ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យ​លទ្ធភាព​ការ​អនុវត្ត​ពន្ធ​ជួយ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចាត់ទុកធនធានផ្នែកគណនេយ្យ ជាកាតាលីករ​ជួយរុញ​កំណើន​សេដ្ឋកិច្ច
ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

អនុប្រធានទី១ CDC៖ ទំនាក់ទំនងកម្ពុជា-អឺរ៉ុប នឹងបន្តរីកចម្រើន ដើម្បីផលប្រយោជន៍ រួមប្រជាជាតិទាំងពីរ

2026/05/13 10:16:52 am        155
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែ រឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរក្នុងឱកាសដែល ស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះ រាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day) និងពិភពលោក, ទិវានេះត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ "សេចក្តីថ្លែងការណ៍ស៊ូម៉ាន" ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ច សហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយ សង្គ្រាមលោកលើកទី២។ ទិវានេះមិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុប ក្នុងការបង្ហាញនូវតម្លៃរួមសេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើ សកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះប្រជាជន និងបណ្តាប្រទេសសមាជិក សហភាពអឺរ៉ុបទាំងអស់ និងបានរំលឹកពីសារៈសំខាន់នៃ "សេចក្តីថ្លែងការណ៍ស៊ូម៉ាន ដែលជាគ្រឹះស្ថាននៃសន្តិភាព ស្ថិរភាព និងវិបុល ភាព សម្រាប់អឺរ៉ុប និងជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ កម្ពុជា, កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ Global Gateway និងកម្មវិធីជំនួយនានា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿ យ៉ាងមុតមាំ ថា ផ្អែកលើមូលដ្ឋាននៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់ តែរឹងមាំ ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទីផ្សារសហភាពអឺរ៉ុបបានស្រូបយកទំនិញកម្ពុជា មានទំហំទឹកប្រាក់ជិត ១.២០០ លាន ដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាឆ្នាំមុន គាំទ្រដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ សំបកកង់រថយន្ត អង្ករ ស្វាយចន្ទី ម្រេច និងផលិតផលផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញ៖ វិស័យកសិកម្មកំពុងគាំទ្រសន្តិសុខស្បៀង និងការនាំចេញ នៅក្នុង​ស្ថាន​ភាព​មិន​ប្រាកដ​ប្រជា

2026/05/12 02:46:23 pm        139
វិស័យឯកជនមើលឃើញភាពធន់នៅក្នុងវិស័យកសិកម្ម ដែល​បាន​និង​កំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​សន្តិ​សុខ​ស្បៀង និងការនាំចេញ របស់កម្ពុជា ខណៈដែលវិស័យ​មួយ​ចំនួន​ផ្សេង​ៗ​អាច​នឹង​មាន​កំណើន​ថ​មថយ ក្នុងស្ថានភាពមិនប្រាកដប្រជានៅលើសកលលោក និងស្ថានភាពក្នុងស្រុក។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយ BTV ស្តីពីវិស័យដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងការនំាចេញទំនិញរបស់កម្ពុជា នេះថា ជុំវិញ​បញ្ហា​ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្រ្គាមនៅ មជ្ឈឹមបូព៌ា បានធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ពឹងផ្អែកប្រេងដូចជា៖ ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម។ ចំណែក​កម្មវិបាក និង ឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃដូចជា ការបង្វែរប្រាក់ឯកជន ទេស​ចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំ ចេញកសិផលកម្ពុជាជាដើម និង​ការ​បង្ក្រាប​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះពាល់ខ្លីទៅលើវិស័យមួយចំនួន។ អ្នកឧកញ៉ា បន្តថា ទោះបីវិស័យមួយចំនួនមានការប៉ះពាល់ ចំណែក​វិស័យ​កសិកម្ម​វិញ​ក៏​អាច​ថម​ថយ​ខ្លះ​ៗ​នៅ​លើអនុវិស័យ មួយចំនួនផងដែរ ក៏ប៉ុន្តែនៅក្នុងស្ថានភាពមិន​ប្រាកដ​ប្រជា​នៅ​លើ​សកល​លោក ​ក៏ដូចឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ, វិស័យកសិកម្ម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេសការ​ជួយ​ជ្រោម​ជែង នៃ​តម្រូវការសន្តិសុខស្បៀង និងការនាំចេញផងដែរ។ជុំវិញវិស័យដែលគាំទ្រសេដ្ឋកិច្ច, បើយោងក្រប​ខណ្ឌ​ហិរញ្ញ​វត្ថុ​សាធារណៈ​រយៈ​ពេល​មធ្យម​ឆ្នាំ​២០២៧​-២០២៩ របស់រាជរដ្ឋាភិបាល​បាន​ធ្វើកា​រ​វាយ​តម្លៃ​សារ​ជាថ្មី​លើ​វិស័យ​ចម្បង​ៗ​ដែល​ទ្រទ្រ​ង់​កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦រួមមាន៖ វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ បានទម្លាក់​ការ​វាយ​តម្លៃ​មក​នៅ​ត្រឹមប្រមាណ ៦,៧% ខណៈដែលវិស័យនេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%​។ វិស័យ សេវាកម្មត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុងអត្រា​កំណើន​ ២,៦% ខណៈនៅដើមឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%, ដោយឡែក​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយបន្តិចបន្ទួចផងដែរ អាចក្នុងអត្រា ០,៧% ដោយ​សារនិន្នាការថមថយនៃគ្រប់អនុវិស័យគាំទ្រកំណើន ស្របពេលនៅ​ដើម​ឆ្នាំ​វិស័យ​នេះ​ត្រូវ​បាន​រំ​ពឹងថា ០,៩%៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីនាំចេញ

2026/05/12 12:45:40 pm        232
ជាសមិទ្ធផលថ្មី នៅដើមឆ្នាំ២០២៦នេះ ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (Record of Discussion) ស្តីពីគម្រោង “លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា” ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ ហើយគម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃ​សាធារណ​​រដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំង​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី រវាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ និងលោកបណ្ឌិត ឆយ ចាន់វ៉ុន (Choi Chan Won) នាយកការិយាល័យគម្រោងសកល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិនៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ។          ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងនូវសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា គម្រោងនេះ នឹងរួមចំណែកដល់នូវការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា ហើយមានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូល សម្រាប់កសិករខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងនូវសមត្ថភាពគ្រប់គ្រង ក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក ។ លោកបណ្ឌិត ឆយ ចាន់វ៉ុន បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីធានាការអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យ ហើយពិធីចុះហត្ថលេខានេះ បានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិសេសក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។ ភាគីទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវ់ាក់តម្លៃគ្រាប់ស្វាយចន្ទី ដែលមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុតនៅលើពិភពលោក ខណៈមួយឆ្នាំកម្ពុជា បានផលិតគ្រាប់ស្វាយចន្ទីបានរាប់ម៉ឺនតោន ប៉ុន្តែការកែច្នៃក្នុងស្រុកមានតិចតួចនៅឡើយ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

មន្រ្ដីជាន់ខ្ពស់ CDC៖ កំណើនវិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កំពុង​មាន​កំណើន​ជា​គំហុក

2026/05/11 11:15:05 am        168
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC​​)​ថ្លែង​ឱ្យ​ដឹង​ថា ​នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ កំណើនវិនិយោគនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បា​ន​កើន​ឡើងជាគំហុក ស្របពេល​រាជ​រដ្ឋាភិបាល​បាន​អនុម័ត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កើន​ឡើង​ជា​បន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយតបនិងតម្រូវការវិនិយោគ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦នៅចុងសប្តាហ៍កន្លងមកថា គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួលបាន មានកំណើនកើនឡើងគួកត់សម្គាល់ ជាក់ស្តែង នៅឆ្នាំ២០២៥, ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអនុម័តគម្រោងវិនិយោគមាន ៦៣០ គម្រោង ក្នុងទុនវិនិយោគ​សរុប​ប្រមាណ ​១០ប៊ីលានដុល្លារអាមេរិក ខណៈនៅក្នុងរយៈ ៤ខែដំបូង ក្នុងឆ្នាំ២០២៦នេះ អនុម័ត​បាន​មាន​ចំនួន ១៨៧ គម្រោង មានទុនវិនិយោគជាង ២,៦ ពាន់លានដុល្លារអាមេរិក បើធៀប​រយៈ​ពេល​ដូចគ្នានិងឆ្នាំមុន គឺមានការថយចុះ ក៏ប៉ុន្តែមានកំណើននៃការវិនិយោគនៅតាម បណ្តា​ខេត្ត​មា​នចំនួនច្រើនជាងមុន។ឯកឧត្តមបន្តថា ជុំវិញគម្រោងវិនិយោគឃើញថា នៅក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ មាន​កំណើន​វិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបានកើនឡើងជាគំហុក ជាក់ស្តែងនៅ​ឆ្នាំ​២០២៣​ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧១ គម្រោង, ឆ្នាំ២០២៤ មាន ១៥០ ​គម្រោង និងនៅឆ្នាំ២០២៥ កើនដល់ ២៤៣ គម្រោង។ បញ្ហានេះ រាជដ្ឋាភិបាលក៏បានបង្កើនការអនុម័ត គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កើនឡើងគួកត់សសម្គាល់ផងដែរ ដោយក្នុងរយៈពេលជាង ២ ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេស ដែលបានបង្កើតមានចំនួន ២០ តំបន់ បច្ចុប្បន្នមន្រ្តីជំនាញកំពុងសិក្សានៅតាមបណ្តាខេត្តនានា ដើម្បីជំរុញបង្កើតតំបន់សេដ្ឋកិច្ច ពិសេស ឱ្យឆ្លើយតបទៅនិងតម្រូវការវិនិយោគនានារបស់វិស័យឯកជន។ ឯកឧត្តម ជា វុទ្ធី បញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ តំបន់សេដ្ឋពិសេសដែលអនុម័ត មានចំនួន ៦២ គម្រោង ក្រោមអនុ ក្រិត្យរបស់រាជរដ្ឋាភិបាល។ នៅក្នុងចំណោមទាំង៦២គម្រោងនេះ មានចំនួន ៣៥ គម្រោងកំពុងដំណើរការ ហើយមួយចំនួនកំពុងធ្វើ ការសាងសង់ និងមានប្រមាណជាង ១០ ក្រុមហ៊ុន ដែលវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរយៈពេលជាង ១០ ទៅ ២០ឆ្នាំ មកនេះ អត់ដំណើរនោះឡើយ ជាកម្មវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជំរុញឱ្យពួកគេត្រូវតែធ្វើការអភិវឌ្ឍ៕ អត្ថបទ៖ សុន រ៉ាឌី 

វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយ​កៀរគរ​វិនិយោគិន​បរទេស​ផ្ទាល់​មក​បណ្តាក់​ទុន

2026/05/11 10:34:31 am        199
វិស័យឯកជនប្តេជាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ​ជួយ​គៀង​គរ​វិនិយោគិន​ពី​បរទេស​ផ្ទាល់​មកបណ្តាក់ទុនបន្ថែម ខណៈរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាកាតាលីករ រួម​ចំណែក​ធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តី​អំ​ពី​បរិយាស​វិនិយោគ​នៅ​កម្ពុជាថា ជុំវិញរដ្ឋនិងវិស័យឯកជន, រាជរដ្ឋាភិបាលបានដាក់ចេញ​នូវ​កម្ម​វិធី​គន្លឹះ​មុត​ស្រួច តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយ ការដាក់នូវវេទិកានេះ ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់កិ​ច្ច​សម្រួល​នានា កាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតប្រសិទ្ធភាពទីផ្សារ ផលិត​ភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ អ្នកឧកញ៉ា បន្តថា ជុំវិញយន្តការខាងលើនេះឃើញថា សភាពាណិជ្ជកម្មកម្ពុជា និង​ធុរជន​ផ្សេង​ៗ​ទៀត ​បាននិងកំពុងចូល រួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការ​លើក​កម្ពស់​បរិយាកាស​វិនិយោគ ជំរុញដល់កំណើននៃការនាំចេញទំនិញរបស់ កម្ពុជា និងការទាក់ទាញម៉ូយ (អ្នក​វិនិយោគ) ជាមួយរាជរដ្ឋាភិបាល ជាក់ស្តែងក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រធាន និង​អនុ​ប្រធាន​ រួមសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ បានបន្តចូលរួម​ជា​បន្ត​បន្ទាប់​នូវ​រាល់​ព្រឹត្តិការណ៍​ធំ​ៗ​នៅក្រៅប្រទេស ក្រោមការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានធ្វើឱ្យ​កម្ពុជា​ទទួល​បានគម្រោងវិនិយោគថ្មីៗកើតឡើងជាបន្តបន្ទាប់។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅ​ក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦ រាជរដ្ឋាភិបាលបាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​នានា ​តាមរយៈការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែន​ទី​បង្ហាញ​ផ្លូវ​ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និង​ធុរកិច្ច​ដែល​មាន​សុខ​ភាព​ល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលទាននិងរីកលូតលាស់នៅកម្ពុជា។ បញ្ហា​នេះ​​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ដល់វិស័យឯកជនចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីលើក​កម្ពស់ដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាល​មិន​ទុក​វិស័យ​ឯកជ​ន​ឱ្យ​នៅ​ឯកា​នោះ​ទេ ​ដោយតែងតែផ្ដល់ នូវការគាំទ្រ និងជួយជ្រោមជ្រែងជាប់ជាប្រចាំ នៅគ្រប់ដំណាក់​កាល​នៃ​ការ​ធ្វើ​ប្រតិបត្តិការអាជីវកម្ម ជាពិសេសការទទួលស្តាប់ពីកង្វល់ ឬបញ្ហាប្រឈមនានា ហើយ​ដាក់​ចេញ​នូវវិធានការអន្តរាគមន៍ឆ្លើយតប។ ក្រៅពីនេះ កម្ពុជាបានរៀបចំ​និង​អនុវត្ត​ជា​ប្រចាំ​នូវ​យន្តការ​ ជាច្រើន ដើម្បីផ្ដល់ឱកាស និងភាពងាយស្រួល​សម្រាប់​វិស័យឯ​កជន​ក្នុង​ការ​បញ្ចេញ​មតិ​យោប​ល់ លើកជាកង្វល់ និងសំណូមពរមក កាន់រាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន, យន្តការភាពជាដៃគូគយ-ផ្នែកឯកជន, ក្រុមប្រឹក្សាផ្តល់ យោបល់​សម្រាប់​ការ​អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក និងយន្តការទ្វេភាគីដ៏ទៃទៀតដូចជា កិច្ចសន្ទនា​រវាង​រដ្ឋ និងឯកជន តាមប្រទេសជាដៃគូ រួមមាន៖ កម្ពុជា-ជប៉ុន,កម្ពុជា-អឺរ៉ុប, កម្ពុជា-អាម៉េរិក, កម្ពុជា-កូរ៉េ, និងកម្ពុជា-ចិន៕ អត្ថបទ៖ សុន រ៉ាឌី

ម្រេច​កម្ពុជា​ កំពុង​ទាក់​ទាញ​ទីផ្សារ​ពិភព​លោក ​ខណៈ​ប្រាក់​ចំណូល​កើន​លើស​ ៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៣​ខែ​ឆ្នាំ​នេះ​

2026/05/11 10:22:59 am        121
ភ្នំពេញ ​៖ ​ការ​នាំ​ចេញ​ម្រេចកំពតទំនិញសម្គាល់ភូមិសាស្ត្រ (GI) និង​ម្រេច មិនមែន GI របស់​កម្ពុជា​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ត្រីមាសទី​១ ​ក្នុង​ឆ្នាំ​២០២៦នេះ​​ ដោយ​រក​ចំណូល​បាន​​ជាង​ ៩​លាន​ដុល្លារ​អាមេរិក​ ដែល​ជំរុញ​ដោយ​ការ​កើន​តម្រូវ​ការ​នៃ​ទីផ្សារ​សកល​ ខណៈ​ការ​ប្រមូល​ផល​ម្រេច​ សម្រេចបានប្រមាណ ៥០%ហើយ នៃទិន្នផលសរុបត្រូវបានរំពឹងថា នឹង​សម្រេច​បាន​ចំនួន ២ម៉ឺនតោនសម្រាប់រដូវកាលប្រមូលឆ្នាំនេះ​។​  បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម​ អ្នកក្នុងវិស័យម្រេច បានរកប្រាក់ចំណូលបានជាង ៩លានដុល្លារអាមេរិក​ពីនាំចេញ​ផលិតផល​ ម្រេចកំពត GI និង​ ម្រេច ធម្មតាដែលមិនមែន GI ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៦នេះ​ កើនឡើង​ប្រមាណ ៨៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ​២០២៥ កន្លង​ទៅ​​។​ ទីផ្សារម្រេចសំខាន់ៗរបស់កម្ពុជា គឺប្រទេសវៀតណាម អាល្លឺម៉ង់ និង​បារាំង ជាដើម។  ជុំវិញការនាំចេញផលិតផលម្រេចនេះ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និង​គ្រឿង​ទេស​កម្ពុជា (CPSF) ​បានប្រាប់ BTV ថា សម្រាប់ម្រេចកំពត GI ត្រូវបានគេចុះកិច្ចសន្យាទិញ-លក់ រួចរាល់អស់ហើយ សម្រាប់ការនាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ​។ ​លោកបាន​​ព្យាករថា​ ទិន្នផល​ម្រេច​ឆ្នាំនេះ នឹងផ្តល់ផល​ប្រមាណ ២ម៉ឺនតោន គឺប្រហាក់ប្រហែលនឹងឆ្នាំមុន​ដែរ។  លោក ម៉ាក់ នី បានបន្ថែមទៀតថា សព្វថ្ងៃ ម្រេចធម្មតា​មាន​តម្លៃនៅ​លើ​ទីផ្សារ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ​គឺប្រហាក់ប្រហែលឆ្នាំទៅដែរ គឺ​ចន្លោះពី ៥ ដុល្លារ ទៅ ៦ ដុល្លារអាមេរិក​ ក្នុងមួយ​គីឡូក្រាម​​។ ទីផ្សារម្រេចកម្ពុជាគឺ​​ប្រទេសវៀតណាម មាន​ប្រមាណ​ ៨០% ​និង​ក្រៅពីនេះ​គឺ​ទីផ្សារ​ប្រទេស​​ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សហគមនអឺរ៉ុប ដែលមាន​ដូចជា​ អាល្លឺម៉ង់ និង​បារាំង ជាដើម​។​​ ពាក់ព័ន្ធនឹងតម្លៃម្រេចធម្មតា នាពេល​បច្ចប្បន្ន​ គឺកសិករអាចទទួលបានផលចំណេញ​សមរម្យ​ ដែល​អាច​ទទួលយកបាន។  ​បើតាម លោក ម៉ាក់ នី ទិន្នផលម្រេចឆ្នាំនេះ រំពឹងថា នឹងសម្រេច​ប្រមាណ ២ ម៉ឺនតោន គឺ​ប្រហាក់​ប្រហែល​ឆ្នាំ​ទៅដែរ ខណៈ​​ផ្ទៃដីដាំដុះម្រេចឆ្នាំនេះ មានការកើនឡើងបន្តិចបន្តួច​ ​ដែលមាន​ផ្ទៃ​ដី​ដាំ​ដុះ​កើន​ដល់​ចំនួន ៧ ១២០ហិកតា។ ផលិតករ អាចប្រមូលផលម្រេចចាប់ពីខែមករា ដល់ ខែ​កក្កដា ឆ្នាំ​២០២៦។ របាយការណ៍របស់​ក្រសួង​ពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ បានបញ្ជាក់ថា ​កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារអាមេរិក​ ​ពីការ​នាំចេញ​ម្រេច ​ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ 

រយៈពេល៤ខែឆ្នាំនេះ CDC ទទួលបានការវិនិយោគ ១៨៤ គម្រោង មានទុនសរុប ២,៦ ពាន់លានដុល្លារ

2026/05/07 02:36:34 pm        208
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សម្រាប់ ៤ ខែ ដំបូងក្នុងឆ្នាំ២០២៦ មានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក នេះបង្ហាញនូវរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញពីភាពធន់ និង កំណើនវិជ្ជមាន។ កំណើនសេដ្ឋកិច្ចកម្ពុជា នៅរក្សាបាននូវសន្ទុះវិជ្ជមានដោយសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាក៏នៅតែត្រូវបានព្យាករថា នឹងរក្សាបាននូវអត្រាកំណើនខ្ពស់បន្តទៀត ដែលនេះ សបញ្ជាក់ពីការរក្សាបាននូវស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ បើទោះបីស្ថិតក្នុងកាលៈទេសៈសកល ប្រកបដោយភាពមិនប្រាកដ ប្រជាខ្ពស់ក៏ដោយ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា ទន្ទឹមនឹងភាពធន់នៃសេដ្ឋកិច្ច ការវិនិយោគក៏មានសន្ទុះខ្លាំងក្លាស្របគ្នា។ ជាក់ស្តែក្នុង ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រថែមមួយទៀត ដោយបានអនុម័តគម្រោង វិនិយោគរហូតដល់ ៦៣០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤០% ធៀប នឹងទុនវិនិយោគក្នុងឆ្នាំ២០២៤។ សន្ទុះវិជ្ជមាននេះនៅតែបន្ត ជាក់ស្តែងសម្រាប៤ខែដំបូង ក្នុងឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការអនុម័តគម្រោងមានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក ខណៈដែល រំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជា យន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា ការបន្តទទួលបានរំហូរវិនិយោគជាបន្តបន្ទាប់នេះ មិនមែនត្រឹមតែជាតួលេខបង្ហាញពី ស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែសបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដែលវិនិយោគិនមានចំពោះកម្ពុជា និងក្តីរំពឹងទុកអំពីការលូត លាស់នៃធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ យ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍ និងពង្រឹងកិត្យានុភាពកម្ពុជាជាបន្តបន្ទាប់ ដើម្បី ក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយក្នុងតំបន់៕ អត្ថបទ៖ សុន រ៉ាឌី

អនុប្រធានទី១ CDC ៖ វិស័យភស្ភុភារកម្មជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងការទាក់ទាញ​វិនិយោគិន​ពីបរទេស

2026/05/07 11:51:18 am        151
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយឱ្យ កម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដើម្បីដាក់ចេញនូវវិធានការកែទម្រង់ឱ្យចំគោលដៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សន្ទស្សន៍ប្រតិបត្តិការភស្ភុភារ កម្មថ្មី (Logistics Performance Index - LPI 2.0) និងវិធីសាស្ត្រគណនាដោយធនាគារពិភពលោក” ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូប។សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងការយល់ដឹងដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមដឹក ជញ្ជូន និងផ្នែកឯកជន អំពីការផ្លាស់ប្តូរវិធីសាស្ត្រវាយតម្លៃរបស់ធនាគារពិភពលោក ដែលប្តូរពីការផ្អែកលើការស្ទង់មតិបែបមតិយោបល់ មកជាការប្រើប្រាស់ទិន្នន័យជាក់ស្តែង (Key Performance Indicators - KPIs) ដើម្បីវាស់វែងប្រសិទ្ធភាពភស្ភុភារកម្មរបស់ ប្រទេសនីមួយៗ។ ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់នៃធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ទៅកាន់អង្គពិធីរួមមាន៖ (១) សូចនាករប្រតិបត្តិការភស្តុភារកម្មថ្មី និងវិធីសាស្រ្តគណនា, (២) ប៉ាណូឡិកាភស្តុភារកម្ម, និង (៣) មជ្ឈមណ្ឌលព័ត៌មាន ភស្តុភារកម្មជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ LPI 2.0 នឹងជួយ ឱ្យកម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដាក់ចេញនូវវិធានការកែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និង បង្កើនប្រសិទ្ធភាពច្រវាក់ផ្គត់ផ្គង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងធ្វើឌីជីថលូបនីយ- កម្ម ក្នុងប្រព័ន្ធដឹកជញ្ជូន និងការសម្រួលបែបបទឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពរហ័ស និងតម្លាភាពស្របតាមស្តង់ដារអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦

2026/05/06 03:31:25 pm        129
រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃសារជាថ្មី លើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដោយ​បាន​ទម្លាក់នូវអត្រាកំណើន បន្ទាប់ពីមានផលប៉ះពាល់បញ្ហាប្រេងឥន្ធនៈ បញ្ហាព្រំដែន​កម្ពុជា​-ថៃ និងការប៉ះពាល់រយៈខ្លីនៃការបង្ក្រាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា តែ​ទោះ​បី​យ៉ាង​ណាក៏​មានអនុវិស័យមួយចំនួននៅរក្សាកំណើនល្អ។ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល ដែល​ទើប​ដាក់​ចេញផ្លូវការបាន​បង្ហាញផលអវិជ្ជមានធំៗចំនួន៣ រួមមាន៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែល​ធ្វើឱ្យប៉ះពាល់ដល់វិស័យពឹងផ្អែកប្រេងដូចជា ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម គួប​ផ្សំនឹងការកើនឡើងនៃសម្ពោធអតិផរណា ដែលអាចបង្ហាក់បន្ទុចដល់ការចាយវាយ និងការ ប្រើ​ប្រាស់​ជារួម។ ចំណែកកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជាការ​បង្វែរ​ប្រាក់​ឯកជន ទេសចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំចេញ​កសិផល​កម្ពុជា​ជា​ដើម និងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះ ពាល់ខ្លី​ទៅ​លើ​វិស័យ​មួយ​ចំនួន​។ជុំវិញការជះឥទ្ធិពលខាងលើ, បើក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩ ​រាជរដ្ឋាភិបាលបានធ្វើ ការវាយតម្លៃសារជាថ្មី នៅលើវិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​រួម​មាន​៖ ​វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ក្នុងនោះ ចំពោះ​វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២​០២៦នេះ បានទម្លាក់ការវាយតម្លៃមកនៅត្រឹមប្រមាណ ៦,៧% ដោយសារ​កំណើន​ថម​ថយ​ជាង​ ការរំពឹងទុកនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យកាត់ដេរ និងមិនមែនកាត់ដេរ នៅ​រក្សា​បាន​ស្ថិរភាពកំណើន ខណៈដែលវិស័យ នេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%។ចំណែកវិស័យសេវាកម្ម ត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុង​អត្រា​កំណើន ​២,៦% (ខណៈនៅដើម ឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%), ចំណែកនិន្នាការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​ការថមថយនៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូប អាហារ (ទេសចរណ៍) និង​កំណើនថមថយនៃអនុវិស័យលក់ដុំ-រាយ និងអចលនទ្រព្យ ដែលបង្ក​ឡើង​នូវ​ឥទ្ធិពល​ផ្ទួន​ៗ​គ្នា។​ ដោយឡែកវិស័យកសិកម្មក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយក្នុងអត្រា ០,៧% ដោយសារនិន្នាការថមថយនៃគ្រប់អនុ- វិស័យគាំទ្រកំណើន ស្របពេលនៅដើមឆ្នាំ វិស័យ​នេះ​ត្រូវ​បានរំពឹងថា ០,៩%។សូមបញ្ជាក់ថា ទោះបីវិស័យនឹងអាចថមថយ តែអនុវិស័យ​មួយ​ចំនួន​នៅ​បន្ត​មាន​កំណើន​ល្អ​ដូច​ជា៖​ អនុវិស័យកាត់ដេរ នឹងអាចបន្ត មានកំណើនល្អក្នុងអត្រា ៨,៦%, អនុវិស័យកម្ម​ន្តសាល​មិន​មែន​កាត់​ដេរ ​អាចរក្សាកំណើនក្នុងរង្វង់ ៨,៥% ដោយការរំពឹងទុកនៃនិន្នា ការល្អ​នៃ​ផលិត​កម្ម​បម្រើ​ទីផ្សារ​នាំចេញ ខណៈវិស័យសំណង់អាចបន្តក្នុងល្បឿនយឺត។ ក្រៅពីនេះ​អនុវិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ ក៏នឹងបន្តកំណើនល្អ ខណៈអនុវិស័យលក់ដុំ-រាយ និង​អនុ​វិស័យ​ដឹក​ជញ្ជូន និងស្តុក អាចថមថយកំណើនបន្តិចបន្ទួច។ជុំវិញបញ្ហាខាងលើនេះ, លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​រាជ​បណ្ឌិតសភាកម្ពុជា លើកឡើងថា ទោះបីកម្ពុជាជួបបញ្ហាប្រឈមខ្លះៗក្តី តែ​ទីផ្សារ​នាំ​ចេញ​ទំនិញសំខាន់ៗនៅតែមានភាពធន់ ក្នុងការបន្តជ្រោមជ្រែងដល់ ទីផ្សារនាំចេញ ខណៈ​រាជ​រដ្ឋាភិបាល​បាន​ត្រៀមខ្លួនសមស្រប ទប់ទល់និងផលប៉ះពាល់ដូចជា ការកើនឡើង​នូវ​ភាព​តាន់​តឹង​នៃ​ភូមិសាស្រ្តនយោបាយ និងការរីកដុះដាលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលប៉ះ​ពាល់​ដល់​ខ្សែច្រ​វាក់​ផលិត​កម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%

2026/05/06 03:04:37 pm        166
កម្ពុជានាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទឹកប្រាក់សរុបប្រមាណជាង ៥,៧លានដុល្លារអាមេរិក កើន ឡើងជិត ៧៥ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុង​នោះ​ទីផ្សារ​សហរដ្ឋអាមេរិកបានស្រូបយកជិត ៨០ ភាគរយ នៃការនាំចេញ សរុប។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុងនោះ ការនាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់​សរុប​ប្រមាណជាង ៥,៧ លានដុល្លារអាមេរិក កើនឡើង ជិត ៧៥ ភាគរយ ធៀបរយៈ​ពេល​ដូច​គ្នា​នឹងឆ្នាំ២០២៥ (ដែលបាននាំចេញត្រឹម ៣,២ លានដុល្លារអាមេរិកប៉ុណ្ណោះ) ដែល​នេះ​បាន​បង្ហាញនូវនិន្នាការនាំចេញកើនឡើង គាំទ្រដល់ការនាំចេញបន្ទះសូឡារបស់កម្ពុជា។ចំពោះប្រទេសដែលកម្ពុជាបាននាំចេញបន្ទះសូឡារួមមាន៖ សហរដ្ឋអាមេរិកមានទឹកប្រាក់ជាង ៤,៥ ​លានដុល្លារ កើនជាង ១.២០០ ភាគរយ, ប្រទេសឡាវ ជាង ៨៣ ម៉ឺនដុល្លារ កើន ១១៣ ភាគរយ, ហ្គាណា ជាង ១៤ ម៉ឺនដុល្លារ (ទីផ្សារថ្មី), តៃវ៉ាន់ និង ខេត្តមួយចំនួននៃប្រទេសចិន ជាង ១០ម៉ឺនដុល្លារ ថមថយជាង ៤០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ក្រៅពីនេះ កម្ពុជា​បាននាំចេញទៅទីផ្សារថ្មីៗផ្សេងទៀតដូចជា ម៉ាឡេស៊ី អេស្បាញ ហូឡង់ និង​អូស្រ្តាលី​ជា​ដើម ​ដែលបានកំពុងគាំទ្រដល់ការនាំ ចេញផលិតផលបន្ទះសូឡានេះ។ជុំវិញការនាំចេញបន្ទះសូឡានេះដែរ កម្ពុជាបាននាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក មាន​ភា​​ពលេចធ្លោជាងគេ ជាក់ ស្តែងការនាំចេញនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋអាមេរិ​ក​បាន​ស្រូប​យកផលិតផលបន្ទះសូឡា ត្រូវប្រមាណជិត ៨០ភាគរយ នៃការនាំ​ចេញ​បន្ទះ​សូឡា​សរុប​របស់​កម្ពុជា។សូមបញ្ជាក់ថា ទីផ្សារសហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំមួយ ដោយបាននិងកំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​កំណើន​នៃការនាំចេញទំនិញរបស់ កម្ពុជា ជាក់ស្តែងនៅក្នុងរយៈពេល៣ខែនេះ ទីផ្សារ​សហ​រដ្ឋ​អាមេរិកបានស្រូបយកទំនិញគ្រប់ប្រភេទរបស់កម្ពុជា មានទឹកប្រាក់សរុប ប្រមាណជាង ៣,៣ ពាន់​លានដុល្លារ កើនជាង ៣៨ ភាគរយ នៃការ​នាំ​ចេញ​សរុប​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋលីបង់ជម្លៀសខ្លួន ព្រួយបារម្ភពីការកើនឡើងភាពតានតឹងជាមួយអ៊ីស្រាអែល
05/26/2026 08:05 PM
ពលរដ្ឋអ៊ីរ៉ង់មិនទុកចិត្តបទឈប់បាញ់ ខណៈអាមេរិកថា កិច្ចព្រមព្រៀងត្រូវការពេលប៉ុន្មានថ្ងៃទៀត
05/26/2026 08:05 PM
ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគីវនិយាយថា ការព្រមានវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ
05/26/2026 08:05 PM
អ៊ីរ៉ង់ទាមទារឲ្យ​បញ្ចេញ​ទ្រព្យបង្កក ១២ពាន់លានដុល្លារ ក្នុងកិច្ចព្រមព្រៀងដែលអាចមានជាមួយអាមេរិក
05/26/2026 08:05 PM
ជប៉ុនគ្រោងដាក់ចេញថវិកា ១៩ពាន់លានដុល្លារបន្ថែមទៀត ខណៈវិបត្តិថាមពលអ៊ីរ៉ង់ បង្កការគំរាមកំហែង
05/26/2026 07:05 PM
អ្នករួចជីវិត និង​មន្ត្រី៖ ការវាយប្រហារដោយយានដ្រូន​ សម្លាប់មនុស្សយ៉ាងតិច ១៤នាក់ នៅ​​ក្រុងព្រំដែន​របស់​ស៊ូដង់
05/26/2026 07:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាស​ថា សហរដ្ឋអាមេរិកបានរំលោភបទឈប់បាញ់
05/26/2026 07:05 PM
អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ
05/26/2026 07:05 PM
គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា
05/26/2026 07:05 PM
ហ្គាណាជម្លៀសពលរដ្ឋចេញ ខណៈបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង
05/26/2026 07:05 PM