ស្មារតីគាំទ្រទំនិញក្នុងស្រុករបស់ពលរដ្ឋ​នាំឱ្យការផលិតមានការកើនឡើងទ្វេដង ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យ​លទ្ធភាព​ការ​អនុវត្ត​ពន្ធ​ជួយ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចាត់ទុកធនធានផ្នែកគណនេយ្យ ជាកាតាលីករ​ជួយរុញ​កំណើន​សេដ្ឋកិច្ច
ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

វិស័យឧស្សាហកម្មកំពុងមានភាពមមាញឹកក្នុងដំណើរការផលិតកម្ម បម្រើទីផ្សារនាំចេញ

2025/04/09 02:51:14 pm        138
វិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងដើមឆ្នាំ២០២៥ នេះ កំពុងមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងដំណើរការផលិតកម្ម និងបាន កំពុងគំាទ្រដល់កំណើនទីផ្សារនាំចេញ ការបង្កើតការងារ និងកំណើនក្នុងសេដ្ឋកិច្ចជាតិ នេះបានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃ ឧស្សាហកម្មក្នុងស្រុក។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង សម្ភាសន៍ ស្តីពីកិច្ចដំណើរនៅក្នុងវិស័យឧស្សាហកម្ម និងការចុះបញ្ជីរបស់បណ្តាក្រុមហ៊ុនផ្សេងៗ និងវឌ្ឍនភាពនៃការនាំចេញ នេះថា ជុំវិញនិងវិស័យឧស្សាហកម្មបច្ចុប្បន្នមានការរីកចម្រើនគួរកត់សម្គាល់ នៅក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម បានកំពុងពឹងផ្អែកទៅលើ ជំនាញ និងជាឧស្សាហកម្មដែលមានលក្ខណៈបច្ចេកវិទ្យាកាន់តែប្រសើរ ខណៈកន្លងមកវិស័យឧស្សាហកម្មនៅកម្ពុជា គឺប្រើប្រាស់ អតិពលកម្ម តែទោះបីយ៉ាងក៏ដោយក៏កម្ពុជានៅតែពង្រឹង និងលើកទឹកចិត្តដល់ឧស្សាហកម្មទាំងនោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៥ ពាន់ លានដុល្លារអាមេរិក ក្នុងបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៣ ៩០០ លានដុល្លារអាមេរិក ខណៈការនាំចេញមាន ជាង ១១ ពាន់លានដុល្លារអាមេរិក។ ដោយនៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះវិញ វិស័យឧស្សាហកម្មនៅកម្ពុជាមានការ រីកចម្រើនគួកត់សម្គាល់ បានកំពុងគាំទ្រដល់ដំណើរការផលិត។ ចំណែការចុះបញ្ជីវិញ ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាទទួលក្រុមហ៊ុនចុះបញ្ជីមានកំណើនកើនឡើងយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុន និងនៅដើមឆ្នាំនេះ ចំនួនចុះបញ្ជីនៅតែបន្ត កើនឡើង, នេះបង្ហាញនូវវឌ្ឍនភាពរីកចម្រើន គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា វិស័យឧស្សាកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ២,៤២៥ រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មី មានចំនួន ៣២៦ រោងចក្រ មានទុនវិនិយោគសរុបនៅលើកវិស័យឧស្សាហកម្មធុនធំ ចំនួនជាង ២០ ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ជិត ១,៩០០ លានដុល្លារអាមេរិក ស្មើ ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក ស្មើជាង ១៩ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤នេះដែរ មានសរុបជាង ១,១ លាននាក់ កើនឡើង ១១ ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គលេខាធិការ CDC ស្នើដល់ក្រុមហ៊ុនចិនបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី

2025/04/09 02:32:34 pm        217
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់ក្រុមហ៊ុនចិន សម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយ ចន្ទី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់ តែច្រើន។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបាន គ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត។ឯកឧត្តមអគ្គលេខាធិការ ក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយកម្ពុជាបច្ចុប្បន្ន កំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។  ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានស្នើយ៉ាងទទូច ឱ្យក្រុមហ៊ុនរួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ ក្នុងវិស័យ ឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាព សំដៅបង្កើតតម្លៃ បន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេសការទទួលបានផលចំណេញទាំងអស់គ្នា ពីវិស័យដែលកំពុងមានសក្តានុពលនេះ។តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់ នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាម សំណើរបស់ឯកឧត្តមអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុង វិស័យឧស្សាហកម្មស្វាយចន្ទីនេះ។សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញា អាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវដំបូង ដើម្បីការងារ និងការគាំពារសង្គម

2025/04/09 02:13:47 pm        102
កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់ នូវបញ្ហាប្រឈមជាសកលរួមមាន៖ ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម ដែលអាចបន្ទច់បង្អាក់ដល់សន្ទុះនៃកំណើនសង្គម-សេដ្ឋកិច្ច សកល, ការរៀបចំវេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ និងចំគោលដៅ ព្រមទាំងជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីការបន្ត ប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ, ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធទៅវិញទៅមក ដើម្បីសម្រេច គោល ដៅរួម, ពោលគឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសត្រួសត្រាយផ្លូវ និងសកលលោកទាំងមូល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងឱ្យដឹងថា ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, រាជរដ្ឋាភិបាលបាន កំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឲ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិរួមមាន៖ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក; កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់ និងរឹងមាំ; ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត; ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយ សមធម៌, ស្មើសិទ្ធិ និងស្មើឱកាស; និងកម្ពុជាមានបរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និង តុល្យភាព រវាងការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយបាន កំណត់យក «កម្មវិធីគោលនយោបាយអាទិភាព» ចំនួន ៦ ដែលបានចាប់ផ្ដើមអនុវត្តតាំងពីដើមនីតិកាលទី៧, ពោលគឺចាប់ពីពាក់ កណ្ដាលឆ្នាំ២០២៣មក។ ដោយឡែកពាក់ព័ន្ធ «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នេះ តំណាងអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃ ការអនុវត្តគំនិតផ្ដួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះមិនមែនដោយ សារកម្ពុជាមានភាពយឺតយ៉ាវក្នុងការសម្រេចបាននូវ SDGs នោះទេ, ប៉ុន្តែដោយសារកម្ពុជាមានវឌ្ឍនភាពល្អ, មានសក្តានុពល និង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការត្រួសត្រាយផ្លូវ។ ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ, កម្ពុជានឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស, ធន ធានហិរញ្ញវត្ថុ និងធនធានដទៃទៀត ដែលជួយជំរុញសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការសម្រេចបាននូវ SDGs នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២ មានទុនវិនិយោគប្រមាណ ២,៥ ពាន់លានដុល្លារ

2025/04/09 01:50:58 pm        114
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី បានចំនួន ១៧២ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥ ពាន់លានដុល្លារ អាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុន​វិនិយោគ​ក៏​បាន​កើន​ឡើង​ប្រមាណ ៣០៥ លានដុល្លារអាម៉េរិក បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន អំពីការចុះបញ្ជីវិនិយោគនៅកម្ពុជា នៅ​ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោង​វិនិយោគ​មាន​ចំនួន ១៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក អាច​បង្កើត​ការងារបានចំនួនប្រមាណជិត ១២ ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីក​ផលិត​កម្ម​មាន​ចំនួន​ ៦គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ចពិសេស មានចំនួន ៩៩ គម្រោង និងគម្រោងវិនិយោគដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៧៣ គម្រោង។ជារួម, ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគបានកើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥ លានដុល្លារអាម៉េរិក ស្មើ​នឹង​ប្រមាណ ​១៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែកក្នុងខែ មីនា វិញ ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០ គម្រោង ក្នុងទុនវិនិយោគ ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត៥ម៉ឺនកន្លែង ក្នុងនោះ​គម្រោង​ពង្រីក​ផលិតកម្មមានចំនួន២គម្រោង។សូមបញ្ជាក់ថា ចំណែកប្រភពទុនដែលវិនិយោគច្រើនជាងគេ ក្នុងត្រីមាសទី១ឆ្នាំ២០២៥ រួម​មាន​៖ វិនិយោគិនចិន មានជាង ៥៦%, វិនិយោគិនកម្ពុជា មានចំនួនជាង ៣៤%, សឹង្ហបុរី ជិត ៣%, កោះ British Virgin ជាង ២%, វៀតណាម ១,៦៥%, កោះ Cayman ០,៩៨%, អង់គ្លេស ០,៥៥%, កោះ Samoa ០,២១%, សហរដ្ឋអាមេរិក ០,១៨% និងប្រទេសកាណាដា មានចំនួន ០,១៥%៕ អត្ថបទ៖ សុន រ៉ាឌី

ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិនដាក់លក់ផលិតផលខ្មែរមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

2025/04/04 11:14:11 am        195
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម ក្នុងការដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម នៃការផ្សាភ្ជាប់លើកកម្ពស់ដល់ សហគមន៍មូលដ្ឋានអ្នកដាំដុះ។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើតផ្សារ សមាគមខ្មែរ និងកិច្ចដំណើរការរបស់ផ្សារសមាគមខ្មែរក្នុងពេលបច្ចុប្បន្ននេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះឡើងនេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ការជួយធ្វើរក ទីផ្សារជំរុញឱ្យពួកគាត់ ឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ជំរុញពង្រីកទីផ្សារផលិតឱ្យកាន់តែធំ ដើម្បីគាំទ្រ ដល់កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។ឯកឧត្តម បន្តថា តាមរយៈនៃការបង្កើតផ្សារនេះ គឺដើម្បីជួយដល់សហគ្រិនអាចលក់ផលិតផលរបស់ពួកគាត់បាន ក្រៅពីនេះ ផ្សារសមាគមខ្មែរក៏ជាកន្លែងជំនួបពាណិជ្ជកម្មផងដែរ ដើម្បីឱ្យម្ចាស់អាជីវកម្មជួបជុំផ្លាស់ប្តូរបទពិសោន៍ ការស្វែងរកដៃគូ សម្រាប់ការ ពង្រីកពាណិជ្ជកម្ម ដើម្បីជំរុញផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកដូចជា៖ អ្នកដាំដុះផ្គត់ផ្គង់ឱ្យអ្នកកែច្នៃ និងអ្នកកែច្នៃចែកចាយទៅលើទីផ្សារ ផ្សេងៗបន្ថែម។ ជុំវិញផ្សារសមាគមខ្មែរនេះ បច្ចុប្បន្នឃើញថា ប្រជាពលរដ្ឋខ្មែរបានកំពុងគាំទ្រផលិតផលក្នុងស្រុក និងងាកមកប្រើ ប្រាស់ផលិតផលខ្មែរផងដែរ ។ ចំណែកនៅមុនឱកាសចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ផ្សារសមាគមខ្មែរនិងបង្កើនការដាក់តាំង លក់ ក៏ដូចជាបង្ហាញផលិតផលខ្មែរជាច្រើនមុខ ក្នុងគោលដៅផ្សព្វផ្សាយ និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម លើភាពសម្បូរ បែបនៃផលិតផលខ្មែរ ក្នុងនោះការចូលរួមគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និងវិស័យឯកជន បានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈការគាំទ្របច្ចេកទេសក្នុងការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការជួយស្វែងរកទីផ្សារជាដើម ជាក់ស្តែងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ គឺបានគិតគូរជំរុញសេដ្ឋកិច្ចតាំងពី មូលដ្ឋាន រហូតមកសេដ្ឋកិច្ចជាតិ តាមរយៈអ្នកលក់ផលិតផលស្រស់ ឬផលិតផលកែច្នៃ ក្នុងនោះផ្សារសមាគមខ្មែរ ក៏បានចូលរួម ចំណែកមួយ ក្នុងការលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការជួយរកទីផ្សារជាដើម។ទាក់ទិនការកែច្នៃនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការកែច្នៃក្នុងវិស័យកសិកម្មជាដើម គឺបានជួយកាត់ បន្ថយដល់ការរាំងស្ទះនៅពេលផលិផលជុញលើទីផ្សារ និងជាការបង្កើតតម្លៃបន្ថែមក្នុងស្រុកជាដើម។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បាន លើកទឹកចិត្តតាមរយៈព្រឹត្តិការណ៍ផ្សេងៗដូចជា ការបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម ដើម្បីឲ្យម្ចាស់សហគ្រាស និងសិប្បកម្មនានា ការដាក់តាំងពិពិរណ័ បង្ហាញ និងការលក់ផលិតផលផ្សេងៗ ដើម្បីឲ្យសារធារណជនជួយគាំទ្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារពិភពលោកធ្វើបទបង្ហាញអំពីការប្រមូលទិន្ន័យ ដើម្បីរៀបចំកម្រងព័ត៌មាន​ភស្តុភារកម្មកម្ពុជា

2025/04/04 11:03:52 am        182
តំណាងធនាគារពិភពលោក ធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវ ការប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើតកម្រងព័ត៌មាន ភស្តុភារកម្មសម្រាប់កម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើទិន្នន័យ និងសូចនាករនៅក្នុងប្រតិបត្តិការ ដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអនុញ្ញាតជូនគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងការិយាល័យ ធនាគារពិភពលោក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើត កម្រងព័ត៌មានភស្តុភារកម្មសម្រាប់កម្ពុជា ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ “កម្រងព័ត៌មានភស្តុភារកម្ម” គឺជាកម្រងឯកសារ ដ៏មានសារៈសំខាន់ សម្រាប់ការបង្ហាញអំពីទិដ្ឋភាពស៊ីជម្រៅនៃវិស័យភស្តុភារកម្ម សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធ- ភាព ក្នុងការសម្រេចចិត្តពីភាគីពាក់ព័ន្ធក្នុងវិស័យនេះ ដោយផ្អែកលើទិន្នន័យ និងសូចនាករនានានៅក្នុងប្រតិបត្តិការដឹកជញ្ជូន។ តាមរយៈការផ្តល់នូវទិដ្ឋភាពស៊ីជម្រៅ និងស្របតាមពេលវេលាជាក់ស្តែងនៃសូចនាករសំខាន់ៗទាំងនោះ គឺជាការផ្តល់ លទ្ធភាពដល់ភាគីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ យ៉ាងសកម្ម និងស្របតាមគោលបំណងអាជីវកម្មដែលរំពឹងទុក៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងពិនិត្យលើវិធានការដំឡើងពន្ធរបស់អាមេរិកដើម្បីរកដំណោះស្រាយធានាដល់សេដ្ឋកិច្ចជាតិ

2025/04/03 04:27:32 pm        656
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត លើការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក នឹងគ្រោងដាក់ចេញនូវវិធានការជាក់លាក់មួយ បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួចលើដំណោះស្រាយទាំងនេះ ដើម្បីធានាដល់ ការប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ BTV បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ប្រមាណ ៤៩ ភាគរយ ដែលជាកម្រិតខ្ពស់មួយ នៅព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាមេរិកនេះថា ជុំវិញការដំឡើងកំណត់ពន្ធគយនេះ ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងធ្វើការវាយតម្លៃដោយម៉ត់ចត់ជាទីបំផុត ចំពោះ សហរដ្ឋអាមេរិក ដែលបានរៀបចំនូវលើវិធានការថ្មីនេះ។អ្នកនាំពាក្យរូបនេះបន្តថា បន្ទាប់ពីក្រុមការងារពិនិត្យ និងវាយតម្លៃរួច ក្រសួងនឹងមានវិធានការជាក់លាក់មួយ សម្រាប់ជា ដំណោះស្រាយ ធ្វើយ៉ាងណាធានាដល់កិច្ចដំណើរនៃសេដ្ឋកិច្ចកម្ពុជា អាចបន្តមានភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរលើកំណើន និងការងារជូនដល់ប្រជាជនពលរដ្ឋកម្ពុជា។ឯកឧត្តម មាស សុខសេនសាន៖«ក្រសួងមានក្រុមការងារកំពុងវាយតម្លៃយ៉ាងល្អិតល្អន់ និងម៉ត់ចត់មែនទែន ក្នុងការដែលសហរដ្ឋអាមេរិករៀបចំនូវវិធានការ [កំណត់ពន្ធគយ]» ថ្មីនេះ។ ក្រុមការងារពិនិត្យហើយនឹងមើលពីការពិបាកនៃការដំឡើងនេះបន្ទាប់មកយើងនឹងមានវិធានការជាក់លាក់ និងម៉ត់ចត់បំផុតដើម្បីជាដំណោះស្រាយធ្វើយ៉ាងម៉េចធានាឱ្យសេដ្ឋកិច្ចរបស់យើងបន្តមានភាពប្រកួតប្រជែង និងប្រសើរសម្រាប់កំណើន ព្រមទាំងការងាររបស់ប្រជាពលរដ្ឋ»។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកនេះ បើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ១១ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានចំនួនជាង ៩ ៩០០ លានដុល្លារអាមេរិក កើនជាង ១១ ភាគរយ ខណៈការនាំចូល មានចំនួនជាង ២៦៤ លានដុល្លារអាមេរិក កើនឡើង ២,៧ ភាគរយ បើធៀបនិងឆ្នាំ២០២៣។ ចំណែកនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ នេះវិញ, ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទំហំជាង ១ ៦៧៥ លានដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមាន ចំនួនជាង ១ ៦២៦ លានដុល្លារអាមេរិក ខណៈការនាំចូលមានចំនួនជាង ៤៨ លានដុល្លារអាមេរិក៕

កម្ពុជាស្នើដល់សមាគមជប៉ុន-កម្ពុជា ជួយទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​បន្ថែម

2025/04/03 11:41:26 am        178
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមជប៉ុន-កម្ពុជា (JCA) ជួយ​ផ្សព្វ​ផ្សាយ​អំពី​បច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅ​កាន់​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅ កម្ពុជាបន្ថែម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Fumiaki ​ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម​បាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះការត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជា ក្នុង​នាមជា ប្រធានសមាគមជប៉ុន-កម្ពុជា ដែលកាលពីមុន ឯកឧត្តម​ធ្លាប់​បាន​បំពេញ​តួនាទី​ជា​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែល​ជា​និច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់។ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង​អំណរ​គុណចំពោះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ ​ក.អ.ក. ផ្សេងទៀត។ ក្នុងការត្រឡប់មកកម្ពុជា នាឱកាសនេះ ឯកឧត្តម ក៏បាន​កត់​សម្គាល់​ឃើញ​នូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខ​ដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ។ ក្នុងជំនួបនេះដែរ, តំណាង​ក្រុម​ហ៊ុន​ជប៉ុន​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុនរបស់ខ្លួន ដោយ លើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និង​បច្ចេក​វិទ្យា​ថ្មី​ៗផងដែរ។តាមរយៈជំនួបពិភាក្សានេះ, ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថា សមាគម​នឹង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​​បច្ចុប្បន្នភាពវឌ្ឍនភាព ថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់​សហគមន៍​ធុរ​កិច្ច​នៃ​ប្រទេស​ជប៉ុន ដើម្បីជាការទាក់ទាញ និងជំរុញកំណើនការបោះ ទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅ​ក្នុងប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនផ្សព្វផ្សាយវារីវប្បកម្មតាមបែបទំនើប ដើម្បីលើកកម្ពស់ផលិតភាព និងការច្នៃបង្កើតពូជថ្មីៗ

2025/04/02 12:50:02 pm        258
ក្រុមហ៊ុនអាជីវកម្មក្រៅស្រុកមួយ មានគោលដៅសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការ វារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីលើកកម្ពស់ផលិតភាព, ការច្នៃបង្កើតពូជថ្មីៗ, និងការបង្កើនស្តង់ដារ គុណភាពជលផល។លោក Shun Ishimoto នាយកប្រតិបត្តិ (អាជីវកម្មក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុម ហ៊ុន Regional Fish Institute, Ltd. មកពីប្រទេសជប៉ុន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ បានធ្វើបទបង្ហាញអំពីបេសកកម្ម និងចក្ខុវិស័យ, ជំនាញឯកទេស និងប្រវត្តិប្រតិបត្តិការរបស់ក្រុមហ៊ុន ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានការ ចង្អុលបង្ហាញ នឹងអាចឈានទៅរកការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការណាមួយ ជាមួយស្ថាប័នពាក់ព័ន្ធ នាពេលអនាគត។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនជាគំនិតក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមអំពីទិដ្ឋភាពទូទៅ នៃកិច្ចការវារីវប្បកម្មតាមបច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់នេះ ជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យសមស្របតាមបទដ្ឋានពាក់ព័ន្ធនានា និងបង្ការការពារផលប៉ះពាល់ណាមួយ ដល់ប្រព័ន្ធជីវៈចម្រុះរបស់កម្ពុជា ដែលមានស្រាប់។សូមបញ្ជាក់ថា ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា ជីវសាស្រ្តជាន់ខ្ពស់ ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារ គុណភាពជលផល ដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរ បច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាព ផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យវាយនភណ្ឌ និងការកាត់ដេររបស់កម្ពុជា នឹងធានាការប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន

2025/04/01 10:39:48 am        319
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា កិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជាឆ្នាំ២០២៥ នឹងក្លាយជាវេទិកាសម្រាប់ការ កសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាដល់វិស័យវាយនភណ្ឌ និងការកាត់ដេរ សម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «កសាងអនាគត៖ បង្កើនភាពកួតប្រជែងនិងចីរភាព» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ស័ក្តិសមជាគោល ដៅវិនិយោគគួរពិចារណា, គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិស ប្រកបដោយចក្ខុវិស័យរបស់សម្តេច ធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រង បរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអនុវត្ត ឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីយន្តនៃការត្រៀមលក្ខណៈឱ្យរួចរាល់ សម្រាប់ច្បាម យកឱកាសនាពេលអនាគត ស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីក ចម្រើន ទំនើបទាន់សម័យ, និងការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការ យកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗ ស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា អ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ នឹងបានឈ្វេងយល់បន្ថែម អំពីមាគ៌ា នៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរំពឹងថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថា វិស័យ វាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី១ ក្នុងវិស័យវាយភណ្ឌកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និងសម្ភារៈធ្វើដំណើរនៅកម្ពុជា, អង្គការពលកម្មអន្តរជាតិ តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋលីបង់ជម្លៀសខ្លួន ព្រួយបារម្ភពីការកើនឡើងភាពតានតឹងជាមួយអ៊ីស្រាអែល
05/26/2026 08:05 PM
ពលរដ្ឋអ៊ីរ៉ង់មិនទុកចិត្តបទឈប់បាញ់ ខណៈអាមេរិកថា កិច្ចព្រមព្រៀងត្រូវការពេលប៉ុន្មានថ្ងៃទៀត
05/26/2026 08:05 PM
ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគីវនិយាយថា ការព្រមានវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ
05/26/2026 08:05 PM
អ៊ីរ៉ង់ទាមទារឲ្យ​បញ្ចេញ​ទ្រព្យបង្កក ១២ពាន់លានដុល្លារ ក្នុងកិច្ចព្រមព្រៀងដែលអាចមានជាមួយអាមេរិក
05/26/2026 08:05 PM
ជប៉ុនគ្រោងដាក់ចេញថវិកា ១៩ពាន់លានដុល្លារបន្ថែមទៀត ខណៈវិបត្តិថាមពលអ៊ីរ៉ង់ បង្កការគំរាមកំហែង
05/26/2026 07:05 PM
អ្នករួចជីវិត និង​មន្ត្រី៖ ការវាយប្រហារដោយយានដ្រូន​ សម្លាប់មនុស្សយ៉ាងតិច ១៤នាក់ នៅ​​ក្រុងព្រំដែន​របស់​ស៊ូដង់
05/26/2026 07:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាស​ថា សហរដ្ឋអាមេរិកបានរំលោភបទឈប់បាញ់
05/26/2026 07:05 PM
អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ
05/26/2026 07:05 PM
គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា
05/26/2026 07:05 PM
ហ្គាណាជម្លៀសពលរដ្ឋចេញ ខណៈបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង
05/26/2026 07:05 PM