BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន​ អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និង​ភាពជាដៃគូ​អាស៊ាន​ឆ្នាំ​២០២២

2022/09/12 09:11:34 am        651
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកាភាព​ជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។​វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការ​រៀប​ចំ​ដោយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមប្រធានបទ “ ភាពជា​ដៃ​គូ​សម្រាប់​អាស៊ាន​​ដែ​លមានភាពស្អិតរមួត និងឆ្លើយតបរហ័ស ”។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០

2022/09/09 02:09:04 pm        475
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន​ក្នុងនោះបានអនុម័ត ​សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ ។សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០​ ត្រូវបានចាត់ ទុកថា​មាន​សក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន​សេដ្ឋកិច្ច និងការលើក​កម្ពស់គុណ ​ភាពជីវិត​ របស់ប្រជាជននៅកម្ពុជា ​ដោយបាន​ផ្សារភា្ជប់​ជាមួយ​ជីវភាពប្រចាំថ្ងៃ នៅ​ទីក្រុង និងជនបទ។វឌ្ឍនភាពនៃវិស័យផ្សេងៗ ​ការកើនឡើង ​នៃការប្រើប្រាស់សេវាអ៊ីនធឺណិត ​និងបណ្ដាញសង្គម ព្រមទាំង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​បានបង្កើតកាលានុវត្តភាព ​សម្រាប់ទីផ្សារ សេវាប្រៃសណីយ៍ ក៏ដូចជា​លក្ខខណ្ឌ​អំណោយ​ផលសម្រាប់ជំរុញ​ការអភិវឌ្ឍវិស័យ​ប្រៃសណីយ៍​កម្ពុជា។ ការអភិវឌ្ឍវិស័យនេះ ​នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើន ​ដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាព​នៃការផ្តល់សេវាប្រៃសណីយ៍​ នៅពុំទាន់​បាន​គ្របដណ្ដប់ទូលំទូលាយ ការ​អភិវឌ្ឍ​របស់​សហគ្រាស​ ប្រៃសណីយ៍កម្ពុជា ​និងបណ្ដាញប្រៃសណីយ៍​នៅមានកម្រិតនៅឡើយ ការ​ធ្វើអាជីវកម្មលើការផ្តល់សេវា ​បញ្ញើរបស់ផ្នែក ​ឯកជន​ ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ ​គួបផ្សំនឹងការខ្វះខាត ​ក្របខណ្ឌគោល​ នយោបាយ​ លិខិតបទដ្ឋានគតិយុត្ត ការ​ធ្វើ​ពិពិធកម្មសេវាយន្តការគ្រប់គ្រង​ យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃការចាប់យកបច្ចេកវិទ្យា។ដូច្នេះការកសាងគោលនយោបាយអភិវឌ្ឍន៍​វិស័យប្រៃសណីយ៍ ​ពិតជាមានសារសំខាន់ សម្រាប់​ជា ប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព​ ដើម្បីឆ្លើយតប​ទៅ​នឹងនិន្នាការ​វិវត្ត នៃតម្រូវការទាំងក្នុងផ្នែកសង្គម ​និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ប្រៃសណីយ៍​អន្តរជាតិ សំដៅពង្រីក​វិសាលភាព​សេវា​ប្រៃសណីយ៍ ​ប្រកប​ដោយគុណភាព​ ប្រសិទ្ធភាព និង​ចីរភាពជូនប្រជាជន។ គោលនយោបាយនេះមានចក្ខុវិស័យអភិវឌ្ឍន៍​វិស័យប្រៃសណីយ៍​ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ​ប្រកបដោយប្រសិទ្ធភាព ​និរន្តរភាព ​និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ​មានគោលបំណងពង្រឹង និងពង្រីកការ ផ្តល់សេវាប្រៃសណីយ៍ឱ្យបាន​ទូលំទូលាយ ​ប្រកបដោយគុណភាពប្រសិទ្ធភាព ប្រសិទ្ធផល ​សុវត្ថិភាព និង ​ភាពជឿទុកចិត្ត ព្រមទាំង​គាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ ​និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យ ប្រៃសណីយ៍​ ជាមួយនឹងការ​ជំរុញ​ការធ្វើ​ទំនើបកម្ម ​និងប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ដើម្បីរួម​ចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង​គាំទ្រ​ដល់ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០

2022/09/09 02:02:21 pm        489
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះ របៀបវារៈ ស្តីពីសេចក្តីព្រាងគោល​នយោបាយជាតិ​អភិវឌ្ឍន៍​វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ​ត្រូវបានអនុម័តទាំងស្រុង។សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ​ជា​សមិទ្ធផល​ថ្មី មួយទៀត​ ក្នុងក្របខណ្ឌគោលនយោបាយជាតិ ​ដើម្បី​ជំរុញ​កំណើន​វិស័យ​កសិកម្ម តាមរយៈការ​បង្កើន ​ផលិតភាព​ពិពិធកម្ម និងការធ្វើ​ពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវ ​ផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព ​និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយត្រូវ គិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ផ្ដោតលើការវិភាគ​ស្ថានភាព​កសិកម្ម ​ចក្ខុវិស័យ គោលបំណងគោលដៅយុទ្ធសាស្រ្ត ​និងសកម្មភាពសម្រាប់អនុវត្ត ​យន្តការសម្រាប់អនុវត្ត គោលនយោបាយ ធនធានហិរញ្ញវត្ថុ ការពិនិត្យតាមដាន និងវាយតម្លៃ និងការគ្រប់គ្រងហានិភ័យ ។គោលនយោបាយជាតិនេះ ពិតជាមានសារសំខាន់បំផុត សម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែងបរិយាប័ន្ន ធន់នឹងការ​ប្រែប្រួល​អាកាសធាតុ និងនិរន្តរភាព ​ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋកម្ពុជា» ស្របតាម​គោល​ដៅគោល​នយោបាយ​ឆ្ពោះទៅ​រកការធ្វើទំនើបកម្ម ​និងពាណិជ្ជូបនីយ កម្មខែ្សច្រវាក់តម្លៃកសិកម្ម បង្កើនការវិនិយោគ​សាធារណៈ ​និងឯកជនក្នុងវិស័យកសិកម្ម ​ជំរុញកំណើន​ ប្រកបដោយចីរភាព និងការបង្កើន​ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​ និងការកែទម្រង់ស្ថាប័ន​ និង បញ្ហាអន្តរវិស័យ។គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មនេះ ​ត្រូវបានអនុម័ត ​បន្ទាប់ពីទទួលបានមតិយោបល់ និង​ធាតុចូលសំខាន់ៗ​ពីកិច្ចប្រជុំជាច្រើននាពេលកន្លងមក ៕អត្ថបទ៖ មុត សុទ្ធ

សម្តេច ហេង សំរិន ផ្ញើសាររំលែកទុក្ខចំពោះការយាងសោយព្រះទីវង្គត របស់ព្រះមហាក្សត្រីអេលីហ្សាប៊ែត

2022/09/09 01:34:50 pm        654
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តម Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភា នៃ​ចក្រភពអង់គ្លេស ចំពោះការយាងសោយព្រះទីវង្គតរបស់ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ (Elizabeth II) ដែលព្រះអង្គបានយាងសោយទីវង្គត នៅយប់ថ្ងៃទីថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២២នេះក្នុងជន្មាយុ ៩៦ព្រះវស្សា។យោងតាមសារលិខិតរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា​ សម្តេចពិតជាមានសេចក្តីរន្ធត់យ៉ាងខ្លាំងដោយបានទទួល​ដំណឹង​ថា ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ​បានយាងសោយទីវង្គតក្នុងព្រះជន្មាយុ៩៦ព្រះវស្សា។ ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំបំផុតនេះ ​ក្នុងនាមរដ្ឋសភានៃកម្ពុជា​ និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ហេង សំរិន បានសម្តែង​នូវសមាន្តទុក្ខដ៏​ក្រៀមក្រំ​បំផុតជូនចំពោះ ​ឯកឧត្តមប្រធាន​ ក្រុមគ្រួសារ នៃសព និងប្រជាជននៃចក្រភពអង់គ្លេសទាំងមូល ចំពោះការបាត់បង់ព្រះមហាក្សត្រីយានី​ជា​ទីស្រលាញ់នោះ។តាមសារលិខិតមរណទុក្ខនេះ «រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​សូមចូលរួម​កាន់មរណទុក្ខ​ចំពោះ​ព្រះ​សព​ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ​ជាមួយនិងបងប្អូនជនរួមជាតិអង់គ្លេស៊»។ សារលិខិត បានលើកឡើងទៀតថា​ កេរដំណែល និងការលះបង់ដ៏ធំធេងរបស់ព្រះមហាក្សត្រីយានី​ចំពោះប្រទេសជាតិ ​នឹងត្រូវចងចាំជានិច្ចដោយប្រជានុរាស្រ្តអង់គ្លេស​គ្រប់ស្រទាប់វណ្ណៈ ក៏ដូចជា​ប្រជាជនជាច្រើននៅជំវិញពិភពលោកផងដែរ។ សូមដួង​វិញ្ញាណក្ខន្ធ​ ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ​បានទៅសោយ ​សុខ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។តាមរយៈសាររំលែកទុក្ខដដែលនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ​ក៏បានរំលឹកឡើង ផងដែរថា ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានភ្ជាប់ចំណងមិត្តភាពជាមួយគ្នា​ជាយូរណាស់​មកហើយ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ​ខណៈដែលប្រទេសទាំងពីរក៏បានធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នាលើវិស័យមួយចំនួន ​ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ​ដើម្បីបន្តពង្រឹង និង​ពង្រីកនូវចំណង​មិត្តភាព ដែលមានស្រាប់នេះ​ ដើម្បីបម្រើឧត្តម​ប្រយោជន៍នៃប្រជាជន​នៃ​ប្រទេស​ទាំងពីរនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ជាមួយគ្នានោះដែរ ​សម្តេច ហេង សំរិន​ ក៏បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបាន ផ្តល់​ជំនួយដ៏ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេសកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

អ្នកនាំពាក្យមហាផ្ទៃ៖ បទល្មើសជួញដូរមនុស្ស ភាគច្រើនកើតនៅតាមកាស៊ីណូ និងទីតាំងល្បែងអនឡាញ

2022/09/09 12:13:51 pm        622
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ក្នុងយុទ្ធនាការ​ប្រឆាំង​បទល្មើសការជួញដូរមនុស្ស ភាគច្រើនធ្វើឡើងនៅតាមកាស៊ីណូ និងទីតាំងល្បែងអនឡាញ។នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ថា អនុវត្តតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធកំពុងបន្តកិច្ចការយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រឆាំង​ការ​ជួញដូរ​មនុស្សនៅកម្ពុជា​ តាមរយៈក្រុមប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា ក្នុងប្រតិបត្តិការត្រួតពិនិត្យជនបរទេស មានគោលដៅ​ចំនួន៣ រួមមាន ទី១ប្រតិបត្តិការត្រួតពិនិត្យដើម្បីជួយជនរងគ្រោះ ពីការជួញដូរមនុស្ស ទី២ ផ្តន្ទាទោសជនល្មើសដែលពាក់ព័ន្ធករណីជួញដូរមនុស្ស និងទី៣ ស្រាវជ្រាវ​ករណីបង្ខាំង​មនុស្ស​ដែលឈានទៅទប់ស្កាត់ការលាងសម្អាតប្រាក់។ យ៉ាងណាមិញ ក្នុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា អំឡុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្ស ​និងតាមរយៈបណ្តឹងរបស់គ្រួសារ ឬ​សាច់ញាតិ​ជនរងគ្រោះ​ ភាគច្រើនករណីជួញដូរមនុស្សកើតមាននៅតាមកាស៊ីណូ និងទីតាំងបទល្មើស​អនឡាញ។ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ទៀថា ​តាមរយៈបណ្តឹងពីគ្រួសារ និង​សាច់ញាតិ​ដែល​បានប្តឹងមកក្រសួងមហាផ្ទៃកន្លងមកពាក់ព័ន្ធនឹងការបង្ខាំងមនុស្ស ដូចនេះ​ក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស​ពាក់ព័ន្ធ​ការជួញដូរមនុស្ស បន្តត្រួតពិនិត្យ​រាល់ការស្នាក់​នៅរបស់ជនបរទេស​ សំដៅស្វែងរកឯកសារដូចជា ​លិខិតឆ្លងដែន ទិដ្ឋាការ សៀវភៅ​ការងារជាដើម។គិតមកទល់ពេលនេះ បន្ទាប់ពីមានបទបញ្ជាក្រុមប្រតិបត្តិការចុះឆែកឆេរជនបរទេស​នៅ​តាម​សណ្ឋាគារ កាស៊ីណូ និងកន្លែងមួយចំនួនទៀត​ សមត្ថកិច្ចបានឃាត់ខ្លួនមេការ និងមេខ្លោងជូញដូរ​មនុស្ស​បានមួយចំនួន ដើម្បីយកមកផ្តន្ទាទោស​ទៅតាមច្បាប់ផងដែរ៕អត្ថបទ សេក ឧត្តម 

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣

2022/09/09 10:31:30 am        495
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ក្នុងនោះរបៀបវារៈស្តីពីសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ក៏ត្រូវបានអនុម័តទាំងស្រុងហើយ។សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណៈ។- របាយការណ៍នេះ មានគោលបំណងសំខាន់ចំនួន២ គឺ(១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដាលនៃមេរោគកូវីដ-១៩។- សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់របស់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។ - ជំពូកទី១ គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្រ្តនៃការរៀបចំផងដែរ។- ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម ២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់ ៥,៥% នៅក្នុងឆ្នាំ២០២២។- ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែលក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។ - ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំងនេះ នឹងរួមទាំងការដោះស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។- ជំពូកទី៥ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។ - ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។ - ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕……….

សម្ដេចតេជោ ហ៊ុន​ សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើរបៀបវារៈមួយចំនួន

2022/09/09 10:24:10 am        371
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណាច​​ក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈដែលបានលើកយកមកពិភាក្សា និងឆ្លង ដើម្បីដាក់​ជូន​ទៅ​ស្នើ​សុំ​ការ​យល់​ព្រម​ពីស្ថាប័ន​នីតិប្បញ្ញត្តិ នៅពេលនេះ រួមមាន៖-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។និងបញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ គួរបញ្ជាក់ថា ចំពោះសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០នោះ វិស័យនេះត្រូវបានចាត់ទុក មានសក្ដានុពល ក្នុងការចូលរួម​ចំណែក​ដល់​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបាន​ផ្សារ​ភា្ជប់​ជា​មួយ​ជីវភាព ប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្ត នៃ​បច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រ​សម្រាប់​ទំនាក់​ទំនង​​គ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃចាប់យក បច្ចេកវិទ្យា។ហេតុដូច្នេះ ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។គោលនយោបាយនេះមានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។គោលនយោបាយនេះមាន គោលបំណង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕

គ.ជ.ប ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

2022/09/08 12:25:37 pm        797
ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត ​ដើម្បីអប់រំដល់សាធារណជន អំពីការចុះបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ។ឯកឧត្ដម ទេព នីថា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២» ជូនលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត តំណាង​គណបក្ស​នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ កាលពីថ្ងៃទី០៧ ខែកញ្ញាម្សិលមិញ បានលើក​ឡើងថា លេខាធិការដ្ឋានរាជ ​ធានី-ខេត្តរៀបចំការបោះឆ្នោត ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និង​ត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្រ្តី ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធ​ផ្សេងទៀត ក្នុងក្របខណ្ឌរាជធានី ខេត្ត របស់ខ្លួន ស្របតាមផែនការ និងប្រតិទិន ដែលបានកំណត់ និងតាមគោលការណ៍ណែនាំរបស់ គ.ជ.ប ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ ។ឯកឧត្តម បានស្នើសុំភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ច​រៀងៗខ្លួន តាមគោលការណ៍ណែនាំរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ​ សុវត្ថិភាព និង​មានសណ្ដាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។អគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវ អនុវត្ត​តាម​បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ​លើក លែង​តែ​បញ្ញត្តិ​ពាក់ព័ន្ធនឹងសម្ភារ ​ឯកសារចុះឈ្មោះបោះឆ្នោត ដែលត្រូវផ្តល់​ជូនលេខាធិការដ្ឋាន​រាជធានី ​ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ​និងក្រុមចុះឈ្មោះបោះឆ្នោត ដូចបាន​កំណត់ និងផ្តល់ជូន ជាក់ស្តែងតាមការសម្រេចរបស់ គ.ជ.ប ​ផ្អែកលើផែនការសម្ភារ ឯកសារប្រចាំឆ្នាំ២០២២ ។ឯកឧត្ដម បានបញ្ជាក់ថា ផ្អែកតាមមេរៀនពិសោធន៍កន្លងមក ​និងក្នុងគោលបំណងធ្វើឱ្យប្រសើរ ឡើង​នូវការអនុវត្តការងារបច្ចេកទេសចុះឈ្មោះបោះឆ្នោត គ.ជ.ប បានរៀបចំកែលម្អកម្មវិធី​ចុះ​ឈ្មោះបោះ ឆ្នោតក្នុងប្រព្រ័ន្ធកុំព្យូទ័រ ​និងកែសម្រួលទម្រង់បែបបទបង្កាន់ដៃ បញ្ជាក់ការ​ចុះ​ឈ្មោះបោះឆ្នោត​ និងទម្រង់ ​បែបបទបង្កាន់ដៃទទួលកែតម្រូវ ឬ/និងប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់​ ព្រមទាំងចាត់បានវិធាន ការនានា ​ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពទិន្នន័យ​អត្តសញ្ញាណបុគ្គល៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេច ស ខេង ចាត់ទុកការជួញដូរមនុស្សនៅកម្ពុជា មានអង្គការចាត់តាំង ខណៈមេខ្លោងសុទ្ធតែជនបរទេស

2022/09/08 12:19:27 pm        278
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ករណីជួញដូរមនុស្សដែលបានកើតឡើងនៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺកើតឡើងយ៉ាងសាហាវ ខណៈករណីនេះ កើតឡើងដោយសារមានអង្គការចាត់តាំង ពីព្រោះថា មេខ្លោង និងអ្នកប្រព្រឹត្តិបទល្មើសនេះ ស្ទើតែមួយរយភាគរយសុទ្ធតែជាជនបរទេសទាំងអស់។ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ប្រទេសកម្ពុជា​បានក្លាយ​ជា​ប្រទេសរងគ្រោះ​ ដោយសារតែការ​ជួញដូរ​មនុស្ស ​ហើយករណីនេះត្រូវបានគេចាត់ទុកកម្ពុជា​ចូល​ក្នុងបញ្ជីខ្មៅ និងប្រទេសជាប់លេខបី ដែលមាន​ភាព​ប្រងើយ​កន្តើយក្នុង​ការទប់ស្កាត់​បទល្មើស​មួយនេះ។សម្តេចក្រឡាហោម បានបញ្ជាក់ថា «កម្ពុជា​ជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជា​មេខ្លោងនោះ ៩៩.៩៩ភាគរយ គឺមិនមែនខ្មែរ​ ហើយការរៀបចំមនុស្សចេញមកពីប្រទេសខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរផងដែរ»។ សម្តេចប្រមុខក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា មេខ្លោងនៃការជួញដូរមនុស្សនេះ​គឺ​ជាជនជាតិ​វៀតណាម ជនជាតិចិនតៃវ៉ាន់ ជនជាតិចិន ជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី និងជនជាតិថៃដើម។យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ត្រូវខិតខំរួមគ្នាឲ្យបានសកម្មបន្ថែមទៀតក្នុងកិច្ចការទប់ស្កាត់នូវបទល្មើស នៃការ​ជួញដូរមនុស្សនេះ ខណៈបទល្មើសនេះបានកំពុងកើតឡើងនៅលើទឹកដីកម្ពុជា គួរឲ្យព្រួយ​បារម្ភ​យ៉ាងខ្លាំងនោះ។សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមាន​សមត្ថកិច្ច​កម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសបានចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបាន​កសាងសំណុំរឿងបញ្ជូនទៅ ​តុលាការចំនួន១៧ករណី ​ជនសង្ស័យសរុបចំនួន ៦០នាក់។ ​ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា​បានបើក​កិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ​០៧ករណី ដោយបានសង្គ្រោះជនរង​គ្រោះ​សរុបចំនួន ២៥នាក់ (មាន ៦ សញ្ជាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ​២៣នាក់ (មាន ៤ សញ្ជាតិ) នៅក្នុងខេត្តព្រះសីហនុ ​ខេត្តពោធិ៍សាត់​ ខេត្តស្វាយរៀង ​និងខេត្តឧត្តរមានជ័យ៕អត្ថបទ៖ បាន ចក់

សមាគមអតីតយុទ្ធជន គ្រោងបញ្ចប់​ការសាងសង់​ផ្ទះ​ជាង​ ៤០០ខ្នងបន្ថែម ជូនអតីតយុទ្ធជន​ក្នុងឆ្នាំនេះ

2022/09/08 11:19:26 am        146
កំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជា គ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី ២ ដោយ​នឹង​ប្រគល់​ផ្ទះជាង ៤០០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជនក្នុងខេត្ត៤ មានខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ឆ្នាំង និងព្រះសីហនុ នៅដំណាច់ឆ្នាំ ២០២២ នេះ។ក្រោយពេលចុះពិនិត្យដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម​នាយឧត្តម​សេនីយ៍ គន់ គីម អនុប្រធាន និង​ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់​ឆ្នាំ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជា​ប្រធានសមាគម បាន​ណែនាំឱ្យ​បន្តស​កម្មភាព​ដំណើរ​ការ​សាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជន។នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ជាក់ស្តែងនាពាក់កណ្តាលឆ្នាំនេះ សមាគមអតីត​យុទ្ធជន​កម្ពុជា បានខិតខំ និងគ្រោងប្រគល់ផ្ទះចំនួន៤០០ខ្នងដែលនឹងសាងសង់រួចបន្ថែមទៀត ជូន​ដល់​អ​តីត​យុទ្ធជនមុនដំណាច់ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ ថ្លែងថា អំឡុងពេលសាងសង់ផ្ទះនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ជាតម្រូវ​ការ​ចាំបាច់​ សម្រាប់​ឱ្យ​ការ​រស់​នៅ​របស់​អតីត​យុទ្ធជន​គ្រប់​រូប​ទទួល​បានការអភិវឌ្ឍជាបន្តបន្ទាប់ រួមមាន ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្រ្ត សាលារៀន វត្ត​អារាម​ជា​ដើម​។នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ សូមបន្តរក្សាស្មារតី វីរភាព​ដ៏​ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បី​បន្ត​ធ្វើ​ជា​គំរូ​ល្អ​ក្នុ​​​ងសង្គមជាតិ ហើយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវ​ការ​លះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិ ។បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ​សមាគម​គ្រប់​ថ្នាក់​ត្រូវ​បន្តយ​ក​ចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំ-សង្កាត់ ដោយត្រូវ​បែង​ចែក​ភារកិច្ច​គ្នា​ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់​ទំនងឱ្យ​កាន់​តែ​ជិត​ស្និទ​ជា​មួយ​អតីត​យុទ្ធជន​តាម​ខ្នង​ផ្ទះនីមួយៗឱ្យប្រាកដថា គ្រួសារដែល​ជួបការលំ​បាក​ទាំងអ​ស់​ទទួល​បាន​ការ​ជួយ​ពី​សមាគម​អតីតយុទ្ធជនកម្ពុជា៕​ អត្ថបទ៖ សេក ឧត្ដម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកជំនន់នៅភាគខាងជើងប្រទេសចិន សម្លាប់មនុស្ស៨នាក់ និងបាត់ខ្លួន៤នាក់
08/17/2025 02:08 PM
បណ្ដាប្រទេសអារ៉ាប់ និងឥស្លាម ថ្កោលទោសការលើកឡើងរបស់លោក Netanyahu ដែលចង់ពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ
08/17/2025 01:08 PM
BREAKING NEWS! រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងពីរនាក់របួសធ្ងន់
08/17/2025 01:08 PM
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
08/17/2025 01:08 PM
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
08/17/2025 01:08 PM
អាល្លឺម៉ង់ ចង់ឱ្យកិច្ចប្រជុំកំពូលត្រីភាគី លោកTrump-Putin-Zelensky ធ្វើនៅអឺរ៉ុប
08/17/2025 01:08 PM
សាកលវិទ្យាល័យបាត់ដំបង សហការជាមួយវិស័យឯកជន រៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម និងសហគ្រិនដល់និស្សិត
08/17/2025 01:08 PM
ភាពតានតឹងកើនឡើងនៅស៊ែរប៊ី ខណៈក្រុមបាតុករពេញដោយកំហឹងប៉ះទង្គិចជាមួយនគរបាល
08/17/2025 12:08 PM
ក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល ត្រៀមធ្វើកូដកម្មទូទាំងប្រទេស ជំរុញឲ្យមានបទឈប់បាញ់ដោះលែងសាច់ញាតិ
08/17/2025 12:08 PM
ឥណ្ឌូនេស៊ីកំពុងស្វែងរកគោលគំនិតល្អៗ ដោះស្រាយបញ្ហាអាស៊ាន ក្រោយមានវិវាទព្រំដែនរវាងកម្ពុជា និងថៃ
08/17/2025 12:08 PM