សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីជំនាញខេត្តឧត្តរមានជ័យ គ្រោងធ្វើការកែលម្អសោភ័ណភាពស្ពានទ័ព ដើម្បីទាក់ទាញទេសចរ

2022/01/20 04:23:54 pm        863
ឧត្តរមានជ័យ៖ មន្ត្រីជំនាញ ក្នុងខេត្តឧត្ដរមានជ័យ គ្រោងនឹងរៀបចំកែលម្អស្ថានភាពស្ពានទ័ពឡើងវិញ ដើម្បីឲ្យមានសោភ័ណភាពស្រស់ស្អាត បរិស្ថានល្អដើម្បីទាក់ទាញទេសចរក្នុងស្រុក ឱ្យទៅទស្សនាកម្សាន្តតំបន់នេះ។លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កន្លងមក ស្ពានទ័ព (ឬស្ពានអូរជីក) ដែលមានទីតាំងក្នុងស្រុកចុងកាល់ និងមានអាយុកាលរាប់រយឆ្នាំហើយ នោះ ដោយត្រូវបានកសាងឡើងតាំងពីសម័យអង្គរមកម៉្លេះ ក៏ជាស្ពានបុរាណមួយ ដែលប្រជាពលរដ្ឋសម័យកាលនោះ បានប្រើប្រាស់ធ្វើដំណើរ ដឹកកសិផល ឆ្លងកាត់ពីស្រុកចុងកាល់ ទៅស្រុកស្រីស្នំ ខេត្តសៀមរាប ។លោកបានបន្តថា បច្ចុប្បន្ន ស្ពានបុរាណមួយនេះ គេពុំសូវធ្វើដំណើរឆ្លងកាត់នោះឡើយ ដោយតែ មានផ្លូវស្ពានថ្មីផ្សេងទៀត ហើយមកដល់បច្ចុប្បន្ននេះ ស្ពានទ័ពនេះ ត្រូវបានប្រែក្លាយ​ទៅជា​តំបន់ទេស ចរណ៍ប្រវត្តិសាស្រ្តមួយវិញ ដែលបានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យទៅ​ទស្សនាកម្សាន្ត និង សិក្សាស្វែងយល់ ស្រាវជ្រាវ នាពេលកន្លងមកផងដែរ។គម្រោងកែលម្អស្ពានទ័ព គឺជា​កញ្ចប់​ថវិការដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមជំនួយកិច្ចសហប្រតិបត្តិការរបស់អាល្លឺម៉ង់ (GIZ) ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន របស់ខេត្ត លើគម្រោងស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ឲ្យមានភាព​ល្អប្រសើរឡើងវិញ។ពលរដ្ឋដែលបានវិលត្រលប់មកពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩នោះ អាចនឹងមាននឹងការងារធ្វើគ្រប់គ្នាដោយសារគម្រោងមួយនេះ៕អត្ថបទ៖ ឃិន សារិទ្ធ

ពលរដ្ឋនិងក្រុមអាទិភាពរស់នៅភ្នំពេញ បន្តសម្រុកទៅចាក់វ៉ាក់សាំងដូសទី៣និងទី៤ ទប់ទល់អូមីក្រុង

2022/01/20 04:13:44 pm        289
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងក្រុមអាទិភាពរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ បានបន្តសម្រុកទៅចាក់វ៉ាក់សាំងដូសទី៣ និងទី៤នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។ ការចាក់វ៉ាក់សាំងនេះ គឺដើម្បីបង្កើនកងការពារទប់ទល់នឹងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ស្ថិតក្នុងបរិបទនៃការបន្តឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា ពិសេសមេរោគបំប្លែង ខ្លួនថ្មីអូមីក្រុងក្រុមអាទិភាព និងពលរដ្ឋទូទៅ រស់នៅក្នុងរាជធានីភ្នំពេញ បាន​រួសរាន់​សម្រុកទៅ​ទទួល​ការចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ដើម្បីទប់ទល់នឹងការឆ្លងជំងឺនេះ។ការសម្រុកទៅចាក់វ៉ាក់សាំងនេះ ដោយសារពួកគេ បានយល់ដឹងថា វានឹងជួយបង្កើនភាព​ស៊ាំ​ក្នុងខ្លួន​ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ពួកគេ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបាន​ខិតខំ​ស្វះ​ស្វែង​រកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ខណៈពួកគេសន្យានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល​ជំងឺកូវីដ-១៩នេះដែរ។របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលBTVទទួលបាននៅថ្ងៃនេះ ​បានបង្ហាញថា ​គិតត្រឹមថ្ងៃទី១៩​ ខែមករានេះ ពលរដ្ឋអាយុ១៨ឆ្នាំឡើង ​រស់នៅក្នុងរាជធានីភ្នំពេញ ​បានទទួលការចាក់វ៉ាក់សាំងដូសទី៣ មានជាង ១លាននាក់​ និង​ក្រុមអាទិភាព​ជួរមុខ ​បានទទួលការចាក់វ៉ាក់សាំងដូសទី៤​ មានជាង១សែននាក់។បច្ចុប្បន្នកម្ពុជា រកបានវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង៤៣លានដូស រាប់​បញ្ចូល​ទាំង​ការបញ្ជាទិញពី​ប្រទេសចិន​ ជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ រាជរដ្ឋាភិបាលបានចាត់ទុកការចាក់វ៉ាក់សាំង ​គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការ​សុខា​ភិបាល​ចាំបាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ​ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផល​ប៉ះពាល់នៃជំងឺកូវីដ-១៩ ​ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម៕ អត្ថបទ៖ទូច សោភ័ណ

រដ្ឋមន្ត្រីការបរទេសវៀតណាម៖ ដំណើរទស្សនកិច្ចសម្តេចតេជោទៅមីយ៉ាន់ម៉ា​ជាកិច្ចប្រឹងប្រែង​ដ៏មានតម្លៃ

2022/01/20 03:05:43 pm        479
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាម បានហៅដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការដ៏មានតម្លៃ និងមានសារសំខាន់សម្រាប់រក្សានូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ហើយប្រទេសវៀតណាម គាំទ្រទាំងស្រុងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅព្រឹកថ្ងៃទី២០ ខែមករានេះ បានមានជំនួប​ពិភាក្សា​ជាមួយឯកឧត្ដម ប៊ូយ ថាញ់សឺន ​រដ្ឋមន្ត្រីការបរទេសវៀតណាម​ ដែលក្នុងជំនួបនេះ ឯកឧត្ដម ប៊ូយ ថាញ់សឺន បានបញ្ជាក់ថា វៀតណាម បានគាំទ្រទាំងស្រុងនូវប្រធានបទ និងការងារ​ទាំងឡាយ ដែលកម្ពុជាដាក់ចេញក្នុងនាមប្រធានអាស៊ាន និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់​សម្តេចតេជោ ទៅកាន់មីយ៉ាន់ ម៉ា ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងទទួលបានជោគជ័យ​ដ៏ប្រសើរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ឯកឧត្ដម បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់​សម្តេចតេជោទៅមីយ៉ាន់ម៉ា ​ដើម្បីរក្សាសាមគ្គីភាព​ និងឯកភាពរបស់អាស៊ាន ដែលជារឿងដ៏សំខាន់​សម្រាប់អាស៊ានទាំងមូល»។កិច្ចប្រឹងប្រែងរបស់សម្តេចតេជោ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែនេះ ពិតជាមាតម្លៃខ្ពស់ និង​សារសំខាន់ណាស់ ​ជាពិសេសក្នុងការជំរុញរក្សាឱ្យមាននូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ដែលត្រូវរក្សាឱ្យបាន»។ឯកឧត្ដម កៅ គឹមហួន បានឱ្យដឹងថែមទៀតថា សម្តេចតេជោ បានបញ្ជាក់ថា ក្នុងនាមជាប្រធាន​អាស៊ានថា កម្ពុជា ​បានខិតខំជំរុញការងារជាច្រើន ហើយដំណើរទស្សនកិច្ចរបស់សម្តេចទៅ​កាន់​មីយ៉ាន់ម៉ា គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ា មានភាពល្អប្រសើរ​ឡើងវិញ។ បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើនមិនមែនមានតែការងាររបស់មីយ៉ាន់ម៉ាទេ។ មិនត្រូវយកមីយ៉ាន់ម៉ា ធ្វើជាចំណាប់ខ្មាំងរបស់អាស៊ានទេ។ មីយ៉ាន់ម៉ា នៅតែជួយហើយការងារ​ផ្សេង​ទៀត ក៏ត្រូវតែដោះស្រាយដែរ។សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការ​ដោះស្រាយ​បញ្ហារបស់មីយ៉ាន់ម៉ា ​ជាពិសេសការនាំមីយ៉ាន់ម៉ា ​មកកាន់វេទិកាអាស៊ាន ជាដើម។ តបតាមសំណើរបស់កម្ពុជា ​មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ​លោក អោង មីង ឡាំង បានយល់ព្រម​ពន្យារ​បទឈប់​បាញ់ ជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។ មេដឹកនាំយោធារូបនេះ ​បានយល់ព្រមជួយសម្របសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់​ជំនួយ​ទៅ​កាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់ភាគីទាំងអស់។លទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា​ជា​ជំហ៊ាន និងពន្លឺក្នុងការឈានទៅរកការដោះស្រាយវិបត្តិនៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា មាន​ប្រទេស​ជាច្រើនបានគាំទ្រលទ្ធផលនេះ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម

2022/01/20 02:51:31 pm        340
ភ្នំពេញ៖ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៊ួយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ។ក្នុងដំណើរទស្សនកិច្ចនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់ថា ខណៈដែលឆ្នាំ២០២២ ជាឆ្នាំរំលឹកខួប​អនុស្សាវរីយ៍​លើកទី៥៥ នៃការបង្កើតទំនាក់ទំនង​ការទូតនិងជា"ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម២០២២" ដំណើរទស្សនកិច្ច​ផ្លូវការរបស់ឯកឧត្តម ប៊ួយ ថាញ់សឺន មកកាន់កម្ពុជា​នឹងបន្តពង្រឹងនិងធ្វើ​ឲ្យកាន់​តែ​ស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលត្រូវបានកសាងឡើង​ដោយឈរ​លើ​ស្មារតី​មិត្តភាព​ជាប្រពៃណី ភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​និងវៀតណាម​ ដើម្បី​ផល​ប្រយោជន៍​ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្ពោធដាក់ដំណើរការផ្នែក​ឆ្លុះ​សរសៃ​ឈាម​បេះដូង និង​ផ្នែក​សង្រ្គោះ​បន្ទាន់​ជំងឺបេះដូង

2022/01/20 02:20:38 pm        543
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក សង្រ្គោះបន្ទាន់ជំងឺបេះដូង នៅអគារព្រះសីហនុរាជ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា មនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​ជាមនី្ទរពេទ្យទូទៅ ​មានគ្រែអ្នកជំងឺ១០០០គ្រែ ​និង២៥ផ្នែក ដូចជា៖ ផ្នែកវះកាត់, ផ្នែកតម្រង់នោម, ផ្នែកលាងឈាម, ផ្នែកមហារីក, ផ្នែកផ្លូវចិត្ត, ផ្នែកជំងឺភ្នែក, ផ្នែកជំងឺសើស្បែក, ផ្នែករោគស្រី្ត, ផ្នែកសម្ពព, ផ្នែកប្រព័ន្ធប្រសាទ (សរសៃប្រសាទវះកាត់ និងសរសៃប្រសាទជំងឺទូទៅ), ផ្នែកមនី្ទរពិសោធន៍, ផ្នែកក្រពះពោះវៀន ​បានបំពាក់ឧបករណ៍វេជ្ជសាស្រ្តមិនចាញ់បរទេសឡើយ។ ហើយថ្ងៃនេះមនី្ទរពេទ្យដាក់ឲ្យប្រើបា្រស់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក​សង្រ្គោះបន្ទាន់​ជំងឺ​បេះដូង ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយសង្រ្គោះអាយុជីវិត​ប្រជាជនទាំងអស់ ដែល​មាន​បញ្ហាបេះដូង។ទន្ទឹមគ្នានោះដែរ ឯកឧត្តម ស៊ា ហួង បានថ្លែងថា ការដាក់ដំណើរការផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្រ្គោះបន្ទាន់ជំងឺបេះដូង ​នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិតជាមានមោទនភាព​ខ្ពស់​ណាស់ ព្រោះថា​បច្ចុប្បន្ន​តម្រូវការរបស់ប្រជាពលរដ្ឋត្រូវ​ការ​ព្យាបាល​ជំងឺបេះដូង​មាន​ការកើនឡើង។ ហើយយើងគ្រប់គ្នាក៏តែងតែឃើញថា ​ប្រជាជនមួយចំនួន​ ដែលមានលទ្ធភាពភាគច្រើន បានចេញ​ទៅ​ព្យាបាល​នៅក្រៅប្រទេស​ ដើម្បីដាក់ថ្មបេះដូង ចង្វាក់បេះដូង ​ឃើញថា​មានតែស្រុកគេទេ។ សម្រាប់ប្រទេសកម្ពុជាយើង ​គឺមាននៅមនី្ទរពេទ្យកាល់ម៉ែត ​ប៉ុន្តែមនី្ទរពេទ្យកាល់ម៉ែត មិនអាចធានា​ចំនួន​ប្រជាជន​យើងបាន​ទាំងអស់នោះទេ។ឯកឧត្តម រដ្ឋលេខាធិការក្រសួងសុខាភិបាល ​ក៏បានណែនាំដល់ប្រជាពលរដ្ឋថា វិស័យសុខាភិបាល​នាពេល​បច្ចុប្បន្ន ​យើងមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ប្រហាក់ប្រហែល​ នឹងក្រៅប្រទេស ដើម្បី​ផ្តល់​សេវាជូនប្រជាជន ​ជាពិសេសជំងឺបេះដូងតែម្តង ហើយករណីស្លាប់ដោយសារជំងឺបេះ​ដូងនេះ ក៏មានច្រើនផងដែរ។ ដូច្នេះមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បើកព្យាបាល ​និងសង្រ្គោះបន្ទាន់ជំងឺបេះដូង ពេលមានបញ្ហា គឺប្រជាជនយើងអាចមកទទួល​សេវា​នៅក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ទាន់ពេលវេលា និង​មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ រដ្ឋា

រដ្ឋមន្ត្រីទេសចរអាស៊ាន ប្រកាសបើកទេសចរណ៍អាស៊ានផ្លូវការ អនុវត្តគោលការណ៍ណែនាំអាស៊ាន

2022/01/20 02:03:18 pm        282
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រីបណ្តាប្រទេសអាស៊ាន បានបើកកិច្ចប្រជុំពិភាក្សាការងារគ្នាអស់រយៈពេលពេញមួយថ្ងៃមក នៅល្ងាចថ្ងៃទី១៩ ខែមករានេះ រដ្ឋមន្ត្រី និងតំណាងរដ្ឋមន្ត្រីទេសចរណ៍បណ្តាប្រទេសអាស៊ាន បានធ្វើការប្រកាសបើកទេសចរណ៍អាស៊ានជាផ្លូវការ ដែលពិធីបើកនោះ គឺបានធ្វើនៅឆ្នេរសុខា ខេត្តព្រះសីហនុ។បើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នឹងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍អាស៊ានលើកទី២៥ ​បានថ្លែងថា ការបើកទេសចរណ៍អាស៊ាន​ ដើម្បីស្តារសេដ្ឋកិច្ច-សង្គម​អាស៊ានឡើងវិញ នេះ អាស៊ានក៏ត្រូវធ្វើឡើងក្រោមប្រុងប្រយ័ត្ន និងមានការទប់ស្កាត់ការរាតត្បាតនៃ​មេរោគ​កូវីដ១៩ ដោយត្រូវអនុវត្តគោលការណ៍ណែនាំអាស៊ានមួយចំនួនរួមមាន៖ ១. អនុវត្តតាមគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែលអាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព (ASEAN Stamp: Warm & Safe) ​ដែលគោលការណ៍នេះ ដឹកនាំសម្របសម្រួលរៀបចំដោយកម្ពុជា ផងដែរ។២. ផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ៣. ត្រូវអនុវត្តតាមវិធានសុខាភិបាល និងស្តង់ដាប្រតិបត្តិនៃប្រទេសសមាជិកនីមួយៗ៤. តម្កល់​សុខុមាលភាព​សាធារណៈនៃប្រជាជាតិអាស៊ាននីមួយជាអាទិភាព ដោយរៀនរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩។រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានឯកភាពគ្នាក្នុងការជំរុញឲ្យមានចលនាទេសចរណ៍​ដោយ​ចាប់​ផ្តើម​ពីទេសចរផ្ទៃក្នុងអាស៊ាន៕ រូបអត្ថ៖ បទស៊ុម សុខជា

ប្រទេសជាដៃគូទទួលយកគោលការណ៍អាស៊ាន ដើម្បីពិចារណាលើការបើកទេសចរណ៍​របស់​ខ្លួនឡើងវិញ

2022/01/20 01:54:07 pm        571
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករានេះ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានរុស្ស៊ីលើកទី១ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឥណ្ឌា អស់រយៈពេលមួយថ្ងៃបានបញ្ចប់ដោយភាពជោគជ័យ។ នៅក្នុងកិច្ចប្រជុំនេះ បណ្តាមេដឹកនាំទេសចរណ៍បណ្តាប្រទេសអាស៊ាន ឯកភាពប្រកាសបើក​ទេស​ចរណ៍​អាស៊ាន​ឡើងវិញ ខណៈមេដឹកនាំទេសចរណ៍បណ្តាប្រទេសដៃគូអាស៊ាន​ត្រៀម​បើក​មាន​ឥណ្ឌា រុស្ស៊ី ចិន ជប៉ុន កូរ៉េ បាន​ទទួល​យកគោលការណ៍ណែនាំអាស៊ាន ដើម្បីបើកទេសចរណ៍​ផងដែរ។បើតាមឯកឧត្តម ថោង រដ្ឋស័ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍កម្ពុជា និងប្រធានកិច្ចប្រជុំស្ថាប័នជាតិ​ទេសចរណ៍​អាស៊ាន ASEAN NTO លើកទី៥៥ បានថ្លែងនៅក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន និងអាស៊ានបូកថា នៅពេលនេះ អាស៊ានទាំងមូលបានប្រកាសបើកទេសចរណ៍ឡើងវិញ ហើយការបើកនោះ គឺបើក​ទៅ​តាមស្ថានភាពកាលៈទេសៈរបស់ប្រទេសនីមួយៗ ហើយការបើកគឺផ្អែកទៅលើការចាក់​វ៉ាក់សាំង​កូវីដ១៩ និងការលើកលេងការធ្វើចត្តាឡីស័ក។ឯកឧត្តម ថោង រដ្ឋស័ក បន្តថា បើពិនិត្យស្ថានភាពជារួម បណ្តាប្រទេសនានានៅលើពិភពលោក បាននិងកំពុងលទ្ធភាពការបើកទេសចរណ៍នៅក្នុងតំបន់អាស៊ាន ហើយនឹងជម្រុញពិភពលោកបើក​ទេសចរណ៍ឡើងវិញ ដោយសារប្រទេសអាស៊ាន ​គឺជាគោលដៅទេសចរណ៍ធំៗទី៣ នៅ​លើពិភពលោក។អាស៊ាននៅក្នុងឆ្នាំ២០១៩ បានទាក់ទាញទេសចរអន្តរជាតិមកទស្សនា ក្នុងមួយឆ្នាំ១២៨លាននាក់ ឆ្នាំ២០២០ ដោយសារជួបវិបត្តិកូវីដ១៩ បានធ្វើអោយចំនួនទេសចរណ៍មកទស្សនា​អាស៊ានធ្លាក់​មកនៅត្រឹម ៥៥លាននាក់ ហើយនៅឆ្នាំ២០២១ ​ចំនួនភ្ញៀវទេសចរ​ មកទស្សនាអាស៊ាន បានបន្តធ្លាក់ចុះមកនៅត្រឹម២៥លាននាក់ ។ឯកឧត្តម ថោង រដ្ឋស័ក បញ្ជាក់ថា ប្រសិនបើបើកចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីឆ្នាំ២០២២នេះទៅ​បន្តការរីកចំរើន អាស៊ាននឹងទទួលបានទេសចរណ៍មកទស្សនាប្រមាណ៥០លាននាក់ កើនឡើងវិញ​ប្រមាណជាង១០០%។សូម​បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ដៃគូ រួមមាន៖ អង្គការទេសចរណ៍​ពិភពលោក សមាគម​ទេស​ចរណ៍អាស៊ាន PATA សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន, មជ្ឈ​មណ្ឌល​អាស៊ាន-ចិន (ACC) ​មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ​មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ​ (AKC), ​ក្រុមប្រឹក្សាធ្វើដំណើរ​ និងទេសចរណ៍ពិភពលោក (WTTC) វិទ្យាស្ថាន​ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន ​និងអាស៊ីបូព៌ា (ERIA) និងក្រុម​ប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (US-ABC) គឺគេបានផ្តល់ជាគំនិត​ផ្តួចផ្តើម គោលការណ៍​ណែនាំ​បើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព ៕ អត្ថបទ៖ ស៊ុម សុខជា

ប្រមុខការ​ទូតកម្ពុជា-វៀតណាម​ ជួបពិភា​ក្សាគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី

2022/01/20 01:09:57 pm        256
ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ប្រមុខការទូតកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម ​នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។ក្នុងជំនួបពិភាក្សាទ្វេភាគីតវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​ជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន ត្រូវបានរំពឹងថា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។ជាការកត់សម្គាល់ ក្នុងឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង​ការទូត និងជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ​ដែលដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន ​មកកាន់កម្ពុជា​នឹងបន្តពង្រឹង និង​ធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ​ដែលត្រូវបានកសាងឡើង​ដោយឈរលើស្មារតីមិត្តភាព ​ជាប្រពៃណី​ ភាពជាអ្នកជិតខាងល្អ និង​កិច្ចសហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយរវាងកម្ពុជា ​និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញ​ទៅ​ម​កសម្រាប់ប្រជាជនទាំងពីរ៕ អត្ថបទ៖ សេក ឧត្តម 

ពលរដ្ឋឃុំជ្រោយស្វាយ ទន្ទឹងរង់ចាំផ្លូវកៅស៊ូយូរឆ្នាំមកហើយ ខណៈពិបាកធ្វើដំណើរ

2022/01/19 04:25:20 pm        415
កោះកុង៖ ប្រជាពលរដ្ឋនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កំពុងតែត្អូញត្អែរពីការលំបាកធ្វើដំណើរក៏ ដូចជារងផលប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃព្រោះតែដីហុយ ខណៈពួកគាត់ទន្ទឹងរង់ចាំការស្ថាបនាផ្លូវកៅស៊ូយូរឆ្នាំមកហើយ តែហាក់គ្មានចំណាត់ការដោះស្រាយ។ភាពអន្ទះសារចង់បានផ្លូវកៅស៊ូប្រវែងជាង ២០គីឡូម៉ែត្រពីផ្លូវរបងសាលាស្រុកឆ្តោះ​ទៅ​រមណីយដ្ឋាន​ទេសចរឆ្នេរនេសាទរបស់ប្រជាពលរដ្ឋពុំមែនទើបតែពេលនេះទេ ពោល​គឺ​ធ្វើឡើងយូរឆ្នាំមកហើយ​ ដោយ​គ្រាន់ថា​ដំណឹង​គម្រោង​អភិវឌ្ឍន៍ស្ថាបនា ប៉ុន្តែ​បែរ​ជាស្ងាត់​ឈឹងទៅវិញ។តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់​រស់នៅភូមិឈើនាង​ ឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង ​បានឱ្យដឹងកាលពីថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២២ថា ​ពួកគាត់​ពិបាករស់នៅខ្លាំងណាស់ ជា​ពិសេសបញ្ហា​សុខភាពផ្លូវដង្ហើមតែម្តង ព្រោះតែស្រូបក្លិនធូលី​ដី​បណ្តាល​មកយានយន្ត​បើកបរ​ល្បឿនលឿន​។ ចំពោះរដូវវស្សាវិញ​ រអិល​ជាប់​ផុង​គ្រោះថ្នាក់​គ្មានថ្ងៃលោះសោះឡើយ។ទាក់ទិននឹងការស្នើសុំឱ្យមានការស្ថាបនាផ្លូវប្រភេទកៅស៊ូ ​ឬបេតុងនេះ​ ត្រូវបានលោក​ អៀន ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ​បំភ្លឺថា ​រៀងរាល់ឆ្នាំមន្ទីរតែជួសជុលខួបជាបណ្តោះអាសន្ន ដើម្បី​សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ​និងអ្នកទេសចរ មិន​មែន​ព្រងើយកន្តើយ​នឹង​ទុកលំបាក​ពលរដ្ឋឡើយ។លោក អៀន ដារ៉ាវុធ ​ក៏សុំការ​យោគយល់ពីប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ចំពោះការលំបាក​ធ្វើ​ដំណើរមួយនេះ​ ទោះយ៉ាងណា​ នៅខែមីនា ដើមឆ្នាំ២០២២ខាងមុខ នឹងមានការសិក្សាវាយតម្លៃ​លម្អិតបន្ថែម ​ព្រមទាំងអភិវឌ្ឍន៍បណ្តើរៗហើយ ​បើគ្មានអ្វីប្រែប្រួលនោះទេ។លោក អៀន ដារ៉ាវុធ ប្រធាន​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្តកោះកុង កំណាត់ផ្លូវលំក្រួសក្រហមប្រវែង ២២គីឡូម៉ែត្រ ទទឹង៧ម៉ែត្រខាងលើនេះ ​ត្រូវបាន​លោកជំទាវ​ មិថុនា ភូថង​ អភិបាលខេត្តកោះកុង ស្នើទៅ​ក្រសួងអភិវឌ្ឍន៍ជនបទ ​កំណត់​ដាក់ចូល​ជាគម្រោងស្ថាបនាជាកៅស៊ូ ​តាំពីឆ្នាំ២០២០មកម្ល៉េះ តែ​ស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ​តម្រូវការ​ថវិកា​ដោះស្រាយ ​ទើបមានភាពយឺតយ៉ាវ​អនុវត្តផែន​ការ​សកម្មភាពមកទល់​ម៉ោងនេះ៕ អត្ថបទ ឈឹម មករា

កាកបាទក្រហមទទួលជែលលាងដៃជំហានទី២ ចំនួន១៦២០០កេសពីក្រុមមហ៊ុន ហ័នយ៉ា ហ៊ឺចុង

2022/01/19 03:46:26 pm        421
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះ បាន​ទទួល​ជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ​និងប្រធានប្រតិបត្តិរដ្ឋបាលនៃ ក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។ក្នុង​ឱកាសប្រគល់-ទទួលនោះ​លោកជំទាវ ម៉ែន នារីសោភ័គ បាន​នាំ​ប្រសាសន៍របស់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា ​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះក្រុមហ៊ុន​ ដែលបាននាំ​យក​ជែលលាងដៃ​ទាំងនេះ ជូនកាក​បាទ​ក្រហមកម្ពុជា ​ហើយកាកបាទក្រហមកម្ពុជា ​នឹងបន្តអនុវត្តតាមអនុសាសន៍ របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​គឺលើកកម្ពស់អភិបាលកិច្ចល្អ ​ការគ្រប់គ្រងមានតម្លាភាព និង​គណនេយ្យភាពចំពោះម្ចាស់អំណោយ​ ក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែល​ទទួល​ផល​ពីកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ​ បានគូសបញ្ជាក់ថា «ជែលលាងដៃទាំងអស់នេះ ពិតជា​មាន​សារសំខាន់ណាស់​សម្រាប់ប្រតិបត្តិករជួរមុខ ​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ជា​កិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងលោក ម៉ក់ អ៊ីងថូវ​ អគ្គនាយកក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែល​អនុញ្ញាត​ឱ្យក្រុមហ៊ុន​បានចូលរួមចំណែក កិច្ចការងារមនុស្សធម៌ជាមួយ​កាកបាទ​ក្រហមកម្ពុជា​ តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយ​សម្ភារៈអនាម័យ​ទាំងនេះ​ទៀតសោធ ​គឺត្រូវបាន​បែងចែក​ចំទិស​ដៅតែម្តង។ទន្ទឹមនឹងការទទួល​បានជែលលាងដៃពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ភ្លាមៗនោះ ​ជែលលាងដៃចំនួន ២.៨០០កេស​ (ស្មើនឹង ៤៤.៨០០ដប) ត្រូវបាន​ប្រគល់​ជូន​អនុសាខាកាកបាទក្រហមកម្ពុជា ​ខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដោយអនុសាខា​នីមួយៗទទួល​បានជែល​ចំនួន២០០កេស​ (ស្មើនឹង ៣.២០០ដប)។សូមបញ្ជាក់ថា ​បន្ទាប់ពីបានទទួលជែលលាងដៃជំហានទី១ ​កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ​ចំនួន១៦.២០០កេស(ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាកបាទក្រហមកម្ពុជា​ទីស្នាក់ការកណ្តាល បានបែងចែកប្រគល់​ជែល​ទាំងនោះ ជូនដល់​សាខាកាកបាទ​ក្រហមកម្ពុជា ​រាជធានី-ខេត្តចំនួន១៧រួចហើយ។ជំហានទី២នេះ ​ខេត្តចំនួន៨ផ្សេងទៀត​ដែលមិនទាន់បានទទួលនោះ​ កាកបាទក្រហមកម្ពុជា នឹង​បន្តចែកជូនក្នុងពេលឆាប់ៗខាងនេះទៀត ដើម្បី​ចូលរួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុសកូវីដ-១៩ នៅ​តាមមូលដ្ឋានរៀងៗខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម
07/20/2025 05:07 PM
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
07/20/2025 04:07 PM
លោក Trump ទទូចថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបំផ្លាញស្របពេលមានរបាយការណ៍មួយចំនួនថាបានរួចផុតពីការបំផ្លាញ
07/20/2025 03:07 PM
ពលរដ្ឋជប៉ុនបោះឆ្នោតក្នុងការសាកល្បងដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រី Shigeru Ishiba
07/20/2025 03:07 PM
អ្នកស្លាប់ក្នុងជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូងសប្តាហ៍នេះ កើនឡើងដល់១៤ នាក់
07/20/2025 03:07 PM
ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងប្រទេសប៉ូឡូញ
07/20/2025 03:07 PM
ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង
07/20/2025 03:07 PM