព

2022/10/21 01:18:54 pm        516
ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅ​កម្ពុជា ​នៅថ្ងៃទី២១ ខែតុលា អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ន​បន្ថែមជំនាញ​អាវុធហត្ថកម្ពុជា ត្រៀម​ប្តូរវេន​ទៅកាន់បេសកកម្មនៅស៊ូដង់ខាងត្បូង។ ក្នុងពិធីនេះ​ឯកឧត្តម អ៊ុច បូរិទ្ធ បានស្នើរដ្ឋាភិបាលបារំាងបង្កើនផ្តល់ជំនួយ​ហ្វឹកហ្វឺន​ទ័ពមួកខៀវ​កម្ពុជា​លើជំនាញផ្សេងៗទៀត ដើម្បីត្រៀមចូលរួមប្រតិបត្តិការរក្សាសន្តិភាពUN។ឯកឧត្តម អ៊ុច បូរិទ្ធ​ ក្នុងនាមរដ្ឋលេខាធិការក្រសួងការបរទេស ​និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ បាន​ថ្លែងថា ក្នុងរយៈជាង៣ឆ្នាំមកហើយ ​ដែលបារាំងបានអាក់ខាន​ផ្តល់​ជំនួយ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថ ​និងជំនាញនានា​ជូនកងទ័ពមួកខៀវកម្ពុជា​ ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ ហើយ​នៅក្នុងឱកាសនៃចាប់ផ្តើមនៃការផ្តល់ជំនួយ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថឡើងវិញនេះ ​ឯកឧត្តម ក៏បានស្នើឲ្យរដ្ឋាភិបាលបារាំងបង្កើនការផ្តល់​ហ្វឹកហ្វឺន​កងកម្លាំង​រក្សាសន្តិភាពកម្ពុជា និង​ស្នើផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ចដកស្រង់បទពិសោធន៍ការងារថែរក្សាសន្តិភាពរវាងកងទ័ពមួកខៀវបារំាង និង​កងទ័ពមួកខៀវកម្ពុជា។ឯកឧត្តម ហ្វាប្រីស អេជែន (Fabrice Etienne) លេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ថា បច្ចុប្បន្ន​បារាំងមានមោទនភាពដែលបានឃើញទ័ពមួកខៀវកម្ពុជាច្រើនលើសលប់ បាននិងកំពុង​ឈប់ជើងបំពេញបេសកកម្មរក្សាសន្តិភាពUN ​នៅតាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះសង្គ្រានានា។ឯកឧត្តម ហ្វាប្រីស អេជែន បន្តថា រដ្ឋាភិបាលបារាំង ​នឹងបន្តផ្តល់ជំនួយមកកម្ពុជា ​ពិសេស​ក្នុងវិស័យ​ប្រតិបត្តិការថែរក្សាសន្តិភាព ​និង​ប្តេជ្ញា​បន្តផ្តល់ជំនួយហិរញ្ញប្បទាន​ សំភារៈ ប្រតិបត្តិការវគ្គ​ហ្វឹកហ្វឺក​ជំនាញ​អាវុធហត្ថ ​និងជំនាញនានាទៀត។ទន្ទឹមនឹងនេះ ​ឯកឧត្តម ហ្វាប្រីស អេជែន នឹង​ផ្តល់ជំនួយតាមចង់បានរបស់មជ្ឈមណ្ឌលជាតិរក្សា​សន្តិភាព​កម្ពុជា ដើម្បីឲ្យមជ្ឈមណ្ឌលជាតិឧត្តមភាពក្នុងវិស័យ​ប្រតិបត្តិការរក្សាសន្តិភាពរបស់UN។ សូមបញ្ជាក់ថា​ តាមរយៈការ​បញ្ជូន​គ្រូ​យោធាចារ្យ​មក​ពី​ប្រទេសបារំាង​មកហ្វឹកហ្វឺនជំនាញ​អាវុធហត្ថ​នៅកម្ពុជាពេលនេះ​ គឺជាវគ្គហ្វឹកហ្វឺនទី៨០ ​ដែលមានសិក្ខាកាមសរុបសិក្ខាកាម ​១៧៩៨នាក់ លើ​ជំនាញបោសសំអាតមីន ​កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​(EOD) ​ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ ​(IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា​ វគ្គសង្គ្រោះបឋម អាវុធហត្ថ​ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារំាងជាដើម៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ស្នើសុំពលរដ្ឋកុំខឹងបន្ទោសអ្នកណាអីចំពោះការតម្រូវឱ្យចាកចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/10/21 12:24:28 pm        244
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើសុំដល់ប្រជាពលរដ្ឋ កុំឱ្យមានការខឹងសម្បា និងបន្ទោសអ្នកណាទាំងអស់ ចំពោះការតម្រូវឱ្យពួកគេចាកចេញពីតំបន់​រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ដែលនៅមិនឆ្ងាយពីក្រុងសៀមរាប ប៉ុន្មានដែរនោះ ​គឺដើម្បីលើកតម្លៃ ​សម្បត្តិវប្បធម៌ដ៏មានតម្លៃនៃដូនខ្មែរ ដែលបានបន្សល់​ទុកមកនេះ។សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ ​ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទី លំនៅពីតំបន់រមណីយដ្ឋានអង្គរ ​ទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក​ ក្នុងស្រុកបន្ទាយស្រី ជា​លើកទី៣​ នៅព្រឹកថ្ងៃទី២១ ខែតុលា នេះ ​បានសំដែងនូវការកោតសរសើរចំពោះការស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋទៅ រស់នៅតំបន់រុនតាឯក ​ដោយបានហៅការស្ម័គ្រចិត្តនេះ ​ថាជាភាពឆ្លាតវៃ។សម្តេចតេជោ បានបញ្ជាក់ជាថ្មីប្រាប់ពលរដ្ឋថា មូលហេតុដែលតម្រូវឱ្យពលរដ្ឋចាកចេញពីតំបន់ អង្គរ​ ដោយសារតែរាជរដ្ឋាភិបាល ត្រូវតែឆ្លើយតបឱ្យបានតាមលក្ខខណ្ឌតម្រូវរបស់អង្គការយូណេស្កូ ដែល​ បានទទួលចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ​ ជាសម្បត្តិបេតិកភណ្ឌពិភពលោក តាំង​ពីឆ្នាំ​១៩៩២មក ដើម្បីអភិរក្ស ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ​ និងតំបន់រមណីយដ្ឋានអង្គរ ដែលជា​មរតក​សម្បត្តិវប្បធម៌ ដ៏មាន តម្លៃជាសកល ​ដែលបន្សល់ទុកដោយបុព្វបុរស ដូនតាខ្មែររាប់ពាន់ឆ្នាំ​មក​ហើយនោះឱ្យគង់វង្ស។ តាមការឱ្យដឹងពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ​នគរូបនីយ កម្ម និងសំណង់ ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង ថ្ងៃទី២៥ ខែសីហា​ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២២​ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានចាប់ឆ្នោតយកក្បាល​ដីសម្រាប់ ការរស់នៅក្នុងតំបន់រុនតាឯក ​និងពាក់ស្នែង៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់បុគ្គលណាដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់

2022/10/21 10:24:13 am        446
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងចុះហត្ថលេខា លើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិ បីជំនាន់ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមនេះឲ្យខាងតែបាន។ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនា បំផ្លិតបំផ្លាញសុខសន្តិភាព។សម្តេចបន្តថា ពេលនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពហើយនៅមានអ្នកអង្គុយចាំជេរ និងរិះគន់រហូតថា ការដឹកនាំរបស់សម្តេច អស់រយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឲ្យពលរដ្ឋក្រលំបាក គ្មានភាពរីកចម្រើន និងគ្មានអភិវឌ្ឍន៍អ្វីទាល់តែសោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ​ សម្តេចនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះប្រទេសកម្ពុជាកំពុង មានសុខសន្តិភាព ហើយសេក្តីសុខរបស់ប្រជាពលរដ្ឋនេះគឺសំខាន់ខ្លាំងណាស់ ដូច្នេះមនុស្សម្នាក់ចង់មកបំផ្លាញ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះត្រូវតែកំចាត់ចោលភ្លាមៗតែម្តង៕(ដោយ៖ បាន ចក់)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
08/02/2025 12:08 PM
ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
08/02/2025 11:08 AM
អាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចឈានដល់ក្រោយការចរចាក្នុងទីក្រុង
08/02/2025 11:08 AM
លោក Trump និយាយថា លោកបានទទួលដំណឹងថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី
08/02/2025 11:08 AM
អ៊ីស្រាអែល «បង្កើតផែនការសម្លាប់រង្គាល» ខណៈពលរដ្ឋប៉ាឡេស្ទីនកាន់តែច្រើនស្រេកឃ្លានដល់ស្លាប់នៅហ្កាហ្សា
08/02/2025 11:08 AM
បេសកជនអាមេរិកលោក Witkoff ពិនិត្យប្រតិបត្តិការផ្តល់ជំនួយនៅហ្កាហ្សាដែលត្រូវបានUNច្រានចោល
08/02/2025 10:08 AM
​វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើក​ទី២ រៀបចំឡើងក្រោមមូលបទ ​“កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”
08/02/2025 10:08 AM
លោក Putin ប្រឈមកាលបរិច្ឆេទកំណត់របស់លោកTrump ខណៈគ្មានសញ្ញាផ្លាស់ប្តូរជំហររបស់រុស្ស៊ីចំពោះអ៊ុយក្រែន
08/02/2025 10:08 AM
ក្រុមអ្នកតវ៉ាដុតរូបសំណាកលោក Trump បន្ទាប់ពីលោកដំឡើងពន្ធ៥០% លើការនាំ​ចូល​ពី​ប្រេស៊ីល
08/02/2025 09:08 AM
ប្រទេសឥណ្ឌា រង្គោះរង្គើដោយការដំឡើងពន្ធរបស់លោក Trump ប៉ុន្តែ​ផ្នែក​មួយ​ចំនួន​នៅ​អាស៊ី​មាន​ភាព​ធូរស្រាល
08/02/2025 09:08 AM