សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសចរក្នុងស្រុកដើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍នៃសប្តាហ៍ទី១ ក្នុងខែធ្នូ កើនដល់ជាង១៨ម៉ឺននាក់

2021/12/07 04:41:27 pm        523
ភ្នំពេញ៖ របាយការណ៍ដែលទើបទទួលបានពីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃឈប់សំរាកចុងសប្តាហ៍ទី១ ថ្ងៃទី៤ ដល់ថ្ងៃទី៥ ដើមខែធ្នូនេះ នៅទូទាំងប្រទេសមានភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្ត បានកើនឡើងរហូតជាង ១៨ម៉ឺននាក់ ស្មើនឹង ៤,៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។បើតាមឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យBTVនៅថ្ងៃនៅថ្ងៃទី៧ ខែធ្នូនេះ​ថា តួលេខជា​រួមភ្ញៀវទេសចរ​ដែល​មានស្រាប់នៅក្នុងស្រុកបានចេញ​ដើរកម្សាន្ត​នៅថ្ងៃឈប់​ចុងសប្តាហ៍ទី១ ដើមខែធ្នូនេះមានចំនួន ១៨១.០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥.៧១៦ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ៥.៣០៨ នាក់ ​ហើយគោល​ដៅ​ទេស​ចរណ៍​ដែលភ្ញៀវទៅកម្សាន្ត ភាគច្រើន​ជា​គោលដៅ​ទេសចរណ៍តាមតំបន់ឆ្នេរ ​តំបន់អេកូទេសចរណ៍វប្បធម៌នៅខេត្ត​ពោធិ៍​សាត់ បាត់ដំបង ខេត្តមណ្ឌលគិរី ​និងខេត្តសៀមរាបជាដើម។ឯកឧត្តម បញ្ជាក់ថា គោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរទៅដើរលេងកម្សាន្តច្រើនជាងគេ លំដាប់ទី១ ខេត្ត​ព្រះសីហនុ ​មានទេសចរទៅលេងកម្សាន្តជាង ៣ម៉ឺននាក់ នាក់ ទី២ រាជធានីភ្នំពេញ ជិត៣ម៉ឺននាក់ ទី៣ ខេត្ត​ពោធិ៍​សាត់​ ជាង២ម៉ឺននាក់ ទី៤ ខេត្តកំពតមានជិត២ម៉ឺននាក់ ទី៥ ខេត្តសៀមរាប ​មានជិត១ម៉ឺន៦០០០ នាក់ ​ហើយគោល​ដៅ​ទេស​ចរណ៍​តាមបណ្តាខេត្តនានាទៀត ក៏មាន​ទេសចរទៅទស្សនាកម្សាន្តច្រើនផងដែរ។ឯកឧត្តម ជុក ជំនោរ បន្តថា ការមានអាកាសធាតុចាប់ផ្តើមចុះត្រជាក់​នៅក្នុងអំឡុងពេលនេះ គឺបាន​ជំរុញច​រន្តភ្ញៀវ​ទេស​ចរ​ផ្ទៃក្នុង​ទូទាំង​ប្រទេសចេញដើរកម្សាន្តច្រើន ហើយការចេញដើរកម្សាន្ត​នៃភ្ញៀវ​ទេសចរនោះ ​សំគាល់ឃើញថា ​សភាព​ការណ៍​ជារួម​ពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋ​បាលរាជធានីខេត្ត មន្ទីរទេសចរណ៍ ​បានខិតខំ​បន្ត​ជំរុញ​ការ​អនុវត្តវិធានសុវត្ថិភាព​ទេសចរណ៍ និងប្រតិបត្តិស្តង់ដារអប្បបរមា SOP ពិសេសសម្រាប់សេវាកម្សាន្ត ​ដែលរាជរដ្ឋាភិបាល​បាន​អនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងមក និង​តាមគោលដៅ​ទេសចរណ៍​នានា​គឺមានសុវត្ថិភាព ​ពុំមានការរាតត្បាតមេរោគកូវីដ១៩៕ អត្ថបទ ស៊ុម សុខជា

ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានី ត្រៀមសង់មណ្ឌលព្យាបាលកូវីដអាចដាក់គ្រែ១៥.០០០គ្រែ

2021/12/07 04:33:13 pm        555
ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង កាល​ពី​ម្សិលមិញ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល រួមជាមួយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារបច្ចេកទសក្រសួងសុខាភិបាល និងសាលារាជធានី​ភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យទីតាំងត្រៀមសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រោះ ទីតាំងបច្ចុប្បន្ន រួម​មាន​ទីតាំង​ពហុកីឡដ្ឋានអូឡាំពិក ទីតាំងព្រែកព្នៅ និងទីតាំងមួយចំនួនទៀតដែលបានខ្ចីពីឯកជនត្រូវប្រគល់ជាបន្តបន្ទាប់ទៅ​ម្ចាស់ទីតាំងឯកជនទាំងនោះវិញចាប់ពីចុងឆ្នាំ២០២១នេះ។ ចំពោះទីតាំងនឹងត្រៀមសាងសង់មណ្ឌលព្យាបាលនោះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ ដែលគ្រោងនឹងអាចដាក់គ្រែបានសរុបចំនួន ១៥.០០០គ្រែ ទាំងការព្យាបាលកម្រឹតធ្ងន់ និងកម្រឹត​ស្រាល។ ម្យ៉ាង​វិញ​ទៀត តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី មណ្ឌលព្យាបាលថ្មីនេះ នឹងត្រូវទទួលអ្នកជំងឺ ដែល​ផ្ទេរ​មក​ពីមណ្ឌលព្យាបាលពហុកីឡដ្ឋានអូឡាំពិក និង​មណ្ឌលព្យាបាល​ព្រែកព្នៅ ​ព្រោះពហុកីឡដ្ឋានអូឡាំពិកត្រូវត្រៀម​សម្រាប់​ហ្វឹកហាត់​បម្រើ​ឱ្យការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ២០២៣។ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមការងារ​បច្ចេកទេស​ឱ្យ​យក​ចិត្ត​ទុកដាក់​សាងសង់​ដោយត្រូវគោរពទៅតាមបទដ្ឋានមន្ទីរពេទ្យព្យាបាល​ជំងឺកូវីដ-១៩ ​ដើម្បីធានាបានទាំងគុណភាព និង​សុវត្ថិភាព និងដោយឡែកអគារក៏ត្រូវគោរពទៅតាម​និយាមអគារដែលមានគុណភាព។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ​និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឯកភាពទៅ​លើ​ទីតាំង​ដែលត្រូវ​សាង​សង់​មជ្ឈមណ្ឌល​ព្យាបាលជំងឺកូវីដ-១៩ និងបានណែនាំដល់ក្រុមការងារ​បច្ចេកទេសទាំងពីរ​ត្រូវសិក្សារៀបចំ​ផែនការ​មេ​ឱ្យ​បានឆាប់រហ័សបំផុត ព្រោះទីតាំងនោះត្រូវចាក់​បំពេញ​ដីបន្ថែម និងត្រូវធានាការសាងសង់ឱ្យបានរួចរាល់ក្នុងរយៈ​ពេល​ពី៦ទៅ៨ខែ៕អត្ថបទ រដ្ឋា

គណបក្សនយោបាយ និងក្រសួងស្ថាប័ននានាបន្តគោរពព្រះវិញ្ញាក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

2021/12/07 03:02:32 pm        467
ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សនយោបាយ ក្រសួង ស្ថាប័ន និងអង្គទូតនានានៅកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តដឹកនាំមន្រ្តីរបស់ខ្លួនដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ខណៈព្រះសពព្រះអង្គនឹងត្រូវបូជារំលាយនៅព្រឹកវេលាម៉ោង៩ ថ្ងៃទី៨ ខែធ្នូ ស្អែកនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងថ្នាក់ដឹកនាំជាតិ ជាច្រើនរូបទៀត។ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងធ្វើការរំកិលដង្ហែរតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់មេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើការបូជារំលាយព្រះសព តាមបែបសាសនា និងប្រពៃណីរាជវង្សានុវង្ស នៅព្រឹថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពី​តម្កល់​ធ្វើបុណ្យ​តាមបែប​ព្រះពុទ្ធសាសនាអស់រយៈពេលបួនថ្ងៃមកនេះ។សូមបញ្ជាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធាន​រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអង្គបានយាងសោយព្រះទិវង្គត ​នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ​ក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ខាងកាលពីម្សិលមិញ តាមរយៈ​យន្ត​ហោះពិសេស​ពីប្រទេសបារាំង ​ខណៈព្រះសពព្រះអង្គបានកំពុងតំកល់ធ្វើបុណ្យ​តាមបែបសាសនា​នៅអតីតព្រះតំណាក់ព្រះអង្គ នៅផ្លូវសម្តេចប៉ាន់ខាងក្រោយព្រះបរមរាជវាំង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ការទ្រង់សោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ​ប្រកាសកាន់ទុក្ខចំពោះព្រះសពរបស់ព្រះអង្គ ដោយកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ដដែលនេះ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងណែនាំ​ឲ្យគ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្តីរាជកា កងកម្លាំងប្រដាប់​អាវុធ​គ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជននៅទូទាំងប្រទេស ត្រូវមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ និងផ្អាកការសម្តែង​និងចាក់ផ្សាយ​ទស្សនីយភាព​ផ្សេងៗ​ដែលមានលក្ខណៈសប្បាយ​គគ្រឹកគគ្រេង​ផងដែរ៕អត្ថបទ៖ បាន ចក់

រង្វង់មូលស្រអែមមានលំនាំគោបុរៈទី៥នៃប្រាសាទព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

2021/12/08 09:09:46 am        294
ព្រះវិហារ៖ រង្វង់មូលស្រអែម ដែលមានសំណង់លំនាំគោបុរៈទី៥ របស់ប្រាសាទព្រះវិហារ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ ដើម្បីជាកែសម្រួលស្ថានភាពចរាចរណ៍ និងលើកនូវសោភណ្ឌភាពតំបន់ប្រជុំជនស្រអែម មុននឹងឡើងទៅដល់ប្រាសាទព្រះវិហារ។រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម មាស សុភា ទេស រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តព្រះវិហារ ​និងថ្នាក់ដឹកនាំ ​មន្ដ្រីរាជការខេត្ត ​ជាមួយនឹង​ការ​ចូល​រួមរបស់ប្រជាពលរដ្ឋជាច្រើន​កុះករ​ផងដែរ។ឯកឧត្ដម មាស សុភា មានប្រសាសន៍ថា រង្វង់មូលស្រអែម កើតឡើងពីការចូលរួមពី​សប្បុរសជន​នានា ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ កម្លាំងមានសមត្ថកិច្ច ដោយបានចូលរួមជាថវិកា រហូតស្ថាបនារង្វង់​មូល​ស្រអែម​នេះ​ បានជោគជ័យ និង​បាន​ដាក់​សម្ពោធ​ដាក់ឲ្យប្រើប្រាស់នាពេលនេះ។ឯកឧត្ដម មាស សុភា បញ្ជាក់ថា ទីតាំងនេះពីមុនគឺមានលក្ខណៈ​ស្មុគស្មាញ​ពិបាក​ក្នុង​ការធ្វើដំណើរ ប៉ុន្តែក្រោយពីស្ថាបនារង្វល់មូលស្រអែមនេះរួច ទីតាំងនេះមានសណ្ដាប់ធ្នាប់ល្អប្រសើរ ដែលជា​ទី​ទាក់​ទាញភ្ញៀវជាតិ​ និងអន្តរជាតិ មកលេងកំសាន្តនៅស្រុកជាំក្សាន្តនេះផងដែរ ។ឯកឧត្ដម មាស សុភា ក៏បានបញ្ជាក់ថា ការសាងសង់រង្វង់មូលស្រអែមនេះត្រូវឆ្លងកាត់នីតិវិធីជាច្រើន ដូចជាការ​ស្នើ​សុំ​ទៅ​ក្រសួងវប្បធម៌ ស្នើសុំទៅអាជ្ញាធរជាតិព្រះវិហារ ​និងឆ្លងកាត់ការរចនាប្លង់ដ៏ពិបាកផងដែរ។លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា សំណង់ដ៏គួរជាទី​ស្ញប់ស្ញែង​នេះ គឺមានកា​រ​ផ្តួចផ្តើម​កសាង​ឡើងដោយថ្នាក់ដឹកនាំខេត្ត និង​សប្បុរសជន ដោយ​មិន​បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​នោះ​ឡើយ។លោក សំ លាងទ្រី បានបន្ថែមថា រង្វង់មូលស្រអែម មាន​អង្កត់​ផ្ចិត​ប្រវែង ៤០ ម៉ែត្រ កំពស់ ៦.៤ ម៉ែត្រ ផ្ទៃក្រឡា១២៥៦ ម៉ែត្រការ៉េ ​និងមាន​បរិមាត្រប្រវែង ១២៥.៦៦ ម៉ែត្រ ។ រូប​សំណាក​តួប្រាសាទ​នៅចំកណ្តាលរង្វង់មូលនេះ គឺយកលំនាំតាមគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ​ហើយរូបសំណាក​ដែល​​ស្ថិត​នៅចំកណ្តាលរង្វង់មូលនេះទៀតសោតមានទំហំស្មើនឹង ៧០% នៃតួប្រាសាទដើម។ រង្វង់មូលស្រអែម​ មាន​ទីតាំង ស្ថិតនៅលើផ្លូវជាតិលេខ៦២​ ដែលជាចំណុចផ្លូវប្រសព្វផ្លូវបែកជា៣ ក្នុងការធ្វើដំណើរឡើងទៅប្រាសាទព្រះវិហារ ​ទៅខេត្ត​ឧត្ដរមានជ័យ និងក្រុងព្រះវិហារ៕

កម្ពុជានឹងទទួលអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសច្រើនថែមទៀត នៅពាក់កណ្តាលខែធ្នូនេះ

2021/12/07 02:05:52 pm        532
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងនៅថ្ងៃនេះថា កម្ពុជានៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១នេះ នឹងចាប់ផ្តើមមានកំណើនអ្នកដំណើរអន្តរជាតិ ដែលជាភ្ញៀវទេសចរ អ្នកដំណើរអន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិមកកម្ពុជាច្រើនថែមទៀត ខណៈនៅពាក់កណ្តាលខែធ្នូនេះដែរ បណ្តាក្រុមហ៊ុនអាកាសចរណ៍ ដែលបានស្នើបើកជើងហោះហើរមកកម្ពុជានោះ នឹងចាប់ផ្តើមបើកសកម្មភាពហោះហើរត្រង់មកកម្ពុជាឡើងវិញស្របៗគ្នា។ឯកឧត្តម ជា អូន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែង​ប្រាប់​ BTVនៅថ្ងៃទី ៧ខែធ្នូនេះថា នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនអាកាសចរណ៍​ដែលកំពុងបានបើក​ដំណើរ​ការ​សកម្ម​ដឹក​អ្នក​ដំណើរអន្តរជាតិមកកម្ពុជា បច្ចុប្បន្ន គឺសំគាល់​ឃើញមាន ក្រុមហ៊ុនអាកាសចរណ៍ Angkor air , Cambodia Airline , និងSingapore airline ជាដើម បានដំណើរការដឹកអ្នកដំណើរអន្តរ​ជាតិក្នុងមួយថ្ងៃៗ​មាន​ចំនួន​ប្រមាណ​ពី​ ៦០០​នាក់​ទៅ ១០០០នាក់ ហើយចំនួននេះ ​នឹងកើនឡើងរហូតដល់ទៅ៣ដងទៀត ឬច្រើនជាងនេះ ចាប់ពី​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ​តទៅ។ឯកឧត្តម ជា អូន បន្តថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានស្នើសុំពង្រីកជើងហោះហើរត្រង់មកកម្ពុជា​បន្ថែម​ នៅ​ក្នុងអំឡុងពេលនេះ រួមមាន៖ Singapore Airlineស្នើពង្រីកជើងហោះហើរត្រង់សឹង្ហបូរី កម្ពុជា ហើយក្រុមហ៊ុន Malaysia Airline, Jet Star និងAir Asia បានចាប់ផ្តើមស្នើបើកជើងត្រង់ម៉ាឡេស៊ី កម្ពុជាចាប់ពីពាក់កណ្តាល​ខែ​ធ្នូ​នេះ​ត​ទៅដែរ។សូមបញ្ជាក់ថា បើតាមការអោយដឹងពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ កាលពីចុងខែវិច្ឆិកានេះថា ​គិតត្រឹមដំណាច់ខែវិច្ឆិកា មានក្រុមហ៊ុន​អាកាស​ចរណ៍​ចំនួន ៦បានស្នើសុំបើកជើង​ហោះ​ហើរ​ត្រង់​មកកម្ពុជា ​ហើយក្រុមហ៊ុនទាំងនោះរួមមាន៖ ទី១ ក្រុមហ៊ុន Smile Airway ស្នើបើកជើង​ហោះហើរភ្នំពេញ-​ថៃ​ ចំនួន៤ជើងក្នុងមួយសប្តាហ៍ ទី២ក្រុមហ៊ុនBangkok Airway ស្នើសុំបើកហោះត្រង់ភ្នំពេញ-ថៃ ចំនួន​១០​ជើង​ក្នុង​មួយ​សប្តាហ៍ ទី៣ ក្រុមហ៊ុន Air Asia បើកហោះហើរភ្នំពេញ-ថៃ ចំនួន៣ជើងក្នុងមួយសប្តាហ៍ ទី៤ ក្រុមហ៊ុនPhillipine airline ស្នើបើកហោះត្រង់កម្ពុជា-ហ្វីលីពីន ១ជើងក្នុងមួយសប្តាហ៍ ទី៥ ក្រុមហ៊ុនអាកាសចរណ៍កាតៃ ស្នើបើកហោះត្រង់ហុងកុង-កម្ពុជា ១ជើងក្នុងមួយសប្តាហ៍ និងទី៦ ក្រុមហ៊ុន Singapore Airline ស្នើសុំបើកជើងហោះហើរលើកំណាត់ផ្លូវភ្នំពេញ-សឹង្ហបូរី ចំនួន ១៤ជើងក្នុងមួយសប្តាហ៍ និងស្នើហោះត្រង់សៀមរាប-សឹង្ហបូរី ៧ជើងក្នុងមួយសប្តាហ៍។នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បន្តថា បើគិតនៅមុនថ្ងៃ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​វិញកាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ ចំនួនអ្នកដំណើរចេញចូលមាន​ប្រមាណ ៣៥៣៩នាក់​ក្នុងមួយសប្តាហ៍​ ហើយ​នៅ​ក្រោយ​ថ្ងៃប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេសវិញ ​ក្នុងរយៈពេល១សប្តាហ៍ដំបូង​ ចំនួន​អ្នក​ដំណើរអន្តរជាតិ​ចេញ​ចូល​មក​កម្ពុជា​បានកើនដល់ ៩០៣១នាក់ ក្នុងមួយសប្តាហ៍៕អត្ថបទ ស៊ុម សុខជា

សប្បុរសជនបរិច្ចាកថវិកាផ្ទាល់ខ្លួន ជួលជុលផ្លូវមួយខ្សែក្រាលថ្មមិច ជូនប្រជាពលរដ្ឋងាយស្រួលដំណើរ

2021/12/07 06:44:59 am        298
ភ្នំពេញ ៖ សប្បុរជនលោក ជឿន មុន្នីរាក់ ជាម្ចាស់គំរោងផ្ទះល្វែងសំណង់ល្អពិត បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ ដោយការចូលរួមចែករំលែកនូវថវិកាផ្ទាល់ខ្លួន ជួយដល់ប្រជាពលរដ្ឋក្នុង​សម័យកូវីដ១៩។ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២១នេះផង លោក ជឿន មុន្នីរាក់ និងលោក ផាន ចន្ថា បាន​ជួសជុល​ផ្លូវមួយខ្សែប្រ និងក្រាលថ្មមិច​ជូនប្រជាពលរដ្ឋងាយស្រួលដំណើរជាងមុន ​ស្ថិតនៅ ភូមិត្រពាំងរំចេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ដោយចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ។សូមបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែរនេះ ដោយមានការសំណូមពរពីប្រជាពលរដ្ឋជាច្រើន ហើយបាន​លើកឡើងថា ផ្លូវមួយខ្សែនេះ ខូចដោយសាររដូវវស្សា មាន​ក្រឡុក​ពិបាក​ធ្វើ​ដំណើរ​ប្រកប​របរ អាជីវកម្ម និងទៅធ្វើការរបស់បងប្អូនប្រជាពលរដ្ឋ ទើប​លោកសម្រេចចិត្តចំណាយ​ថវិកាផ្ទាល់ខ្លួន​របស់​លោក​ជួសជុល​តែម្តង​ ដោយ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ផងដែរ៕ អត្ថបទ៖ ​កុម្ភៈ

ទូតវៀតណាមសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជន

2021/12/07 12:24:24 pm        380
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាឯកឧត្តម ង្វៀន ហុយតាំង (H.E.Mr. Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទទួលជោគជ័យរហូតធ្វើឲ្យប្រទេសក្លាយជាទីសុវត្ថិភាពសម្រាប់អ្នកទេសចរ។សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការ​គួរសម​នៅ​វិមានរដ្ឋសភា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត វៀតណាម បានវាយតម្លៃខ្ពស់ និងអបអរសាទរ​ចំពោះការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូត វៀតណាម បានសម្ដែងនូវការកោតសរសើរចំពោះ​នយោបាយចាក់វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យ​យ៉ាង​ធំធេង ធ្វើឲ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ​និងក្លាយជាទីកន្លែង​សុវត្ថិភាព​សម្រាប់​អ្នកទេសចរ និងបានអរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកា និងបរិក្ខាពេទ្យដល់ប្រទេស​វៀតណាម​នៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក។ នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តម​ឯកអគ្គរដ្ឋទូត ​នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ​ដែលមានស្រាប់​ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ សម្តេចបន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា ​សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែល​រដ្ឋាភិបាល​ប្រទេសទាំងពីរ ​បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំ​មកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។បន្ថែមលើសពីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ​បានសន្យាចំពោះសម្ដេចប្រធានរដ្ឋសភាថា ក្នុង​បេសកកម្មកាទូត​នៅកម្ពុជា ​ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​ឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទាំង​វិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម៕ អត្ថបទ៖ សេក ឧត្តម

មីយ៉ាន់ម៉ាស្វះស្វែងរកកិច្ចសហការល្អឡើងវិញជាមួយអាស៊ាន

2021/12/07 06:44:38 am        603
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា នៅថ្ងៃនេះ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អំពីទំនាក់ទំនងសហប្រតិបត្តិការទាំងទ្វេភាគី និងក្នុងក្របខណ្ឌអាស៊ាន ដើម្បីធ្វើយ៉ា​ងណា​ឱ្យមានកិច្ចសហការល្អឡើងវិញនៅក្នុងតំបន់។ មីយ៉ាន់ម៉ាស្វះស្វែងរកកិច្ចសហការល្អឡើងវិញ ជាមួយអាស៊ាន។សម្ដេចតេជោ នឹងអញ្ជើញទៅធ្វើទស្សនកិច្ចប្រទេសនេះ នៅដើមខែក្រោយខណៈពេលដែលវិបត្តិ​នយោបាយ​ក្នុងប្រទេសនេះ កំពុងរីកធំឡើង។នៅថ្ងៃទី០៧ ខែធ្នូនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជាប្រធានអាស៊ាន ឆ្នាំ២០២២បានជួប​ពិភាក្សាការងារជាមួយឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស ​មី​យ៉ា​ន់​ម៉ា​ និង​ជា​បេសកជន​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សារដ្ឋ និង​ជា​នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ​ដែល​នៅក្នុងជំនួបនេះ សម្តេចតេជោ ​និង​ឯកឧត្ដម វុនណា បានពិភាក្សាគ្នា​អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា។ លើសពីនោះ​ទៀ​ត ​ស​ម្ដេ​ច ​​និ​ង​ឯ​ក​ឧ​ត្ដ​ម ​វុន​ណា​ ក៏​បា​ន​ពិភាក្សា​គ្នា​អំ​ពី​បញ្ហា​អាស៊ាន​ផង​ដែរ ​ដើម្បី​ស្វែង​រ​កមធ្យោបាយ​ធ្វើយ៉ាងណាឱ្យអាស៊ាន​មានកិច្ចសហប្រតិបត្តិការល្អ ​និងសាមគ្គីភាពល្អ។ក្នុងឱកាសនោះដែរ ឯកឧត្តម វុនណា ក៏បានគោរពជូនសម្ដេចតេជោ នូវលិខិតរបស់ឯកឧត្ដមប្រធាន​ក្រុម​ប្រឹក្សារដ្ឋ​ និង​ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ​ជូន​សម្ដេចតេ​ជោ ដើម្បី​អញ្ជើញ​សម្ដេច​តេ​ជោ​ទៅធ្វើ​ទស្សនកិច្ច ​នៅសហភាពមីយ៉ាន់ម៉ា ​នៅថ្ងៃទី៧-៨ ​ខែមករា ឆ្នាំ២០២២ នេះ។ជាការឆ្លើយតប​ សម្ដេចតេជោ បានទទួលយកនូវការ​អញ្ជើញ​ ហើយសម្ដេច នឹងអញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ាតាមការអញ្ជើញ​នេះ។ឯកឧត្ដម វុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសរបស់មីយ៉ាន់ម៉ា បាន​អញ្ជើញមកទស្សនកិច្ច​នៅ​កម្ពុជា កាលពីម្សិលមិញ ដែល​ដំណើរទស្សនកិច្ចតបតាម​ការអញ្ជើញរបស់កម្ពុជា ក្នុង​គោលដៅ​សំខាន់លើការរិះរកនូវដំណោះស្រាយពាក់ព័ន្ធ ​នឹងអាស៊ាន។ ឆ្នាំ២០២២ គឺជាឆ្នាំដែលកម្ពុជា ត្រូវធ្វើជាម្ចាស់នៃកិច្ចប្រជុំរបស់អាស៊ាន។សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជា ប្រធានអាស៊ាន បានដាក់ចេញគោលដៅពង្រឹងកិច្ច​សហប្រតិបត្តិការអាស៊ានឡើងវិញ ​ជាពិសេសចង់ឃើញសមាសភាពមីយ៉ាន់ម៉ា នៅ​ក្នុងកិច្ចប្រជុំមួយនេះ ក្រោយអវត្តមាននៅឆ្នាំ២០២១ ។សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១​ នៅខេត្តព្រៃវែង កាលពីម្សិលមិញ បានបញ្ជាក់ថា ​ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺនឹង​មានកិច្ចពិភាក្សាជាមួយមេដឹកនាំ​មីយ៉ាន់ម៉ា ​ដើម្បីស្វែងរកគន្លឹះឱ្យអាស៊ាន មានសមាជិក​គ្រប់​ចំនួន​ក្នុង​កិច្ច​ប្រជុំឡើងវិញ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះ​ការពង្រឹង អាស៊ានឡើងវិញ ​ជាកិច្ចការដ៏ចាំបាច់​នៅពេលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះអាស៊ាន​ឆ្នាំ២០២២៕ អត្ថបទ៖ មុត សុទ្ធ

ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ

2021/12/06 08:34:18 am        505
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នកំពូលរបស់ជាតិទាំង៤ មន្ត្រីនៃបណ្តាក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំមន្ត្រីនៃក្រសួងស្ថាប័នរបស់ខ្លួន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញា ដឹកនាំដោយ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា អមដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃក្រុមប្រឹក្សាធម្មនុញ្ញា។ស្ថាប័នកំពូលរបស់ជាតិ ព្រឹទ្ធសភា ដឹកនាំដោយ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា អមដំណើរដោយសមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភា។ស្ថាប័នរដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា​ណា​ចក្រកម្ពុជា អមដំណើរដោយសមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត​នៃ​ស្ថាប័ន​រដ្ឋសភា ស្ថាប័នរាជរដ្ឋាភិបាល​ដឹកនាំដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា អមដំណើរដោយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជាជាច្រើនរូបទៀត ។ រួមទាំងរដ្ឋមន្ត្រីនៃក្រសួងស្ថាប័ននានា ​ក៏បានដឹកនាំមន្ត្រីរបស់ខ្លួន ចូលរួម​គោរព​ព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាបន្តបន្ទាប់ផងដែរ។ព្រះសពសម្តេចក្រុមព្រះ តំកល់ធ្វើបុណ្យនៅព្រះរាជដំណាក់ព្រះអង្គរយៈពេល៤ថ្ងៃ ក្រោយ​ដង្ហែពីប្រទេសបារាំងមកដល់កម្ពុជា ​នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ និងមានពិធីព្រះរាជទានព្រះភ្លើង បួជាដោយព្រះករុណាព្រះមហាក្សត្រនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

អាជ្ញាធរមីន រៀបចំពិធីវាយកូនហ្គោលមិត្តវិស័យមីន ដើម្បីថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលជួយដល់កម្ពុជា តាំងពីឆ្នាំ១៩៩២មក

2021/12/06 06:59:04 am        726
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា ការរៀបចំពិធីវាយកូនហ្គោលមិត្តវិស័យមីន និងទទួលទានអាហារសាមគ្គី ក្នុងក្របខណ្ឌគ្រួសារវិស័យមីន នៅទីលានវាយកូនហ្គោលហ្គាដិនស៊ីធី កាលពីថ្ងៃទី០៤ ខែធ្នូ កន្លងមកនេះ បានទទួលដោយជោគជ័យគួរជាទីមោទនៈ។កម្មវិធីនេះ មានការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំពីក្រសួងស្ថាប័ននានា អង្គទូតប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសប្បុរសធម៌ សមាគម និងវិស័យឯកជនជាតិ/អន្តរជាតិ និងមិត្ដវិស័យមីនជាច្រើនទៀតចូលរួមផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន​ឯកជន​មួយចំនួនដែលចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំព្រឹត្តិការណ៍នេះកើតឡើង ដោយទទួលការអបអរសាទរពីមិត្តវិស័យមីនទាំងអស់ រួមមាន៖១/. លោក Larry Kao អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ Manhattan & Medtecs២/. Prince Foundation៣/. លោក Mao Saravuth នាយកប្រតិបត្តិនៃក្រុមហ៊ុន IQPS Trading៤/. លោក Anthony S. Gadlardi អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន SEARA Sports Systems៥/. លោក Luis Moniz នាយកគ្រប់គ្រងនៃក្រុមហ៊ុន HGB luxury Division៦/. លោក Mr T. Mohan នាយកគ្រប់គ្រងសារព័ត៌មាន Khmer Times៧/. លោក Sochhath Gno អ្នកគ្រប់គ្រងសាខានៃក្រុមហ៊ុន SCG៨/. លោក Salah Essa នាយកក្រុមហ៊ុន Management Venture Asia (Cambodia) Co. Ltdជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បី​អំពាវឲ្យ​មានការយកចិត្តទុកដាក់បន្ថែម និងបន្តជួយគាំទ្រដល់វិស័យសកម្មភាពមីន​មនុស្សធម៌​នៅកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ដូចជា​កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះឲ្យនៅកំរិតអប្បបរមា និងឈានទៅ​លប់បំបាត់​ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជានៅឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រជាតិ​សកម្មភាពមីន ២០១៨-២០២៥។ឯកឧត្តម បានបន្តទៀតថា "ការវាយគ្រាប់បាល់កាន់តែច្រើន ជំនាញរបស់អ្នកកាន់តែរីកចម្រើន ប៉ុន្ដែវាខុសពីការវាយគ្រាប់មីន ពេលអ្នកប៉ះគ្រាប់មីន អ្នកនឹងមិនមានឱកាសវាយវាម្តង ទៀតទេ ឬបើអ្នកនៅរស់ អ្នកនឹងមិនចង់វាយវាទៀតទេ..." រឿងនេះ​បានកើតឡើងចំពោះមនុស្សជិត ៦៥,០០០នាក់ ដែលត្រូវបានស្លាប់ ពិការ និងរងរបួសដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ​ពី​សង្គ្រាមនៅកម្ពុជា។ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីដៃគូអភិវឌ្ឍ ប្រទេស​ជាមិត្ត និងអង្គការសប្បុរសធម៌នានា ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃ បើគិតជាថវិកាដ៏ច្រើន​សន្ធឹកសន្ធាប់ ​ឧបករណ៍សម្ភារៈ​ និងការកសាងសមត្ថភាព សម្រាប់វិស័យ​សកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ៗ ក្នុងការចូលរួម​ការងារ​ថែរក្សាសន្តិភាព ​ការ​សង្គ្រោះជីវិត​ ការកាត់បន្ថយភាពក្រីក្រ ​និងការស្តារសេដ្ឋកិច្ច-សង្គម ដែលអ្វីដែល​សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា “យើងទាំងអស់គ្នា ​បានចាប់ផ្តើមរួមគ្នា ហើយយើង នឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បី​ឆ្ពោះទៅរកកម្ពុជា​គ្មាន​មីនឆ្នាំ​២០២៥ ខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM