ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យ​លទ្ធភាព​ការ​អនុវត្ត​ពន្ធ​ជួយ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចាត់ទុកធនធានផ្នែកគណនេយ្យ ជាកាតាលីករ​ជួយរុញ​កំណើន​សេដ្ឋកិច្ច
ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​

2026/05/26 02:26:19 pm        687
សហគ្រាសធុនតូច និងមធ្យម (SME) បាន​ដើរតួនាទីយ៉ាងសំខាន់ចូលរួមដាស់​ស្មារតី​ឱ្យ​ប្រ​ជា​ពលរដ្ឋ​ប្រើប្រា​ស់ផលិតផលក្នុងស្រុក តាមរយៈយុទ្ធនាការប្រើប្រាស់ទំនិញ​ក្នុងស្រុក​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល។ ​ដោយស្មារតីសាមគ្គីពីប្រជាពលរដ្ឋ បាន​ងាកមកប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​នាំ​ឱ្យ​​កា​រផលិតទំនិញក្នុងស្រុក​របស់សហគ្រាស​មួយបានកើនឡើង៣ដង ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​​ដែ​លកំពុងតែហក់ឡើង បន្ទាប់ពីប្រជាពលធ្វើពហិការទំនិញនាំចូល​ពីប្រទេស​ថៃ។ លោកស្រី ហុក ស្រីហួរ អគ្គនាយិកា សហគ្រាស PPF Yummy, Khmer Food Manufacturer បាន​ប្រាប់ BTV ថា សហគ្រាសរបស់លោក​ស្រី មានផលិតផលជាច្រើនប្រភេទ ដូចជា បុកត្រីឆ្អើ, កា​ពិឆាបាត់ដំបង, ប្រហុកអង្រ្កង, ប្រហុកឦសាន, ប្រហុកអប់ក្រូចឆ្មា,​ និងប្រហុកខ្ទិះ​ ហើយមាន ផលិត​ផលប្រភេទ ទឹកឆាអំពិលទុំ, ទឹកប្រហុក, និងទឹកជ្រលក់ជូរអែម​ ព្រមទាំង​ គ្រឿងសម្លរកកូ, ឆាគ្រឿង​, សម្លរការី, ម្ជូរគ្រឿង​, ម្ជួរស្លឹកថ្នឹង, ម្ជូរសណ្តាន់, អាម៉ុក​ និងប្រហុកខ្មែរ​។ ផលិត​ផល​ទាំង​អស់​នេះបាន​​ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក ៩៥% ផលិត ដោយ​ប្រជាកសិករ នៅតាមមូលដ្ឋាន។ លោក​ស្រី ហុក ស្រីហួរ បានបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរបានងាកមក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ជាពិសេស យុវជនការគាំទ្រផលិតផលជាតិកាន់តែច្រើន​ គឺជាការ​ជំរុញ​ដល់ក​ម្លាំង​សេដ្ឋកិច្ច​ជាតិ​ ហើយក៏នឹងជួយកាត់បន្ថយការនាំចូលទំនិញពីខាងក្រៅ និងបង្កើតការងារ និងទី​ផ្សារ​កាន់​ល្អប្រសើរឡើង។ លោកស្រីថា បន្ទាប់ពីប្រជាពលរដ្ឋធ្វើពហិការទំនិញថៃ គឺមានសន្ទុះខ្លាំងក្លា​នូវការគាំទ្រ​នូវ​ផលិត​ផល​ខ្មែរ ​ដែលនាំឱ្យ​សហគ្រាសរបស់លោកស្រីបានបង្កើនការផលិត៣ដង បើធៀបនឹងមុនការធ្វើ​ពហិការ​។ ការកើនឡើងនេះគឺ ដោយសារមា​ន​ការ​ជួយ​ជ្រោម​ជ្រែង​មិន​អាច​ខ្វះ​បាន​ពី​រាជ​រដ្ឋាភិបាល​ និងក្រសួង-ស្ថាប័ន​ ពាក់ព័ន្ធនានា ក្នុងជួយជំរុញ​ការ​ផលិត​ឱ្យ​ស្រប​តាម​ស្តង់​ដារ​អនាម័យ និងសុវត្ថិភាពចំណីអាហារ​។ សហគ្រាសនេះ​ ទទួលបាន​វិញ្ញាបនបត្របញ្ជាក់ចំណីអាហារ HACCP និង GMP ដែលធានា​គុណ​ភាព​ខ្ពស់​​ ព្រមទាំង ទទួលបានវិញ្ញាបនបត្រ FDA សម្រាប់ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក ផង​ដែរ​។ ដោយ​មានសន្ទុះគាំទ្រពីប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស សព្វថ្ងៃសហគ្រាស​កំពុង​មមា​ញឹក​ខ្លាំង​ក្នុង​ការផលិតដោយយកចិត្តទុកដាក់ផ្តោតជាចម្បងលើគុណភាព និងសុវត្ថិភាព​សម្រាប់​អ្នក​ទទួល​ទាន​។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាស PPF Yummy បាននាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក, នូវែលសេឡង់, អូស្ត្រាលី, កូរ៉េខាងត្បូង និង​ជប៉ុន។ ដោយឡែក ទីផ្សារ​ក្នុង​ស្រុក​វិញ គឺមានលក់ទៅតាមផ្សារទំនើបនានា​ជាង ២៥០កន្លែងរាជធានីភ្នំពេញ​៕ អត្ថបទ៖ ធូ វិរៈ  

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យ​លទ្ធភាព​ការ​អនុវត្ត​ពន្ធ​ជួយ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម

2026/05/26 10:37:33 am        631
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា ក្នុងស្ថានភាពមិនទាន់មានភាពប្រាកដប្រជានេះ រាជ​រដ្ឋាភិបាល​បាន​កំពុងតាមដាន និងការពិនិត្យលទ្ធភាពលើការអនុវត្តពន្ធ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​គាំទ្រដល់សកម្មភាពភាពនៃវិស័យចម្បងៗក្នុងស្រុក ក្នុងគោលដៅ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខា​កាម​ពល​ទាហាន​ថ្មី​វ​គ្គ​៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះថា នៅ​ក្នុង​បរិការណ៍មិនទាន់មានភាពប្រាកដប្រជា, កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងប្រមាណ ៥% នៅដើមឆ្នំា ត្រូវបានរាជរដ្ឋាភិបាលទម្លាក់មកនៅត្រឹម ៤,២% ដោយ​សារ​កម្ម​វិបា​ក​នៃ​ឥទ្ធិពល​សាយ​ភាយ​បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​ការ​កើន​ឡើងដោ​យសារបញ្ហាថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យមានសម្ពោធអតិផរណា និងបានជះ​ឥទ្ធិពល​ដល់​វិស័យ​សំខាន់ៗផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញបញ្ហាខាងលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ​និងស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បី​ការ​លើក​កម្ពស់​ជីវភាព និងសុខុមាលភាពប្រជាជន និងជំរុញការ វិនិយោគសាធារណៈនានា ក្នុង​គោល​ដៅ​ទប់​លំនឹងនៃសេដ្ឋកិច្ច និងឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅងើបឡើងវិញ ដែលមាន​កំណើន​ខ្ពស់ ​ដូចមុនវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះទាក់ទងការវិនិយោគ, រាជរដ្ឋាភិបាល​ក៏បា​ន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ តាមរយៈជំនួបធុរកិច្ចនៅតាម បណ្តាប្រទេសនានា បង្ហាញពីសក្តានុពល និង​ភាព​អំណោយ​ផល​របស់កម្ពុជា ដើម្បីស្រូបយកឱកាសវិនិយោគបន្ថែម។ យោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ បានបង្ហាញថា ក្រៅ​ពី​ការ​អនុវត្តពន្ធគយបដិការបស់ សហរដ្ឋអាមេរិក និងជម្លោះព្រំដែនកម្ពុជ-ថៃ នៅ​ក្នុង​ឆ្នាំ​២០២៥​, កម្ពុជាបានទទួលរងនូវព្យុះកំបុតត្បូងថ្មីមួយទៀត គឺសង្គ្រាមនៅ មជ្ឈិមបូព៌ា ដែល​បង្កើន​ភាព​មិន​ប្រាកដ​ប្រជា និងហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជាមួយកម្រិតបន្ថែមទៀត។ កម្មវិ​បាក​ធំ​ៗ​ទាំង៣ នេះបានធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការបត់បែ​ន​គោល​នយោ​បាយ​របស់​ខ្លួនទាំងផ្នែកសេដ្ឋកិច្ច ផ្នែកការទូត និងផ្នែក សង្គម។ ដើម្បីបញ្ចៀស​និង​កាត់​បន្ថយ​នូវ​កម្ម​វិបាក​នានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និងសេដ្ឋកិច្ច នៅក្នុងបរិការណ៍នេះ, កំណើន​សេដ្ឋ​កិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ថា​អាច​សម្រេចបាន ៥% ត្រូវបានវាយ តម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយ​សារ​កម្ម​វិបាក​និង​ឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផង, ការបង្ក្រាប ការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាផង និងការកើនថ្លៃថាមពលដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្ត​ជះ​ឥទ្ធិពល​ដល់​វិស័យសំខាន់ៗ តួយ៉ាងកសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយ ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចាត់ទុកធនធានផ្នែកគណនេយ្យ ជាកាតាលីករ​ជួយរុញ​កំណើន​សេដ្ឋកិច្ច

2026/05/26 10:18:24 am        275
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការអភិវឌ្ឍធនធាន​មនុស្ស​ផ្នែក​គណ​នេយ្យ ​គឺជាធនធានដ៏មានសារៈសំខាន់ គាំទ្រកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​គ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា លើកឡើងបែបនេះ ក្នុងពិធី​ប្រគល់​សញ្ញា​បត្រ​បញ្ចប់​ការសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណនេយ្យ និង ហិរញ្ញវត្ថុ និង​សញ្ញា​បត្រ​ជំនាញ​គណនេយ្យអន្តរជាតិ ACCA ថា កម្ពុជាបាននិងកំពុងជំរុញជំនាញអភិវឌ្ឍន៍ជំនាញ វិជ្ជា​ជីវៈ​មានចំនួន កើនឡើង ជាក់ស្តែងជំនាញលើផ្នែកគណនេយ្យ បានកំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់​ តែទោះបីយ៉ាងមិនទាន់ឆ្លើយតបនិងត្រូវការទីផ្សារក្នុង ស្រុកនៅឡើយ ខណៈ​កម្ពុជា​មាន​ក្រុម​ហ៊ុន​សហគ្រាសជាច្រើន ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែល​សហ​គ្រាស​ទាំង​​នោះ​សុទ្ធ តែតម្រូវឱ្យកាន់បញ្ជីការ។  ឯកឧត្តមបណ្ឌិត បន្តថា តាមរយៈនៃការបណ្តុះបណ្តាលនេះ យើង​បាន​កំពុង​ឆ្លើយ​តប​ទៅ​នឹង​វិស័យ​ការ​ងារជាបណ្តើរៗ ប៉ុន្តែក៏ ទាមទារឱ្យមានការពង្រឹងសមត្ថភាពបន្ថែមផងដែរ ក្នុង​នោះ​អ្នក​ដែល​មានចំណេះ ជំនាញ គឺជាកាតាលីករដ៏សំខាន់ ក្នុងការចូលរួមទាំង សកម្មភាពការងារ ការ​បង្កើត​អាជីវកម្ម និងក៏ជាអ្នកដែលជួយអូសទាញ និង​បង្កើត​ទំនុក​ចិត្ត​ដល់​វិនិយោគិន​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជាផងដែរ, ដូច្នេះធនធានមនុស្សពិតជាមានសារៈសំខាន់ សម្រាប់គាំទ្រដល់​កំណើន​សេដ្ឋ​កិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។  លោកបណ្ឌិត ព្រំ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានខេមអេដ លើកឡើងថា ជុំវិញ​ការ​កាន់​បញ្ជី​គណនេយ្យពិតជាមាន សារៈសំខាន់ណាស់ ដើម្បីបង្កើតទំនុកចិត្តដល់ម្ចាស់រោងចក្រ និង​សហ​គ្រាស ​ឬអាជីវកម្មដែលអនុវត្តបានដោយខ្លួនឯង គឺមិនត្រូវឱ្យ របាយការណ៍​ហិរញ្ញ​វត្ថុ​លាត​ត្រដាង ​ឬបែកធ្លាយ ជាពិសេសព័ត៌មានសម្ងាត់របស់អតិថិជន ឬអ្នកធ្វើការជាមួយនោះឡើយ ​ទោះ​បី​បច្ចុប្បន្ន យើងពុំទាន់មានច្បាប់ស្តីអំពីការថែរក្សាអាថ៌កំបាំងពាណិជ្ជកម្ម តែអ្នក​កាន់​បញ្ជី​របាយការណ៍ហិរញ្ញវត្ថុ គឺត្រូវយកចិត្តទុកដាក់និងនុវត្តឱ្យ បានគត់មាត់ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​និងកំ​ពុងរៀបចំសេចក្តីព្រាងរួចហើយ ដែលមិនយូរមិនឆាប់ច្បាប់នេះនឹងចូលជាធរមាន។ លោក នូវ រតនា នាយក​ការិយាល័យ​តំណាងសមាគមគណនេយ្យករជំនាញ (ACCA, អេ​ស៊ី​ស៊ី​អេ​) ​ប្រចាំ​កម្ពុជា និងប្រទេស ឡាវ ក៏បាន​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ដែល​បញ្ចប់​វគ្គ​សិក្សា​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ជំនាញ​វិទ្យាសាស្រ្តគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យពង្រីក ចំណេះដឹងបន្ថែម ជាពិសេស​ការ​ចាប់​យក​ជំនាញ​គណនេយ្យអន្តរជាតិ ACCA (Association of Chartered Certified Accountants) ដែល​ជា​ស្ថាប័ន​គណនេយ្យករ​ជំនាញ​អន្តរជាតិ​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក ​មានដើមកំណើតនៅចក្រភពអង់គ្លេស ដែល ACCA ត្រូវបាន​ទទួល​ស្គាល់​ជា​សញ្ញា​បត្រ​គណ​នេយ្យ ​និងហិរញ្ញវត្ថុដ៏មានឥទ្ធិពល។ ដូច្នេះនៅពេលយើងបានបញ្ចប់ ACCA វាជា​មោទន​ភាព​របស់កម្ពុជា និងធ្វើឱ្យកម្ពុជាមានគណនេយ្យករជំនាញអន្តរជាតិកាន់តែច្រើន ដើម្បី​រួម​គ្នា​បង្កើត​ទំនុក​វិនិយោគិន និងការស្រូបយកឱកាស វិនិយោគបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

2026/05/22 01:04:20 pm        293
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) បានតភ្ជាប់កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ជាមួយក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង VISA ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ដោយផ្តល់​លទ្ធភាព​ក្នុង​ការស្កេន KHQR ទូទាត់បែបឌីជីថលបានងាយស្រួលដូចប្រជាជនក្នុងស្រុក។ ជាក់​ស្តែង ភ្ញៀវទេសចរបរទេសមកដើរលេងនៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ បានចាប់អារម្មណ៍​ប្រើ​ប្រាស់​​ កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ដើម្បីទូទាត់ទំនិញ និងសេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ដែលមានភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព។​កម្មវិធី Bakong Tourists គឺជាកម្មវិធីទូទាត់ប្រាក់ឌីជីថល ដែលបង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ដែល​អនុញ្ញាតឱ្យអ្នកទេសចរអន្តរជាតិ​ស្កេន​បង់​ប្រាក់​នៅ​តាម​ទីតាំង​លក់​រាយ​រាប់​លាន​កន្លែងទូទាំងប្រទេសកម្ពុជា ដោយលុបបំបាត់តម្រូវការយកសាច់ប្រាក់ ឬការ​ប្តូរប្រាក់ សម្រាប់​ភ្ញៀវទេសចរ។​ភ្ញៀវទេសចរបរទេសដែលមកពីប្រទេស អេស្បាញ់ និងអូស្ត្រាលី បាន​មកដើរកម្សាន្ត និងទិញ​ទំនិញ​នៅ​ផ្សារ​ធំថ្មី រាជធានីភ្នំពេញ​ បានផ្តល់បទសម្ភាសន៍ជាមួយ BTV ថា ជាធម្មតា ពួកគេ​បាន​បង់​ប្រាក់​ជាសាច់ប្រាក់សុទ្ធ​ទៅកាន់អាជីវករ និងពេលខ្លះគឺបង់ប្រាក់តាមរយៈការឆូតកាត់។​ នៅ​ពេល​ណែ​នាំអំពីការប្រើប្រាស់​​កម្មវិធី Bakong Tourists គឺពួកគេបានចាប់អារម្មណ៍ជាខ្លាំង ដោយ​ពួក​គេ​នឹងសាងល្បងប្រើប្រាស់កម្មវិធីនេះ ដើម្បី​ងាយស្រួលដល់ការទូទាត់របស់ពួកគេ​ក្នុង​អំឡុង​ពេលដំណើរកម្សាន្ត​នៅកម្ពុជា​។​សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានរួមចំណែកលើកស្ទួយវិស័យ ទេសចរណ៍នៅកម្ពុជា ដោយ​បានដាក់ឱ្យដំណើរការជាបឋមកម្មវិធីទូទាត់បាគងទេចរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយភ្ញៀវទេសចរដែលមកកម្ពុជា អាចទាញយកកម្មវីធីបាគងទេសចរ និង ភ្ជាប់​ជា​មួយ​ប័ណ្ណទូទាត់អន្តរជាតិ ដូចជា Mastercard និង VISA ដើម្បីទូទាត់ទំនិញនិងសេវាផ្សេងៗ ជាមួយ KHQR របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពខ្ពស់។ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនផ្លូវការ និង​ជំរុញការទូទាត់ឌីជីថល ក្នុងគោលបំណងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង​លើក​កម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបាន​ដាក់​ឱ្យ​ដំណើរ​កា​រគម្រោង​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី​តាម ហ្សូអរកួត (QR) ជាមួយប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន ជប៉ុន និងសិង្ហបុរី ហើយគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងទូទាត់​ឆ្លងដែន​ទ្វេភាគី​ជាមួយ​ប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ និងបានចុះអនុស្សរណៈយោគយល់ជាមួយឥណ្ឌូណេស៊ី ព្រមទាំង កំពុងពិភា​ក្សា​តភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ធូ វិរៈ 

អគ្គនាយកដ្ឋានពន្ធដារបានកំណត់នូវទិសដៅកែទម្រង់សំខាន់ៗពីរ គឺការកែទម្រង់​គោល​នយោបាយ ​និងរដ្ឋបាលសារពើពន្ធ

2026/05/21 02:46:19 pm        254
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​បញ្ជាក់ថា ស្របគ្នាជាមួយ​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ​បាន​កំណត់​នូវ​ទិសដៅ​កែ​ទម្រង់​សំខាន់​ៗ​ចំនួន​ពីរ​ គឺការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដើម្បី​ពង្រឹងគុណភាព ប្រសិទ្ធ​ភាព ​ស័ក្តិសិទ្ធិភាព និងតម្លាភាព ក្នុងការផ្តល់សេវាជូនអ្នកបង់ពន្ធឱ្យកាន់តែងាយស្រួល និង​ប្រសើរ​ឡើង។​ ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលសារពើពន្ធ ទាំងពីរនេះ គឺ​ តាមរយៈ​ការ​ធ្វើ​ទំនើប​កម្ម​នៃរដ្ឋបាលសារពើពន្ធកម្ពុជា ជាពិសេសការធ្វើបរិវត្តកម្ម និងទំនើបកម្មផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​ឌីជីថល ដែលបានប្រែក្លាយពីការបំពេញភារកិច្ចការងារដោយដៃ (Manual) ទាំង​ស្រុង​មក​ធ្វើតាមប្រព័ន្ធឌីជីថលស្ទើរតែទាំងស្រុងវិញ។ ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ក៏ជាមុខព្រួញមួយដ៏សំខាន់ ក្នុង​ការ​ពង្រឹង​ចំណេះ​ដឹង របស់មន្ត្រី និងការពង្រឹងក្រមសីលធម៌ ព្រមទាំង ពង្រឹងគុណភាពនៃការ​ផ្តល់​សេវា​ពន្ធ​ដារ​នានាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់, ការ​បង្កើត​អង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីគាំទ្រនិងជាយន្តការពន្លឿនការងារសវនកម្ម ពន្ធដារ​ជូន​ដល់​អ្នកជាប់ពន្ធដែលមានអនុលោមភាពខ្ពស់។ ទន្ទឹមគ្នានេះ ការកែទម្រង់​នីតិ​វិធី​នៃ​កា​រ​អនុវត្ត​ការ​ងារ​ដោយ​បានរៀបចំនូវនិយាមនីតិវិធីប្រតិបត្តិ ការងារ (SOP) នូវរាល់គ្រប់មុខងារ​ស្នូល​ក្នុង​ការ​បម្រើ​សេវា​អ្នកជាប់ពន្ធនានា។ ឯកឧត្តម បានអះអាងថា ផ្អែកតាមលទ្ធផលនៃកំណែទម្រង់ដូចបានរៀបរាប់ខាងលើ ជាលទ្ធ​ផល​គឺ​ សម្រេចបានជោគ​ជ័យ ក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុងជាបន្តបន្ទាប់ ដែលមាន​ការ​កើន​ឡើង​ដល់​កម្រិត​ខ្ពស់ និងបានក្លាយជា​អង្គភាព​ប្រមូល​ចំណូល​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​អង្គ​ភាព​ប្រមូល​ចំណូល​នានា។​ ការប្រមូលចំណូលដោយជោគជ័យនេះ គឺជាសមិទ្ធផលនៃការកែទម្រង់របស់ រដ្ឋបាល​សារពើពន្ធកម្ពុជា ដើម្បីប្រមូលពន្ធឱ្យអស់សក្តានុពល និងប្រកបដោយតម្លាភាព បើទោះ​បី​ជា​ស្ថិតក្នុងបរិការណ៍ដែលមិនមានការបង្កើតប្រភេទពន្ធថ្មី, មិនដំឡើងអត្រាពន្ធ និងអាករ និង​មាន​ការ​បន្តការផ្តល់ការលើកទឹកចិត្តពន្ធដារជាច្រើនជាបន្តបន្ទាប់ក៏ដោយ។ បើតាម ឯកឧត្តម គង់ វិបុល ការកែទម្រង់​រដ្ឋបាល​សារ​ពើពន្ធ​ដោយ​ជោគជ័យ​បាន​ធ្វើ​ឱ្យ​លទ្ធ​ផល​នៃ​ការ​ប្រមូល​ចំណូលពន្ធមានភាពល្អប្រសើរ អាចឆ្លើយតបបានគ្រប់​គ្រាន់​នឹង​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​សាធារណៈ​។ លើសពីនេះការប្រមូលចំណូលបានលើសផែនការនាពេលកន្លងមកក៏ផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល​ បំពេញបន្ថែមនូវកញ្ចប់ថវិកាសន្សំ ដើម្បីអភិវឌ្ឍ និងអនុវត្ត​គោល​នយោបាយ​នានា​បន្ថែម​ទៀត​ ជាពិសេសការចាត់វិធានការដោះស្រាយដើម្បីឆ្លើយតបយ៉ាងសមស្រប និងទាន់​ពេល​វេលា​ជា​មួយ​នឹង​វិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការអន្តរាគម​ន៍​ចាំបា​ច់​នានា​កន្ល​ង​មក​៕ ​អត្ថបទ៖ ធូ វិរៈ

ការប្រមូលចំណូលពន្ធដារបានកើនពី ៧៣៨ ដល់ ៣ ៥៧៧ លានដុល្លារអាមេរិក ក្នុង​រយៈពេល​១៣​ឆ្នាំ​ចុងក្រោយ

2026/05/21 02:38:32 pm        1102
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងវិធីសម្ពោធអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារថ្មី នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ ការប្រមូលចំណូលពន្ធដារ បានកើនឡើងជិត៤ដង ពីប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ ដល់ ៣ ៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជា​ប្រឈមនឹង​សត្រូវ​ឈ្លានពាន វិបត្តិប្រេង និងវិបត្តិសកលក្ដី។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀត ជាក់ស្ដែងចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបាននូវសមិទ្ធផលចម្បងជាច្រើន ជាអាទិ៍ ការធ្វើទំនើបកម្មកម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើន តាមរយៈការធ្វើសមាហរណកម្ម និងសន្ធានកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យបានពេញលេញជា ប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកាន់តែ ប្រសើរជូនអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការវិភាគមុខងារ អង្គភាពក្រោមឱវាទ, ការកែសម្រួលរចនាសម្ព័ន្ធការងារក្នុងករណីចាំបាច់, ការពង្រីក ចំណេះដឹង និងការជំរុញអនុវត្តនូវក្រមប្រតិបត្តិវិជ្ជាជីវៈរបស់មន្ត្រី។ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រោមដំបូល នៃសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាបានសម្រេចនូវការអភិវឌ្ឍ និងបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសាធារណៈ។ កត្តាទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់លទ្ធភាពឱ្យមានការរីកចម្រើននៃវិស័យពន្ធដារ និងភាពជោគ​​​ជ័យនៃការប្រមូលចំណូលបើទោះបីជាការប្រមូល គឺក្នុងក្របខណ្ឌ “មិនបង្កើតប្រភេទពន្ធថ្មី និងមិនដំឡើងអត្រាពន្ធ និងអាករ” ក៏ដោយ។បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាមរយៈលទ្ធផលប្រមូលពន្ធបានល្អប្រសើររាជរដ្ឋាភិបាលមានលទ្ធភាពសន្សំនូវថវិកាដើម្បីជាទុន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងគ្រប់កាលៈទេសៈលំបាកទាំងឡាយកន្លងមក រួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល និងភាពមិនប្រាកដប្រជាខ្ពស់នៃវិបត្តិសកលនានាព្រមទាំងបានផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញបានយ៉ាងរហ័ស និងប្រកប ដោយភាពធន់។សូមបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាព និងការប្រមូលចំណូលប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់កម្ពុជា ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពជូនដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ។ល។ និងក្នុងការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ទន្ទឹមនឹងការបង្កើន ប្រាក់សោធនប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនផងដែរ៕ អត្ថបទ៖ ធូ វិរៈ 

អ្នកជំនាញ៖ ការជំរុញអភិវឌ្ឍកំពង់ផែ នឹងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម នឹងឈាន​ទៅ​សម្រេច​ឆ្នាំ​២០៣០

2026/05/21 02:25:07 pm        784
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មើលឃើញថា ការជំរុញអភិវឌ្ឍន៍ផែទឹកជ្រៅ និង​ចំណត​ផែរ​ណប​នៅ​ក្នុង​ស្រុក​ នៃកំពង់ផែធំៗទាំងពីរ របស់កម្ពុជា គឺជាការចូលរួម​លើក​កម្ពស់​ជំរុញ​ដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការឈានទៅសម្រេចចក្ខុ វិស័យរបស់​រាជ​រដ្ឋាភិបាល​ឆ្នាំ​២០៣០។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និង​ភ្នាក់​ងារ​ជើង​សា​នៅ​កម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង​គម្រោង​អភិឌ្ឍន៍​កំពង់ផែនៅព្រះរាជាណាចក្រកម្ពុជា នេះថា កម្ពុជាមានការ ដឹកជញ្ជូន៣ប្រភេទរួមមាន ការ​ដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ក្នុងនោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ អាចដឹកជញ្ជូនបានច្រើន និងបានឆ្ងាយ និងមានតម្លៃសមរម្យផងដែរ បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​ប្រភេទបាននិងកំពុងគាំទ្រដល់ ប្រតិបត្តិការនាំចេញ-ចូលរបស់កម្ពុជា។ លោក បន្តថា ជាក់ស្តែងការអភិវឌ្ឍកំពង់ផែនេះ ក្នុងនោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន​និង​កំពុង​ពង្រីក​គម្រោងសាង សង់ទៅតាមជំហាននីមួយៗមាន៣ដំណាក់កាល ដែលគម្រោង​ទាំង​នោះ​បន្ទាប់​ពីសាងសង់រួចរាល់ នឹងអាចមានសមត្ថភាពទទួលបាន កុងតឺន័រឆ្លងកាត់កាន់តែច្រើន នឹង​អាចទទួលកងនាវាទូទាំងពិភពលោកចូលចតបានផងដែរ។ ចំណែកកំពង់ផែស្វយ័តភ្នំពេញ ក៏​បាន​កំពុងពង្រីកសមត្ថភាពរបស់ខ្លួន លើគម្រោងអភិវឌ្ឍន៍កំពង់ផែកុងងតឺន័រ ចំណត​ផែរ​ណប​ពហុ​បំ​ណង គម្រោងបង្កើតផែស្ងួត និង តំបន់សេដ្ឋកិច្ចជាដើម ដែលគម្រោង​ទាំងនេះ​សុទ្ធ​តែ​ជួយ​ជ្រោម​ជ្រែង​ដល់ការដឹកជញ្ជូន ការចូលរួមលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការគាំទ្រដល់​នាំ​ចេញ​របស់​កម្ពុជាកាន់តែខ្លាំងក្លា ជាពិសេសគឺ​ការ​ឈាន​ទៅ​សម្រេច​ចក្ខុ​វិស័យ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត ខ្ពស់ត្រឹមឆ្នាំ២០៣០។  ជុំវិញ​គម្រោងពង្រីកកំពង់ផែនេះ ក្នុងនោះចំពោះគម្រោងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ឯកឧត្តម លូ គឹមឈន់ ប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកឡើងថ្មីៗនេះថា បច្ចុប្បន្ន​កំពង់ផែបានកំពុងបង្កើនសមត្ថភាពទៅតាមដំណាក់កាល ក្នុងនោះសម្រាប់​ដំណាក់​កាល​ទី​១ ​នៅក្នុងឆ្នាំ២០២៦នេះ, គឺការសាងសង់ចំណតមានជម្រៅទឹក ១៤,៥ ម៉ែត្រ អាចឱ្យ​កប៉ាល់​ដឹក​បា​ន (៤ពាន់ ទៅ ៥ពាន់ TEU)។ ដំណាក់កាលទី២ គ្រោងនឹងចប់នៅឆ្នាំ២០២៨, មាន​ជម្រៅ ​១៦,៥ ម៉ែត្រ មានសមត្ថភាពកប៉ាល់ ផ្ទុកបាន ១២ ម៉ឺន DWT ស្មើ ១ ម៉ឺន TEU។ ដោយ​ឡែក​ដំណាក់កាលទី៣ គឺគម្រោងសាងសង់កំពង់ជម្រៅទឹក ១៧,៥ ម៉ែត្រ អាចឱ្យ កប៉ាល់​ផ្ទុក​ដល់ ​១៦ ម៉ឺន DWT ត្រូវប្រមាណ ១,៥ ម៉ឺន TEU ក្នុងនោះបន្ទាប់ពីដាក់ឱ្យដំណើរការ នឹង​អាច​ឱ្យ​កង​នាវាស្ទើរតែទូទាំង ពិភពលោកចូលចតបាន នឹងអាចមានកុង​តឺន័រ​ឆ្លង​កាត់​សរុប​ដល់​ប្រមាណ ​២,៦ លាន TEU។ ចំណែកកំពង់ផែស្វយ័តភ្នំពេញវិញ ក្នុងឆ្នាំ២០២៦នេះ រំពឹងថា នឹងទទួល​បាន​បរិមាណ​កុង​តឺន័រ​ឆ្លង​កាត់​ក្នុងរង្វង់ប្រមាណ ៦៦ ម៉ឺន TEU ខណៈនៅឆ្នាំ២០២៥ ទទួលបានត្រឹម ៦០ម៉ឺន TEU។ ចំណែក​នៅឆ្នាំ២០៣០ កំពង់ផែស្វយ័តភ្នំពេញ នឹងអាចទទួល បានកុងតឺន័រឆ្លងកាត់ជិត ១ លាន TEU ក្នុងនោះសម្រាប់គម្រោងកំពង់ផែមួយនេះ ក៏បានកំពុងពង្រីកចំណតផែរណបពហុបំណង និង​គ្រោង​អភិវឌ្ឍន៍ផែថ្មីផ្សេងៗទៀត និងគម្រោងបង្កើតផែស្ងួត រួមជាមួយគម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនស្រូបយកទំនិញកម្ពុជា មានទឹកជាង ៦១៤ លានដុល្លារ ឈក្នុងលំដាប់ទី៣ នៃ​ការ​នាំ​ចេញ​ទំនិញក​ម្ពុជា

2026/05/21 02:14:45 pm        1364
កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារជប៉ុន នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់សុរបជាង ៦១៤ លាន ដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀបរយៈ​ពេល​ដូច​គ្នា​និង​ឆ្នាំមុន ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី៣ ជួយជ្រោមជ្រែង ដល់ការនាំចេ​ញ​ទំនិញ​របស់​កម្ពុជា។  ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឃើញថា នៅក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមាន​សមតុល្យ​ពាណិជ្ជ​កម្ម​ប្រហាក់ប្រហែលគ្នា ដោយទីផ្សារប្រទេសជប៉ុនបានកំពុង គាំទ្រដល់ការ​នាំ​ចេញ​របស់​កម្ពុជា ​ឈក្នុងលំដាប់ទី៣ បន្ទាប់ពីការនំាចេញទៅសហរដ្ឋអាមេរិក និងទីផ្សារនៃ​ប្រទេស​វៀតណាម​។ ជាក់ស្តែងនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ, បើ​យោង​តាម​រយបា​យការណ៍រ​បស់​អគ្គ​នាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើ​ពាណិជ្ជ​កម្ម​ទ្វេរភាគីរវាងកម្ពុជា-ជប៉ុន មានទំហំទឹកប្រាក់សរុបជិត ១ ពាន់លានដុល្លារអាមេរិក កើន​ឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារជប៉ុន មានទឹក​ប្រាក់​ជាង ៦១៤ លានដុល្លារអាមេរិក កើនជាង ១៧ ភាគរយ ខណៈការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា មានទឹកប្រាក់ជាង ៣៥២ លានដុល្លារ អាមេរិក កើន ១៤ ភាគរយ បើធៀបរ​យៈ​ពេល​ដូច​គ្នា​និង​ឆ្នាំ២០២៥។ ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុននេះ, នៅដើមឆ្នាំ២០២៦ កន្លងមក ប្រទេស​ទាំង​ពីរ​ក៏បានប្រកាសដាក់ឱ្យ ដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំង​ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែល កំពុងពិចារណាវិនិយោគ ទទួល​បាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយតែមួយកន្លែង ​ដើម្បីលើកកម្ពស់​ដល់ការ វិនិយោគនៅកម្ពុជា​។ ទីផ្សារជប៉ុនគាំទ្រដល់ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់, វាយ​ន​ភណ្ឌ,​ ស្បែកជើង, សម្ភារៈធ្វើ ដំណើរ, គ្រឿងអេឡិចត្រូនិចនិងគ្រឿងបំណែក, ខ្សែភ្លើង​​និង​គ្រឿង​បង្គុំ​ខ្សែភ្លើ​ង និងគ្រឿងបន្លាស់រថយន្តជាដើម ។ ចំណែកការនាំចូល ពីជប៉ុនរួមមាន៖ ប្រេងម៉ាស៊ូត និង​ប្រេងរំអិល, វាយនភណ្ឌ, សម្ភារៈសំណង់ និងដែកថែម, រថយន្ត និងគ្រឿង​បន្លាស់​រថយន្ត​ជា​ដើ​ម​៕ ​អត្ថបទ៖ សុន រ៉ាឌី

ប្រធានសមាគម៖ រយៈពេលជាង ៤ខែដើមនេះវិស័យដឹកជញ្ជូនកម្ពុជា​មានស្ថានភាព​ល្អ​ទោះ​តម្លៃ​ប្រេង​ខ្ពស់​ក៏​ដោយ

2026/05/20 11:34:30 am        351
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ថ្លែងថា នៅ​ក្នុង​រយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦ វិស័យ ដឹកជញ្ជូននៅកម្ពុជាមានស្ថានភាពល្អប្រសើរ ជាង​នៅដើមឆ្នាំ២០២៥ គាំទ្រដោយលំហូរនៃទំនិញ (ចេញ-ចូល) និងសកម្មភាពអាជីវកម្ម ក្នុង​ស្រុក​ទោះបីកម្ពុជាជួបបញ្ហានៃការហក់ឡើងប្រេងឥន្ធនៈក៏ដោយ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារ​ជើង​សានៅ​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីប្រតិបត្តិការ​នៃ​សេវា​ដឹក​ជញ្ជូន​ក្នុង​ពេល​បច្ចុប្បន្ន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា វិស័យដឹកជញ្ជូនពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈ (ជាពិសេសប្រេង ម៉ាស៊ូត) បន្ទាប់ពីការហក់ឡើងថ្លៃនៃប្រេងឥន្ធ​នៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា សេវានៃប្រតិបត្តិការដឹកជញ្ជូនក៏បានហក់ឡើងថ្លៃ ផងដែរ នៅក្នុងរង្វង់ប្រមាណ ២៥ ទៅ ៣០% ចំណែកនៅក្នុងស្ថានភាពមិនប្រាកដប្រជានេះ អាចនឹងពិបាកក្នុងការវាយតម្លៃ ប៉ុន្តែ ទោះបីយ៉ាងណា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្ត បន្ទាប់រួមមាន តាមរយៈការបញ្ចុះអាករ និងដកពន្ធលើការនាំចូលប្រេង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រួលដល់ប្រតិបត្តិកាដឹកជញ្ជូន ដែលជាផ្នែកមួយជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរ។លោកបន្តថា ជុំវិញការដឹកជញ្ជូននេះឃើញថា ក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦នេះ មានស្ថានភាពល្អប្រសើរ បើធៀប រយៈពេលដូចនឹងឆ្នាំមុន ខណៈនៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើន គាំទ្រដល់ការនាំចេញទំនិញ របស់កម្ពុជា គួបផ្សំជាមួយការហូរចូលទំ​និញមានកំណើនកើនឡើង រួមជាមួយសកម្មភាពអាជីវកម្មក្នុងស្រុកមានភាពមមាញឹកជាងមុនបានគាំទ្រដល់សេវានៃការដឹកជញ្ជូន ហើយបញ្ហានេះលោករំពឹងថា វិស័យដឹកជញ្ជូននៅក្នុងឆ្នាំ២០២៦ នឹងមានស្ថានភាពល្អ ប្រសើរទោះបីជួបបញ្ហាខ្លះៗក៏ដោយ។ ទាក់ទិនអនុវិស័យដឹកជញ្ជូននេះ, បើយោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩, អនុវិស័យនេះ ត្រូវបានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៦នេះ នឹងបន្តសម្រេចបានកំណើនល្អក្នុងអត្រា ៤,៥% ដែលគាំទ្រដោយនិន្នាការល្អនៃវិស័យ បម្រើការនាំចេញ គួបផ្សំនឹងការបន្តពង្រីក និងពង្រឹងសមត្ថភាពផ្ទុក និងចរាចរណ៍ទំនិញនៅតាមកំពង់ផែទាំងពីរ, ស្របពេលដែល ការដឹកជញ្ជូនបញ្ញើរហ័ស ក៏នៅបន្តរក្សាបាននិន្នាការល្អ ។ ចំណែកការកើនថ្លៃប្រេងឥន្ធនៈ ក៏បង្កផលប៉ះពាល់ដល់សកម្មភាព និង ប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនផងដែរ ដែលធ្វើឱ្យមានការកាត់បន្ថយនូវចំនួនជើងនៃការដឹកជញ្ជូន ពិសេសការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក, ប៉ុន្តែការដឹកជញ្ជូន ពិសេសទំនិញបម្រើការនាំចេញ នៅបន្តរក្សាបាននិន្នាការល្អ ដែលចូលរួមគាំទ្រដល់ អនុវិស័យនេះជារួម៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់ CDC និង AmCham ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

2026/05/18 03:46:37 pm        515
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ប្តេជ្ញាបន្ត​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ រវាងរដ្ឋនិងឯកជន ឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម​កម្ពុជា ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួប​ប្រតិភូ​សភា​ពាណិជ្ជ​កម្ម​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា (AmCham) ដឹកនាំដោយលោក Devin Barta ប្រធាន AmCham ពិភាក្សា​ការ​ងារ​អំពី​ការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័ន​រដ្ឋ និង​វិស័យ​ឯក​ជន ដែលគ្រោងនឹងធ្វើឡើង នាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមាន AmCham ទទួល​បន្ទុកធ្វើជាអ្នកសម្របសម្រួលនិងរៀបចំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់ លើការ​កំណត់​ប្រធាន​បទ​ពិភាក្សាឱ្យបាន ច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹង​បច្ចុប្បន្ន​ភាព​នៃ​និន្នាការ​សេដ្ឋ​កិច្ច​សកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និង ការស្វែងរកដំណោះស្រាយរួមគ្នា សំដៅ​ធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។ ជាការឆ្លើយតប, លោកប្រធាន Devin Barta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​បាន​បង្ហាញ​នូវ​ក្តីសោមនស្សរីករាយ ដែល AmCham ទទួលបានសេចក្តីទុកចិត្ត ក្នុងការរៀបចំ​ពិធី​ទទួល​ទាន​អាហារពេលព្រឹកធុរកិច្ចលើកទី២ ដែលនេះជាវេទិកាដ៏សំខាន់ ក្នុងការបង្កើន​ការ​សន្ទនា​ដោយ​ត្រង់​ទៅត្រ​ង់មក និងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។  តាមរយៈការត្រៀមរៀបចំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភា​ពាណិជ្ជកម្ម​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​រំពឹងថា នឹងបន្តដើរតួ ជាកាតាលីករដ៏សំខាន់មួយ ក្នុងការលើក​កម្ពស់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ​ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួល ដល់ប្រតិបត្តិការ​វិនិយោគិន​ពី​វិស័យ​ឯក​ជន​។ បញ្ហានេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការរៀបចំកម្មវិធីនេះ ឱ្យ​ទទួល​បាន​លទ្ធផលជាផ្លែផ្កា សំដៅបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ក្នុង​ន័យរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីក​ចម្រើន​ប្រក​ប​ដោយ​ចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋលីបង់ជម្លៀសខ្លួន ព្រួយបារម្ភពីការកើនឡើងភាពតានតឹងជាមួយអ៊ីស្រាអែល
05/26/2026 08:05 PM
ពលរដ្ឋអ៊ីរ៉ង់មិនទុកចិត្តបទឈប់បាញ់ ខណៈអាមេរិកថា កិច្ចព្រមព្រៀងត្រូវការពេលប៉ុន្មានថ្ងៃទៀត
05/26/2026 08:05 PM
ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគីវនិយាយថា ការព្រមានវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ
05/26/2026 08:05 PM
អ៊ីរ៉ង់ទាមទារឲ្យ​បញ្ចេញ​ទ្រព្យបង្កក ១២ពាន់លានដុល្លារ ក្នុងកិច្ចព្រមព្រៀងដែលអាចមានជាមួយអាមេរិក
05/26/2026 08:05 PM
ជប៉ុនគ្រោងដាក់ចេញថវិកា ១៩ពាន់លានដុល្លារបន្ថែមទៀត ខណៈវិបត្តិថាមពលអ៊ីរ៉ង់ បង្កការគំរាមកំហែង
05/26/2026 07:05 PM
អ្នករួចជីវិត និង​មន្ត្រី៖ ការវាយប្រហារដោយយានដ្រូន​ សម្លាប់មនុស្សយ៉ាងតិច ១៤នាក់ នៅ​​ក្រុងព្រំដែន​របស់​ស៊ូដង់
05/26/2026 07:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាស​ថា សហរដ្ឋអាមេរិកបានរំលោភបទឈប់បាញ់
05/26/2026 07:05 PM
អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ
05/26/2026 07:05 PM
គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា
05/26/2026 07:05 PM
ហ្គាណាជម្លៀសពលរដ្ឋចេញ ខណៈបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង
05/26/2026 07:05 PM